មន្ត្រី​សុខាភិបាល​បន្ត​តាមដាន​ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ធំ​លើ​ពលរដ្ឋ​ជាង​២០០​នាក់​មណ្ឌលគីរី

ដោយ ខែ សុណង
2017-05-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng
ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng


ក្រុម​មន្ត្រី​សុខាភិបាល​កំពុង​បន្ត​តាមដាន​ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ធំ ទៅ​លើ​ពលរដ្ឋ​ជាង ២០០​នាក់ នៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគីរី។ មន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ខេត្ត​នេះ បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ និង​ចាក់​ថ្នាំ​បង្ការ រួម​ទាំង​អប់រំ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ធំ​លើ​ពលរដ្ឋ​ជាង ២០០​នាក់ នៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគីរី គឺ​ជា​ករណី​ទី​១ ដែល​បង្ក​ឡើង​ដោយ​មេរោគ​ផ្ដាសាយ​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថ្លែង​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ថា ក្រុម​មន្ត្រី​សុខាភិបាល​បាន​ចុះ​ទៅ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ណង់ឃីលឹក ស្រុក​កោះញែក នោះ​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះថ្នាក់​ដល់​ជីវិត​ទេ។

លោក​ថា ទោះ​យ៉ាង​ណា មន្ត្រី​ជំនាញ​កំពុង​បន្ត​តាមដាន​ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ធំ​ទៅ​លើ​ពលរដ្ឋ​ជាង ២០០​នាក់​បន្ត​ទៀត មិន​បោះបង់​នោះ​ទេ៖ «យើង​មិន​អាច​ធ្វេសប្រហែស​បាន​ទេ ព្រោះ​ខែ​ហ្នឹង​ជា​ខែ​ដែល​មេរោគ​ផ្ដាសាយ​បង្ក​ឡើង​ដោយ​មេរោគ​ផ្ដាសាយ មន្ត្រី​របស់​យើង​បន្ត​តាម​ដាន។ ខ្ញុំ​បាន​ណែនាំ​ឲ្យ​មន្ត្រី​ក្រុម​ការងារ​នៅ​តែ​បន្ត​ការ​តាមដាន»

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ផ្ដាសាយ​បង្ក​ឡើង​ដោយ​មេរោគ​ផ្ដាសាយ​រួម​មាន គ្រុនក្ដៅ​លើស​ពី ៣៨.៥​អង្សាសេ និង​មាន​ក្អក ឫ​ឈឺ​ក និង​ករណី​ខ្លះ​អាច​វិវត្តន៍​ទៅ​ហត់​ក៏​មាន។ ការ​ព្យាបាល​គឺ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ផឹក​ទឹក​ឲ្យ​បាន​ច្រើន គេង​លក់​ស្កប់ស្កល់ កាត់​បន្ថយ​ការ​ហាត់​ប្រាណ ទទួលទាន​អាហារ​សំបូរ​ជីវជាតិ​ជាពិសេស វីតាមីន​សេ។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ ព្រោះ​រដូវភ្លៀង​ធ្លាក់​បាន​មក​ដល់​ហើយ។ ករណី​មាន​អាការៈ​ផ្ដាសាយ​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ និង​ទទួល​ឱសថ ហើយ​បើ​មាន​ករណី​សង្ស័យ​ណា​មួយ​សូម​ផ្ដល់​ព័ត៌មាន​បន្ថែម ឫ​មាន​សេចក្ដី​រាយការណ៍​ពី​ជំងឺ​គ្រុនក្ដៅ​ច្រើន​ក្នុង​ភូមិ ក្នុង​សាលារៀន ឫ​កន្លែង​ធ្វើការ សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ១១៥ ដើម្បី​ផ្ដល់​ដំណឹង​ជូន​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ជា​ប្រញាប់​ដែល​លេខ​ទូរស័ព្ទ​នេះ​លោក​អ្នក​នឹង​មិន​អស់​សេវា​ហៅ​ចេញ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles