ពលរដ្ឋ​ស្នើ​ព្រះមហាក្សត្រ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដ៏​ត្រឹមត្រូវ

ដោយ ម៉ម មុនីរតន៍
2017-05-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធីបុណ្យ​​ចម្រើន​ព្រះជន្ម​ព្រះអង្គ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Brach Chev
ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធីបុណ្យ​​ចម្រើន​ព្រះជន្ម​ព្រះអង្គ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Brach Chev


ពលរដ្ឋ​ស្នើ​ព្រះមហាក្សត្រ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដ៏​ត្រឹមត្រូវ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។ ពលរដ្ឋ​លើក​ឡើង​ដូច​នេះ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៦៤ យាង​ចូល ៦៥​ព្រះវស្សា​នៃ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។

ពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​ថា ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​មាន​សិទ្ធិ​អំណាច​ធ្វើ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​បោះ​ឆ្នោត។

ស្រដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ចាញ់​សម្លុត​គណបក្ស​នយោបាយ ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧។

​ពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ​ប្រកប​រប​រត់​ម៉ូតូ លោក ទាន ស៊ីនឿន ចង់​ឃើញ​ព្រះមហាក្សត្រ​បន្ត​គង់​ជា​ម្លប់​ផ្ដល់​ភាព​សុខសាន្ត​ដល់​ប្រទេស​កុំ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង។ លោក​ថា ការ​បោះឆ្នោត​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ មាន​សារសំខាន់ ដូច្នេះ​លោក​យល់​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ថែរក្សា​ស្ថិរភាព​នយោបាយ​ក្នុង​ពេល​បោះឆ្នោត៖ «»។

​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា។ គិត​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​មាន​ព្រះជន្ម ៦៥​ព្រះវស្សា។ ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​រាជធានី​ភ្នំពេញ។ ព្រះអង្គ​គ្រង​រាជសម្បត្តិ​តែ​មិន​កាន់​អំណាច​ទេ។

​ក្រៅ​ពី​ពលរដ្ឋ​លើក​ឡើង​ពី​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ក្នុង​ថ្ងៃ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះមហាក្សត្រ អ្នក​នយោបាយ​គ្រប់​និន្នាការ​នយោបាយ ក៏​ផ្ញើ​លិខិត​អបអរ​សាទរ​ដល់​ព្រះអង្គ​ដែរ។

អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ក្នុង​សំណេរ​នៃ​លិខិត​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ លោក​លើក​ឡើង​ថា ព្រះមហាក្សត្រ​ទ្រង់​គិតគូរ​សុខទុក្ខ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។

​ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្វាយ​ព្រះពរ​ដល់​ព្រះមហាក្សត្រ​ដែល​ទ្រង់​បាន​បំពេញ​ព្រះរាជ​កិច្ច​ដ៏​ឧត្ដុង្គឧត្ដម​ជា​ព្រះមហាក្សត្រ និង​ព្រះប្រមុខរដ្ឋ​ដើម្បី​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ភាព​សុខសាន្ត​រុងរឿង​ថ្កុំថ្កើង សម្បូរណ៍​សប្បាយ សម​ដូច​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស។

​ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត លោក គីម វិទូអធិរាជ ចង់​ឃើញ​ព្រះមហាក្សត្រ​កោះ​ហៅ​គណបក្ស​ដែល​សំឡេង​នៅ​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ព្រះរាជវាំង​ដើម្បី​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ។ ប៉ុន្តែ​ហាក់​មិន​សូវ​មាន​សង្ឃឹម​ថា ប្រមុខ​គណបក្ស ជា​ពិសេស​គណបក្ស​កាន់​អំណាច និង​ធ្វើ​តាម​ព្រះ​ឱវាទ​របស់​ព្រះមហាក្សត្រ​នោះ៖ «»។

​សំណើ​របស់​ពលរដ្ឋ​ដែល​ចង់​អោយ​មាន​ស្ថិរភាព​ក្នុង​ពេល​បោះឆ្នោត​ដូច​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ជា​ថ្មី​ថា នឹង​មាន​សង្គ្រាម​បើ​បក្ស​លោក​មិន​បាន​កាន់​អំណាច។ ទីទៃ​ពី​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧។

ព្រះអង្គ​មាន​ព្រះបន្ទូល​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច​នេះ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាបសង្កត់ គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា កង្វល់​របស់​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​ព្រះមហាក្សត្រ​ត្រូវ​ដោះស្រាយ ព្រោះ​ព្រះរាជ​តួនាទី​របស់​ទ្រង់ ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​នូវ​យុត្តិធម៌​សង្គម រក្សា​ស្ថិរភាព​សង្គម ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព។ លោក​យល់​ថា ការ​ដែល​ពលរដ្ឋ​ចាប់​ផ្ដើម​យល់​ដឹង​ពី​តួនាទី​របស់​ព្រះមហាក្សត្រ​គឺ​ជា​រឿង​ល្អ៖ «»។

​រដ្ឋធម្មនុញ្ញ​មាត្រា​៨ ចែង​ថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ។

​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ​អាន​សៀវភៅ និង​ធ្វើ​សមាធិ។ ព្រះអង្គ​អាច​មាន​ព្រះរាជឱង្ការ​ជា​ភាសា​បារាំង ឆេក (Czech) អង់គ្លេស និង​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ ហើយ​ក៏​ចេះ​ភាសា​ចិន ខ្លះៗ​ផង។ ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ទ្រង់ គឺ​អនុវត្ត​លំហាត់​ប្រាណ​ដោយ​រត់ ឬ​ជិះ​កង់​ក្នុង​បរិវេណ​ព្រះ​បរម​រាជវាំង៕

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​របស់​លោក ប្រាជ្ញ​ ចេវ​ តាម​ការ​សាកសួរ​របស់លោក រាជ វិញ្ញូ អំពី​ទិដ្ឋភាព​នៅ​​ម្ដុំ​ព្រះបរមរាជវាំង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment