សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បន្ថែម​ថវិកា​ក្នុង​វិស័យ​អប់រំ​ដើម្បី​បង្កើន​ប្រសិទ្ធភាព

ដោយ វ៉ាន វណ្ណដេត
2017-04-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ជិន ច័ន្ទវាសនា (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Brach Chev
នាយក​ប្រតិបត្តិ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ជិន ច័ន្ទវាសនា (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Brach Chev


អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ថវិកា​ជាតិ​ទៅ​ក្នុង​វិស័យ​អប់រំ ដើម្បី​បង្កើន​ប្រសិទ្ធភាព​គុណភាព​អប់រំ​នៅ​ទូទាំង​ប្រទេស។ សង្គម​ស៊ីវិល ស្នើ​ឲ្យ​ក្រសួង​អប់រំ ចាយវាយ​ថវិកា​ក្នុង​វិស័យ​នេះ​ឲ្យ​ចំ​ទិសដៅ​ដែល​បាន​ដាក់​ចេញ។

សង្គម​ស៊ីវិល​បាន​ធ្វើ​យុទ្ធនាការ​សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ លើក​ទី​២ ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ស្ដីពី​ហិរញ្ញប្បទាន​វិស័យ​អប់រំ។ សង្គម​ស៊ីវិល​យល់​ថា ថវិកា​ប្រហែល ១៨% នៃ​ថវិកា​ជាតិ​ដែល​ប្រើ​សម្រាប់​វិស័យ​អប់រំ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ថវិកា​ជាតិ​យ៉ាង​តិច​បំផុត ២០​ភាគរយ ឬ ៤​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)

សង្គម​ស៊ីវិល​យល់​ថា ការ​ចំណាយ​ថវិកា​ជាតិ​ក្រោម ២០% សម្រាប់​វិស័យ​អប់រំ​កម្ពុជា ធ្វើ​ឲ្យ​វិស័យ​នេះ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន និង​បាន​ធ្វើ​ឲ្យ​កុមារ​ជាច្រើន​បោះបង់​ចោល​ការ​សិក្សា។

នាយក​ប្រតិបត្តិ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ជិន ច័ន្ទវាសនា ថា​បច្ចុប្បន្ន ថវិកា​ជាតិ​ដែល​ផ្ដល់​ឲ្យ​វិស័យ​អប់រំ​នៅ​មាន​ចំនួន​តិច​ជាង ២០​ភាគរយ បាន​ធ្វើ​ឲ្យ​សាលា​រៀន​គ្មាន​របង គ្មាន​សម្ភារ​បង្រៀន​គ្រប់គ្រាន់ ជាដើម។ លោក​ថា សាលា​ខ្លះ​បាន​ធ្វើ​លិខិត​ទៅ​អាណាព្យាបាល ដើម្បី​ស្នើសុំ​លុយ​បង់​ថ្លៃ​ភ្លើង​សាលា​ក៏​មាន​ដែរ«យើង​ឃើញ​ថា​មាន​រហូត​ដល់​ចេញ​សេចក្តី​ស្នើសុំ​ទៅ​សិស្ស មាតា​បិតា​ហ្នឹង​ឲ្យ​ជួយ​បង់​ថ្លៃ​ភ្លើង បង់​ថ្លៃ​អី​ក៏​មាន​ដែរ។ ខ្ញុំ​បាន​មើល​ទាំង​លិខិត​ហ្នឹង​ទៀត ស្នើសុំ​ទៅ​មាតា​បិតា​សិស្ស ដើម្បី​ជួយ​ជា​វិភាគទាន​ដើម្បី​បង់​ថ្លៃ​ភ្លើង»

លោក ជិន ច័ន្ទវាសនា យល់​ថា ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ វា​ជា​ឱកាស​សម្រាប់​គណបក្ស​នយោបាយ​ដែល​ចង់​បាន​សន្លឹក​ឆ្នោត ហើយ​ក៏​ជា​ឱកាស​សម្រាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​បន្ថែម​ថវិកា​ក្នុង​វិស័យ​អប់រំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែរ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី មើល​ឃើញ​ថា វិស័យ​អប់រំ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​ខ្វះ​សម្ភារ​សិក្សា​តាម​សាលា​រៀន។ អ្នកស្រី​ថា ថវិកា​ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ឲ្យ​ក្រសួង​អប់រំ បើ​ទោះ​ជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​កើន​ឡើង ប៉ុន្តែ​បើ​ការ​ចាយវាយ​មិន​ចំ​ទិសដៅ គុណភាព​អប់រំ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព«ទាល់​តែ​ចាយ​ឲ្យ​ចំ​ទិសដៅ បើ​កាល​ដែល​យើង​ថា​បំប៉ោង​ឲ្យ​បាន​ច្រើន ឧបមា​ថា ១០% ចុះ ឧទាហរណ៍ ១០% មែន ប៉ុន្តែ​គាត់​យក​ទៅ​ក្នុង​បេសកកម្ម​ពួក​អ្នក​ធំ ហើយ​អា​បេសកកម្ម​ពួក​អ្នក​ធំ​ហ្នឹង ទៅ​ដើម្បី​អី គឺ​ដើម្បី​ពង្រឹង​គណបក្ស​កាន់​អំណាច​ទេ មិន​មែន​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ប្រសើរ​ទេ»

អ្នកស្រី អ៊ុក ឆាយាវី បន្ត​ថា ថវិកា​ដែល​ក្រសួង​អប់រំ ប្រើ​មិន​ចំ​គោលដៅ ដោយសារ​ក្រសួង​នេះ​ចំណាយ​ថវិកា​ច្រើន​ពេក​លើ​បេសកកម្ម​របស់​មន្ត្រី​ធំៗ ហើយ​បេសកកម្ម​នោះ ធ្វើ​ឡើង​ដើម្បី​បម្រើ​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ មេសា ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​លើក។ ប៉ុន្តែ​កាល​ពី​យុទ្ធនាការ​សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ លើក​ទី​១ នៅ​ឆ្នាំ​២០១៦ លោក រស់ សាលីន ធ្លាប់​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា ក្នុង​ចំណោម​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​អប់រំ​មាន​ជាង ៧០% បាន​ចំណាយ​ទៅ​លើ​ប្រាក់​ខែ​គ្រូ និង​បុគ្គលិក​អប់រំ​ជាង ១១​ម៉ឺន​នាក់ ហើយ​នៅ​សេសសល់​ថវិកា​តែ​ជាង ២០% ទៀត​ប៉ុណ្ណោះ​សម្រាប់​ចំណាយ​លើ​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​នេះ។

សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ លើក​ទី​២ ឆ្នាំ​២០១៧ នេះ ធ្វើ​សន្និសីទ​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ មេសា ហើយ​ដំណើរការ​យុទ្ធនាការ​នៅ​តាម​មូលដ្ឋាន នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ មេសា។

អង្គការ​សង្គម​ស៊ីវិល​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជា​សាធារណៈ​មួយ​ចំនួន​ជាមួយ​តំណាង​សង្គម​ស៊ីវិល អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​វិធានការ​ដោះស្រាយ ដើម្បី​បង្កើន​ថវិកា​ក្នុង​វិស័យ​អប់រំ​ឲ្យ​បាន​យ៉ាង​តិច ២០​ភាគរយ ឬ ៤% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles