“មាន​ការ​កាប់​ឈើ​ខាង​ក្រៅ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​យក​មក​ផ្ទុក​ក្នុង​អាង​ដើម្បី​នាំ​ចេញ”

ដោយ ម៉ែន សុធីរ
2017-05-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កន្លែង​កែច្នៃ​ឈើ​ដែល​ដឹក​ពី​តំបន់​ផ្សេង​នៅ​ក្នុង​តំបន់​បាត​អាង​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥ (RFA/Brach Chev)
កន្លែង​កែច្នៃ​ឈើ​ដែល​ដឹក​ពី​តំបន់​ផ្សេង​នៅ​ក្នុង​តំបន់​បាត​អាង​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥ (RFA/Brach Chev)


ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​សកម្មភាពកាប់​​ឈើ​ក្រៅ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​អ្នក​ភូមិ​សង្ស័យ​ថា ឈើ​នោះ​ត្រូវ​បាន​បន្លំ​នាំ​ចូល​ក្រុមហ៊ុន​សំអាត​បាត​អាង។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​ចោទ​ប្រកាន់​ថា ឈើ​មូល​នៅ​តំបន់​ឆ្ងាយ​នៃ​ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង ត្រូវ​គេ​លួច​កាប់ ហើយ​យក​មក​ស្តុក​ក្នុង​បរិវេណ​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ថា មាន​មនុស្ស​ជា​ច្រើន​ក្រុម​នាំ​គ្នា​កាប់​ឈើ​នៅ​តំបន់​ភ្នំ​ក្រឡាពស់ នៃ​ស្រុក​សេសាន និង​តំបន់​ព្រៃ​អភិរក្ស នៃ​ស្រុក​សៀមប៉ាង ដោយ​ប្រើ​គោយន្ត និង​រថយន្ត​ប៉ាកុង ជា​មធ្យោបាយ​ដឹក​មក​ផ្ទុក​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង លោក ពុធ ឃឿន ថ្លែង​បញ្ជាក់​ថា លោក​ពុំ​ប្រាកដ​ថា ផ្ទៃ​អាង​មាន​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ ក៏ប៉ុន្តែ​លោក​ឃើញ​តែ​កម្មករ​កាប់​ឈើ​នៅ​តំបន់​ឆ្ងាយៗ មក​ទុក​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ហើយ​សកម្មភាព​ដឹក​ជញ្ជូន​នោះ​តាម​ផ្លូវលំ​ក្នុង​ព្រៃ​ដែល​គេ​កសាង​រួចរាល់​កាល​ពី​ឆ្នាំ​មុន។

លោក​ថា ឈើ​ដែល​គេ​ដឹក​ជញ្ជូន​មក​ទុក​នោះ ឋិត​នៅ​ចន្លោះ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ឬ​ហៅ​ថា តំបន់​កោះ ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ និង​មួយ​ចំនួន​មក​ពី​តំបន់​ព្រៃ​អភិរក្ស​នៃ​ស្រុក​សៀមប៉ាង៖ «រថយន្ត​ប៉ាកុង ដឹក​ចេញ​ពេល​ថ្ងៃ បើ​យី​ឌុប​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស ឬ​នៅ​ក្នុង​ប្រទេស​ហ្នឹង ច្រើន​ដឹក​ពេល​ថ្ងៃ និង​ពេល​យប់ ម៉ោង ៦ ទៅ ៧ អី​ឡើង​គេ​ដឹក​ចូល​តែម្ដង។ វិនាសកម្ម​មែន​ទែន​ហើយ​និយាយ​ទៅ»

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ តំណាង​ក្រុមហ៊ុន​សំអាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត បដិសេធ​ថា ពុំ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ពី​ក្រៅ​ចូល​ផ្ទៃ​អាង ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ប្រមូល​ឈើ​ក្នុង​ផ្ទៃ​អាង​ជាង ៣​ម៉ឺន​ហិកតារ​ពុំ​ទាន់​អស់​នៅ​ឡើយ ហើយ​ឈើ​ដែល​ប្រមូល​បាន​នោះ​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​មន្ទីរ​កសិកម្ម​ខែត្រ​ស្ទឹងត្រែង ឬ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ៖ «បើ​អត់​មាន​ការ​ពិនិត្យ​ពី​មន្ទីរ​ជំនាញ​ហ្នឹង ចេញ​តែ​ពី​ក្រៅ​អាង​មិន​រួច​ផង។ សុទ្ធ​តែ​មាន​លិខិត​អនុញ្ញាត​ពី PC គេ​ហៅ PC ហ្នឹង សុទ្ធ​តែ​មាន​មន្ត្រី​ជំនាញ​ពិនិត្យ​ឡើង​ឡាន​វាស់វែង​ហើយ​បាន​ចេញ​លិខិត​ហ្នឹង​មក​បាន​​មាន​ការ​ដឹក​ជញ្ជូន​បាន»

​ចំណែក​មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ រក​ឃើញ​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ផ្សេងៗ គឺ​ធ្វើ​ឡើង​ច្រើន​ប្រភព មាន​ពលរដ្ឋ និង​ឈ្មួញ​មក​ពី​តំបន់​ឆ្ងាយៗ។ លោក​ថា អាជ្ញាធរ​ឃុំ​ពុំ​ប្រាកដ​ថា ឈើ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នោះ​ឋិត​នៅ​ក្រៅ​ផ្ទៃ​អាង ឬ​យ៉ាង​ណា​ទេ ដោយសារ​លក្ខណៈ​ភូមិសាស្ត្រ​ផ្ទៃ​អាង​ធំធេង​ពេក៖ «មាន​ដេប៉ូ​នៅ​ត្រង់​ហ្នឹង​មែន តែ​ក្រៅ​បាត​អាង និង​ក្នុង​បាត​អាង គឺ​យើង​មិន​ដឹង ព្រោះ​អត់​មាន​យក​ទិន្នន័យ​ជាក់លាក់»

​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ថា សកម្មភាព​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​កើត​មាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ និង​មាន​ឈ្មួញ​កណ្ដាល​ដឹក​ឈើ​ពី​តំបន់​ព្រៃ​ការពារ​នៃ​ស្រុក​សៀមប៉ាង ដើម្បី​បម្លែង​ជា​ឈើ​ស្រប​ច្បាប់ រួច​ដឹក​ចេញ​ក្រៅ។ លោក​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ស៊ើបអង្កេត​រឿង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ៖ «ក្រុមហ៊ុន​គួរ​តែ​សិក្សា​ពិចារណា​វិញ ព្រោះ​អី​ឧកញ៉ា គិត ម៉េង គាត់​មិន​ដឹង​ទេ។ មនុស្ស​ដែល​ខិលខូច​គឺ​អ្នក​នៅ​ក្រោម​ឱវាទ​គាត់​តែងតែ​ស្វែង​រក​ឈើ​នៅ​ខាង​ក្រៅ​មក​ស្តុក​ទុក​ផ្គត់ផ្គង់​នៅ​រោងចក្រ​អារ​ឈើ ហើយ​រោងចក្រ​អារ​ឈើ​ហ្នឹង មាន​ថៅកែ​យួន ចិន ជាដើម កុម្ម៉ង់​ច្រៀក​ចេញ​ដើម្បី​ធ្វើ​ការ​នាំ​ចេញ​ខ្លះ ផ្គត់ផ្គង់​ផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ ក៏​ដូចជា​ផ្គត់ផ្គង់​ឈើ​តាម​ដេប៉ូ​នានា ទូទាំង​ប្រទេស​កម្ពុជា​ខ្លះ»

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុង​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំង​ពី​ឆ្នាំ​២០១២។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ធ្លាប់​លើក​ឡើង​ថា ក្រសួង​កំពុង​ពិនិត្យ​សិក្សា​ពី​លទ្ធផល​រក​ឃើញ​ក្នុង​របាយការណ៍​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​ថា អ៊ី.អាយ.អេ (EIA)។

ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) បាន​រក​ឃើញ​ថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ដែល​ស្ថិត​ក្នុង​រយៈពេល​នៃ​បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា ឈើ​ខុស​ច្បាប់​ចំនួន​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រគូប ត្រូវ​បាន​កាប់ ជាពិសេស​ពី​តំបន់​ព្រៃ​ការពារ​ក្នុង​ឧទ្យាន​ជាតិ រួច​ដឹក​យក​ទៅ​​ប្រទេស​វៀតណាម។ របាយការណ៍​របស់ អ៊ី.អាយ.អេ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨ ឧសភា ស្ដីពី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា “ជនល្មើស​មុខ​ដដែល៖ អាជីវកម្ម​ជួញដូរ​ឈើ​ខុស​ច្បាប់​របស់​វៀតណាម គ្មាន​ទី​បញ្ចប់” ស្រាវជ្រាវ​ឃើញ​ថា មន្ត្រី​កម្ពុជា ឃុបឃិត​ជាមួយ​យោធា​អាជ្ញាធរ​វៀតណាម ដែល​ពុករលួយ បាន​ប្រែ​រូប​ឈើ​ខុស​ច្បាប់​ពី​កម្ពុជា ទៅ​ជា​ឈើ​ស្របច្បាប់​វិញ ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។ ក្រោយ​ពី​របាយការណ៍​របស់ អ៊ី.អាយ.អេ ចេញ​ផ្សាយ​ជា​សាធារណៈ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​ស្គាល់​ថា ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹក​ដី​កម្ពុជា កំពុង​កក្រើក​ឡើង​វិញ ហើយ​អះអាង​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment