ការ​ផ្ទេរ​អំណាច​តាម​ច្បាប់​ត្រូវ​ពិភាក្សា​ជា​ថ្មី​ពេល​បុរស​ខ្លាំង​កម្ពុជា​មាន​ជំងឺ

នយោបាយ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ទទួល​ការ​ពិនិត្យ​ជំងឺ និង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ (រូបថត​ពីទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)


12 ឧសភា 2017
សុខ ខេមរា
វីអូអេខ្មែរ

«ប៉ុន្តែ​អ្វីមួយ​ដែល​យើង​ព្រួយ​បារម្ភ​ខ្លាច​មែនទែន​នោះ​គឺ​ស្ថាប័ន​ជាតិ​យើង​មិន​ទាន់​ឯករាជ្យ តុលាការ​យោធា ​នៅ​មាន​បក្សពួក​ចូល​ក្នុង​គណបក្ស​ឃោសនា​អី​ទៅ ​រឿង​ហ្នឹង​ជា​ប្រធានបទ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​អ្នក​វិនិយោគ​គាត់​ព្រួយបារម្ភ។​ ខ្ញុំ​គិត​ថា ​មិន​មែន​ជា​បញ្ហា​អីធ្ងន់ធ្ងរ​​ទេ​ តែ​នៅ​តែ​ជា​បញ្ហា​ប្រថុយ​មួយ​ធ្វើឲ្យ​អ្នក​វិនិយោគ​និង​ប្រជាពលរដ្ឋ​មិន​ស្ងប់​ចិត្ត»។

ការ​ពិភាក្សា​ផ្លូវ​ច្បាប់​ខ្លះៗនិង​ដោយ​ប្រយ័ត្ន​ប្រយែង​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ជំងឺ​មួយ​រយៈ​ពេល​ខ្លី​កាល​ពី​សប្តាហ៍​មុន​ ជាពិសេស​ទៅ​លើ​ផ្លូវច្បាប់​ទាក់ទង​នឹង​អវត្តមាន​រយៈពេល​ខ្លី​និង​ជា​អចិន្ត្រៃយ៍​របស់​នាយករដ្ឋមន្ត្រី។ គេ​បាន​សម្លឹង​ពី​ការ​ប្រែប្រួល​មិន​ច្បាស់​លាស់​ក្នុង​ប្រទេស​កម្ពុជា​ ប្រសិន​បើ​នាយករដ្ឋមន្ត្រី​អវត្តមាន​ពីប្រទេស​រយៈ​ពេល​យូរ។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ទៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី​ចាប់​ពី​ថ្ងៃទី​៣​ដល់​ថ្ងៃ​ទី៧​ខែ​ឧសភា​ដើម្បី​ព្យាបាល​ជំងឺ​ជា​បន្ទាន់​ ដែល​បាន​កើត​ឡើង​ពី​ការ​ហត់​នឿយ​ខ្លាំង។​ នេះ​បើ​តាម​ទំព័រ​ Facebook ​របស់​លោក​ដែល​បាន​ផ្សាយ​ព័ត៌មាន​ស្តី​ពី​ការ​សម្រាក​ពិនិត្យ​ជំងឺ​ដោយ​មាន​ការ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​មួយ​ចំនួន ហើយ​លោក​បាន​រងនូវ​ពាក្យ​ប្រមាថ​មួយ​ចំនួន​ពី​ក្រុម​មនុស្ស​ដែល​មិនចូល​ចិត្ត​លោក​ផង​ដែរ។ លោក​បាន​ប្រកាស​ពីការ​ខឹង​សម្បារ​ចំពោះ​ការ​ប្រមាថ​ដល់​ជីវិត​លោក​ ដែល​គេ​មើល​ទៅ​ហាក់​ដូច​ជា​បន្ថែម​ទម្ងន់​ទៅ​ក្រុម​ប្រឆាំង។

លោក​ អ៊ូ វីរៈ ​ប្រធាន​អង្គការ​វេទិកា​អនាគត​បាន​ថ្លែង​ថា​ រឿង​នេះ​ ​ជា​រឿង​ពិបាក​នឹង​មាន​ការ​និយាយ​ជា​ចំហ ដោយសារ​ជា​រឿង​រសើប​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​លោក​ថាបើ​មើល​រចនាសម្ព័ន្ធ​របស់​រដ្ឋ​មិន​រញ៉េរញ៉ៃ​ខ្លាំងទេ​ នៅ​ពេល​នាយករដ្ឋមន្ត្រី​អវត្តមាន​រយៈពេល​ខ្លី។

លោក​ថ្លែង​ប្រាប់ VOA ថា៖

«ជាទូទៅ​នៅ​ពេល​នាយករដ្ឋមន្ត្រី​គាត់នៅ​ក្រៅ​ប្រទេស​ គឺ​ឧបនាយក​រដ្ឋមន្ត្រី​ មាន​ច្រើន​តែ​ឧបនាយករដ្ឋមន្ត្រី​ដែល​ច្រើន​តែ​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ​គឺ​សម្តេច​ ស ខេង។ ​អញ្ចឹង បើ​បញ្ហា​ហ្នឹង​ចំពោះ​ខ្ញុំ​បើ​រយៈ​ពេល​ខ្លី​មិន​ជា​បញ្ហា​ទេ ​មិន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ»។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ប្រាប់​អ្នកសារព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA) ​


លោក វីរៈ ​បាន​បន្ត​ពី​ក្តី​ខ្វល់ខ្វាយ​របស់​លោក​ថា៖

«ប៉ុន្តែ​អ្វីមួយ​ដែល​យើង​ព្រួយ​បារម្ភ​ខ្លាច​មែនទែន​នោះ​គឺ​ស្ថាប័ន​ជាតិ​យើង​មិន​ទាន់​ឯករាជ្យ តុលាការ​យោធា ​នៅ​មាន​បក្សពួក​ចូល​ក្នុង​គណបក្ស​ឃោសនា​អី​ទៅ ​រឿង​ហ្នឹង​ជា​ប្រធានបទ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​អ្នក​វិនិយោគ​គាត់​ព្រួយបារម្ភ។​ ខ្ញុំ​គិត​ថា ​មិន​មែន​ជា​បញ្ហា​អីធ្ងន់ធ្ងរទេ​ តែ​នៅ​តែ​ជា​បញ្ហា​ប្រថុយ​មួយ​ធ្វើឲ្យ​អ្នក​វិនិយោគ​និង​ប្រជាពលរដ្ឋ​មិន​ស្ងប់​ចិត្ត»។

បើ​តាម​ការ​អះអាង​របស់​លោក ​មាស នី​ អ្នក​ស្រាវជ្រាវ​និង​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ VOA ​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ដឹកនាំ​តាម​របៀប​មនោសញ្ចេតនា។​ លោក​ថា ​មន្ត្រី​ក្រោម​ឱវាទ​មិន​ហ៊ាន​ធ្វើ​កិច្ចការ​ ខ្លាច​ទទួល​រង​ការ​ស្តីបន្ទោស​ ហើយ​ពេល​ធ្វើ​កិច្ចការ​ខុស​ ខ្លាច​ប៉ះពាល់​ដល់​តួនាទី​ខ្លួន។

អ្នក​ស្រាវជ្រាវ​រូប​នេះ​ពន្យល់​ថា៖

«ហើយ​យើង​ក៏​ធ្លាប់​ឃើញ​ហើយ​ នៅ​ពេល​ខ្លះ​មាន​មន្ត្រី​ខ្លះ​បាន​ទទួល​ការ​ស្តី​បន្ទោស​តិះដៀល នៅ​កណ្តាល​អង្គប្រជុំ​ក៏មាន​ដែរ​ ប្រជុំធំ​ សូម្បី​តែមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ទូលំ​ទូលាយ ពលរដ្ឋ​ដឹង​ក៏យើង​ឃើញ​ថា​វា​មាន​ករណី​បែប​ហ្នឹង​កើតឡើង។​ អញ្ចឹង​កាលណា​ករណី​បែប​ហ្នឹង​កើតឡើង​ជា​ញឹក​ញាប់​មិន​ថា​ គេ​មិន​ថា​យើង​ទេ​ក៏ដូច​ជា​មន្ត្រី​ជាន់ខ្ពស់​ទាំងអស់​ដែរ​ មាន​នរណា​ហ៊ាន​ធ្វើ​ការ​ផ្តួចផ្តើម​គំនិត​ឬ​សម្រេច​អ្វីមួយ​នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​មិន​បាន​នៅ​ក្នុង​ស្រុក។ នេះ​វា​ជា​ការ​វិវត្ត​នៃ​ធម្មជាតិ​មួយ​របស់​ប្រពៃណី​នៃ​ដំណើរការ​រដ្ឋបាល​របស់​ប្រទេស​យើង»។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។ (លឹម សុធី/VOA)

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។ (លឹម សុធី/VOA)


លោក​បាន​ថ្លែង​ថា ​នៅ​ពេល​អំណាច​នៅ​ប្រមូល​ផ្តុំ​ ហើយ​ស្ថាប័ន​ជាតិ​គ្មាន​ភាព​រ៉ឹងមាំ​នោះ​នឹង នាំ​មក​នូវ​ផល​វិបាក​ច្រើន។

«អញ្ចឹង​វា​ទី១ ​អ្នក​ដែល​រងគ្រោះ​ហើយ​ទទួល​បន្ទុក​ធ្ងន់ជាងគេ​ហ្នឹងគឺ​សម្តេច​នាយក​ខ្លួន​ឯង។ គាត់​ត្រូវ​ទទួល​ការងារ​ច្រើន​ណាស់​ ដែល​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​គួរ​តែ​ទុកពេល​ឲ្យគាត់​បាន​ច្រើន​តិច ​សម្រាប់​គិត​កិច្ចការ​ផ្សេងៗ​ទៀត​ជាង​កិច្ចការ​ផ្ទៃ​ក្នុង។​ ហើយ​ទី២​ទៀត​ វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​រដ្ឋ​ទាំង​មូល​មិន​អាច​ដើរ​លឿន​តាម​ទាន់​គេ​ បើ​អ្វីៗ​ត្រូវ​នៅ​ចាំ​អ្នកធំ​សិន​ បើ​អ្នក​ធំ​មក ​បាន​ហ៊ាន​ធ្វើ បាន​ហ៊ាន​សម្រេច​ បាន​ហ៊ាន​អនុវត្ត​បន្ត​ទៅ​ទៀត»។

បើ​តាម​លោក ​សេបាស្ទៀន ស្ត្រែនចូ ​(Sebastian ​Strangio)​ អ្នក​និពន្ធ​សៀវភៅ ​«ប្រទេស​កម្ពុជា​ជា​របស់​លោក​ហ៊ុន សែន» (Hun Sen’s Cambodia)​ បាន​ទទួលស្គាល់​អំពី​អំណាច​ដ៏​ខ្លាំងក្លា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​លោក​បាន​កសាង​ជិត​៤​ទសវត្សរ៍​នេះ។

លោក​បាន​ថ្លែង​ប្រាប់ VOA នៅ​ក្នុង​ខ្លឹមសារ​ដើម​តាម​អ៊ីមែល​ថា៖

«បញ្ហា​ក្នុង​ប្រទេស​កម្ពុជា​គឺ​ថា ​គ្មាន​ស្ថាប័ន​ដ៏គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​ឲ្យប្រទេស​ពឹងពាក់​បាន ពេល​លោក ​ហ៊ុន សែន ​ត្រូវបង្ខំ​ភ្លាមៗ​ឲ្យចេញ​ដោយសារ​សុខភាព​ទ្រុឌទ្រោម។ ​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​១៩៩០​មក​ លោក​នាយករដ្ឋមន្ត្រី​បាន​ពង្រឹង​អំណាច​យ៉ាង​ខ្លាំងក្លា​ ដោយ​បាន​ធានា​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ ឲ្យ​មាន​ប្រៀប​លើ​ស្ថាប័ន​នានា»។

លោក Strangio ​បាន​បន្ថែម​ថា ការ​ប៉ុនប៉ង​ផ្ទេរ​អំណាច​វិញ​កុំ​ថា​ឡើយ​ ផ្ទេរ​ទៅ​កាន់​រដ្ឋាភិបាល​នៃ​គណបក្ស​ជំទាស់​ដែល​ជា​រឿង​មិន​អាច​គិត​ដល់​បច្ចុប្បន្ន​នេះ​ ទោះ​ជា​ផ្ទេរ​អំណាច​ដល់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​គេ​មិន​អាច​សុបិន្ត​ដែរ។

អ្នក​វិភាគ​រូប​នេះ​ពន្យល់​ថា៖

«វា​ជា​រឿង​ដ៏​លំបាក​ក្នុង​ការ​រកបាន​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​គ្មាន​ការ​សង្ស័យ​នោះ​គឺ​ថា ទោះ​បី​ជា​ឥស្សរជន​ជា​ច្រើន​ក្នុង​ជួរ​កងទ័ព​និង​ក្នុង​គណបក្ស​អាច​យល់សប្តិ៍​ខ្លួនឯង​ហើយ ​ក្នុងការ​ប៉ុនប៉ង​ក្លាយ​ជា​អ្នក​បន្ត​វេន​នោះ»។

លោក​បាន​បន្ត​ថា ​សម្រាប់​លោក វា​ជា​រឿង​មិន​អាច​និយាយ​ឲ្យ​បាន​ពិតប្រាកដ​ទេ​ថា​ តើ​នរណា​អាច​នឹង​ប្រជែង​លោក ​ហ៊ុន សែន ​បាន​សម្រាប់​មុខ​តំណែង​ជាអ្នក​ដឹកនាំ​ទាំង​ក្នុង​បក្ស​និង​ក្នុង​រដ្ឋាភិបាល។​ លោក​ហ៊ុន សែន ​ហាក់​ដូច​ជា​ធានា​បាន​អំណាច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទោះ​ជា​រឿងរ៉ាវ​អាច​ផ្លាស់​ប្តូរ​ឆាប់​ក៏ដោយ។​ តែ​លោក​ថា​ ឥស្សរជន​ស្រដៀង​នឹង​លោក ​ហ៊ុន សែន ​គឺ មនុស្ស​មាន​ទេព្យកោសល​នយោបាយ​ចម្រុះ​ នឹង​កាន់​កាប់​អំណាច​បាន​ដូចនេះ​ ទំនង​ជា​អាច​រក​បាន​ម្តង​ក្នុង​រយៈ​ពេល​ជាច្រើន​ជំនាន់​តែ​ប៉ុណ្ណោះ។

លោក​ Sebastian Strangio​ បាន​ថ្លែង​ថា៖

«នេះ​ជា​មូលហេតុ​នៃ​បញ្ហា​បន្ត​វេន​ គឺ​គម្រោងការ​សម្រាប់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​លោក ហ៊ុន សែន ​គឺ​កំពុង​ក្លាយ​ជា​រឿង​កាន់​តែ​សំខាន់​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដែល​កន្លង​ហួសទៅ។​ កាន់​តែ​សំខាន់​ជាង​នេះ​ទៀត​ មរតក​លោក ​ហ៊ុន សែន ​ជា​អ្នក​ដឹកនាំ​នឹងពឹង​ផ្អែកលើ​បញ្ហា​ដែល​ថា តើ​លោក​អាច​ដឹកនាំ​ឲ្យមាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​របស់​រដ្ឋាភិបាល​នេះទៅ​ដល់​អ្នក​ជំនាន់​ក្រោយ​នៃអ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​ទេ»។

លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia» (សឹង សុផាត/VOA)

លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia» (សឹង សុផាត/VOA)


ទោះជា​យ៉ាងណា​ក៏ដោយ​ លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ពន្យល់​អំពី​ ដំណើរការ​នីតិវិធី​មួយ​ចំនួន​ពេល​លោក​នាយករដ្ឋមន្ត្រី​អវត្តមាន​មួយ​រយៈ​ពេល​ថា៖

«ជា​បទ​ពិសោធន៍​ខ្ញុំ​ឃើញ​សម្តេច​អគ្គសេនាបតីតេជោ ​ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី​ហ្នឹង​ លោក មាន​បុព្វសិទ្ធ​នឹង​ចាត់តាំង​ឧបនាយក​រដ្ឋមន្ត្រី​ណាមួយ​ដែល​ ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី ​ក្នុងការ​រក្សា​ប្រក្រតីភាព​នៃ​ដំណើរការ​រាជរដ្ឋាភិបាល»។

លោក​បាន​បន្ត​ថា​ចំពោះ​ការ​ដឹកនាំ​អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​ទម្លាប់​គឺ​ស្ថិត​នៅ​ក្នុង​បុព្វសិទ្ធ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជាអធិបតី​ និង​ជា​ពិសោធន៍​ពេលខ្លះ​ មាន​ការ​ចាត់​តាំង​ឧបនាយករដ្ឋមន្ត្រី ប្រចាំការ​ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី។

