សហភាព​អឺរ៉ុប​បន្ត​ជំរុញ​ឲ្យ​កម្ពុជា​និង​វៀតណាម​ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​សកម្មភាព​ជួញដូរ​ឈើ

ដោយ សាន សែល
2017-05-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​អូរតាង ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​អូរតាង ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of EIA


រយៈពេល​មួយ​សប្ដាហ៍​ក្រោយ​ការ​រក​ឃើញ​ថា មន្ត្រី និង​អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​អនុញ្ញាត​ឲ្យ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​កម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម បើ​ទោះ​ជា​មាន​ការ​ហាមប្រាម អាជ្ញាធរ​កម្ពុជា បញ្ជាក់​ថា ខ្លួន​កំពុង​បន្ត​សិក្សា​ពី​ព័ត៌មាន​លម្អិត​ក្នុង​របាយការណ៍​នេះ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ តំណាង​ប្រតិភូ​សហភាព​អឺរ៉ុប នៅ​ការិយាល័យ​កណ្ដាល​នា​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​បែលហ្ស៊ិក (Belgium) អំពាវនាវ​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ឲ្យ​ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់ ដែល​បាន​រក​ឃើញ​ដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន អ៊ី.អាយ.អេ (EIA)

អ្នកស្រី ម៉ាចា កូជីជានឆីក (Maja Kocijancic) អ្នក​នាំ​ពាក្យ​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប គូស​បញ្ជាក់​ថា សហភាព​អឺរ៉ុប យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​របាយការណ៍​ដែល​ស៊ើប​អង្កេត​ដោយ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ដោយ​ប្រុងប្រយ័ត្ន​បំផុត។

ថ្លែង​ប្រាប់​អាស៊ីសេរី​តាម​អ៊ីមែល​ពី​ទីក្រុង​ប្រ៊ុចសែល (Brussels) អ្នកស្រី​បញ្ជាក់​ថា សហភាព​អឺរ៉ុប កំពុង​សិក្សា​ពី​ខ្លឹមសារ​នៃ​របាយការណ៍​នេះ៖ «យើង​ជំរុញ​មែនទែន (strongly encourage) ដល់​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ស៊ើប​អង្កេតជា​បន្ទាន់​នូវ​សកម្មភាព​ខុស​ច្បាប់ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ ហើយ​ចាត់​វិធានការម៉ឺងម៉ាត់​ប្រឆាំង​នឹង​បុគ្គល និង​ក្រុមហ៊ុន​ដែល​ត្រូវ​បានស៊ើប​អង្កេតឃើញ​ថា បាន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ ព្រម​ទាំង​ត្រូវ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ការពារ​កុំ​ឲ្យ​សកម្មភាព​ខុស​ច្បាប់​កើត​ឡើង​នា​ពេលអនាគត»

កាល​ពី​ថ្ងៃ​ទី​៨ ឧសភា សប្ដាហ៍​មុន អ៊ី.អាយ.អេ (EIA) ដែល​ជា​អង្គការ​អន្តរជាតិ​ផ្នែក​តាមដាន​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​ការពារ​ធនធាន​ធម្មជាតិ បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​មួយ ដោយ​រក​ឃើញ​ថា មន្ត្រី និង​អាជ្ញាធរ ទាំង​កម្ពុជា និង​វៀតណាម យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ឈ្មួញ​ឈើ ដែល​នាំ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​កម្ពុជា ដូចជា​ឧទ្យាន​ជាតិ​វីរជ័យ​នៅ​ខេត្ត​រតនគិរី ហើយ​ត្រូវ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា បាន​ហាម​ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​មួយ​នេះ​ក៏ដោយ។

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA


ក្នុង​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី លោក ចាហ្គូ វ៉ាធ្លី (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន អ៊ី.អាយ.អេ (EIA) បាន​ថ្លែង​ថា អាជ្ញាធរ​ពុក​រលួយ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស បាន​រំលោភ​ច្បាប់​ព្រៃ​ឈើ​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បដិសេធ​ថា មិន​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​នោះ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ក្រសួង​កំពុង​ពិនិត្យ​សិក្សា​ពី​លទ្ធផល​រក​ឃើញ​ក្នុង​របាយការណ៍​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន អ៊ី.អាយ.អេ (EIA)

សារព័ត៌មាន​វៀតណាម​ញូវ (Vietnam News) បាន​រាយការណ៍​ថា សហភាព​អឺរ៉ុប គឺ​ជា​អ្នក​ទិញ​ឈើ និង​ផលិតផល​ឈើ​ពី​ប្រទេស​វៀតណាម លំដាប់​ទី​៤ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ជប៉ុន និង​ចិន។

អ្នកស្រី ម៉ាចា កូជីជានឆីក (Maja Kocijancic) អ្នក​នាំ​ពាក្យ​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប មាន​ប្រសាសន៍​ថា របាយការណ៍​នានា ពិសេស​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន អ៊ី.អាយ.អេ (EIA) បាន​ផ្តល់​នូវ​ព័ត៌មាន​ដែល​មាន​សារប្រយោជន៍ ដោយ​មើល​ជ្រុង​នៃ​ច្បាប់​ឈើ​របស់​សហភាព​អឺរ៉ុប ដែល​បាន​ហាមឃាត់​រាល់​ការ​នាំ​ចូល​ឈើ​ដែល​កាប់​ខុស​ច្បាប់​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប និង​អំពាវនាវ​ឲ្យ​ប្រតិបត្តិការ​នៅ​សហភាព​អឺរ៉ុប ប្រយ័ត្នប្រយែង​ធ្វើ​យ៉ាង​ណា​ធានា​ថា មាន​តែ​ក្រុមហ៊ុន ឬ​ប្រទេស​ផ្គត់ផ្គង់​ឈើ​ស្រប​ច្បាប់​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ការ​រក​ស៊ី​ជាមួយ​សហភាព​អឺរ៉ុប បាន៖ «សហភាព​អឺរ៉ុប ចាត់​ទុក​ថា របាយការណ៍​របស់ អ៊ី.អាយ.អេ (EIA) បាន​លាតត្រដាង​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​ការ​ចរចា​ស្ដីពី​កិច្ចព្រមព្រៀង​ដៃគូ​ស្ម័គ្រ​ចិត្ត​សហភាព​អឺរ៉ុបវៀតណាម ស្ដីពី​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ អភិបាលកិច្ច និង​ពាណិជ្ជកម្ម ឬ FLEGT (Forest Law Enforcement, Governance and Trade) ដែល​មាន​គោលដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម ក្នុង​ការ​កម្ចាត់​ការ​កាប់​ឈើ​ខុស​ច្បាប់ ពង្រឹង​អភិបាលកិច្ច​ព្រៃ​ឈើ និង​លើក​កម្ពស់​ពាណិជ្ជកម្ម​ឈើ ដែល​បាន​មក​ដោយ​ស្រប​ច្បាប់»

អ្នកស្រី​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន ការ​ចរចា​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម បាន​ចប់​សព្វគ្រប់​ហើយ ហើយ​ភាគី​ទាំង​ពីរ​នឹង​ចាប់​ផ្ដើម​បោះ​ជំហាន​ជា​ផ្លូវការ​ទៅ​មុខ ទៅ​រក​ការ​ចុះ​ហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ។

អ្នកស្រី ម៉ាចា កូជីជានឆីក (Maja Kocijancic) បន្ថែម​ថា សហភាព​អឺរ៉ុប នឹង​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​ពី​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប បន្ទាប់​ពី​សភា​អឺរ៉ុប បាន​ពិនិត្យ​មើល​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ៖ «ប្រតិភូ​សហភាព​អឺរ៉ុប នឹង​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​របៀប​ដែល​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​វៀតណាម និង​បន្ត​សហការ​កាន់​តែ​កៀក​ជាមួយ​រដ្ឋាភិបាល​វៀតណាម ក្នុង​អនុវត្ត​កិច្ចព្រមព្រៀង​នេះ»

លក្ខខណ្ឌ​ថ្មី​នៃ​កិច្ចព្រមព្រៀង​នេះ តម្រូវ​ឲ្យ​អ្នក​នាំ​ចូល​វៀតណាម ទាំងឡាយ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដើម្បី​ធានា​ថា រាល់​ឈើ​ដែល​គេ​ទិញ ត្រូវ​បាន​កាប់ ផលិត និង​នាំ​ចេញ​ដោយ​ស្រប​ច្បាប់ ដោយ​អនុលោម​ទៅ​តាម​ប្រទេស​ដែល​ត្រូវ​គេ​កាប់​ឈើ​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ប្រតិភូ​សហភាព​អឺរ៉ុប នៅ​ការិយាល័យ​ទីក្រុង​ប្រ៊ុចសែល។ ក៏ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​បញ្ជាក់​ពី​អ្វី​ដែល​អាច​កើត​ឡើង ប្រសិន​បើ​សហភាព​អឺរ៉ុប រក​ឃើញ​ថា ភាគី​វៀតណាម បន្លំ​យក​ឈើ​ខុស​ច្បាប់​លក់​ឲ្យ​សហភាព​អឺរ៉ុប។

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
គំនរ​ឈើ​ដែល​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​ស្តុក​ទុក​នៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of EIA


របាយការណ៍​របស់​អង្គារ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន អ៊ី.អាយ.អេ (EIA) បាន​រក​ឃើញ​ថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ដែល​ស្ថិត​ក្នុង​រយៈពេល​នៃ​បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា ឈើ​ខុស​ច្បាប់​ចំនួន​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​វៀតណាម នាំ​ចូល​ពី​ប្រទេស​កម្ពុជា។ អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន អ៊ី.អាយ.អេ (EIA) ស្រាវជ្រាវ​ឃើញ​ថា អាជ្ញាធរ​វៀតណាម ដែល​ពុក​រលួយ បាន​ប្រែ​រូប​ឈើ​ខុស​ច្បាប់​ពី​កម្ពុជា ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ ពិសេស​នៅ​សហភាព​អឺរ៉ុប។

លោក អ៊ូច ឡេង សកម្មជន​បរិស្ថាន​កម្ពុជា និង​ជា​ម្ចាស់​ពាន​រង្វាន់​ពិភពលោក​ផ្នែក​ការពារ​បរិស្ថាន Goldman បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប តាមដាន​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជួញដូរ​ឈើ​ស្រប​ច្បាប់​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម ឲ្យ​បាន​ដិតដល់ នោះ​នឹង​គ្មាន​ឈើ​ដែល​កាប់​ចេញ​ពី​តំបន់​ព្រៃ​ការពារ ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ទៅ​វៀតណាម នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles