មេធាវី​ ជួប សម្លាប់ ប្ដឹង​ឧទ្ធរណ៍​ករណី​ឃាតកម្ម​លោក​ កែមឡី

ឃាតករ ជួប សម្លាប់ ពេល​នាំ​មក​សាលា​ដំបូង​កន្លង​មក។ រូបថត FB

ឃាតករ ជួប សម្លាប់ ពេល​នាំ​មក​សាលា​ដំបូង​កន្លង​មក។ រូបថត FB




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មេធាវី​ការពារ​ក្តី​ឲ្យ ជួប សម្លាប់ បាន​ប្ដឹង​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​ដើម្បី​សុំ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ទោស​ដល់​កូនក្តី​លោក ខណៈ​សំណុំ​រឿង​លក់​អាវុធ​នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ។

លោក​មេធាវី យុង ផានិត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ឲ្យ​បន្ធូរបន្ថយ​ទោស​ដល់​កូនក្តី​លោក។

លោក​ថា៖ «ព្រឹកមិញ​ខ្ញុំ​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​រួច​ហើយ​នៅ​សាលា​ដំបូង។ ខ្ញុំ​ពិភាក្សា​ជាមួយ​កូនក្តី​ខ្ញុំ​ទៅ គាត់​ចង់​បាន​ស្ថាន​សម្រាល​ទោស។

គាត់ (ជួប សម្លាប់) សួរ​ថា​តើ​ធ្វើ​ម៉េច​សុំ​ឲ្យ​បាន​ចុះ​ទណ្ឌកម្ម​ទៀត​បាន​អត់។ ខ្ញុំ​បាន​ប្រាប់​ថា​តាម​នីតិវិធី យើង​អាច​សុំ​ស្ថាន​សម្រាល​បាន»។

លោក​ថ្លែង​ថា​លោក​បាន​ជួប​កូនក្តី ជួប សម្លាប់ ២ ដង​ដើម្បី​ពិគ្រោះ​យោបល់ ក្រោយ​តុលាការ​ផ្ដន្ទាទោស​អស់​មួយ​ជីវិត។

បើ​តាម​លោក​មេធាវី​ការ​សុំ​ស្ថាន​សម្រាល​នេះ​គឺ​ ជួប សម្លាប់ ថា​គាត់​អត់​មាន​បងប្អូន​មក​សួរ​សុខទុក្ខ ហើយ​គ្មាន​ប្រាក់​ទិញ​អាហារ​គ្រប់គ្រាន់។

លោក​មេធាវី​បញ្ជាក់​ថា៖ «គាត់​ថា​គាត់​អត់​មាន​បងប្អូន​មក​សួរ​សុខទុក្ខ​គាត់ អ៊ីចឹង​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ហូបចុក និង​ស្នាក់នៅ។ ការ​ហូបចុក​វា​អត់​គ្រប់គ្រាន់​នៅ​ក្នុង​ពន្ធនាគារ។ បើ​គេ​មាន​បងប្អូន បងប្អូន​ទៅ​សួរ​សុខទុក្ខ​គេ​យក​អី​ទៅ​ផ្ញើ»។

លោក​មេធាវី​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​កូនក្តី​លោក​និយាយ​ថា​សោកស្តាយ​ពី​រឿង​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ថា​មិន​ដឹង​គាត់​ជា​មនុស្ស​ល្បី។

លោក​មេធាវី​ថ្លែង​ថា៖ «គាត់​សោកស្តាយ​ទៅ​លើ​បញ្ហា​ធំ ២ ទី មួយ គាត់​អត់ដឹង​ថា​បណ្ឌិត កែម ឡី ជា​បណ្ឌិត ឬ​ជា​អ្នក​ដែល​មាន​ប្រជាប្រិយភាព​អ៊ីចឹង​ទេ គាត់​និយាយ​អ៊ីចឹង​ថា​គាត់​អត់​ដឹង​ទេ ហើយ​គាត់​គ្រាន់​តែ​ដឹង​ថា​គាត់​ស្គាល់​តាម ពូលីស គាត់​ជួយ​រក​ផ្ទះ​រក​អី យក​លុយ​យក​អី​ពី​គាត់​អ៊ីចឹង​គឺ​ដូច​គាត់​រៀបរាប់​នៅ​ក្នុង​សវនាការ​ដែរ»។

លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​មួយ​ក្បែរ​ស្ថានីយ​ប្រេង​កាល់តិច​ស្តុប​បូកគោ​កាលពី​ថ្ងៃ​ទី ១០ ខែ​កក្កដា​ឆ្នាំ​មុន។

កាលពី​ថ្ងៃ​ទី ២៣ ខែ​មីនា​ឆ្នាំ​នេះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ជន​ដៃដល់ អឿត អាង ហៅ ជួប សម្លាប់ ដោយ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​យល់​ថា​សាលក្រម​នេះ​បន្សល់​ទុក​នូវ​ចម្ងល់​ដោយសារ​គេ​ជឿ​ថា​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​នេះ ហើយ​ហៅ​សាលក្រម​នេះ​ថា​ធ្វើ​ឡើង​ដើម្បី​បិទ​សំណុំ​រឿង។

សំណុំ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​បំបែក​ជា ២ ដោយ​ពេល​នេះ​តុលាការ​កំពុង​ស៊ើបអង្កេត​លើ​មនុស្ស ២ នាក់​ទៀត​គឺ​ឈ្មោះ ចក់ ដែល ជួប សម្លាប់ ថា​ជា​អ្នក​លក់​អាវុធ​ឲ្យ​ខ្លួន និង​ឈ្មោះ ពូលីស ដែល​ជា​អ្នក​នាំ ជួប សម្លាប់ ឲ្យ​មក​ស្គាល់​បណ្ឌិត កែម ឡី។

ទោះ​យ៉ាង​ណា​សំណុំ​រឿង​បំបែក​នេះ​ហាក់​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ។

លោក សេង លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​កាន់​សំណុំ​រឿង​នេះ​បាន​ថ្លែង​ថា​សំណុំ​រឿង​នេះ​កំពុង​ដំណើរការ​ដោយ​លោក​ថ្លែង​យ៉ាង​ខ្លី​ថា៖ «យើង​ចាត់ចែង​ហើយ​យើង​ចាត់ចែង​ដំណើរការ​ហើយ ហើយ​ព័ត៌មាន​អី​បន្ថែម​សូម​ទាក់ទង​អ្នក​នាំពាក្យ​ទៅ​ណា»។

កាលពី​ថ្ងៃ​ចន្ទ​មន្ត្រី​ប៉ូលិស​រាជធានី​ភ្នំពេញ​លោក លី សុង ថ្លែង​ថា​លោក​មិន​ច្បាស់​ទេ​ថា ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបអង្កេត​លើ​ជន​ពាក់ព័ន្ធ​ក្នុង​រឿង​លក់​អាវុធ​នេះ​ត្រូវ​តុលាការ​បញ្ជូន​មក​ហើយ​ឬ​នៅ​ទេ ដោយ​លោក​ស្នើ​ឲ្យ​ទាក់ទង​លោក លី សុផាណា ដែល​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ។

ប៉ុន្តែ​លោក លី សុផាណា មិន​ឆ្លើយតប​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​នេះ​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ៕


Contact author: នៀម ឆេង

What Next?

Recent Articles

One Response to "មេធាវី​ ជួប សម្លាប់ ប្ដឹង​ឧទ្ធរណ៍​ករណី​ឃាតកម្ម​លោក​ កែមឡី"

  1. Rasmei says:

    Look at the photo it was like they had arrested an ISIS guy in Siria!!!