លោក ហ៊ុន សែន រំពឹង​ថា​ចិន​នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​អភិវឌ្ឍ​លឿន​រហ័ស​ទៅ​មុខ

ដោយ យ៉ង ចាន់តារា
2017-05-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook Page


កម្ពុជា រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​អំពី​គម្រោង ខ្សែ​ក្រវាត់ និង​ផ្លូវសម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ផ្លូវ​សូត្រ​សមុទ្រ​របស់​ចិន ក្នុង​ការ​ជួយ​កសាង​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ប្រទេស។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ដឹកនាំ​កំពូល​នៃ​មហា​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន សម្ដែង​ក្តី​រីករាយ និង​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​កំពូលៗ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​សភា និង​នយោបាយ​ចិន ដោយ​ភាគី​ទាំង​ពីរ​ខិតខំ​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍​ឲ្យ​មាន​សន្ទុះ​លឿន​ទៅ​មុខ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ក្រោយ​ពេល​លោក​បាន​ចូលរួម​វេទិកា ខ្សែ​ក្រវាត់ និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិក្នុង​រដ្ឋធានី​ប៉េកាំង និង​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី ខឹឈាំង (Li Keqiang) និង​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​ថា ចំនួន​អ្នក​ទេសចរ​ចិន នឹង​កើន​ឡើង​ដល់ ២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២០ ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កើន​ឡើង​ដល់ ៦​ពាន់​លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ។ ទន្ទឹម​នឹង​នេះ កម្ពុជា ក៏​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​បន្ថែម​ទៀត ដូចជា​ផ្លូវ​ល្បឿន​លឿន ព្រលាន​យន្តហោះ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម។

លោក ហ៊ុន សែន ក៏​បាន​ឆ្លៀត​សរសើរ​ចិន ថា​ជា​បង​ប្អូន និង​ជា​មិត្តភ័ក្ដិ​ដែល​ជឿ​ទុក​ចិត្ត​គ្នា ហើយ​ថា​ចិន បន្ត​ជួយ​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ពិសេស​ជួយ​ពង្រឹង​ឯករាជ​ភាព​នៃ​នយោបាយ​កម្ពុជា ទៀត​ផង។ បន្ថែម​ពី​លើ​នេះ លោក​ថា ចិន នឹង​ផ្តល់​ជំនួយ​ឥត​សំណង និង​ជំនួយ​ឥណទាន​ការប្រាក់​ទាប​កាន់​តែ​ច្រើន​ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍​នានា។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​អ្នក​ជំនួញ និង​វិនិយោគិន​ចិន ជាច្រើន​នាក់​ដែល​ចាប់​អារម្មណ៍ និង​កំពុង​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា ផង​ដែរ។ លោក​ថា កម្ពុជា រីករាយ​ស្វាគមន៍​វិនិយោគិន​ចិន ដែល​មាន​បំណង​ទៅ​វិនិយោគ​នៅ​កម្ពុជា ហើយ​កត្តា​ទាក់ទាញ​សំខាន់​នោះ គឺ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ ស្ថិរភាព​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច និង​មាន​ធនធាន​មនុស្ស​ចេះ​ភាសា​ចិន ច្រើន។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែង​ថា ការ​បណ្ដាក់​ទុន​របស់​អ្នក​វិនិយោគ​ចិន គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ស្វាគមន៍ ក៏ប៉ុន្តែ​លោក​លើក​ឡើង​ពី​ក្តី​បារម្ភ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​នេះ។ លោក​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ចិន ភាគច្រើន​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​មិន​គិតគូរ​អំពី​និរន្តរភាព​នៃ​ការ​វិនិយោគ​ឡើយ ពោល​គឺ​ពួក​គេ​គិត​តែ​ពី​ផល​ប្រយោជន៍​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដែល​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​ពលរដ្ឋ។ លោក​ថា ក្រុមហ៊ុន​ចិន ទាំងនោះ បាន​ធ្វើ​របៀប​នេះ​ទាំង​នៅ​កម្ពុជា និង​នៅ​តាម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាហ្វ្រិក ទី​ដែល​មាន​ក្រុមហ៊ុន​ចិន ជាច្រើន​កំពុង​សម្រុក​អនុវត្ត​គម្រោង​វិនិយោគ​ទ្រង់ទ្រាយ​ធំ៖ «»

លោក ង៉ែត ជូ សង្កត់​ធ្ងន់​ថា ការ​ផ្តល់​ជំនួយ និង​កម្ចី​ឥណទាន​ជាច្រើន​នេះ អាច​ជួយ​ឲ្យ​កម្ពុជា រីក​ចម្រើន​ឆាប់​រហ័ស ក៏ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ធានា​អំពី​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ជំនួយ និង​កម្ចី​ទាំងនោះ។ លោក​បន្ថែម​ថា ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន តាម​រយៈ​គម្រោង​វិនិយោគ​ធំៗ​ក្នុង​តំបន់​អាស៊ី ក៏​ជា​ឱកាស​មួយ​ដ៏​ប្រសើរ​សម្រាប់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​បាន​លឿន​រហ័ស​ដែរ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ធានា​តុល្យភាព​នៃ​នយោបាយ​ការ​បរទេស​ជាមួយ​ក្រុម​ប្រទេស​លោក​ខាង​លិច ដូចជា​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែរ ព្រោះ​ប្រទេស​ទាំងនេះ គឺ​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា៖ «»

នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​បែប​នេះ លោក ង៉ែត ជូ ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​ពង្រឹង​សមត្ថភាព ចំណេះ​ដឹង និង​ជំនាញ​ចាំបាច់​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​កម្ពុជា មាន​កម្លាំង​ពលកម្ម​មាន​សក្ដានុពល បើ​មិន​ដូច្នោះ​ទេ កម្ពុជា នឹង​មិន​អាច​ដើរ​ទាន់​ប្រទេស​ដទៃ​ឡើយ បើ​ទោះ​ជា​កម្ពុជា បាន​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ប្រទេស​ក្នុង​តំបន់​យ៉ាង​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន រំពឹង​ថា​ចិន​នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​អភិវឌ្ឍ​លឿន​រហ័ស​ទៅ​មុខ"

  1. people says:

    So funny and laughable for former communist khmer-rough ‘. This veitcong communist khmer rough never learn ‘ during dictator king si hak nouk close with communist we had war and leaded to killed 3 million people ‘ and lost sea area,land area,tral island and people still suffer ‘What a bloody communist” .Communist only feed their dictator and grab all profit to their country and they can used the dumb people who love power and killing people without mercy . China used to be poorer then cambodia but they are smarter that why they are rich now and used dumb wild dictator for their profit .GOD bless all cambodian people’

Leave a Reply

Submit Comment