យុទ្ធនាការ “ខ្ញុំ​ជា​អ្នក​ទាំង​៥” ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ និង ​មន្ត្រី​ គ.ជ.ប

ដោយ ខែ សុណង
2017-04-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


អង្គការ​សង្គម​ស៊ីវិល​ជាង ៥០ បាន​បើក​យុទ្ធនាការ​ប្រមូល​រូបថត​ចំនួន ៣៦៥​សន្លឹក ដែល​មាន​ឈ្មោះ​ថា ខ្ញុំ​ជា​អ្នក​ទាំង​៥ ដើម្បី​ចូល​រួម​រំលឹក​រយៈពេល​គម្រប់ ១​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នូវ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប។ យុទ្ធនាការ​នេះ​បន្ទាប់​ពី​តុលាការ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​អ្នក​ទាំង​៥ ពី​បទ​សូក​ប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា I AM THE FIVE ឬ​ហៅ​ថា ខ្ញុំ​ជា​អ្នក​ទាំង​៥ បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ពិចារណា​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ៥​រូប ដែល​កំពុង​ឋិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ដោយ​ពុំ​មាន​ចំណាត់ការ​កាត់​សេចក្ដី​រយៈពេល ១​ឆ្នាំ​មក​ហើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា អង្គការ​ជាតិ អន្តរជាតិ​ជាង ៥០ បាន​ចូលរួម​ជា​សមាជិក​ក្នុង​យុទ្ធនាការ​ប្រមូល​រូបថត​ដាក់​បញ្ចូល​ក្នុង​គេហទំព័រ Freethe5KH នេះ មាន​បំណង​សំខាន់​គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ដែល​មាន​សិទ្ធិ និង​មាន​តួនាទី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​ដោះលែង​អ្នក​ទាំង ៥ ដែល​រង​ភាព​អយុត្តិធម៌​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ដែល​ឥត​ទោស​កំហុស៖ «អ្វី​ដែល​យើង​ធ្វើ​គឺ​ខ្ញុំ​យល់​ថា មាន​ប្រសិទ្ធភាព ពីព្រោះ​សាធារណជន​ជា​ច្រើន​មាន​ការ​គាំទ្រ​គាត់​មិន​អោប​ដៃ​ឈរ​មើល​យុទ្ធនាការ​នេះ​ទេ ព្រោះ​គាត់​យល់​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ធ្វើការ​មនុស្ស​ធម៌»

គិត​ទៅ​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា អ្នក​ទាំង ៥​រូប គឺ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី រួម​នឹង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​តុលាការ​ឃុំ​ខ្លួន​រយៈពេល ១​ឆ្នាំ​គត់។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ ពួកគេ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ និង​ឃាត់​ខ្លួន​សាកសួរ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី។

ការ​ប្រមូល​រូបថត​របស់​អ្នក​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ “ខ្ញុំ​ជា​អ្នក​ទាំង​៥” នេះ ធ្វើ​ឡើង​រំលឹក​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អំពាវនាវ​រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥។ ក្រុម​ការងារ​នេះ​អះអាង​ថា ពួកគេ​ប្រមូល​រូបថត​ពី​ពលរដ្ឋ​នៅ​តាម​សហគមន៍ ​និង​សង្គម​ស៊ីវិល បាន​លើស​ពី ៣៦៥​សន្លឹក​ដែល​សំដៅ​តំណាង​រយៈពេល​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន។ នៅ​ពេល​រៀបចំ​រួច​រាល់​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ពួកគេ​អាច​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្មី​ទៀត​ដែល​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ចំពោះ​ការ​ឃុំ​ខ្លួន​នេះ​គឺ​ស្រប​តាម​គោលការណ៍​ច្បាប់​ត្រឹមត្រូវ ដែល​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ។ រី​ឯ​ការ​បើក​សវនាការ​នៅ​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​កាលវិភាគ​របស់​តុលាការ៖ «ការ​សម្របសម្រួល​ណា​ផ្សេង​ពី​នេះ ដែល​រំលោភ​ទៅ​លើ​ដំណើរការ​នីតិវិធី​គឺ​មិន​អាច​ទៅ​រួច​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​តាមដាន​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត បាន​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​នោះ គឺ​ជា​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​បំពាន​លើ​សិទ្ធិ​សេរីភាព​ខាង​សមាគម។

ជុំវិញ​ការងារ​ទាមទារ​ដោះលែង​អ្នក​ទាំង ៥​រូប​នេះ សង្គម​ស៊ីវិល​និង​សហគមន៍​ដីធ្លី​បាន​ធ្វើ​យុទ្ធនាការ​មួយ​ចំនួន​ដូចជា ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ការ​ធ្វើ​បដា​រាប់​ថ្ងៃ​អ្នក​ជាប់​ឃុំ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម ដើម្បី​តស៊ូ​មតិ​ទាមទារ​ដោះលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment