ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ផ្សាយ​ឯកសារ​ថ្មី ដើម្បី​គាំទ្រ​របាយការណ៍​របស់​ខ្លួន

ដោយ សឿង ភារៈ
18/05/2017
RFI

media
រូបភាព​តំណាង៖ សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ (©វណ្ណារ៉ា)


ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) កាល​ពី​ថ្ងៃ​ទី ១៦ ឧសភា បាន​ចុះ​ផ្សាយ​ឯកសារ​ថ្មី ដើម្បី​គាំទ្រ​របាយការណ៍​របស់​ខ្លួន​ស្តី​ពី “ជនល្មើស​ដដែលៗ” ទាក់​ទង​នឹង​ការ​ជួញ​ដូរ​ឈើ​ពី​ខេត្ត​រតនគីរី ទៅ​វៀតណាម។ ឯកសារ​ដែល​ទើប​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់ EIA រួម​មាន​បញ្ជី​បញ្ជាក់​ពី​ការ​វេច​ខ្ចប់ វិក័យប័ត្រ កំណត់​ត្រា​គយ​វៀតណាម និង​ឯកសារ​មួយ​ចំនួន​ទៀត។

ឯកសារ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នោះ​រួម​មាន​រូបភាព ដែល​ចាប់​បាន​ពី​ផ្កាយ​រណប បង្ហាញ​ពី​ទីតាំង​ដាក់​ឈើ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​យោធា​វៀតណាម​ស្ថិត​ក្នុង​ព្រំដែន​វៀតណាម, ឯកសារ​គយ និង​ពន្ធ​ដែល​បំរើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ឈើ​រាប់​ពាន់​ម៉ែត្រ​គីប, ឯកសារ​ច្បាប់​ដែល​រដ្ឋាភិបាល​វៀតណាម​ផ្តល់​ឲ្យ​ក្រុមហ៊ុន និង​ឯកសារ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន ១៦​កាន់​កាប់​ឈើ​កម្ពុជា​ប្រមាណ ២៣០,០០០​ម៉ែត្រ​គីប។

ក៏​មាន​ឯកសារ​មួយ​ចំនួន​ទៀត​ដែរ ដូច​ជា​វិក័យប័ត្រ, ឯកសារ​បញ្ជាក់​ពី​ការ​វេច​ខ្ចប់ , កំណត់​ត្រា​ផ្លូវ​ការ​របស់​គយ​វៀតណាម ដែល​លម្អិត​អំពី​ការ​នាំ​ចូល​ឈើ​ពី​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​ប្រហែល ៣០០​លាន​ដុល្លារ​អាមេរិក រួម​ទាំង​ឯកសារ​បញ្ជាក់​ពី​ការ​នាំ​ចូល​ឈើ​ពី​កម្ពុជា​ចាប់​ពី​ខែ​មករា ឆ្នាំ ២០១៦​មក។
 
ការ​ផ្សព្វ​ផ្សាយ​ឯកសារ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន EIA ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស បាន​ផ្សព្វ​ផ្សាយ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ស្តីពី​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​ឈើ​វៀតណាម​ក្នុង​ទឹក​ដី​ខេត្ត​រតនគីរី។
 
របាយការណ៍​ការ​ក្រោម​ចំណង​ជើង​ថា “ជនល្មើស​ដដែលៗ” បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឈើ​ប្រមាណ​៣​សែន​ម៉ែត្រ​គីប ត្រូវ​បាន​លួច​នាំ​ក្នុង​ប្រទេស​វៀតណាម។ ការ​ស៊ើប​អង្កេត​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ឲ្យ​ដឹង​ថា​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ ដោយ​ក្រុម​ហ៊ុន​វៀតណាម បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ពីរ និង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​ខេត្ត​រតនគីរី។​
 
លោក​សៅ សុភាព​ទី​ប្រឹក្សា​អម​ក្រសួង​បរិស្ថាន និង​ជា​អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ថា ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន​លើក​ទី​១ មិន​សូវ​លំអិត​ទេ ប៉ុន្តែ​ក្រសួង​បាន​ព្យាយាម​រក​ព័ត៌មាន​បន្ថែម។ ដោយ​ឡែក​ចំពោះ​ការ​ចេញ​ផ្សាយ​ឯកសារ​បន្ថែម​ដែល​លំអិត​ជាង​មុន​នេះ ក្រសួង​នឹង​ស្វែង​រក​ឯកសារ​ដែល​ចេញ​ផ្សាយ​ថ្មី​នេះ។
 
លោក​បញ្ជាក់​ថា​ពេល​នេះ​ក្រសួង​បរិស្ថាន​មិន​អាច​ឆ្លើយ​តប​បែប​ណា​ទេ ចំពោះ​ការ​ចេញ​ផ្សាយ​ឯកសារ​នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​បន្ថែម​ថា​ក្រសួង​បរិស្ថាន​បាន​ធ្វើ​សកម្មភាព​ទប់​ស្កាត់​ជា​បន្ត​បន្ទាប់​ចំពោះ​ករណី​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​តឹង​រឹង​បំផុត ចំណែក​ករណី​តូច​តាច​ខ្លះ​នៅ​តែ​មាន ក៏​ក្រសួង​នៅ​តែ​បន្ត​បង្រ្កាប​ដែរ៕

What Next?

Recent Articles