ពលរដ្ឋ​នៅ​កំពត​និង​​កែប​សោកស្ដាយ​ចំពោះ​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​អាមេរិក

ដោយ យ៉ង ចាន់តារា
2017-05-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បន្ទប់​ថែទាំ​ក្រោយ​សម្រាល​កូន​នៃ​មណ្ឌល​សុខភាព​កំពង់គ្រែង ក្នុង​ស្រុក​ឈូក ខេត្ត​កំពត។ RFA/Yang Chandara
បន្ទប់​ថែទាំ​ក្រោយ​សម្រាល​កូន​នៃ​មណ្ឌល​សុខភាព​កំពង់គ្រែង ក្នុង​ស្រុក​ឈូក ខេត្ត​កំពត។ RFA/Yang Chandara


ពលរដ្ឋ​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ថា កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក ហៅ​ថា “ឃ្មុំ​សមុទ្រ” ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កាលកំណត់។ ការ​លើក​ឡើង​បែប​នេះ ដោយសារ​គម្រោង “ឃ្មុំ​សមុទ្រ” បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​កម្ពស់​ការ​អប់រំ និង​សេវា​សុខភាព​សាធារណៈ​ដល់​ពលរដ្ឋ តាម​រយៈ​ការ​សាងសង់​បង្គន់​អនាម័យ បន្ទប់​សម្ភព និង​ជំនួយ​ជា​សម្ភារៈ​ពេទ្យ​ជា​ច្រើន​មុខ​ទៀត​ដល់​មណ្ឌល​សុខភាព និង​សាលារៀន​មួយ​ចំនួន​​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ។

នាយក​សាលា និង​គ្រូពេទ្យ​មួយ​ចំនួន​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប លើក​ឡើង​ដូចគ្នា​ថា ពួកគាត់​មិន​ចង់​ឱ្យ​មាន​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក “ឃ្មុំ​សមុទ្រ” នោះ​ទេ ព្រោះ​គម្រោង​នេះ​បាន​រួម​ចំណែក​ជួយ​ឱ្យ​សាលារៀន និង​មណ្ឌល​សុខភាព​របស់​ពួកគាត់​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់។

កងកម្លាំង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ក្នុង​គម្រោង “ឃ្មុំ​សមុទ្រ” បាន​ជួយ​កសាង​បង្គន់​អនាម័យ​ចំនួន ៥​បន្ទប់ អណ្ដូងទឹក ១ និង​ស៊ីទែន​ទឹក ១ សម្រាប់​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​នៅ​វិទ្យាល័យ​ចម្ការ​ដូង​ក្នុង​ខេត្ត​កែប កាល​ពី​ឆ្នាំ​២០១៤។ ចំណែក​នៅ​ខេត្ត​កំពត វិញ ក្រុម​នេះ​បាន​ជួយ​កសាង​បន្ទប់​ថែទាំ​ក្រោយ​សម្រាល​ចំនួន​ពីរ និង​ជួយ​ជួសជុល​កែលំអ​មណ្ឌល​សុខភាព​កំពង់ក្រែង ដែល​ស្ថិត​ក្នុង​ឃុំ​កំពង់ក្រែង ស្រុក​ទឹកឈូ។

​វិទ្យាល័យ​ចម្ការ​ដូង ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប មាន​អគារ​សិក្សា​ចំនួន ៨​ខ្នង ស្មើ​នឹង ៤៩​បន្ទប់ និង​មាន​សិស្សានុសិស្ស​សរុប​ជាង ៧០០​នាក់ និង​គ្រូបង្រៀន​ជាង ៨០​នាក់។

​វិទ្យាល័យ​នេះ​មាន​បន្ទប់​ទឹក​ចំនួន ១៩ ដែល ១២​បន្ទប់​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ២​បន្ទប់​ជា​ថវិកា​របស់​សាលា និង ៥​បន្ទប់​ផ្សេង​ទៀត ជា​ជំនួយ​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក។

នាយក​វិទ្យាល័យ​ចម្ការ​ដូង លោក ឡុង សោភា បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា បង្គន់​អនាម័យ​ទាំង ៥​បន្ទប់​នេះ ចំណាយ​អស់​ថវិកា​សាងសង់​ប្រមាណ ២​ម៉ឺន​ដុល្លារ​អាមេរិក មាន​លក្ខណៈ​រឹងមាំ និង​អាច​បំពេញ​តម្រូវការ​សម្រាប់​សិស្សានុសិស្ស​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​បាន។ លោក​ថា ក្នុង​មួយៗ​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​មាន​សិស្សានុសិស្ស​ប្រមាណ ១០០​នាក់​ដែរ ដែល​បាន​ប្រើប្រាស់​បង្គន់​អនាម័យ​នេះ។ លោក​បន្ត​ថា បន្ទប់ទឹក​ចំនួន ៥ ដែល​ជា​ជំនួយ​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​អនាម័យ​ក្នុង​សាលា និង​កាត់​បន្ថយ​អត្រា​បោះបង់ចោល​ការ​សិក្សា​របស់​សិស្ស​ស្រី៖ «»។

នាយក​សាលា​រូប​នេះ សោកស្ដាយ​នៅ​ពេល​ទទួល​ដំណឹង​ថា គម្រោង​ជំនួយ​មនុស្សធម៌ “ឃ្មុំ​សមុទ្រ” ត្រូវ​បាន​ផ្អាក។ លោក​ថា បើសិនជា​គម្រោង​នេះ​នៅ​មាន​បន្ត នោះ​សាលារៀន និង​មណ្ឌល​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត នឹង​ទទួល​បាន​ជំនួយ​បន្ថែម​ដើម្បី​បំពេញ​កង្វះ​ខាត​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​សេវា​អប់រំ និង​សុខភាព​ដល់​ពលរដ្ឋ៖ «»។

​ចំណែក​ឯ​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​កំពង់គ្រែង ក្នុង​ខេត្ត​កំពត ដែល​បាន​ទទួល​ជំនួយ​ពី​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ក៏​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ។ បុគ្គលិក​ពេទ្យ​នៃ​មណ្ឌល​សុខភាព​កំពង់គ្រែង អ្នកស្រី សេង សូនី បញ្ជាក់​ថា បន្ទប់​ថែទាំ​ក្រោយ​សម្រាល​ចំនួន ២​បន្ទប់​ដែល​ជា​ជំនួយ​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​ធ្វើ​ឱ្យ​ចំនួន​ស្ត្រី​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​កំពង់គ្រែង កើន​ឡើង​ពី​ចំនួន ៣ ឬ ៤​នាក់ ទៅ​ប្រមាណ ១០​នាក់​ក្នុង​មួយ​ខែ។

​លោកស្រី​សោកស្ដាយ​ដែល​កម្មវិធី​ជំនួយ​មនុស្សធម៌​នេះ ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កាលកំណត់ ព្រោះ​វា​នឹង​នាំ​ឱ្យ​មណ្ឌល​សុខភាព​ដទៃ​ដែល​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត ខកខាន​មិន​បាន​ទទួល​ជំនួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្ដល់​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ៖ «»។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​អាមេរិក ក្នុង​គម្រោង​ឃ្មុំ​សមុទ្រ បាន​អនុវត្ត​គម្រោង​សេវា​សហគមន៍​នានា មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៥​លាន​ដុល្លារ​អាមេរិក។ គម្រោង​ទាំង​នេះ ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​ពាន់​នាក់ តាម​រយៈ​ការ​ជួយ​សាងសង់​មន្ទីរពេទ្យ បង្គន់​អនាម័យ និង​កែលំអ​សាលារៀន​ជា​ច្រើន​ក្នុង​ខែត្រ​ចំនួន​១១ ក្រោម​កិច្ចសហការ​ផ្ទាល់​ជាមួយ​សម​ភាគី​នានា រួមមាន​កង​យោធពល​ខេមរភូមិន្ទ និង​សហគមន៍​មូលដ្ឋាន​ជាដើម។

​ទោះបីជា​យ៉ាង​ណា កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ ស្ថានទូត​អាមេរិក ស្រាប់តែ​បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា បាន​ជូន​ដំណឹង​មក​ស្ថានទូត​អំពី​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​នេះ​ដោយ​គ្មាន​កាលកំណត់។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ការ​ផ្អាក​នេះ​ដោយសារ​ភាគី​កម្ពុជា មិន​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ទាហាន​ជើង​ទឹក​អាមេរិក ត្បិត​កងកម្លាំង​កម្ពុជា កំពុង​ជាប់​រវល់​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ត្រូវ​ត្រៀម​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក​ថា រដ្ឋាភិបាល​នឹង​បន្ត​កម្មវិធី​ជំនួយ​មនុស្សធម៌ “ឃ្មុំ​សមុទ្រ” នេះ​ជា​ថ្មី​ទៀត បើ​សភាពការណ៍​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ មាន​ភាព​ធូរស្រាល៖ «»។

​ការ​ពន្យល់​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ រូប​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ចាត់​ទុក​ថា ជា​រឿង​មិន​សម​ហេតុផល។ លោក​ថា ខាង​កងទ័ព​មាន​តួនាទី​ការពារ​សន្តិសុខ​ជាតិ ឯ​រឿង​បោះឆ្នោត និង​ការ​ប្រឆាំង​គ្រឿង​ញៀន គឺ​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ។ លោក​យល់​ឃើញ​ថា មូលហេតុ​ពិត​ប្រាកដ​គឺ​ជា​រឿង​នយោបាយ​ទៅ​វិញ​ទេ ព្រោះ​រដ្ឋាភិបាល​កម្ពុជា មាន​និន្នាការ​លម្អៀង​ទៅ​រក​ចិន ជា​ជាង​សហរដ្ឋអាមេរិក៖ «»។

​កាល​ពី​ខែ​មករា កន្លង​ទៅ​កម្ពុជា ក៏​បាន​សម្រេចចិត្ត​ផ្អាក​ធ្វើ​សម​យុទ្ធ​យោធា រួម​គ្នា​ឈ្មោះ “ឆ្មាំ​អង្គរ” ជាមួយ​សហរដ្ឋអាមេរិក​ដែរ ក៏ប៉ុន្តែ​បែរ​ជា​បាន​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ឈ្មោះ​ថា “នាគ​មាស” ជាមួយ​ចិន នៅ​ចុង​ឆ្នាំ​២០១៦ ទៅ​វិញ។

​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ឱ្យ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌ “ឃ្មុំ​សមុទ្រ” ថា ជា​ការ​សម្រេចចិត្ត​មួយ​ដែល​មិន​ត្រឹមត្រូវ និង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ពលរដ្ឋ​ខ្លួន​ឯង។

ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌ “ឃ្មុំ​សមុទ្រ” នេះ នឹង​បណ្ដាល​ឲ្យ​មាន​ការ​លុបចោល​គម្រោង​នានា ដែល​គ្រោង​នឹង​អនុវត្ត​សរុប​ចំនួន ២០ រួម​មាន​ដូចជា​ការ​សាងសង់​មន្ទីរ​សម្ភព និង​បន្ទប់​ទឹក​សាលារៀន​នៅ​ខែត្រ​តាកែវ កំពត ត្បូងឃ្មុំ និង​កំពង់ចាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles