ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​រឿង​បោះ​បង្គោល​អគ្គិសនី​ប៉ះពាល់​ដីធ្លី

ដោយ សូត សុខប្រាថ្នា
2017-05-18
RFA

បង្គោល​អគ្គិសនី​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​បោះ​លើ​ដី និង​អូស​ខ្សែ​ភ្លើង​ពី​លើ​ផ្ទះ​របស់​ពលរដ្ឋ។ រូបថត​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
បង្គោល​អគ្គិសនី​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​បោះ​លើ​ដី និង​អូស​ខ្សែ​ភ្លើង​ពី​លើ​ផ្ទះ​របស់​ពលរដ្ឋ។ រូបថត​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Saut Sokprathna


ប្រជាពលរដ្ឋ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល​អគ្គិសនី​លើ​ដី​ស្រែ និង​ដី​លំនៅឋាន លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​ផ្តល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ទេ ពួក​គាត់​នឹង​ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ខាន។ បន្ថែម​ពី​នេះ ពលរដ្ឋ​នឹង​ងាក​ទៅ​គាំទ្រ​គណបក្ស​ផ្សេង។ អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ គឺ​មិន​គិត​រឿង​នយោបាយ​ទេ ប៉ុន្តែ​ប្រសិន​បើ​ពួក​គាត់​ងាក​ទៅ​គាំទ្រ​គណបក្ស​ថ្មី ដោយ​ចោទ​ថា​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទាំងនោះ​មិន​បាន គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់​ប៉ុណ្ណោះ។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល និង​រាយ​ខ្សែ​អគ្គិសនី​នៅ​ក្រុង​កំពង់ចាម ប្រមាណ ៣០​គ្រួសារ អះអាង​ថា ពួក​គាត់​ជា​អ្នក​គាំទ្រ និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​មក។ ប៉ុន្តែ​ពួក​គាត់​នឹង​ឈប់​គាំទ្រ​គណបក្ស​នេះ​បន្ត​ទៀត ហើយ​ងាក​ទៅ​គាំទ្រ​គណបក្ស​ផ្សេង​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មិន​អាច​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ពួក​គេ​បាន។

ពលរដ្ឋ​នៅ​ក្រុង​កំពង់ចាម លោកស្រី សូ សាម៉េត មាន​ប្រសាសន៍​ថា ដី​លំនៅឋាន​របស់​ពួក​គាត់​ត្រូវ​បាន​ខាង​អគ្គិសនី​បោះ​បង្គោល និង​អូស​ខ្សែ​ភ្លើង​កាត់ ហើយ​កាប់​ដំណាំ​ហូប​ផ្លែ​របស់​ពួក​គាត់​ជិត ១០០​ដើម​ដោយ​មិន​មាន​សំណង​សមរម្យ​ឡើយ។ លោកស្រី​អះអាង​ថា បច្ចុប្បន្ន គាត់​ជា​ប្រធាន​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ភូមិ ប៉ុន្តែ​ប្រសិន​បើ​បញ្ហា​នេះ​គ្មាន​ដំណោះស្រាយ​ទៀត ពួក​គាត់​នឹង​ឈប់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ម្តង៖ «ប្រសិន​បើ​គណបក្ស​ប្រជាជន​ហ្នឹង​មិន​អាច​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​មុន​ពេល​បោះឆ្នោត​ទេ ខ្ញុំ​រើស​គណបក្ស​ថ្មី​ទៀត​ហើយ»

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី មិត្ត គីមថា បញ្ជាក់​ថា ពួក​គាត់​ដែល​មាន​ក្នុង​ពាក្យ​បណ្ដឹង​ចំនួន ៣០​គ្រួសារ ភាគច្រើន​ជា​មន្ត្រី​រាជការ ហើយ​តែងតែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​មក។ លោកស្រី​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​មុន​ការ​បោះឆ្នោត ពួក​គាត់​សម្រេច​ជ្រើសរើស​មេ​ដឹកនាំ​មូលដ្ឋាន ឬ​ងាយ​ទៅ​គាំទ្រ​គណបក្ស​ផ្សេង​វិញ។ មិន​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ពលរដ្ឋ​ភាគច្រើន រួម​ទាំង​លោកស្រី​ផង កាន់​តែ​បាត់បង់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ផង៖ «ព្រោះ​យើង​អាង​គណបក្ស​ប្រជាជន។ យើង​សង្ឃឹម​លើ​គណបក្ស​ប្រជាជន ពី​មុន​មក។ ឥឡូវ​នេះ គណបក្ស​ប្រជាជន ប្ដឹង​ទៅ​គាត់​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​គាត់​ដូច​អាង​អំណាច​អ៊ីចឹង»

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ចាម លោក ជឹម លាវ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ឧសភា ថា ក្នុង​ចំណោម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ គឺ​អាជ្ញាធរ​បាន​ដោះស្រាយ​ស្ទើរ​តែ​អស់​ទៅ​ហើយ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​គ្មាន​ការ​គំរាម​កំហែង។ លោក​ថា មាន​តែ​ពលរដ្ឋ ១១​គ្រួសារ​ប៉ុណ្ណោះ​មិន​ព្រម​ទទួល​យក​សំណង​ដែល​កំណត់​ដោយ​រដ្ឋ ពីព្រោះ​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ។

លោក​បន្ត​ថា ការ​ដោះស្រាយ​មិន​បាន​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​គណបក្ស​នយោបាយ​ទេ ហើយ​ការ​សម្រេច​ចិត្ត​ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងនោះ៖ «គាត់​អត់​បោះ​ឲ្យ​យូរ​ណាស់​មក​ហើយ​ហ្នឹង គឺ​ដូច​តែ​គ្នា​ហ្នឹង។ គាត់​អស់​ចិត្ត​គាត់​អ៊ីចឹង ហើយ​យើង​អភិវឌ្ឍ​ប្រទេស គឺ​យើង​មិន​អភិវឌ្ឍ​ដើម្បី​ធ្វើ​នយោបាយ​ណា»

តាម​ផែនការ រាជ​រដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្ដាញ​ភ្លើង​ប្រើប្រាស់​ពី​អនុ​ស្ថានីយ​អគ្គិសនី​នៅ​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ឆ្ពោះ​ទៅ​កាន់​តំបន់​ភូមិភាគ​ឦសាន រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង ជាដើម។

កាល​ពី​ថ្ងៃ​ទី​៣ ឧសភា តំណាង​ពលរដ្ឋ ៣០​គ្រួសារ​បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ពួក​គាត់​ដែល​បណ្ដាល​មក​ពី​គម្រោង​អគ្គិសនី​កម្ពុជា បាន​បោះ​បង្គោល និង​អូស​ខ្សែ​ភ្លើង​កាត់​ដី​លំនៅឋាន និង​ដី​ស្រែ។ លិខិត​បញ្ជាក់​ថា អាជ្ញាធរ​អគ្គិសនី និង​អាជ្ញាធរ​ខេត្ត​ធ្លាប់​ជជែក​គ្នា​រក​ដំណោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែរ ប៉ុន្តែ​មិន​អាច​រក​ចំណុច​រួម​ឃើញ ព្រោះ​អាជ្ញាធរ​ផ្តល់​សំណង​តិចតួច​បំផុត ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ទទួល​យក​បាន។

មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី មើល​ឃើញ​ថា នីតិវិធី​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​កន្លង​ទៅ គឺ​មិន​មាន​តម្លាភាព មិន​មាន​យុត្តិធម៌ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់ ទើប​ពួក​គាត់​សម្រេច​ចិត្ត​ប្ដឹង​អាជ្ញាធរ​ថ្នាក់​ជាតិ​ឲ្យ​ជួយ​ដោះស្រាយ​បន្ត៖ «អាជ្ញាធរ​ខេត្ត​ចេះ​តែ​គំរាម​កំហែង ហើយ​ដោះស្រាយ​ដោយ​សម្ងាត់ ដោយ​លាក់​បាំង វា​មិន​មាន​តម្លាភាព និង​គណនេយ្យ​ភាព​សង្គម​ទេ»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ត​ថា ពលរដ្ឋ​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ ដោយ​មើល​ឃើញ​ពី​ចំណុច​ល្អ និង​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់។ ប៉ុន្តែ​ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ឈប់​គាំទ្រ​គណបក្ស​នោះ​ដែរ ហើយ​ងាក​ទៅ​គាំទ្រ​គណបក្ស​ថ្មី ប្រសិន​បើ​គណបក្ស​ចាស់​ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពួក​គាត់ ហើយ​ចេះ​តែ​ធ្វើ​បាប និង​គំរាម​កំហែង​ពលរដ្ឋ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment