អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​លាលែង​ពី​តំណែង

ដោយ តាំង សារ៉ាដា
2017-05-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថ្លែង​ក្នុង​ពិធី​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា មក​ពី​ប្រទេស​ស៊ូដង់ និង​ប្រទេស​ម៉ាលី កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Cheu Sideth
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថ្លែង​ក្នុង​ពិធី​ទទួល​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា មក​ពី​ប្រទេស​ស៊ូដង់ និង​ប្រទេស​ម៉ាលី កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Cheu Sideth


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​អ្នក​វិភាគ​ចាត់​ទុក​ការ​គំរាមកំហែង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក្នុង​ការ​វៃ​បំបាក់​ធ្មេញ​ជន​ណា​ដែល​ហ៊ាន​តវ៉ា​លទ្ធផល​ឆ្នោត​ថា ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់ និង​ខុស​ពី​វិជ្ជាជីវៈ​យោធា។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា សម្ដី​របស់​លោក ទៀ បាញ់ ត្រឹមត្រូវ​ទៅ​តាម​ច្បាប់។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទាមទារ​ឲ្យ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ ចុះ​ចេញ​ពី​តំណែង​មក​ធ្វើ​ជា​ឧបករណ៍​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ប្រសើរ​ជាង​ដោយសារ​លោក​កំពុង​ធ្វើ​ការ​ខុស​តួនាទី។

លោក ហ្វីល រ៉ូប៊ឺតសុន៖ «លោក ទៀ បាញ់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ មិន​ត្រូវ​ជាប់​ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជន​ស៊ីវិល ឬ​ការ​ធ្វើ​បាតុកម្ម​របស់​ជន​ស៊ីវិល​នោះ​ទេ។ យោធា​ត្រូវ​តែ​នៅ​អព្យាក្រឹត្យ​មិន​លម្អៀង ហើយ​ផ្ដោត​ការងារ​របស់​ខ្លួន​ខាង​កិច្ចការ​ការពារ​ប្រទេស​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ដទៃ មិន​មែន​មក​ធ្វើ​ជា​ញញួរ​ដើម្បី​វាយ​ប្រហារ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នោះ​ឡើយ។ ខ្ញុំ​គិត​ថា លោក ទៀ បាញ់ គួរ​មើល​លក្ខខណ្ឌ​ការងារ​របស់​ខ្លួន​ម្ដង​ទៀត។ ប្រសិនបើ​ការងារ​របស់​គាត់​គ្រាន់​តែ​ធ្វើ​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្រើ​កងកម្លាំង​ដើម្បី​វាយ​ប្រហារ​ក្រុម​អ្នក​តវ៉ា​ប៉ុណ្ណោះ​ទេ ដូច្នេះ​គាត់​គួរ​តែ​ចុះចេញ​ទៅ​ហើយ រក​ការងារ​ថ្មី​ធ្វើ​ទៅ​វិញ​ទៅ»

ការ​ថ្លែង​របស់​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក ទៀ បាញ់ បាន​គំរាម​ជា​សាធារណៈ​ថា នឹង​វ៉ៃ​ជន​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ក្រោយ​ការ​បោះ​ឆ្នោត​ឲ្យ​បែក​ធ្មេញ​តែម្តង។

លោក ទៀ បាញ់ ព្រមាន​ថា លោក​មិន​អាច​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​តវ៉ា​ណា​មួយ​ក្រោយ​ការ​បោះ​ឆ្នោត​អាច​កើត​ឡើង​បាន​ទៀត​នោះ​ទេ៖ «ពេល​ដែល​បោះឆ្នោត​ចាញ់​ហើយ គឺ​មិន​ព្រម​ចាញ់​ទេ ចេញ​មក​ព្រោងព្រាត​មក​ទាមទារ​នេះ ទាមទារ​នោះ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ លើក​នេះ​មិន​ទុក​ទេ ប្រាប់​ឲ្យ​ហើយ គឺ​និយាយ​គ្នា​ត្រង់​អ៊ីចឹង​តែម្ដង ថា​ម៉េច​ថា​ចុះ រឿង​ពិត​ត្រូវ​និយាយ​គ្នា​អ៊ីចឹង មិន​អុនញ្ញាត​ជា​ដាច់​ខាត»

​លោក ហ្វីល រ៉ូប៊ឺតសុន អះអាង​ថា ការ​ព្រមាន​របស់​លោក ទៀ បាញ់ ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ផ្ទុយ​ពី​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​ជា​ការ​គំរាមកំហែង​ដល់​នីតិរដ្ឋ​របស់​កម្ពុជា។

ប៉ុន្តែ​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​គំរាម​របស់​លោក ទៀ បាញ់ ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​ក្នុង​កិច្ច​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់៖ «កងកម្លាំង​ប្រដាប់​អាវុធ​គឺ​ជា​កងកម្លាំង​របស់​ជាតិ។ អ៊ីចឹង​ពេល​ណា គណបក្ស​ណា​មួយ​ជាប់​ឆ្នោត​បាន​បង្កើត​រាជ​រដ្ឋាភិបាល​ទៅ​ជា​រាជរដ្ឋាភិបាល​របស់​ជាតិ។ អ៊ីចឹង​ហើយ​កងទ័ព​ជាតិ​ត្រូវ​តែ​ការពារ​រាជ​រដ្ឋាភិបាល​របស់​ជាតិ។ គាត់​និយាយ​ត្រឹមត្រូវ​តាម​តួនាទី​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ។ គាត់​មិន​បាន​គំរាមកំហែង ឬ​មាន​ចេតនា​អាក្រក់​ណា​មួយ​ទេ គឺ​ថា​​ចង់​ទប់ស្កាត់​រាល់​បាតុភាព​អសកម្ម​ទាំង​ឡាយ​ណា​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់»

​ទោះជា​យ៉ាង​ណា​ក៏ដោយ អ្នក​ឃ្លាំមើល​សង្គម​បាន​ហៅ​ការ​គំរាម​របស់​លោក ទៀ បាញ់ ថា​ជា​ការ​រំលោភ​អំណាច និង​រំលោភ​ដល់​ដែន​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ ដែល​មាន​អំណាច​ក្នុង​ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រទេស។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា សារ​ព្រមាន​ប្រើ​អំពើ​ហិង្សា​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា គឺ​ជា​សារ​បែប​ញុះញង់ បង្ក​ភាព​ចលាចល​ដល់​សន្តិសុខ​ជាតិ។
លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ចាត់​វិធានការ​ទៅ​លើ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ៖ «នេះ​ជា​ការ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ។ នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ»

ជាង​នេះ​ទៅ​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន និង​កង​យោធពល​ខេមរភូមិន្ទ​ឆ្នាំ​១៩៩៨ ដើម្បី​យោធា​ត្រូវ​រក្សា​អព្យាក្រឹតភាព​របស់​ខ្លួន​ក្នុង​មុខ​នាទី​សកម្មភាព​ការងារ ហើយ​ហាមឃាត់​ការ​ប្រើ​មុខងារ និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​ក្នុង​សកម្មភាព​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​លាលែង​ពី​តំណែង"

  1. PHKA says:

    រដ្ធមន្ត្រី ការពារជាតិខ្មែរ “ទាបាញ់”អត់ខ្វល់នឹងការពារព្រំដែន នឹងជនជាតិខ្នួនទេ ទៅជាយកទ័ពនឹងគ្រឿងអាវុធ មកបំបែក ធ្មេញកូនខ្មែរដែលហ៊ាន ប្រើសិទ្ធ តវា។ ខ្លួន និយាយខ្មែរមិនត្រូវជ្រុង ហើយមិនស្គាល់នាទីខ្លួនកាន់កាប់ផង តើ អាគតប្រទេសយើងនឹងទៅជាស្អី???????បើមេទ័ពចេះវាយបំ បែកធ្មេញ កូនខ្មែររបៀបនេៈ។

  2. Phanna says:

    The none educated with fake doctorates papers can’t speak the inspired word.
    These CPP tugs need to go to speech school. why he not knocked out his boss’s teeth
    If he is so brave. He is a waste to the nation!

  3. people says:

    The duck shooter is come out from rain-forest that why his words worse then pnong ‘

Leave a Reply

Submit Comment