លោក ហ៊ុន សែន រិះគន់​អ្នក​អត្ថាធិប្បាយ​ច្បោលៗ​ហ៊ាន​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល

ដោយ វ៉ាន វណ្ណដេត
2017-04-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ។ RFA/Brach Chev


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អ្នក​អត្ថាធិប្បាយ​ដែល​ហ៊ាន​និយាយ​រិះគន់​ច្បោលៗ​ពី​គោល​នយោបាយ និង​សកម្មភាព​របស់​រដ្ឋាភិបាល។ លោក ហ៊ុន សែន ហៅ​ការ​អត្ថាធិប្បាយ​ច្បោលៗ​ថា​ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​យល់​ថា អ្នក​អត្ថាធិប្បាយ​រិះគន់​ច្បោលៗ​ដោយសារ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​តម្លាភាព។

ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ ហើយ​មេ​ដឹកនាំ​គណបក្ស​ធំ​ចំនួន​ពីរ​នៅ​កម្ពុជា ក៏​ចាប់​ផ្ដើម​បង្កើន​ការ​បង្អួត​គោល​នយោបាយ​រៀងៗ​ខ្លួន។

ថ្លែង​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកជន​មួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្អួត​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ។ លោក ហ៊ុន សែន លើក​ឡើង​ថា គោល​នយោបាយ​ដែល​រដ្ឋាភិបាល​លោក​ដាក់​ចេញ មិន​មែន​ជា​ការ​លេង​សើច​ទេ។ លោក​ចាត់​ទុក​ការ​ធ្វើ​អត្ថាធិប្បាយ​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល​របស់​លោក ថា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស​អៀន និង​ស្នើ​ឲ្យ​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា នេះ កុំ​ឲ្យ​អត្ថាធិប្បាយ​ច្បោលៗ និង​និយាយ​ខុស​ការពិត​ដោយ​បំពាន៖ «ខ្លួន​ម្នាក់​ចេះ​ដឹង​គ្រប់​វិស័យ​ទាំងអស់ រាប់​ទាំង​មិន​ទាន់​ស្គាល់​ថា តើ​ក្រសួង​គេ​មាន​ច្បាប់ និង​អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ស្ថាប័ន​ហ្នឹង មិន​ទាន់​ស្គាល់​មុខងារ​នៃ​ស្ថាប័ន​នោះ ប៉ុន្តែ​គេ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន»

ក្រៅ​ពី​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ លោក​នាយក​រដ្ឋមន្ត្រី​យល់​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ក៏​ដើរ​បាន​ល្អ​តាម​គោល​នយោបាយ​ដែរ។ បើ​ទោះ​បី​ជា​គោល​នយោបាយ​លើ​វិស័យ​សុខាភិបាល រង​ការ​រិះគន់​ជា​បន្តបន្ទាប់​តាំង​ពី​ប្រជាពលរដ្ឋ​រហូត​ដល់​វេជ្ជបណ្ឌិត ក៏​លោក​នាយក​រដ្ឋមន្ត្រី​យល់​ថា វិស័យ​នេះ​មាន​សកម្មភាព​ល្អ​ដូច​គោល​នយោបាយ​សុខាភិបាល​ដែរ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ និង​សង្គម បណ្ឌិត មាស នី មើល​ឃើញ​ថា អ្នក​អត្ថាធិប្បាយ​ខ្លះ​ច្បោលៗ​ដូច​លោក​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​ដែរ។ ក៏ប៉ុន្ដែ​លោក មាស នី ថា​ពេល​ខ្លះ​ការ​អត្ថាធិប្បាយ​រិះគន់​ច្បោលៗ ដោយសារ​តែ​រដ្ឋាភិបាល​មិន​សូវ​បាន​បង្ហាញ​តម្លាភាព​គ្រប់គ្រាន់។

លោក​បន្ត​ថា បើ​រដ្ឋាភិបាល​មាន​សមត្ថភាព​បង្ហាញ​ពី​ទិន្នន័យ​ច្បាស់លាស់​ប្រកប​ដោយ​តម្លាភាព អ្នក​អត្ថាធិប្បាយ ឬ​អ្នក​វិភាគ ងាយ​នឹង​ផ្ដល់​អនុសាសន៍​ល្អៗ តែ​បើ​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​តម្លាភាព​ត្រឹមត្រូវ ការ​វិភាគ​បាន​ត្រឹម​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ៖ «អ្នក​រិះគន់​ពេល​ខ្លះ យើង​មាន​ការ​ពិបាក​ណាស់ ដោយសារ​រដ្ឋាភិបាល​យើង​ហ្នឹង​មិន​បាន​ផ្ដល់​តម្លាភាព​សម្រាប់​សង្គម​ជាតិ​របស់​ខ្លួន​ឯង។ ចឹង ពេល​ខ្លះ​ការ​វិភាគ​បាន​ត្រឹម​តែ​ការ​ប៉ាន់​ប្រមាណ​ទៀត ហើយ​ពេល​ខ្លះ ទិន្នន័យ​ហ្នឹង​ទៀត មិន​ហ៊ាន​យក​ទៅ​និយាយ​ទៀត ដោយសារ​ខ្លាច​អី? ខ្លាច​កាលណា​និយាយ​ទៅ​ខុស គេ​ចោទ​ប្រកាន់​ថា​យើង​បំផ្លើស​ព័ត៌មាន​ទៅ អាច​ជា​ជាប់​គុក អាច​ទៅ​ស្លាប់​អ៊ីចឹង​ទៅ»

បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ចាត់​ទុក​សកម្មភាព និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ថា​ល្អ និង​ដើរ​យ៉ាង​រលូន ប៉ុន្តែ​លោក មាស នី យល់​ថា ដើម្បី​ឲ្យ​សង្គម​មួយ​រីក​ចម្រើន លុះត្រា​តែ​រដ្ឋាភិបាល​ចេះ​រៀបចំ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ និង​ចេះ​ទទួល​ស្គាល់​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន។ លោក​ថា សង្គម​ស៊ីវិល​ក៏​គួរ​ទទួល​យក​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែរ មិន​មែន​តែ​រដ្ឋាភិបាល​ទេ៖ «បើ​សិន​ជា​យើង​នៅ​រស់​ក្នុង​សង្គម​មួយ​ដែល​រិះគន់​គ្នា​អត់​បាន កាលណា​រិះគន់​គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​អី​ទៅ អា​ហ្នឹង​វា​ធ្វើ​ឲ្យ​ថ្ងៃ​ក្រោយ​ទៅ យើង​មិន​ចង់​ប្រើ​ពាក្យ​ថា ឲ្យ​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ ក៏ប៉ុន្ដែ​យើង​ជួយ​ទាញ​កន្លុះ ហ្នឹង​ឲ្យ​វា​បាន​ឆេះ​ទៅ សង្គម​យើង​វា​ដើរ​ទៅ​មុខ ទាន់​គេ​ទាន់​ឯង​ហើយ ព្រោះ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ទោះ​បី​យើង​ខំ​ប្រឹង​ប៉ិន​ណេះ​ក៏ដោយ ប៉ុន្តែ​យើង​នៅ​តែ​ជា​ប្រទេស​មួយ​ក្រីក្រ​ក្រោយ​គេ នៅ​ក្នុង​តំបន់​ប្រទេស​ទាំង​១០ អា​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​យើង​ផង»

កន្លង​ទៅ អ្នក​វិភាគ​យល់​ថា គោល​នយោបាយ​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ គឺ​ល្អ​ចាប់​តាំង​ពី​គោល​នយោបាយ​យុទ្ធសាស្ត្រ​ត្រីកោណ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១ ទី​២ និង​ដំណាក់កាល​ទី​៣ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ការ​អនុវត្ត​តាម​គោល​នយោបាយ​ទាំងនេះ​នៅ​មិន​ទាន់​ល្អ​ទាំងស្រុង​នោះ​ទេ ទាមទារ​ឲ្យ​មាន​ស្ថាប័ន​មួយ​ដើម្បី​ឃ្លាំ​មើល​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​រង​ការ​រិះគន់​ខ្លាំង គឺ​គោល​នយោបាយ​ក្នុង​វិស័យ​សុខាភិបាល។ កាល​នៅ​មាន​ជីវិត លោក​បណ្ឌិត កែម ឡី ធ្លាប់​លើក​ឡើង​ថា វិស័យ​សុខាភិបាល​មិន​គួរ​ត្រឹម​តែ​កែ​ទម្រង់​ទេ វិស័យ​មួយ​នេះ​គួរ​តែ​ធ្វើ​បដិវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន រិះគន់​អ្នក​អត្ថាធិប្បាយ​ច្បោលៗ​ហ៊ាន​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល"

  1. people says:

    This beast regime and leaded by beast dictator and mafia groups can’t compete withe all asean countries ‘because the beast leader are corrupted and his mafia cronies are corrupted too and only expert how to borrow money from their communist friends who suck profit from cambodia like the dracular .Communist veitcong&china are the sucker who made people of cambodia really suffer from 1970 till now ‘only a few veitcong germs and their communist people living in happy but 80% of cambodian people are so suffer ‘.All cambodian people must vote all former communist out and rescue our nation from communist suckers ‘.GOD bless all cambodian people ‘