លោក ​កែវ រ៉េមី ក្លាយ​ជា​ប្រធាន​តេក្វាន់ដូ ITF

លោក កែវ រ៉េមី ត្រូវ​បាន​តែងតាំង​ជាប្រធាន​សហព័ន្ឌ​កីឡា​តេក្វាន់ដូ ITF កម្ពុជា កាល​ពីថ្ងៃ​សៅរ៍។ ស្រេង ម៉េងស្រ៊ុន

លោក កែវ រ៉េមី ត្រូវ​បាន​តែងតាំង​ជាប្រធាន​សហព័ន្ឌ​កីឡា​តេក្វាន់ដូ ITF កម្ពុជា កាល​ពីថ្ងៃ​សៅរ៍។ ស្រេង ម៉េងស្រ៊ុន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: សហព័ន្ធ​កីឡា​តេក្វាន់ដូស្ទីល ITF (International Taekwondo Federation) បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន ដើម្បី​ជ្រើស​តាំង​លោក​កែវ រ៉េមី ដែល​ពីមុន​ត្រូវ​បានគេ​ស្គាល់ថា ជា​ប្រធានកិត្តិយស ធ្វើជា​ប្រធាន​ថ្មី ក្រោយ​ពីលោក​អ៊ុក រី ប្រធាន​សហព័ន្ធ​ចាស់​អស់​រយៈពេល ១៥ ឆ្នាំ បាន​ប្រកាស​សុំលា​ឈប់​ដោយ​មិនបាន​បញ្ជាក់ពី​មូលហេតុ។

សន្និបាត​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលបី​ព្រឹក​ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ ២០១៧ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​មាន​ការចូលរួម​ពីមន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ពិសេស មន្ត្រី​ពាក់ព័ន្ធ​ក្នុង​កីឡា។

លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​សាន គឹមស៊ាន តំណាង​ល្បុក្កតោ លោក​ហែម សំណាង តំណាង​តេក្វាន់ដូ WTF លោក​ហ៊ុន សាមុត តំណាង​អគ្គនាយក​កីឡា លោក​ព្រំ ប៊ុណ្ណយី ទីប្រឹក្សា​តំណាង ក្រសួង​អប់រំ យុវជន និង​លោក​ណាំង រ៉ាវុធ​តំណាង​កីឡា​អៃគីដូ ព្រមទាំង​មន្ត្រី​កីឡា​ជាច្រើន​ទៀត បាន​អញ្ជើញ​ធ្វើជា​សាក្សី​នៅក្នុង​មហាសន្និបាត​វិសាមញ្ញ​នេះ។

លោក​វ៉ាត់ ចំរើន បាន​សាទរ​ចំពោះការ​កែទម្រង់​ការគ្រប់គ្រង និង​ដឹកនាំ​ក្នុង​សហព័ន្ធ​កីឡា​ជាតិ ហើយ​វត្តមាន​របស់​លោក​កែវ រ៉េមី ដែល​ជាប់​ជាប្រធាន​សហព័ន្ធ​នោះ វាស្រប​ទៅនឹង​តួនាទី​របស់​លោក​ជាប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍​ស្រាប់ ហើយ​លោក​ក៏ជាអ្នក​ហាត់​វិជ្ជាគុន​មួយរូប​តាំងពី​កុមារ​ភាព ផងដែរ។

ទោះបីជា​ការជ្រើសរើស​តាមរយៈ​លើកដៃ ឬ​សម្តែង​មតិពី​សមាជិក​ប្រតិបត្តិ​ជាលក្ខណៈ​ជ្រើស​តាំង​ក៏ដោយ ប៉ុន្តែ ការជ្រើស​តាំង​បែបនេះ​មិនខុស​បែបបទ​ច្បាប់​ឡើយ ពីព្រោះ​មហាសន្និបាត​វិសាមញ្ញ​នីមួយៗ មុន​នឹង​ប្រកាស​ចេញ គេ​មានការ​ព្រាង​ទុក ឬការ​សម្រប​សម្រួល​មតិគ្នា​ផ្ទៃក្នុង​ជា​ឯកច្ឆន្ទ​ជាមុន​រួចទៅ​ហើយ។

គួរ​បញ្ជាក់​ថា កីឡា​តេក្វាន់ដូ ITF ជា​តេក្វាន់ដូ​របស់​ប្រទេស​កូរ៉េខាងជើង ដែល​ប្រើដៃ​ច្រើន និងជា​ក្បាច់គុន​ប្រយុទ្ធ​ខ្លាំង។ ចំណែក​តេក្វាន់ដូ WTF នៅ​ប្រទេស​កូរ៉េខាងត្បូង ជា​កីឡា​ក្នុង​អូឡាំពិក​អន្តរជាតិ។ នេះជា​មហាសន្និបាត​មួយ​ដែល​មាន​ការរុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដ៏ធំ​តែម្ដង។

លោក​ កែវ រ៉េមី ត្រូវបាន​គេស្គាល់​ថា ជារដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ប្រធាន​សិទ្ធិ​មនុស្ស​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ជាប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​គណៈរដ្ឋមន្ត្រី​ផងដែរ។ មុនលោក​ជាប់​ជាប្រធាន លោក​ក៏ជា​ប្រធាន​កិត្តិយស​របស់​សហព័ន្ធ ផងដែរ ប៉ុន្តែ​បន្ទាប់ពី​បាន​ជាប់ឆ្នោត​ជាប្រធាន​សហព័ន្ធ​តេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍​កាលពី​ប៉ុន្មាន​ខែមុន​នោះ លោក​ក៏បាន​ជាប់ឆ្នោត​ជាប្រធាន​សហព័ន្ធ​តេក្វាន់ដូ ITF កម្ពុជា​ជំនួស​លោក​អ៊ុក រី ដែល​បាន​ប្រកាស​លាលែង​ពីប្រធាន​សហព័ន្ធ ដោយ​សារតែ​លោក​មាន​ភារកិច្ច​ច្រើន។

លោក​អ៊ុក រី ដែល​ជាប្រធាន​សហព័ន្ធ​ចាស់ ត្រូវបាន​តែងតាំង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ច្បាប់ ខណៈ​ដែល​លោក​បួន លឹម​ហេង ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានកិត្តិយស។ ជាមួយ​គ្នានេះ អង្គ​មហាសន្និបាត​វិសាមញ្ញ​ជ្រើស​បាន​អនុប្រធាន​សហព័ន្ធ​ចំនួន ៦ រូប​គឺមាន​លោក​អៀង អូននី លោក​ជេត ជាលី លោក​លឹម រតនៈ លោក​ឈួន ចាន់ថន លោក​ផាន់ វណ្ណា​រ័ត្ន និង​លោក​វេជ្ជបណ្ឌិត​សុខ ប៊ុនថា។

ប៉ុន្តែ លោក​ប៊ួនហ៊ីង សុធីយ៉ា បន្ត​រក្សា​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​ដដែល។ អគ្គលេខាធិការ​រង​ដែល​មាន​ចំនួន ៤ រូបនោះ​មាន​លោក​វេជ្ជបណ្ឌិត​ហ៊ឹម រីដា លោក​អ៊ូ រតនា លោក​សឹម សានត្រាន និង​លោក​កៅ មករា ដែល​ជា​មន្ត្រី​កីឡា​សកម្ម ជំនាញ និងមាន​បទពិសោធ។

លោក​ ប៉ាល់ ជីវ័ន្ត នៅ​រក្សា តំណែង​ជាអគ្គ​ហេរញ្ញិក​ដដែល ហើយ​អង្គ​មហាសន្និបាត​បាន​អនុម័ត​លើ​វិសោធនកម្ម​លក្ខន្តិកៈ និង​ប្រកាស​សមាសភាព​សមាជិក​ប្រតិបត្តិ​ថ្មី​ដែល​មាន​ចំនួន ១៧ រូប ដែល​សុទ្ធតែជា​ធនធាន​មនុស្ស​មាន​ជំនាញ​ផ្នែក​កីឡា​តែម្តង៕

What Next?

Recent Articles