«ជា​ការ​ពិសោធន៍​ហ្នឹង​ គឺ​លោក​ជំទាវ​ឧបនាយក​រដ្ឋមន្ត្រី ​ម៉ែន សំអន​ គឺ​បាន​ទទួល​បុព្វសិទ្ធ​នេះ​ពី​សម្តេច​អគ្គសេនាបតី ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី។​ ក៏ប៉ុន្តែ​នៅ​ពេល​អវត្តមាន​ជា​អចិន្ត្រៃយ៍​នៃ​នាយករដ្ឋមន្ត្រី​ណា​មួយ​ឈរ​ទៅ​លើ​ច្បាប់​ ច្បាប់​រដ្ឋធម្មនុញ្ញ។​ រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង។ ហើយ​ខ្ញុំ​ជឿ​ថា នេះ​ជា​ផលប្រយោជន៍​របស់​គណបក្ស​គួរ​តែ​អញ្ជើញ​ឯកឧត្តម​ សុខ ឥសាន្ត លោក​អាច​ពន្យល់​ក្បោះក្បាយ​បាន​ច្រើន​ជាង​ខ្ញុំ»។

រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។


លោក ​សុខ​ ឥសាន្ត​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​យ៉ាងខ្លី​ដោយ​មិន​បាន​បកស្រាយ​ក្បោះក្បាយ​ថា កម្ពុជា​អនុវត្តន៍​ទៅ​តាម​ខ្លឹមសារ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ។

«រដ្ឋធម្មនុញ្ញ​មាន​ចែង​នៅ​ក្នុង​ហ្នឹង​ករណី​អវត្តមាន​អចិន្ត្រៃយ៍»។

បើ​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​មាត្រា​ត្រង់​ជំពូក​ស្តី​អំពី​រដ្ឋាភិបាល​បាន​ចែង​ថា៖

«នាយករដ្ឋមន្ត្រី​អាច​រំលែក​អំណាច​របស់​ខ្លួន​ ឲ្យ​ទៅ​ឧបនាយក​រដ្ឋមន្ត្រី​ ឬ​សមាជិក​ណា​មួយ​នៃ​ រាជរដ្ឋាភិបាល​បាន»។

ជំពូក​ដដែល​ក៏​បាន​បញ្ជាក់​ថា៖

«បើ​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែង​តាំង​គណៈរដ្ឋមន្ត្រី​ថ្មី​ក្នុង​ល័ក្ខខ័ណ្ឌ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ ​បើ​ការ​នៅ​ទំនេរ​នេះ​ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ស្តីទី​ជាបណ្តោះ​អាសន្ន»។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​។​ (ហ៊ុល រស្មី/VOA)

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​។​ (ហ៊ុល រស្មី/VOA)


លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ទូទៅ​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​គ្រប់គ្រង​កិច្ចការ​ប្រទេសជាតិ​ពេល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ មិន​នៅ​ក្នុង​ប្រទេស​មួយ​រយៈ​ពេលខ្លី។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ពលរដ្ឋ ​មន្ត្រី​រាជការ​និង​អ្នក​ការទូត​នានា​ចំពោះ​ការ​លុបចោល​ជំនួប​នានា​ ពេល​លោក​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​រយៈ​ពេល​៥​ថ្ងៃ​នៅ​ប្រទេស​សិង្ហបុរី​នោះ។

បើ​តាម​ក្រុម​អ្នក​តាក់តែង​ច្បាប់​មួយ​ចំនួន​រួមទាំង​លោក ​សុន ឆៃ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់​លម្អិត​ថា ​ក្នុង​ករណី​នាយករដ្ឋមន្ត្រី​អវត្តមាន​ជា​អចិន្ត្រៃយ៍ ​រួម​ទាំង​មាន​ជំងឺ​ មិន​អាច​បំពេញ​កិច្ចការ​បាន ​លាឈប់​ពី​មុខ​តំណែង​ គណបក្ស​ដែល​ឈ្នះឆ្នោត​ត្រូវ​រៀបចំ​គណៈរដ្ឋមន្ត្រី​ថ្មី​ ដាក់​ជួន​មក​រដ្ឋសភា​ដើម្បី​សុំ​សេចក្តី​ទុកចិត្ត​ពី​សភា ​គឺ​ស្រដៀង​គ្នា​នឹង​ដំណើរការ​នីតិវិធី​ដែល​ទើប​តែ​ជាប់ឆ្នោត​នោះដែរ៕

What Next?

Recent Articles

Leave a Reply

Submit Comment