សាលា​រាជធានី​ភ្នំពេញ​ប្រារព្ធ​ទិវា​ចងចាំ​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម

ដោយ ឡេង ម៉ាលី
2017-05-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិវា​ចងចាំ​ថ្ងៃ​២០ ឧសភា ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Tep Sony
ទិវា​ចងចាំ​ថ្ងៃ​២០ ឧសភា ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Tep Sony



មន្ត្រី​រាជការ ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ១.០០០​នាក់ នាំ​គ្នា​ប្រារព្ធ​ទិវា​ចងចាំ​ថ្ងៃ​២០ ឧសភា ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ពិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា។

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​ចងចាំ​នេះ គឺ​ជា​ការ​រំឭក​អំពី​ប្រវត្តិ​សោកនាដកម្ម ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់​បាន​ឆ្លង​កាត់​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាសន៍៖ «សម្រាប់​ឲ្យ​កូន​ខ្មែរ​យើង​ជំនាន់​ក្រោយ ត្រូវ​គិត​ថា​ប្រវត្តិសាស្ត្រ​វា​បាន​ផ្ដល់​នូវ​ទុក្ខ​វេទនា ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខ្ទេចខ្ទាំ និង​ទទួល​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ណាស់​មិន​ធ្លាប់​មាន​ទេ។ ការ​ចងចាំ​នេះ គឺ​សំដៅ​ឲ្យ​យើង​ខិតខំ​នាំ​គ្នា​ទប់ស្កាត់​របប​អតីតកាល​ទាំងឡាយ​នោះ កុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ»

មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ រាជធានី​ភ្នំពេញ លោក ម៉ន ចានដេត ថ្លែង​ថា ពិធី​នេះ​ជួយ​កាត់​បន្ថយ​គំនុំ៖ «ជួនកាល​អ្នក​ដែល​លាចាក​លោក​នេះ​ទៅ មិន​សន្មត​ថា​ពួក​គាត់​ហ្នឹង​អស់​គំនុំ​ទេ។ គាត់​នៅ​មាន​គំនុំ​ទាំងអស់។ អ៊ីចឹង​ហើយ យើង​ធ្វើ​បុណ្យ​ថ្ងៃ​នេះ ឲ្យ​ពួក​គាត់​ហ្នឹង​មាន​អារម្មណ៍​ស្ងប់»

ទិវា​ចងចាំ​ថ្ងៃ​ទី​២០ ឧសភា គឺ​ជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ឈ្មោះ​ដើម​ថា ទិវា​ចង​កំហឹង។ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ យក​ថ្ងៃ​ទី​១៧ ខែ​មេសា ជា​ថ្ងៃ​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

ទិវា​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​រយៈពេល ២​ថ្ងៃ មុន​ថ្ងៃ​កំណត់ ដោយសារ​តែ​នៅ​ថ្ងៃ​ទី​២០ ឧសភា ខាង​មុខ​នេះ ចំ​ថ្ងៃ​ដែល​គណបក្ស​នយោបាយ​នានា​ចាប់​ផ្ដើម​ហែ​ក្បួន​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤។

មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពីរ​រូប គឺ​ជន​ជាប់​ចោទ នួន ជា អាយុ ៩១​ឆ្នាំ និង​ជន​ជាប់​ចោទ ខៀវ សំផន អាយុ ៨៦​ឆ្នាំ ត្រូវ​បាន​តុលាការ​នាំ​មក​ផ្ដន្ទាទោស ចំពោះ​សោកនាដកម្ម​ក្នុង​របប​នោះ។

ស្រប​គ្នា​នឹង​ការ​ប្រារព្ធ​ទិវា​ចងចាំ​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​ថា នៅ​ថ្ងៃ​ទី​១៨ ឧសភា គ្រប់​ភាគី​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ បាន​ដាក់​សារណា​របស់​ខ្លួន​ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រួច​ហើយ សម្រាប់​ការ​ពិភាក្សា​ដេញដោល​បិទ​បញ្ចប់​សំណុំ​រឿង​នេះ នៅ​ក្នុង​ខែ​មិថុនា ខាង​មុខ៖ «ក្នុង​សារណា​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​នេះ គឺ​សម្រាប់​សហ​ព្រះរាជអាជ្ញា​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក៏ប៉ុន្តែ​មេធាវី​តំណាង​ឲ្យ​ជន​ជាប់​ចោទ​ទាំង នួន ជា និង ខៀវ សំផន បាន​ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ទម្លាក់​ចោល​បទ​ប្រកាន់​ប្រឆាំង​កូន​ក្ដី​របស់​គាត់ ហើយ​និង​ដោះលែង​ឲ្យ​មាន​សេរីភាព»

លោក​បន្ត​ថា ព្រះរាជអាជ្ញា​មាន​ភស្តុតាង​ដែល​បង្ហាញ​ជន​ជាប់​ចោទ​ទាំង​ពីរ មាន​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​ឃោសនា​ឲ្យ​មាន​ឧក្រិដ្ឋកម្ម។ ពួក​គាត់​ជា​អ្នក​សេពគប់​គ្នា​ជិតស្និទ្ធ​បំផុត​របស់ ប៉ុល ពត មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

រីឯ​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន លើក​ឡើង​តាម​ឯកសារ​ដែល​លេច​ធ្លាយ​ថា កូន​ក្ដី​របស់​ខ្លួន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​កើត​ឡើង​ទេ ហើយ​ថា វៀតណាម ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រហម​បរាជ័យ​ក្នុង​ការ​កសាង​ប្រទេស​ឲ្យ​ទៅ​ជា​រដ្ឋ​មួយ​ឯករាជ្យ និង​មាន​វិបុល​សុខ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា សំអាង​ហេតុ​នៃ​ការ​ស្នើសុំ​ទាំងនេះ ភាគី​ទាំង​ពីរ​នឹង​លើក​ឡើង​លម្អិត​នៅ​ក្នុង​សវនាការ​ដេញដោល​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា។

ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំ​រឿង ០០២ វគ្គ​១ ព្រោះ​តែ​សាលា​ក្ដី​ខ្មែរ​ក្រហម​រក​ឃើញ​ថា ពួក​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ។ បច្ចុប្បន្ន​នេះ លោក នួន ជា និង​លោក ខៀវ សំផន កំពុង​ប្រឈម​នឹង​ការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ ដែល​សាលា​ក្ដី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​សហករណ៍ មន្ទីរ​សន្តិសុខ ការ​រៀបការ​ដោយ​បង្ខំ ការដ្ឋាន​ការងារ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង ជម្លោះ​ប្រដាប់​អាវុធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles