អ្នក​វិភាគ៖ សារ​គំរាម​របស់​លោក ហ៊ុន​ សែន​ និង ​ទៀ បាញ់​ បំភ័យ​វិនិយោគិន​មុន​គេ

នយោបាយ

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)


18 ឧសភា 2017
កាន់ វិច្ឆិកា
វីអូអេខ្មែរ

សេដ្ឋវិទូ ​និង​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​កម្ពុជា​យល់​ថា ការ​ព្រមាន​ផ្ទួនៗ​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​រត់​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ហើយ​អាច​បង្ក​ភាព​ភ័យខ្លាច​ចំពោះ​ពលរដ្ឋ​ដែល​ធ្លាប់ឆ្លង​កាត់​សង្គ្រាម។

ចាប់តាំង​ពី​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែង​ប្រើ​សារ​ព្រមាន​ មិន​តិច​ជាង​១០​ដង​នោះ​ទេ​ថា ការចាញ់​ឆ្នោត​របស់​គណបក្ស​លោក​ ​នឹង​អាច​ធ្វើ​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​មាន​ការ​កើន​ឡើង។

សេដ្ឋវិទូ ​និង​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​កម្ពុជា​យល់​ថា ការ​ព្រមាន​ផ្ទួនៗ​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​រត់​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ហើយ​អាច​បង្ក​ភាព​ភ័យខ្លាច​ចំពោះ​ពលរដ្ឋ​ដែល​ធ្លាប់ឆ្លង​កាត់​សង្គ្រាម។​

ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ភាគ​ច្រើន​កើត​មាន​ឡើង​ ក្នុង​ពេល​ដែល​លោក​ចូល​រួម​ក្នុង​កម្មវិធី​ប្រជុំ​ការ​សម្ពោធ​សមិទ្ធិផល​នានា​ ​ឬ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជាដើម។ ការ​ព្រមាន​ដែល​លោក​តែង​ប្រើ​មាន​ដូចជា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ ​នឹង​មាន​សង្គ្រាម លោក​នឹង​បិទ​ទ្វារ​វាយ​ឆ្កែ​ប្រសិន​បើ​មានការ​បះ​បោរ​ណា​មួយ​ ​កម្ពុជា​នឹង​វិល​ទៅ​រក​របប​ខ្មែរ​ក្រហម​របស់​ ប៉ុល ពត​ វិញ​ជាដើម។​

កាល​ពីថ្ងៃ​ទី២០ ខែមេសា លោក ហ៊ុន សែន​ ​បាន​ថ្លែង​ព្រមាន​ជាថ្មី​ពី​ការ​កើត​មាន​សង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ។​

លោក ហ៊ុន​ សែន លើក​ឡើ​ងថា​ ​សន្តិភាព​ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន​ ​ហើយ​ប្រជាពល​រដ្ឋ​ទាំងអស់​អាច​ប្រកប​អាជីវកម្ម​តាម​លទ្ធភាព​រៀងៗ​ខ្លួន។ លោក​បន្ថែម​ថា គណបក្ស​ផ្សេង​ឈ្នះ​ការ​បោះឆ្នោត មិន​អាច​ធានា​បាន​នូវ​សន្តិភាព​នោះ​ទេ។

ថ្លែង​ពី​វិមាន​សន្តិភាព​ ​លោក​ ​ហ៊ុន សែន​ ​មាន​ប្រសាសន៍​ថា៖​

«​តើ​ប្រាកដ​ទេ នៅ​ពេល​គណបក្ស​ប្រជាជន​មិន​កាន់​អំណាច​ ​តើ​ធានា​ប្រាកដ​ថា​សន្តិភាព​នេះ ​ត្រូវ​បាន​ធានា​ឬ​អត់? បើ​ការ​លាប​ពណ៌ ​ការ​ជេរប្រទេច ​ការប្រមាថ​មាក់ងាយ​ ​នៅ​តែ​បន្ត​កើត​នៅ​ក្នុង​ចំណោម​មេដឹកនាំ ​និង​អ្នក​គាំទ្រ​របស់​ពួកគេ»។​

លោក​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជា​នាយក​រដ្ឋមន្រ្តីជាង​បី​ទសវត្សរ៍​ ​មក​នោះ​បន្ថែម​ថា​ ​សារ​របស់​លោក​មិនមែន​ជា​ការ​ឃោស​នា​បោះឆ្នោត​នោះ​ទេ​ ​ប៉ុន្តែ​លោក​ថា​ ​គឺ​ជាការ​ដាស់​តឿន​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​

លោក​បញ្ជាក់​ថា៖​ «​តើ​បោះឆ្នោត​ដើម្បី​សន្តិភាព​បន្ត​ ​ឬ​បោះ​ដើម្បី​សង្រ្គាម?​ ​ជ្រើស​រើស​ទៅ​រវាង​សន្តិភាព​ និង​សង្រ្គាម។ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ សន្តិភាព​នឹង​មាន​បន្ត? ឱកាស​អភិវឌ្ឍន៍​នឹង​មាន​បន្ត»។​

រូបឯកសារ៖ ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅសួន​ប្រជាធិបតេយ្យ នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ក្រោយការ​បោះឆ្នោតថ្នាក់ជាតិ​បាន​បញ្ចប់។

រូបឯកសារ៖ ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅសួន​ប្រជាធិបតេយ្យ នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ក្រោយការ​បោះឆ្នោតថ្នាក់ជាតិ​បាន​បញ្ចប់។


ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​ក៏នៅ​តែ​បន្ត​ព្រមាន​ជា​បន្តបន្ទាប់ទៀត​ថា​ប្រទេស​នឹង​មាន​សង្គ្រាម ខណៈ​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២០១៧​ ​និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ​ ​កាន់​តែ​ខិត​ជិត​មក​ដល់។​

ការ​គំរាម​របស់​បុរស​ខ្លាំង​កម្ពុជា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ឃ្លាំ​មើល​ការវិវត្ត​នយោបាយ​កម្ពុជា និង​សេដ្ឋវិទូ លើក​ឡើង​ថា ​ជា​ការ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​ ​ជា​ពិសេស​ការ​បាត់បង់​វិនិយោគិន ដោយ​សារ​តែ​ភ័យ​ខ្លាច​ចំពោះ​សង្គ្រាម​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​

លោក អ៊ា សុផល​ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Occidental College ​នៃ​រដ្ឋ​ Los Angeles​ ​សហរដ្ឋ​អាមេរិក​ ​និង​ជា​អ្នក​វិភាគ​គោលនយោបាយ​ ​ប្រាប់​ VOA ​តាម​រយៈ​សារអេឡិចត្រូនិច​អ៊ីមែល​ថា​ ​ការ​គំរាម​ពី​ការ​កើត​មាន​សង្គ្រាម​ដែល​លោក​នាយក​រដ្ឋមន្រ្តី​តែង​លើក​ឡើង នឹង​ធ្វើឲ្យ​អ្នកវិយោគ​ដែល​ប្រកប​របរ​សុច្ចរិត​ចាកចេញ​ពី​កម្ពុជា។​

លោក​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«វិនិយោគិន​មិន​ចូលចិត្ត​សង្រ្គាម​ទេ ​ព្រោះ​វា​ជា​ការ​អាក្រក់​សម្រាប់​ការ​វិនិយោគ​របស់​ពួកគេ​ និង​ជា​ពិសេស​អ្នក​ទទួល​ផល​ពី​វិនិយោគ​ លុះ​ត្រាណា​តែ​ពួកគេ​គឺជា​ឈ្មួញ​អាវុធ»។​

លោក Stephen Higgins នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ ​Mekong Strategic Partners​ ​ប្រាប់ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិចថា​ ​អ្នក​ធ្វើ​ជំនួញ​នានា​ ​នឹង​បន្ត​ជ្រើស​រើស​យក​មធ្យោបាយ​ដែល​មាន​ការ​គិតគូរ​ពិចារណា​ និង​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ជាមុន ​ដើម្បី​វិនិយោគ មាន​ន័យ​ថា ពួកគេ​នឹង​ពិចារណា​រាល់​សម្តី​ដែល​មេដឹកនាំ​ប្រទេស​បាន​ថ្លែង​ និង​តាមដាន​រាល់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

លោក​បន្ថែម​ន័យ​ដើម​ថា៖​ «ជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​នេះ​ ពួកគេ​នឹង​ពិចារណា​ទៅ​លើ​ការ​បត់​បែន​របស់​នយោបាយ​ និង​បរិបទ​ដែល​បាន​ធ្វើ​ឡើង​តាម​សេចក្តី​ថ្លែង​ការណ៍​ផ្សេងៗ»។​

រូបឯកសារ៖ លោក ​ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ចូលរួម​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦។

រូបឯកសារ៖ លោក ​ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ចូលរួម​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦។


ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ទាំង​នោះ​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​គួរ​កាត់​បន្ថយ​អំពើ​ពុករលួយ ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​ និង​បញ្ឈប់​ការ​និយាយ​ពី​សង្គ្រាម ​ដើម្បី​ជំរុញ​ ​និង​លើក​ទឹក​ចិត្ត​វិនិយោគិន​ដែល​កំពុង​បណ្តាក់​ទុន​ និង​ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។​

ចំណែក​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ ​និង​មន្រ្តី​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ការ​ព្រមាន​ពី​ការ​កើត​មាន​សង្គ្រាម​ម្តង​ហើយ​ម្តង​ទៀត​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​ក្នុងការ​បាត់​បង់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី ​និង​ថា​ជា​ការ​កម្លាច​ប្រជា​ពលរដ្ឋ​មុន​ការ​បោះឆ្នោត។ ពួកគេ​បន្ថែម​ថា សង្គ្រាម​នឹង​មិន​អាច​កើត​មាន​នោះ​ទេ​ ​ដោយ​សារ​អ្នក​ដែល​គ្រប់គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​សុទ្ធ​តែ​ជា​មនុស្ស​ស្និទ្ធិ​ទៅ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ស្របពេល​ដែល​សាច់ញាតិ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ក៏​កំពុង​កាន់កាប់​ជំនួញ​រាប់​លាន​ដុល្លារ​នៅ​កម្ពុជា។

លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​តែងតាំង​ជាផ្លូវ​ការ​ប្រាប់ VOA ថា អ្នក​វិនិយោគ​តែង​ចង់​បណ្តាក់​ទុន​ក្នុង​ប្រទេស​ដែល​ពោរពេញ​ដោយ​សន្តិភាព មិនមែន​ប្រទេស​ដែល​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ពី​សង្គ្រាម​នោះ​ទេ។ ទោះ​ជា​យ៉ាងណា​លោកស្រី​ថា លោក ហ៊ុន សែន នឹង​មិន​បង្ក​សង្គ្រាម​ដែល​ធ្វើ​ឲ្យ​ខាត​ដល់​ជំនួញរបស់​សាច់​ញាតិ​លោក​នោះ​ទេ។​

លោកស្រី​បញ្ជាក់​ថា៖​

​«អ្នកណា​ក៏​ដឹង​ដែរ​នៅ​ក្នុង​វិនិយោគ​ហ្នឹង​មាន​គ្រួសារ​របស់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច​ច្រើន​ណាស់។ ឥឡូវ​ខ្ញុំ​សួរ​សិន​ ថា​តើ​ហ៊ាន​ខាត​ទេ? ​ហ្នឹង​សម្រាប់​តែ​សេដ្ឋកិច្ច។ ចំពោះ​ខ្ញុំ​វិញ​ខ្ញុំ​យល់​ឃើញ​ថា ពាក្យ​សង្គ្រាម​មិនមែន​ជា​ពាក្យ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ឈ្នះ​ទេ​ ​ពាក្យ​ព្រមាន​ថា​នឹង​សង្គ្រាម​ ​ខ្ញុំ​យល់​ឃើញ​ថា​ ជា​ពាក្យ​មួយ​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ណាស់»។​

ចំណែក​លោក​ ​ឯម សុវណ្ណារ៉ា​ ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ក្នុង​ស្រុក​មួយ​លើក​ឡើង​ថា ការ​ព្រមាន​ពី​សង្គ្រាម​ដែល​លោក​នាយក​រដ្ឋមន្រ្តី​តែងតែ​ប្រកាស​ក្តែងៗ អាច​មាន​ឥទ្ធិពល​តែ​លើ​ក្រុម​ប្រជាពលរដ្ឋ​វ័យ​ចំណាស់ និង​អ្នក​ដែល​មាន​ទ្រព្យ​ធន​តែ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

​«សារ​នេះ​ឯង​វា​នៅ​មាន​ឥទ្ធិពល​សម្រាប់​ពលរដ្ឋ​ស្រទាប់​ចាស់ៗ និង​អ្នក​ដែល​មាន​ទ្រព្យធន​ច្រើន​នៅ​ទី​ប្រជុំជន​ អ្នក​ពាណិជ្ជករ។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​សាមញ្ញ ​គ្រួសារ​ក្រីក្រ ស្រាប់​យុវជន​សម័យ​ថ្មី ដែល​គាត់​ទទួល​ចរន្ត​ថ្មី ទ្រឹស្តី​ថ្មី​ហ្នឹង​ គឺ​គាត់​មិន​ខ្លាច​របត់​ហ្នឹង​ទេ ការ​គំរាម​ហ្នឹង​ទេ គឺ​គាត់​មាន​ការ​យល់​ដឹង​ច្រើន»។​

មិនមែន​តែ​លោក​ ​ហ៊ុន សែន​ ​នោះ​ទេ​ ​ដែល​ព្រមាន​ថា​ នឹង​មាន​សង្គ្រាម​ ​សូម្បី​តែ​មេប៉ូលិស​ ​និង​មេទាហាន​ ក៏​បាន​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ព្រមទាំង​បាន​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ដែល​មាន​បំណង​ចង់​បះបោរ​ ​ឬ​អ្នក​ដែល​មិនព្រម​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ជា​ដើម។ តួយ៉ាង​ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ​លោក​ ​ទៀ បាញ់​ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​កាន់​អំណាច​ផង​នោះ ក៏​បាន​ព្រមាន​វាយ​បំបែក​ធ្មេញ​អ្នក​ដែល​ហ៊ាន​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត។​

នាយ​ឧត្តមសេនីយ៍​ ​ទៀ បាញ់​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃច័ន្ទ​យ៉ាង​ដូច្នេះ​ថា៖

«យើង​បាន​មក​ដល់​សព្វ​ថ្ងៃនេះ​ហើយ គឺថា​បែរ​ជា​មក​ឯណា​ឯណី ​ហើយ​ពេល​ដែល​បោះឆ្នោត​ចាញ់​ហើយ​គឺ​មិន​ព្រម​ចាញ់​ទេ ចេញ​មក​ព្រោងព្រាត​មក​ទាមទារ​នេះ​ទាមទារ​នោះ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ។ លើក​នេះ​មិន​ទុក​ទេ​ប្រាប់​ឲ្យ​ហើយ គឺ​និយាយ​គ្នា​ត្រង់​ចឹង​ម៉ង ​ថា​ម៉េច​ថា​ចុះ រឿង​ពិត​ត្រូវ​និយាយ​គ្នា​ចឹង មិន​អនុញ្ញាត​ជា​ដាច់ខាត»។ ​

យ៉ាង​ណា​ក៏​ដោយ​ ​លោក ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​របស់​លោក​ហ៊ុន សែន ​ប្រាប់ VOA ថា សង្គ្រាម​នឹង​កើត​មាន​ប្រសិន​បើ​គណបក្ស​កាន់អំណាច​ចាញ់​ឆ្នោត​ ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​តែង​លើក​ឡើង​ នឹង​កើត​មាន​ឡើង​ពិតប្រាកដ​ជា​កើត​មាន​មែន​ ​បើទោះបី​ជា​មិនមែន​សង្គ្រាម​ដែល​ប្រើប្រាស់​អាវុធ​ក៏​ដោយ។

លោក​បញ្ជាក់​ថា សង្រ្គាម​នោះ​នឹង​កើត​ឡើង​ដោយ​សារ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​បាន​សន្យា​ថា នៅ​ពេល​ដែល​ពួក​គេ​ឈ្នះឆ្នោត​នឹង​លុប​បំណុល​ធនាគារ​ដែល​ប្រជា​ពលរដ្ឋ​ជំពាក់ ការ​សន្យា​ថា​បិទ​មិន​ឲ្យ​មាន​ពលករ​ចំណាក​ស្រុក និង​លុប​កុង​ត្រា​វិនិយោគ​បរទេស​ផ្សេងៗ។​

លោក​ សុខ ឥសាន​ មាន​ប្រសាសន៍​ថា៖​

«មេ​ដឹកនាំ​បក្ស​កន្លង​ទៅ​បាន​លើកឡើង​ហើយ​ថា​ ពេល​ណា​ដែល​គេ​ឈ្នះ​ឆ្នោត​ គេ​នឹង​រឹប​អូស​ដី​អ្នក​មាន​ទៅ​ចែក​អ្នកក្រ ​គេ​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នកមាន​ទៅ​ចែក​អ្នកក្រ​ គេរើស​អើង​លោក​ឧកញ៉ា លោក​ថៅកែ ថា​ជា​ថៅកែ​ចិត្ត​ខ្មៅ​ ​សួរ​ថា​ អ្នកណា​ជា​អ្នក​ស្រែក​កាលពី​ដើម​កន្លង​មក? ហើយ​សន្យា​ជាមួយ​មន្រ្តី​រាជការ​ថា​មិន​ដក​ទេ ​ក៏​ប៉ុន្តែ​សន្យា​ជាមួយ​សកម្មជន​គណបក្ស ដែល​ជាអ្នក​ជួយ​ការងារ​គណបក្ស​ហ្នឹង​ថា​ គេ​នឹង​ឲ្យ​ឋានៈនាទី​ចៅ​ហ្វាយ​ស្រុក ​ចៅហ្វាយ​ខេត្ត​អី ហូរហែរ​អញ្ចឹង​ ​អាហ្នឹង​ហើយ​ដែល​ជា​បដិវាទកម្ម​ដែល​ជៀស​មិនរួច»។​


លោក សុខ ឥសាន បន្ថែម​ថា អ្នក​វិនិយោគ​នឹង​មិន​បារម្ភ​ពី​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន ​ពី​ការ​មាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​លោក​ថា អ្នក​វិនិយោគ​នឹង​បារម្ភ​ពី​គោល​នយោបាយ​របស់​គណបក្សដែល​មិន​កាន់​អំណាច។​

ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១១៣​ ​ក្នុង​ចំណោម​ ​១៦៧​ប្រទេស​ ​នៅ​ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit) ដែល​បាន​ចេញ​ផ្សាយ​នៅ​ខែ​មករា​ ​ឆ្នាំ​២០១៧។ សន្ទស្សន៍​នោះ​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០១៥ ​កម្ពុជាទទួល​បាន​ពិន្ទុសរុប​ចំនួន ៤,២៧​ គឺ​ស្ថិត​ក្នុង​ក្រុម​ប្រទេស​របប​កូន​កាត់​ប្រជាធិបតេយ្យ​ពាក់​កណ្ដាល ផ្ដាច់ការ​ពាក់​កណ្ដាល។ តាម​ពិន្ទុ​នេះ ប្រទេស​កម្ពុជា​ហៀប​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រទេស​របប​ផ្ដាច់ការ៕

What Next?

Recent Articles

Leave a Reply

Submit Comment