ករណី​ទឺក​ខ្មៅ​នៅ​ប្រទាំង​ប្រទើស ខណៈ​ គ.ជ.ប ប្រកាស​ពី​វិធានការ ៥​ចំណុច​ការ​ពារ​ការ​បោះ​ឆ្នោត ២​ដង

ដោយ សឿង ភារៈ
17/05/2017
RFI

media
លោក ​ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)


គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ពី​វិធានការ​ចំនួន ៥​ចំណុច ដើម្បី​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត ២​ដង ខណៈ​ដែល​ភាព​ប្រទាំង​ប្រទើស​ករណី​ទឹក​ខ្មៅ ដែល​យក​មក​ពី​ឥណ្ឌា នៅ​តែ​បន្ត​កើត​មាន។ គ.ជ.ប និង​តំណាង​គណបក្ស​កាន់​អំណាច​បាន អះ​អាង​ថា​ទឹក​ខ្មៅ​លុប​មិន​ជ្រះ ប៉ុន្តែ​តំណាង​បក្ស​ប្រឆាំង​វិញ អះ​អាង​ថា​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​លុប​ជ្រះ។

លោក​ស៊ិក ប៊ុនហុក​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បញ្ជាក់​នៅ​មុខ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា​ថា ទឹក​ខ្មៅ​ចំនួន ៤​ម៉ឺន ៦​ពាន់ ៥​រយ​ដប ដែល​យក​មក​ពី​ប្រទេស​ឥណ្ឌា​នោះ លុប​មិន​ជ្រះ​នោះ​ទេ។
 
ការ​អះ​អាង​របស់​ប្រធាន គ.ជ.ប រូប​នេះ ធ្វើ​ឡើង បន្ទាប់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ដែល​មាន គណបក្ស​នយោបាយ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ-អន្តរជាតិ និង​តំណាង​ស្ថាន​ទូត បាន​ជ្រលក់​ម្រាម​ដៃ​របស់​ខ្លួន​ក្នុង​ទឹក​ខ្មៅ ហើយ​លាង​ជម្រះ​ដោយ​ទឹក​ថ្នាំ​អ៊ុត​សក់​របស់​ប្រទេស​ថៃ។
 
មិន​ខុស​ពី គ.ជ.ប ទេ លោក​សៅ វ៉ាន់ដេត ជា​ប្រធាន​នាយកដ្ឋាន​បូក​សរុប​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន ដែល​បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​នេះ បាន​បញ្ជាក់​ថា ទឹក​ខ្មៅ ដែល​យក​ពី​ប្រទេស​ឥណ្ឌា​លើក​នេះ លាង​មិន​ជ្រះទេ​។ ហើយ​លោក​សុំ​ឲ្យ គ.ជ.ប មាន​វិធាន​ការ​បន្ថែម ប្រសិន​បើ​មាន​ការ​លើក​ឡើង​ថា​ទឹក​ខ្មៅ​នេះ​លុប​ជ្រះ។
 
ប៉ុន្តែ​លោក​ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ ដែល​គ្រោង​ប្រើ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី ៤ នា​ពេល​ខាង​មុខ​នេះ គឺ​លាង​ជ្រះ។ ប៉ុន្តែ​លោក​បាន​បង្ហាញ​ជំនឿ​លើ​វិធានការ​ទាំង ៥​របស់ គ.ជ.ប ដែល​ទប់​ស្កាត់​ការ​ប៉ុន​ប៉ង​បោះ​ឆ្នោត ២​ដង។
 
តំណាង​អង្គការ Comfrel លោក​កន សាវាង្ស ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិសោធ​លាង​ជំរះ​ទឹក​ខ្មៅ​នោះ​មិន​បាន​បញ្ជាក់​ថា​ទឹក​ខ្មៅ​នោះ​លាង​ជ្រះ ឬ​ក៏​អត់​ទេ ប៉ុន្តែ​ចង់​ឲ្យ​អ្នក​សារព័ត៌មាន និង​មតិ​សាធារណៈ​ជា​អ្នក​ធ្វើ​ការ​វិនិច្ឆយ​ដោយ​ខ្លួន​ឯង។ លោក​ក៏​បាន​គាំទ្រ​ចំពោះ​វិធានការ​ទាំង ៥​របស់ គ.ជ.ប ព្រោះ​លោក​ជឿ​ថា​អាច​ទប់​ស្កាត់​បាន​ការ​បោះ​ឆ្នោត ២​ដង ទោះ​បី​ជា​មិន​បាន ១០០​ភាគ​រយ​ក៏​ដោយ។ លោក​បញ្ជាក់​ថា​អង្គការ Comfrel នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ នៅ​ក្រោយ​ការ​បោះ​ឆ្នោត ដើម្បី​បង្ហាញ​ពី​គុណភាព​ទឹក​ខ្មៅ​នេះ។
 
វិធានការ​ទាំង ៥​ចំណុច​ដែល​ប្រធាន គ.ជ.ប បាន​លើក​ឡើង​រួម​មាន​ទី​១ ពង្រឹង​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត, ទី​២ ពង្រឹង​ភារកិច្ច​របស់​លេខាធិការ​ការិយាល័យ​បោះ​ឆ្នោត ក្នុង​ការ​អនុវត្ត​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ, ​ទី​៣​ណែនាំ​ឲ្យ​លេខាធិការ​ឲ្យ​ធិក​លើ​ប្រអប់​លេខ​រៀង​នៃ​បញ្ជី​បោះ​ឆ្នោត និង​ណែនាំ​អ្នក​បោះ​ឆ្នោត​ឲ្យ​ធិក​ដូច​គ្នា, ទី​៤​រំឮក​ដល់​ភ្នាក់​ងារ​គណបក្ស​នយោបាយ និង​អ្នក​អង្កេតការណ៍ ដែល​មាន​បញ្ជី​ឈ្មោះ​នៅ​ក្នុង​ដៃ ​ឲ្យ​តាម​ដាន​ពិនិត្យ​ផ្ទៀត​ផ្ទាត់​រូប​ថត និង​ទិន្នន័យ​របស់​អ្នក​បោះ​ឆ្នោត និង​ចំណុច​ទី ៥ គឺ​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​ពី​ការ​អនុវត្ត​ទោស​បញ្ញត្តិ ចំពោះ​ជន​ណា ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ នាំ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត។
 
សូម​ជម្រាប​ជូន​ថា ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់ អាណតិ្ត​ទី ៤ នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា​ខាង​មុខ មាន​គណបក្ស​នយោបាយ​ចំនួន ១២​គណបក្ស​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​បេក្ខភាព​មេឃុំ នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន ១,៦៤៦ ទូ​ទាំង ២៥​រាជធានី-ខេត្ត៕

What Next?

Recent Articles

One Response to "ករណី​ទឺក​ខ្មៅ​នៅ​ប្រទាំង​ប្រទើស ខណៈ​ គ.ជ.ប ប្រកាស​ពី​វិធានការ ៥​ចំណុច​ការ​ពារ​ការ​បោះ​ឆ្នោត ២​ដង"

  1. Anonymous says:

    គេគ្រាន់តែបារម្ភថាពេលដាក់ឲ្យពិសោធន៏ប្រើរបស់ផ្សេង លុះដាក់ឲ្យប្រើមែនទែនដាក់របស់ផ្សឹងវិញ។ សម័យនេះគ្មានអ្វី គួរ ឲ្យប្រជាជនទុកចិត្តទេ សូម្បីតុលាការក៏អញ្ចឹងដែរ។

Leave a Reply

Submit Comment