EIA ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​រឿង​កាប់​និង​ជួញដូរ​ឈើ​ខុស​ច្បាប់

ដោយ សាន សែល
2017-05-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA


សំណុំរឿង​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា រាប់​ម៉ឺន​ម៉ែត្រ​គូប​ទៅ​វៀតណាម ដែល​អង្គការ​ផ្នែក​បរិស្ថាន​អន្តរជាតិ បាន​ស៊ើប​អង្កេត​ឃើញ​នៅ​មិន​ទាន់​មាន​លទ្ធផល​ស៊ើប​អង្កេត​ណា​មួយ​ដោយ​រដ្ឋាភិបាល​កម្ពុជា នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​ការ​អះអាង​ថា កំពុង​ពិនិត្យ​សិក្សា។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​អន្តរជាតិ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​វៀតណាម ចាប់​ផ្ដើម​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត និង​ចាប់​ជនល្មើស​ពាក់ព័ន្ធ​ដាក់​ទោស​តាម​ច្បាប់។

មន្ត្រី​ព័ត៌មាន​ផ្នែក​បរិស្ថាន​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប នៅ​ប្រទេស​បែលហ្ស៊ិក (Belgium) អ្នកនាង អាយរីស ផេតសា (Iris Petsa) បាន​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា សហភាព​អឺរ៉ុប ត្រូវ​បាន​ក្រុម​ការងារ​ប្រាប់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ពី​ការ​ស៊ើប​អង្កេត បន្ទាប់ពី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បាន​រក​ឃើញ​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់​ដែល​ឆ្លង​កាត់​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម មុន​នឹង​ដឹក​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប។

ទោះ​បី​យ៉ាង​ណា អ្នកនាង​មិន​បញ្ជាក់​បន្ថែម​ព័ត៌មាន​លម្អិត​នោះ​ឡើយ។

អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា បាន​ផ្សាយ​របាយការណ៍ “ជនល្មើស​មុខ​ដដែល” ដែល​ក្រុម​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា ឈើ​មូល​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​វៀតណាម នាំ​ចូល​ពី​ប្រទេស​កម្ពុជា ដែល​គេ​កាប់​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧។ EIA បាន​ចោទ​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​ពីរ យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ទ្វារ​ឲ្យ​កាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់។

ការ​ចេញ​របាយការណ៍​នេះ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​សហភាព​អឺរ៉ុប និង​វៀតណាម ចុះ​ហត្ថលេខា​បញ្ចប់​ការ​ចរចា​ស្ដីពី​កិច្ច​ព្រមព្រៀង FLEGT (EU-Vietnam Voluntary Partnership Agreement (VPA) on Forest Law Enforcement, Governance and Trade) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​កាប់​ឈើ​ខុសច្បាប់ និង​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ស្រប​ច្បាប់។

សហភាព​អឺរ៉ុប ជំរុញ​ដល់​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​សកម្មភាព​ខុស​ច្បាប់​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ ហើយ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​បុគ្គល និង​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ស៊ើបអង្កេត​ឃើញ​ថា បាន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ ព្រម​ទាំង​ត្រូវ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ការពារ​កុំ​ឲ្យ​សកម្មភាព​ខុស​ច្បាប់​កើត​ឡើង​នៅ​ពេល​អនាគត។

ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​វៀតណាម មិន​ឆ្លើយ​តប​សំណើ​សុំ​ការ​បំភ្លឺ​របស់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន កំពុង​សិក្សា​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​រក​ឃើញ​ដោយ EIA។ ក៏​ប៉ុន្តែ​ស្ថាប័ន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក្សា​ព្រៃឈើ​នេះ បាន​លើក​ឡើង​ថា ចំនួន​ឈើ​ខុស​ច្បាប់​ដែល​កាប់ និង​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ខណៈ​បន្ត​អះអាង​ថា រដ្ឋាភិបាល​បាន​ចាត់វិធានការ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក ចាហ្គោ វ៉ាដលេ (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់ខ្ពស់​ផ្នែក​ព្រៃឈើ​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ថ្លែង​នៅ​ក្នុង​អ៊ីមែល​ថា ការ​ច្រាន​ចោល​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​ថា គ្មាន​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ក្នុង​ចំនួន​ដែល EIA បាន​ស៊ើប​អង្កេត​ឃើញ គឺ​ជា​រឿង​រវើរវាយ៖ «ប្រព័ន្ធ​កូតា​វៀតណាម ដែល​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ចូល​ពី​ប្រទេស​កម្ពុជា នឹង​អស់​សុពលភាព​នៅ​ចុង​ខែ​ឧសភា ដូច្នេះ ដល់​ពេល​នោះ​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា យល់​ថា ខ្លួន​ត្រៀម​រួច​រាល់​ដើម្បី​បើក​ការ​ស៊ើប​អង្កេត ឬ​ក៏​​ថា បាន​ពិនិត្យ​សិក្សា​ល្អិតល្អន់​រួច​ហើយ​នូវ​ការ​រក​ឃើញ​របស់ EIA។ ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់​ដែល EIA បាន​រក​ឃើញ នឹង​ផ្អាក​ដែរ នៅ​ពេល​ដល់​កំណត់​នៃ​ប្រព័ន្ធ​កូតា​របស់​វៀតណាម ហើយ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល នឹង​មិន​រក​ឃើញ​អ្វី​ទាំង​អស់»

​លោក​បន្ថែម​ថា EIA នឹង​ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម មាន​ប្រសិទ្ធភាព លុះត្រា​ណា​មន្ត្រី​ពុករលួយ​កម្ពុជា និង​វៀតណាម ត្រូវ​បាន​ស៊ើបអង្កេត កាត់​ទោស និង​ដាក់​ទោសទណ្ឌ​តាម​ច្បាប់។ លោក​ថា កម្ពុជា​គួរ​បញ្ឈប់​ការ​រត់​ពន្ធ​ឈើ ហើយ​វៀតណាម គួរ​ដក​ប្រព័ន្ធ​កូតា​នាំ​ចូល​ឈើ​ដែល​ខុស​ច្បាប់​ពី​កម្ពុជា និង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ព្រម​ទាំង​បញ្ជូន​ឈើ​ខុស​ច្បាប់​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា មក​កម្ពុជា​វិញ។

លោក អ៊ូច ឡេង ប្រធាន​អង្គការ​ការងារ​ពិសេស​ដើម្បី​សិទ្ធិមនុស្ស ដែល​បាន​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​កាប់ និង​ដឹក​ឈើ​ពី​កម្ពុជា ទៅ​វៀតណាម កើត​មាន​ជា​ប្រចាំ​យូរ​ឆ្នាំ​មក​ហើយ ហើយ​របាយការណ៍​របស់ EIA ឆ្លុះ​បញ្ចាំង​ការពិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "EIA ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​រឿង​កាប់​និង​ជួញដូរ​ឈើ​ខុស​ច្បាប់"

  1. Ken says:

    ឈើហ៊ុប ឈើខ្លឹម កាប់ ជញ្ជូនទៅវៀតណាម ខ្សាច់ទន្លេ ខ្សាច់កោះកុង ដឹកចេញលក់ទៅបរទេសលុយដាក់ហោប៉ៅ ខ្សាច់សំណង់នៅខ្មែរឡើងថ្លៃ អាជីវកម្មឈើកំប៉ិកកំប៉ុកតាមហាងត្រូវអជ្ញាធរកេងប្រវ័ញ្ជ។ សូមបងប្អូនបោះឆ្នោតជូនបក្សសង្គ្រោះជាតិដើម្បីស្តារកិត្តិយសជាតិយើង។