នាយ​ឧត្ដម​សេនីយ៍​ ទៀ បាញ់ ​គំរាម​​ “វាយ​បំបែក​ធ្មេញ”​​ អ្នក​ប្រឆាំង​​​​នឹង​លទ្ធផល​បោះ​ឆ្នោត

ខេមបូឌា ដេលី

នៅក្នុងការព្រមានលើកចុងក្រោយថានឹងប្រើអំពើហិង្សា និងការបង្ហូរឈាមពីសំណាក់គណបក្សកាន់អំណាច លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានព្រមានកាលពីថ្ងៃអាទិត្យថា នឹង “វាយបំបែកធ្មេញ” អ្នកតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។

ថ្លែងនៅឯពិធីសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់អគាររដ្ឋបាលនៅជាយក្រុងសៀមរាប នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានរំឭកពីបាតុកម្មរបស់គណបក្សប្រឆាំងនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៣ ហើយលោកប្ដេជ្ញាមិនឱ្យវាកើតឡើងទៀតឡើយ។

លោក ទៀ បាញ់ ដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមក្នុងពិធីសម្ពោធមួយនៅសកលវិទ្យាល័យការពារជាតិក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន។ រូបថតៈ ហ្វេសប៊ុក

លោកបានមានប្រសាសន៍ថា “ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាត ទាមទារនេះទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ។ លើកនេះមិនទុកទេ ប្រាប់ឱ្យហើយ”។

នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានលើកឡើងពីបញ្ហាដែលអ្នកតវ៉ាកន្លងមក បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។

លោកលើកឡើងថា “ចង់ឱ្យដូរ ចង់ឱ្យចុះចេញ វានឹងមិនមានអញ្ចឹងទៀតទេ។ សូមឱ្យទាំងអស់គ្នាទៅបោះឆ្នោតឱ្យគណបក្សប្រជាជន”។

ពេលទាក់ទងបានកាលពីម្សិលមិញ លោក ទៀ បាញ់ បានបញ្ជាក់ឡើងវិញអំពីការគំរាមកំហែងនេះ។ លោកថ្លែងថា “អ្វីដែលខ្ញុំនិយាយថាវាយបំបែកធ្មេញ  គឺមានន័យថា  យើងនឹងមិនអនុញ្ញាតឱ្យចលាចលកើតឡើងទៀតទេ។ ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ នគរបាល កងរាជអាវុធហត្ថ និងយោធាត្រូវរួមគ្នាការពារសន្តិសុខសម្រាប់ប្រទេស”។

ច្បាប់ឆ្នាំ១៩៩៧ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទចែងថា កងទ័ពអាចជួយការពារធានាសុវត្ថិភាពសាធារណៈ ជួយពលរដ្ឋដែលមានការលំបាក ឬជួយអន្តរាគមន៍ ”ក្នុងពេលមានមហន្តរាយកើតឡើង” ប៉ុន្តែមិនមានចែងអំពីការចូលរួមពាក់ព័ន្ធការតវ៉ាក្នុងប្រទេសឡើយ។

ទោះបីជាបែបនេះក្ដី ក៏ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនាយឧត្ដមសេនីយ៍រូបនេះតែងតែលើកឡើងអំពីការតវ៉ា ដោយប្រៀបប្រដូចសកម្មភាពបែបនេះទៅនឹង “បដិវត្តន៍ពណ៌” ដឹកនាំដោយគណបក្សប្រឆាំងដែលប្ដេជ្ញាទម្លាក់រដ្ឋាភិបាលចេញពីអំណាច។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោក ហ៊ុន សែន ក៏បានបង្កើនការបញ្ចេញវោហារសាស្ត្រដែរដូចដែលលោកតែងតែធ្វើនៅមុនការបោះឆ្នោត ដោយមានប្រសាសន៍ថា ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោត អាចនឹងធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល បន្ទាប់ពីប្រទេសមានសុខសន្តិភាពរយៈពេលជាច្រើនឆ្នាំ ដោយសារការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍កាលពីម្សិលមិញថា គ.ជ.ប នឹងស៊ើបអង្កេតចំពោះសេចក្ដីរាយការណ៍ថាមានអ្នកនយោបាយប្រើការគំរាមកំហែង ការបំភិតបំភ័យ ឬអំពើហិង្សាអំឡុងយុទ្ធនាការឃោសនារយៈពេលពីរសប្ដាហ៍ ដែលចាប់ផ្ដើមពីថ្ងៃសៅរ៍សប្ដាហ៍នេះទៅ ប៉ុន្តែ គ.ជ.ប គ្មានសិទ្ធិអំណាចធ្វើបែបនេះទេ មុនពេលនោះមកដល់។

លោកបានថ្លែងថា “បើអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមានការគំរាមកំហែង ដែលធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច អាជ្ញាធរមូលដ្ឋានត្រូវតែពិនិត្យមើល ឬរាយការណ៍មក គ.ជ.ប”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធថា គណបក្សប្រឆាំងគ្មានបំណងប្រើអំពើហិង្សាទេ ហើយលើកឡើងថា  គណបក្សរបស់លោកស្វែងរកការអត់ឱន និងការដាក់បញ្ចូលដើម្បីប្រទេសជាតិ គឺថា “ព្រឹកឡើង ពេលក្រោកឡើង កុំនិយាយអំពីសង្គ្រាម”។

លោកបានបន្តថា “យើងចង់កសាងសង្គមប្រជាធិបតេយ្យមួយដែលគ្មានអំពើហិង្សា”។

មន្ត្រីកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាតែងតែចេញសេចក្ដីថ្លែងការណ៍អំពីសង្គ្រាមពីសប្តាហ៍មុន។

ទោះជាយ៉ាងណា ពិធីនេះត្រូវបានបិទនៅមុនម៉ោង៩ព្រឹក ហើយសមាជិករណសិរ្ស ខ្មែរពីរនាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមលោក ឯម សារ៉ាវុធ អធិការនគរបាលខណ្ឌដែលចោទប្រកាន់ក្រុមនេះថាមិនបានសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ។

លោកបានថ្លែងថា “កាលពីម្សិលមិញ និងម្សិលម្ងៃ៉ នគរបាលរាជធានីបានចុះមកណែនាំពួកគេកុំឲ្យធ្វើពិធីនេះ ដោយសារ [ពួកគេ]គ្មានការអនុញ្ញាតតាមផ្លូវច្បាប់ទេ”។លោកបានថ្លែងបន្តថា លោកមិនមែនចុះមកដើម្បីចាប់ខ្លួនទេ ប៉ុន្តែ ថា “ប្រហែលជាមានមនុស្សបីនាក់”ត្រូវបានឃាត់ខ្លួន។

យោងតាមគេហទំព័រព័ត៌មាន Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានឲ្យដឹងថា លោក ឃុន សាវ៉ាកឃិត តំណាងអង្គការអន្តរសាស្ត្រគឺជាបុគ្គលទី៣ដែលបានចាប់ខ្លួន។ ទូរស័ព្ទរបស់លោក ឃុនសា វ៉ាកឃិត បានបិទកាលពីម្សិលមិញ ពេលព្យាយាមទាក់ទងគាត់ដើម្បីសុំការធ្វើអត្ថាធិប្បាយ។

លោក ឯម សារ៉ាវុធ បានចោទប្រកាន់ក្រុមរណសិរ្សរំដោះជាតិខ្មែរថា បានរៀបចំកិច្ចប្រជុំខុសច្បាប់ក្រោមបដារបស់អង្គការឧត្តមស្នងការអន្តរសាស្ត្រ។

សំដៅដល់អង្គការឧត្តមស្នងការអន្តរសាស្ត្រ លោកបានមានប្រសាសន៍ថា “យើងចុះមកដើម្បីសហការជាមួយពួកគេពីរលើករួចមកហើយ ដោយស្នើឲ្យពួកគេសុំលិខិតអនុញ្ញាត ព្រោះពួកគេដាក់ឡូហ្គោជាអង្គការ”។លោកបានបន្ថែមថា “ពួកគេបានលាក់បាំងខ្លួនឯងកុំឲ្យគេដឹងថា វាជាកិច្ចប្រជុំរបស់រណសិរ្ស រំដោះជាតិខ្មែរ”។

លោកបានបន្ថែមទៀតថា “ពួកគេគ្មានការអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់ពីក្រសួងមហាផ្ទៃទេ ហើយមន្ត្រីជំនាញបានចុះមកណែនាំពួកគេរួចហើយ ប៉ុន្តែ ពួកគេមិនបានធ្វើតាមការណែនាំទេ”។

លោក សម សេរី មេដឹកនាំរណសិរ្សរំដោះជាតិខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសដាណឺម៉ាក ដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីបទរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលនោះ បានប្រាប់ថា សមាជិករបស់ក្រុមលោកដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ធុយ វី និង ឌិតលីម សុភាវត្តី ។

លោក ធុយ វី គឺជារដ្ឋមន្ត្រីក្រសួងកសិកម្មនៅក្នុង “រដ្ឋាភិបាលនិរទេស” របស់លោក សម សេរី ដែលលោកបានបង្កើតឡើងកាលពីខែតុលាដើម្បីរំឭកខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ លោកសម សេរី គឺជា “មេដឹកនាំ” រដ្ឋាភិបាលនេះ។

លោក សម សេរី បានលើកឡើងក្នុងអីុម៉េលមួយថា “ពួកគេបានព្យាយាមចាប់ខ្លួនមន្ត្រីទូត និងសមាជិករបស់យើងដែលមកចរចាដើម្បីបញ្ចប់ជម្លោះ”។

លោកបានមានប្រសាសន៍បន្តថា “ការចាប់ខ្លួនលោក ធុយ វី គឺជារឿងដែលសហគមន៍អន្តរជាតិ និងអង្គការ សហប្រជាជាតិមិនគួរព្រងើយកន្តើយចំពោះការរំលោភ បំពានសិទ្ធិមនុស្សនៅកម្ពុជា”។

អ្នកដែលមានសម្ពន្ធភាពជាមួយរណសិរ្សរំដោះជាតិខ្មែរបានប្រឈមនឹងផលលំបាកធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

កាលពីខែធ្នូ សមាជិក១១នាក់របស់ក្រុមនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចាប់ពី៥ឆ្នាំដល់៩ឆ្នាំពីបទរៀបចំផែនការក្បត់កាលពីឆ្នាំ ២០១៤ ទោះបីជាពួកគេភាគច្រើនបានលើកឡើងថា មិនបានគំាទ្ររណសិរ្សរំដោះជាតិខ្មែរនៅក្នុងតុលាការក៏ដោយ។ ចុងចោទ បានអះអាងថា ពួកគេបានរៀបគម្រោងធ្វើការតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតវៀតណាម ប៉ុន្តែ អាជ្ញាធរបានអះអាងថា ការតវ៉ានេះបង្កឲ្យមានកើតជាអំពើហិង្សា និងភាពចលាចល។

កាលពីឆ្នាំ២០១៤ បុរសចំនួន១២នាក់ និងស្ត្រីម្នាក់ត្រូវបានរកឃើញថាមានពិរុទ្ធភាព ពីបទរៀបផែនការផ្តួលរំលំរដ្ឋាភិបាល ហើយក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំដល់៩ឆ្នាំដែរ។

អ្នកដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ថ្មីបំផុតនេះត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីកាលពីយប់មិញ។ មន្ត្រីសាលារាជធានី និងមន្ត្រីនគរបាលជាតិមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

លោក សម សេរី បានលើកឡើងថា លោកមិនមានការប្រាស្រ័យទាក់ទងគ្នាជាមួយសមា ជិករណសិរ្សរំដោះជាតិខ្មែរទាំងនោះ ចាប់តាំងពីពួកគេត្រូវបានចាប់ខ្លួនមក ហើយថា លោកព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។

លោកបានមានប្រសាសន៍ថា “ពួកគាត់គឺជាសមាជិកជាន់ខ្ពស់ដ៏សកម្មនៅក្នុងរណសិរ្ស រំដោះជាតិខ្មែរ។ប្រសិនបើ គេមិនដោះលែង ពួកគាត់ និងអ្នកទោសនយោបាយផ្សេងៗទៀតទេ ខ្ញុំមិនអាចធានាបានទេថា តើអ្វីនឹងកើតឡើងបន្ទាប់មកទៀតនោះ”៕ ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

2 Responses to "នាយ​ឧត្ដម​សេនីយ៍​ ទៀ បាញ់ ​គំរាម​​ “វាយ​បំបែក​ធ្មេញ”​​ អ្នក​ប្រឆាំង​​​​នឹង​លទ្ធផល​បោះ​ឆ្នោត"

  1. ?? says:

    this coming election Mr BANH TEA will breaking HUN SEN teeth . just remember what you say Mr do not lei to all Cambodian . you are the man number two that people will kick you bud first. peace to Cambodian and GOD bless them all

  2. people says:

    Cambodian people must remember his words ‘ if his boss lost election and he don’t do anything let cambodian people do it’