កិច្ច​ព្រមព្រៀង​ប្រកួត​ល្បុក្កតោ នៅ​សៀមរាប បាន​ចែក​ផ្លូវ​គ្នា

លោក​តា​ក្រមា​មាស សាន គឹម​ស៊ាន (ស្តាំ) សម្តែង​ក្បាច់​ល្បុក្កតោ​ កាលពី​ឆ្នាំ ២០១៥។ ស្រេង ម៉េងស្រ៊ុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: លោកគ្រូ​តា​ក្រមាមាស​សាន គឹមស៊ាន ប្រធាន​បណ្ឌិត្យ​សភា​ល្បុក្កតោ​កម្ពុជា និងជា​ស្ថាបនិក​ចងក្រង​ឯកសារ​ជាច្រើន​របស់​ល្បុក្កតោ បាន​ប្រកាស​លា​ឈប់ និង​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​ជាមួយ​ម្ចាស់​ភោជនីយដ្ឋាន​មួយ នៅ​ទីរួម​ខេត្ត​សៀមរាប ដែល​មាន​ឈ្មោះ​ថា ភោជនីយដ្ឋាន​ល្បុក្កតោ ដែល​មាន​គោលបំណង​ប្រកួត​សម្តែង​កីឡា​ល្បុក្កតោ​រាល់​ចុង​សប្តាហ៍ ជូន​ភ្ញៀវ​ទស្សនា​ក្នុង​ពេល​រាត្រី ក្នុងពេល​ភ្ញៀវ​មក​ទទួល​ទាន​អាហារ​នៅ​ទីនោះ។

កិច្ចព្រមព្រៀង និង​ការ​សហការ​ប្រកួត​កីឡា​ល្បុក្កតោ​របស់​បណ្ឌិត្យសភា​ល្បុក្កតោ​ជាមួយ​ភោជនីយដ្ឋាន​មួយ​នេះ បាន​ដំណើរការ​ដើម្បី​ស្វែងរក​ការគាំទ្រ និង​ការឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ-ការិនី បាន​តែ​ចំនួន ៣ សប្តាហ៍​ប៉ុណ្ណោះ។

លោក​សាន គឹមស៊ាន បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «កីឡាករ-កីឡាការិនី​ល្បុក្កតោ បាន​ហ្វឹកហាត់ និង​បាន​ចំណាយ​ពេលវេលា​ប្រមូល​ផ្តុំ មកពី​ខេត្ត​មួយ​ចំនួន​រួមមាន​កំពង់ឆ្នាំង កណ្តាល ភ្នំពេញ និង​ខេត្ត​ដទៃ​ទៀត ដែលមាន​ក្លិប​ចំនួន ១០ និង​កីឡាករ-ការិនី​ជិត ១០០ នាក់»។

លោក​បាន​បន្តថា៖ «បញ្ហា​វិវាទ​នេះ​បាន​ធ្វើឲ្យ​បណ្ឌិត្យសភា​ល្បុក្កតោ​ទទួលរង​ការខាតបង់​ច្រើន នៅពេល​ដែល​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នេះ មិន​គោរព​តាម​កិច្ចសន្យា និង​បាន​យក​ការប្រកួត​ទៅជា​ល្បែង​ភ្នាល់​លុយ ដែល​នាំ​ឲ្យខូច​កម្មវិធី​ប្រកួត»។

លោក​គឹមស៊ាន បាន​បញ្ជាក់​ថា៖ «កិច្ចព្រមព្រៀង​នេះ​បាន​ឯកភាព​យូរខែ​មក​ហើយ ប៉ុន្តែ​កិច្ច​ចាប់ផ្តើម​សម្ពោធ ព្រមទាំង​ការបង្កើត​ឲ្យមាន​ការប្រកួត​ទើបតែ​នៅ​ក្នុង​ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ ២០១៧ ប៉ុណ្ណោះ ហើយ​ក្រោយ​ពីមាន​បញ្ហា​មិនចុះ​សម្រុង​គ្នា​រវាង​ភាគី​ទាំងពីរ ខ្ញុំក៏​សុំ​ដកខ្លួន និង​សុំ​ឲ្យដក​ស្លាក​ឈ្មោះ​កីឡា​ល្បុក្កតោ​ចេញពី​ភោជនីយដ្ឋាន​នោះ​ទៅ ព្រមទាំង​ឈប់​សហការ​គ្នា​ទៀត ពីព្រោះ​ខុសពី​គោលការណ៍​របស់​កីឡា»។

លោក​សាន គឹមស៊ាន ក៏បាន​ព្រមាន​ទៅ​លើ​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ល្បុក្កតោ​នោះ​ថា មិន​ឲ្យបន្ត​យក​ឈ្មោះ​ល្បុក្កតោ​ទៅធ្វើ​អាជីវកម្ម​ទៀត​ឡើយ ហើយ​ក៏បាន​រាយការណ៍​ទៅ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា មិនគួរ​អនុញ្ញាត​ឲ្យច្បាប់​យក​ឈ្មោះ​ល្បុក្កតោ​ទៅ​ប្រើប្រាស់​បន្ត​ទៀត​នោះ​ឡើយ»។

ទោះបីជា​យ៉ាងណា លោក​សាន គឹមស៊ាន មិនបាន​ទម្លាយ​ពី​សេចក្តី​លម្អិត​នៃភាព​មិន​ចុះសម្រុង​គ្នា​នោះ​ទេ គ្រាន់​តែ​ប្រាប់​ថា​ក្នុង​នោះ​មាន​បញ្ហា​ទាក់ទង​ទៅនឹង​តម្លៃ​ខ្លួន​កីឡាករ និង​គ្រូបង្វឹក​ផងដែរ។

លោក​អ៊ុំ យ៉ុម គ្រូបង្វឹក និង​តំណាង​ក្លិប​មកពី​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចំណាយ​ពេល​បង្វឹក និង​ប្រមូលផ្តុំ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិន​បាន​ដឹងពី​មូលហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​លោកគ្រូ​សាន គឹមស៊ាន ប្រកាស​ដកខ្លួន​ឈប់​នោះ​ទេ ប៉ុន្តែ​តាមការ​ព្រមព្រៀង​កន្លង​មក យើង​បាន​ចូលរួម​ហ្វឹកហាត់​ប្រកួត​បាន​ចំនួន ៣ សប្តាហ៍​ដែរ តាំងពី​ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ ២០១៧ ហើយ​លោកគ្រូ​តាសាន គឹមស៊ាន មាន​បញ្ហា​ជាមួយ​ភាគី​ម្ចាស់​ហាង​ដោយ​មិន​ចុះសម្រុង ហើយ​ក៏ចែក​ផ្លូវ​គ្នា​ទៅ»។

លោកគ្រូ​បង្វឹក​រូបនេះ បាន​សម្តែងការ​សោកស្តាយ​ខ្លាំង ប៉ុន្តែ​លោក​នៅតែ​រក្សា​ជំហរ​ចង់​ឲ្យបន្ត​ការសហការ​ជាមួយគ្នា​បន្ត​ទៀត ប្រយោជន៍​ឲ្យ​អត្តពលិក​ល្បុក្កតោ​បាន​ប្រកួត និង​មាន​ប្រាក់​ចំណូល។

លោក​អ៊ុំ យ៉ុម បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​ម្ចាស់​ហាង​ត្រូវការ​កីឡា​ល្បុក្កតោ​បន្ត​ការប្រកួត ខ្ញុំ​នៅតែ​យល់ព្រម និង​ឯកភាព​ពីព្រោះ​ការប្រកួត​នាំឲ្យ​កីឡាករ គ្រូបង្វឹក​ទទួល​ប្រាក់​ចំណូល»។

លោក​វ៉ាត់ ចំរើន ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ទទួល​បាន​ដំណឹង​ពីការ​មិន​ឯកភាព​គ្នា​នោះ​ហើយ ប៉ុន្តែ​ខ្ញុំ​មិនទាន់​ទទួល​បាន​មូលហេតុ​ច្បាស់លាស់ ដែល​នាំឲ្យ​មានការ​ផ្អាក ឬ​ឈប់​ប្រកួត​នោះ​ឡើយ ដោយ​រង់ចាំ​សេចក្តីរាយការណ៍​ជាក់ស្តែង​ពីភាគី​ទាំងពីរ»៕

What Next?

Recent Articles