ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​នឹង ​CCHR ​ដែល​ថា​ក្រសួង​រឹតត្បិត​មិន​ឲ្យ​ចូល​ជួប​អ្នក​ជាប់​ឃុំ

ដោយ ម៉ម មុនីរតន៍
2017-04-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ហៅ​ការ​ហាមឃាត់​ដោយ​អាជ្ញាធរ​រដ្ឋ មិន​ឲ្យ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល បាន​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ព្រៃ​ស ថា​ជា​ការ​អនុវត្ត​រំលោភ​ផ្ទុយ​ពី​ច្បាប់ និង​ជា​ចរិត​រឹតត្បិត​សេរីភាព​ហួសហេតុ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ យល់​ឃើញ​ថា ការ​ចេញ​របាយការណ៍​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ គឺ​ជា​ការ​បំប៉ោង​សភាពការណ៍ ជាពិសេស​អួត​ខ្លួន​ថា​ជា​អ្នក​អនុវត្ត​ច្បាប់ ប៉ុន្តែ​មិន​យល់​ពី​ច្បាប់​ទៅ​វិញ។

ប្រតិកម្ម​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ស្រប​ពេល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ពិនិត្យ​ឃើញ​ថា ទាំង​ស្ថាប័ន​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ចេញ​បម្រាម​ទាំង​មិន​មាន​សំអាង​ហេតុ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ​ជឿ​ទុក​ចិត្ត​បាន។

ការ​បញ្ជាក់​ជំហរ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ មេសា ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កម្រាស់ ២​ទំព័រ។

ការ​រិះគន់​ទៅ​លើ​ស្ថាប័ន​ដែល​អនុវត្ត​ច្បាប់​ទាំង​២ គឺ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ ក្រោយ​ពេល​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ សង្កេត​ឃើញ​ថា ថ្មីៗ​នេះ ក្រសួង​ទាំង​ពីរ​បាន​ចេញ​បម្រាម​ទាំង​បំពាន​ដែល​ខុស​ពី​បញ្ញត្តិ​នៃ​ច្បាប់ មិន​អនុញ្ញាត​ឲ្យ​ក្រុម​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង បាន​ជួប​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ស្រង់​យក​ខ្លឹមសារ​នៃ​ច្បាប់​ធ្វើ​ជា​សំអាង​ហេតុ ក្នុង​ការ​ដាក់​បន្ទុក​ដែរ​ថា មាត្រា​៥៥ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​កំណត់​ថា ជន​ជាប់​ឃុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ ឬ​ញាតិ​មិត្ត​បាន​សួរ​សុខ​ទុក្ខ​តាម​ការ​កំណត់ លើកលែង​តែ​មាន​ការ​ហាមឃាត់​ពី​តុលាការ។ បន្ថែម​ពី​លើ​នេះ ច្បាប់​ជា​អន្តរជាតិ​ដែល​បញ្ញត្តិ​ដោយ​អង្គការ​សហប្រជាជាតិ សម្រាប់​គ្រប់គ្រង​អ្នក​ទោស ដែល​អនុម័ត​ដោយ​មហា​សន្និបាត​កាល​ពី​ឆ្នាំ​១៩៥៥ ចែង​ថា អ្នក​ទោស​ត្រូវ​អនុញ្ញាត​ឲ្យ​ទាក់ទង​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​តាម​ការ​កំណត់​ជា​ទៀងទាត់។

ប្រតិកម្ម​នឹង​ការ​រិះគន់​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ យល់​ឃើញ​ថា របាយការណ៍​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​នៅ​ពេល​នេះ មិន​ខុស​អី​ធ្វើ​ឡើង​ដើម្បី​ផ្គាប់ផ្គុន​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា មាន​អ្នក​ជាប់​ឃុំ​ច្រើន​ណាស់​ដែល​សង្គម​ស៊ីវិល​ទាំងនេះ​ត្រូវ​សួរ​សុខ​ទុក្ខ ប៉ុន្តែ​បែរ​ជា​លើក​ហេតុផល​អ្នក​ជាប់​ឃុំ​ប៉ុន្មាន​នាក់​នេះ ដើម្បី​ទម្លាក់​កំហុស​មក​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ទៅ​វិញ។ លោក​បន្ត​ថា «នៅ​ក្នុង​ច្បាប់​នៃ​ការ​សួរ​សុខ​ទុក្ខ​ទណ្ឌិត​នេះ អ្នក​ដែល​រង​នូវ​ដីកា​របស់​តុលាការ ហើយ​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ដោយ​ពន្ធនាគារ គឺ​អនុញ្ញាត​បាន​តែ​ក្រុម​គ្រួសារ និង​មេធាវី​ទេ។ ចុះ​សង្គម​ស៊ីវិល​ហ្នឹង គាត់​ត្រូវ​ជា​បង​ប្អូន ឬ​យ៉ាង​ម៉េច បាន​ជា​គាត់​គិត​តែ​រើសអើង​តែ​ប៉ុន្មាន​នាក់​ហ្នឹង ចុះ​អ្នក​ដទៃ​ទៀត មិន​មែន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទេ

ទាក់ទិន​រឿង​នេះ អនុប្រធាន​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ រំពឹង​ថា បម្រាម​របស់​ក្រសួង​មហាផ្ទៃ នេះ ទំនង​នឹង​មិន​មែន​ជា​ឧបសគ្គ​ទេ។ អ្នកស្រី​ធ្លាប់​អះអាង​ថា បើ​ទោះ​ជា​បែប​ណា ភាគី​ទាំង​ពីរ​អាច​នឹង​រក​ច្រក​ចេញ​បាន។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃ នេះ នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ បដិសេធ​ថា មូលហេតុ​ដែល​សង្គម​ស៊ីវិល​តែង​ចូល​ជួប​អ្នក​ជាប់​ទាំង ៥​នាក់ និង​សកម្មជន​ដទៃ​ទៀត ដោយសារ​ពួក​គេ​គឺ​ជា​អ្នក​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បន្ត​ថា «អ្នក​ជាប់​ឃុំ​ដែល​យើង​ទៅ​សួរ​សុខ​ទុក្ខ​ហ្នឹង គឺ​ពួក​គាត់​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ ដូច្នេះ​យើង​ឃើញ​ថា គាត់​គឺ​ជា​អ្នក​ដែល​ការពារ​សិទ្ធិ​មនុស្ស ដែល​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់»

យ៉ាង​ណា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សង្កេត​ឃើញ​ថា ការ​បិទ​សិទ្ធិ​មិន​ឲ្យ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​បាន​ជួប​អ្នក​ជាប់​ឃុំ ធ្វើ​កិច្ចការ​ដើម្បី​យុត្តិធម៌​សង្គម​នេះ គឺ​ជា​ផ្នែក​មួយ​ហ៊ុមព័ទ្ធ​សិទ្ធិ​សេរីភាព​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ កាល​ពី​ថ្ងៃ​ទី​១០ មេសា សំណើ​សុំ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស សូម​ជួប​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កំពុង​ជាប់​ឃុំ ៤​នាក់​របស់​សមាគម​អាដហុក និង​លោក នី ចរិយា ត្រូវ​បដិសេធ។ ក្រោយ​មក​ទៀត កាល​ពី​ថ្ងៃ​ទី​១៩ មេសា ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ជួប​សមាជិក​របស់​ខ្លួន​តទៅទៀត ព្រោះ​តែ​មាន​ភាព​មិន​ស្មោះ​ត្រង់ ដែល​បក្ស​ប្រឆាំង​នាំ​នាយក​រង​វិទ្យុ​អាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ចូល​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles