តុលាការ​នឹង​បន្ត​សាកសួរ​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់​នៅ​ថ្ងៃ​ទី​១៩​ឧសភា

ដោយ ថា កិត្យា
2017-05-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Tha Kitya
តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Tha Kitya


សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​សាកសួរ​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ក្រោយ​ពី​នីតិវិធី​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា នេះ​មិន​ទាន់​ចប់។ ដោយ​ឡែក​មនុស្ស​ពីរ​នាក់​ទៀត​ដែល​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា​នោះ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​វិញ បន្ទាប់​ពី​រក​មិន​ឃើញ​ថា ពួកគេ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ធុយ វី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ផ្ញើ​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ វិញ នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ម្ដង​ទៀត។

ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ លោក ស៊ឹម វុទ្ធី ឲ្យ​អាស៊ីសេរី ដឹង​ថា ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​ជនសង្ស័យ​រួចរាល់​ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា នេះ។ លោក​បន្ត​ថា ជនសង្ស័យ​ដដែល​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៖ «»។

លោក ស៊ឹម វុទ្ធី ឲ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា នេះ គឺ​មាន​តែ​តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី ម្នាក់​គត់ ត្រូវ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​មក​សាកសួរ​នៅ​តុលាការ​ក្រុង​ភ្នំពេញ។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត រួម​មាន​លោក ឃុន សាវ៉ាកឃិត តំណាង​អង្គការ​ឧត្ដមស្នងការ​អន្តរសាស្ត្រ និង​ជំនួយការ​របស់​លោក​ឈ្មោះ សុភា លីន ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើ​ការ​អប់​រំហើយ​សម្រេច​ដោះលែង​វិញ ក្រោយ​ឃុំ​ខ្លួន​អស់​រយៈពេល ៤៨​ម៉ោង​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ថា ការ​ដោះលែង​អ្នក​ទាំង​ពីរ​ដោយសារ​រក​ពុំ​ឃើញ​ថា ពួកគេ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់ បាន​ចូល​ទៅ​ចាប់​ឃាត់​ខ្លួន​តំណាង​អង្គការ​ឧត្ដម​ស្នងការ​អន្តរសាស្ត្រ ២​រូប និង​តំណាង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ម្នាក់​ទៀត។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​ខណៈ​ពួកគេ​ទាំង​បី​នាក់​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីស្នាក់ការ​ឧត្ដមស្នងការ​អន្តរសាស្ត្រ ស្ថិត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ គឺ​ដើម្បី​ប្រកាស​រំលាយ​រណសិរ្ស​នេះ​តែប៉ុណ្ណោះ ហើយ​និង​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​ជាប់​គាំង។

តំណាង​ឧត្ដម​ស្នងការ​អន្តរសាស្ត្រ លោក ឃុន សាវ៉ាកឃិត ថ្លែង​ប្រាប់​អាស៊ីសេរី ក្រោយ​ពី​អាជ្ញាធរ​ដោះលែង​វិញ​ថា លោក ធុយ វី មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ ព្រោះ​សន្និសីទ​សារព័ត៌មាន​ដែល​លោក​រៀបចំ​នៅ​ទីស្នាក់ការ​របស់​លោក​នោះ ក៏​មាន​ការ​យល់​ព្រម​ពី​ខាង​អាជ្ញាធរ​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា លោក ធុយ វី គឺ​ជា​ភ្ញៀវ​របស់​លោក​ដែល​ហៅ​មក​ចូលរួម​សន្និសីទ​ដើម្បី​រំលាយ​រណសិរ្ស​ចោល​វិញ​ប៉ុណ្ណោះ។ លោក ឃុន សាវ៉ាកឃិត បន្ត​ថា អាជ្ញាធរ​ចេះ​តែ​ប្រឌិត​រឿង​ដើម្បី​ចាប់​លោក ធុយ វី ដូច្នេះ​ចំណាត់​ការ​របស់​តុលាការ​នេះ គឺ​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​លោក ធុយ វី ឡើយ៖ «»។

សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​ប្រមាណ ១០​នាក់​ហើយ​ដោយ​ចោទ​ថា សកម្មភាព​របស់​ពួកគេ​ខុស​ច្បាប់ រួម​មាន​ការ​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ជាដើម។

​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ។ លោក​ថា អាជ្ញាធរ​កម្ពុជា បាន​រំលោភ​ច្បាប់ និង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ និង​រើសអើង​ក្រុម​លោក តែ​អាច​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​ដែល​គាំទ្រ​រដ្ឋាភិបាល​ធ្វើ​អ្វី​បាន​ស្រេច​តែ​នឹង​ចិត្ត។ ថ្លែង​ប្រាប់​អាស៊ីសេរី ពី​ប្រទេស​ដាណឺម៉ាក លោក សម សេរី ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​សមាជិក​របស់​លោក​វិញ​ជា​បន្ទាន់ បើ​ពុំ​នោះ​ទេ​លោក​មិន​ធានា​ថា នឹង​មាន​អ្វី​កើត​ឡើង​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles