រដ្ឋាភិបាលធានាថាពេទ្យគន្ធបុប្ផានឹងមិនដួលរំលំ ក្រោយប្រធានមន្ទីរពេទ្យលាលែងតំណែង

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០១៧​ | ម៉ោង 4:12 PM
http://vodhotnews.com

សុខភាព

មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកាលពីពេលកន្លងទៅ


លោកនាយករដ្ឋមន្ដ្រីអះអាងថា មន្ទីរពេទ្យគន្ធបុប្ផានឹងមិនងាយដួលរំលំទេ ក្រោយការលាលែងតំណែងរបស់ប្រធានមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត បេអាត រីច្នឺ ដោយថាមានការគាំទ្ររបស់កាកបាទក្រហមកម្ពុជា។

ក្នុងពិធីប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅថ្ងៃទី៨ឧសភានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា កាកបាទក្រហមកម្ពុជានឹងបន្ដគាំទ្រដំណើរការជាប្រក្រតីរបស់មន្ទីរពេទ្យគន្ធបុប្ផា ទោះបីជាអតីតស្ថាបនិកមន្ទីរពេទ្យនេះ គឺលោកវេជ្ជបណ្ឌិត បេអាត រីច្នឺ បានប្រកាសលាលែងពីតំណែងប្រធានមន្ទីរពេទ្យ ដោយសារបញ្ហាសុខភាពក៏ដោយ។

លោកនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់សប្បុរសជនជួយគាំទ្រមន្ទីរពេទ្យមួយនេះ ដើម្បីជាប្រយោជន៍ដល់កុមារ និងពលរដ្ឋកម្ពុជាទាំងមូល។

លោកមានប្រសាសន៍ថា៖ «ខ្ញុំរីករាយ ដែលប្រធានកាកបាទក្រហមបានលើកឡើង អំពីការបន្ដផ្ដល់ថវិកាមួយលានដុល្លារសហរដ្ឋអាមេរិក​ ដែលបានមកពីការចូលរួមវិភាគទាននៅថ្ងៃនេះ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។​ ហើយខ្ញុំ ក៏សូមអរគុណចំពោះសប្បុរសជននានា ដែលបានយកទៅជូនដល់ទៅមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់ បើទោះជាលោកវេជ្ជបណ្ឌិត បេអាត រីច្នឺ ដែលជាអ្នករៀបចំនូវមន្ទីរពេទ្យនេះ ក្នុងស្ថិតក្នុងស្ថានភាពមានជំងឺ។ តែយើងមិនត្រូវទុកឲ្យមន្ទីរពេទ្យមួយនេះដួលរលំ ដោយសារអវត្តមានរបស់វេជ្ជបណ្ឌិត បេអាត រីច្នឺ នោះទេ»។

កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០១៧ លោកវជ្ជបណ្ឌិត បេអាត រីច្នឺ បានប្រកាសលាលែងពីតំណែងប្រធានមន្ទីរពេទ្យគន្ធបុប្ផាជាបន្ទាន់ ដោយសារមានជំងឺធ្ងន់ធ្ងរ។

ក្រោយការលាលែងតំណែងនេះ មជ្ឍដ្ឋានទូទៅ បានដាក់ការព្រមានពីលទ្ធភាពក្ស័យធន់ផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័នសុខាភិបាលមួយនេះ ដែលពលរដ្ឋទូទៅស្គាល់ថា ជាមន្ទីពេទ្យទេវតារបស់កម្ពុជា ដែលតែងជួយព្យាបាលជំងឺប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈនិងមិនគិតថ្លៃ។

ទោះជាយ៉ាងណា កាលពីចុងខែមីនាឆ្នាំ២០១៧ រដ្ឋាភិបាលនៃប្រទេសស្វ៊ីស រួមជាមួយនឹងមូលនិធិគន្ធបុប្ផា នឹង​ប្តេជ្ញាចិត្ត​ក្នុង​ការសហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការធ្វើការឆ្ពោះទៅរកនិរន្តរភាពផ្នែកហិរញ្ញវត្ថុ រយៈពេល​​វែង​​របស់មន្ទីរពេទ្យនេះ រួមទាំង​​​ធានានៃ​ការបន្តបេស​កម្ម​ព្យាលបាលឥតគិត​ថ្លៃដល់កុមារ​និង​ការ​ថែ​​ទាំ​សុខភាព​មាតា​មួយ។

រដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសពីសេចក្តីសម្រេចផ្តល់ថវិកាបន្ថែមដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលបានពីការតម្លើងថ្លៃបណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំពោះភ្ញៀវទេសចរបរទេសម្នាក់ៗ ចំនួន២ដុល្លារអាមេរិច៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles