កសិករ​ដាំ​ម្រេច​នៅ​ខេត្ត​រតនគិរី​បារម្ភ​ពី​តម្លៃ​ម្រេច​បន្ត​ចុះ​ថ្លៃ​ទៀត

ដោយ រដ្ឋា វិសាល
2017-06-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចម្ការ​ម្រេច​នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Ratha Visal
ចម្ការ​ម្រេច​នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Ratha Visal


ទីផ្សារ​លក់​ចេញ​គ្រាប់​ម្រេច​បាន​ធ្លាក់​ថ្លៃ​ទៅៗ ខណៈ​កសិករ​នៅ​ខេត្ត​រតនគិរី នាំ​គ្នា​ដាំ​ម្រេច​កាន់​តែ​ច្រើន។ កសិករ​ដាំ​ម្រេច​បារម្ភ​ថា ប្រសិន​បើ​តម្លៃ​លក់​ចេញ​គ្រាប់​ម្រេច​ចុះ​ជាង​នេះ​បន្ត​ទៀត​នោះ កសិករ​ដាំ​ម្រេច​នឹង​ប្រឈម​ទៅ​នឹង​ការ​ខាតបង់​ប្រាក់​សម្រាប់​មុខ​របរ​កសិកម្ម​មួយ​នេះ។

កសិករ​ដាំ​ម្រេច​នៅ​ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​រាជ​រដ្ឋាភិបាល ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ប្រមូល​ទិញ​គ្រាប់​ម្រេច​ពី​កសិករ​មាន​ទីផ្សារ​សមរម្យ ទើប​កសិករ​មាន​លទ្ធភាព​ពង្រឹង​ការ​ដាំ​ម្រេច​ពង្រីក​ជីវភាព​គ្រួសារ​បាន​រីក​ចម្រើន។

តម្លៃ​ទីផ្សារ​លក់​ចេញ​គ្រាប់​ម្រេច​បច្ចុប្បន្ន ឈ្មួញ​ប្រមូល​ទិញ​ពី​កសិករ​ក្នុង​មួយ​គីឡូក្រាម​ជាង ១​ម៉ឺន ៤​ពាន់​រៀល គឺ​ជាង ៣​ដុល្លារ​អាមេរិក​ជា​តម្លៃ​ទាប បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ គ្រាប់​ម្រេច​មាន​តម្លៃ​ទីផ្សារ​ជាង ៣​ម៉ឺន ២​ពាន់​រៀល ឬ​ជាង ៨​ដុល្លារ​អាមេរិក។

កសិករ​ដាំ​ម្រេច​នៅ​ក្រុង​បានលុង លោក នួន គឹមស្រ៊ី ត្អូញត្អែរ​ថា កសិករ​ដាំ​ម្រេច​កំពុង​ប្រឈម​ទៅ​នឹង​ក្ស័យ​ធន​ដោយសារ​តែ​គ្រាប់​ម្រេច​ធ្លាក់​ថ្លៃ​ដល់​កម្រិត​មិន​អាច​រក​ប្រាក់​ចំណេញ​ពី​ការ​លក់​គ្រាប់​ម្រេច​បាន។ លោក​កត់​សម្គាល់​ថា ថ្លៃ​ឈ្នួល​កម្មករ រួម​ទាំង​ការ​ថែទាំ បូម​ទឹក​ដាក់​ជី​បំប៉ន និង​តម្រូវ​ការ​ថ្នាំ​ការពារ​សត្វ​ល្អិត​ឋិត​ក្នុង​កម្រិត​ខ្ពស់ ព្រោះ​ដំណាំ​នេះ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ទើប​អាច​ប្រមូល​ផល​បាន ហេតុ​នេះ​ប្រសិន​បើ​គ្រាប់​ម្រេច​ធ្លាក់​ថ្លៃ​ជាង​នេះ​ទៀត កសិករ​នឹង​ត្រូវ​ខាត៖ «តម្លៃ​ប៉ុណ្ណឹង​ទៅ​អត់​រួច ទប់​អត់​រួច​ទេ បាន​តែ​រួច​ខ្លួន សល់​តិចតួច​អត់​ស្មើ​ការប្រាក់​ផង។ តម្លៃ​ពលកម្ម​ថ្លៃ តម្លៃ​ជី ថ្លៃ​ថ្នាំ​សព្វ​បែប​យ៉ាង​ហ្នឹង បើ​យើង​ប្រៀបធៀប​ទូទាត់​រយៈពេល​តម្លៃ​ហ្នឹង​អត់​ស្មើ​ការប្រាក់​ធនាគារ​ដែល​យើង​ជំពាក់​ផង»

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​ដាំ​ម្រេច​មួយ​រូប​ទៀត គឺ​លោក ហាក់ ឆៃហុក ចាត់​ទុក​ការ​ធ្លាក់​ថ្លៃ​លក់​ចេញ​គ្រាប់​ម្រេច​បច្ចុប្បន្ន គឺ​ជា​ទុក្ខ​ព្រួយ​របស់​អ្នក​ដាំ​ម្រេច ជាពិសេស​អ្នក​ដាំ​ម្រេច​លក្ខណៈ​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប ហើយ​ត្រូវ​ចង​ការប្រាក់​ពី​ធនាគារ ដើម្បី​ពង្រីក​ការ​ដាំ​ម្រេច។ លោក​ថា កសិករ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​សំណូមពរ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​រាជ​រដ្ឋាភិបាល​ជួយ​រក​វិធី​យ៉ាង​ណា​រក​ទីផ្សារ​ទិញ​គ្រាប់​ម្រេច​ឲ្យ​មាន​តម្លៃ​សមស្រប​ដូច​ឆ្នាំ​២០១៦ ទើប​កសិករ​មាន​សង្ឃឹម​ប្រកប​របរ​ដាំ​ម្រេច​បាន​តទៅទៀត៖ «អូ! តែ ១​ម៉ឺន​ខាត​ហើយ សោហ៊ុយ ជី បើ​យើង​ប្រើ​អាចម៍​គោ​ជី​ធម្មជាតិ​កាន់​តែ​ច្រើន​ទៀត។ អ្នក​ទិញ​ច្រើន​មក​ពី​ខាង​មេមត់ ក្រុមហ៊ុន​ខាង​ឧកញ៉ា ភា ហ្នឹង បើ​ចំណេញ​ដូច​អត់​ចំណេញ​ទេ»

មុន​ឆ្នាំ​២០០៨ នៅ​ខេត្ត​រតនគិរី ចម្ការ​ម្រេច​មាន​ប្រមាណ​ជាង ១០​ហិកតារ​ដែល​កសិករ​បាន​ដាំ ក៏ប៉ុន្តែ​ដំណាំ​នេះ​រីក​ចម្រើន​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន ដែល​តួលេខ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ដាំ​ម្រេច​បាន​កើន​ឡើង​រហូត​ជាង ៩០០​ហិកតារ ដែល​កសិករ​បាន​ដាំ និង​កំពុង​ទទួល​ផល​ប្រមាណ​ជាង ២​ពាន់​តោន​ក្នុង​មួយ​ឆ្នាំៗ។

ទាក់ទិន​តម្លៃ​ម្រេច​ធ្លាក់​ថ្លៃ​នេះ អាជីវករ​ប្រមូល​ទិញ​កសិផល​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី លោក ភិន ដារ៉ា ឲ្យ​ដឹង​ថា ម្រេច​ដែល​កសិករ​ផលិត​បាន​នៅ​ខេត្ត​រតនគិរី ច្រើន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ឬ​ប្រទេស​ថៃ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​គ្រាប់​ម្រេច​កាន់​តែ​ធ្លាក់​ថ្លៃ ក្រុម​អាជីវករ​ក្នុង​ស្រុក បន្ថយ ឬ​ឈប់​ប្រមូល​ទិញ​ដូច​មុន នៅ​សល់​តែ​ក្រុម​ឈ្មួញ​វៀតណាម មក​ទាក់ទង​ទិញ​ផ្ទាល់​ពី​កសិករ​ក្នុង​តម្លៃ​កាន់​តែ​ថោក។ លោក​កត់​សម្គាល់​ថា ដោយសារ​ម្រេច​ធ្លាក់​ថ្លៃ កសិករ​ខ្លះ​ប្រឈម​ទៅ​នឹង​កង្វះ​ទុន ដើម្បី​ថែរក្សា ឬ​ពង្រីក​ដំណាំ​នេះ​បន្ថែម​នៅ​ឆ្នាំ​ក្រោយ៖ «សូម្បី​តែ​មួយ​គីឡូក្រាម​តម្លៃ​ជាង ៣​ដុល្លារ ក៏​អត់​មាន​អ្នក​មក​ទិញ​ដែរ រាល់​ដង​ពេល​ធ្លាក់​ថ្លៃ​មាន​អ្នក​ប្រថុយ​មក​ទិញ​ទុក ឥឡូវ​គ្មាន​ទេ មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ ព្រោះ​ឃើញ​ថា​ដើមទុន​ធំ​ពេក ហើយ​ពិបាក​លក់​ចេញ»

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ថា ផ្ទៃ​ដី​ដាំ​ម្រេច​នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើង​ពី​ជាង ១.៤០០​ហិកតារ​នៅ​ឆ្នាំ​២០១២ ដល់​ជាង ៥.៨០០​ហិកតារ​នៅ​ឆ្នាំ​២០១៦ នេះ និង​ផ្តល់​ទិន្នផល​ជាង ១​ម៉ឺន​តោន។ ដោយឡែក​ម្រេច​នៅ​ខេត្ត​កំពត មាន​តម្លៃ​ទីផ្សារ​ថេរ​ចន្លោះ​ពី ២០ ទៅ ៣០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដោយសារ​តែ​កសិករ​ខេត្ត​កំពត ដាំ​តាម​ស្តង់ដារ​ទីផ្សារ​សហគមន៍​អឺរ៉ុប។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា ថ្លែង​ថា មន្ត្រី​ជំនាញ​ត្រៀម​លក្ខណៈ​រួច​ហើយ​ដើម្បី​ចលនា​ឲ្យ​កសិករ​ដាំ​ម្រេច​នៅ​ខេត្ត​រតនគិរី នាំ​គ្នា​ចងក្រង​ជា​សមាគម​ដាំ​ម្រេច ដើម្បី​សិក្សា​តម្រូវការ​ទីផ្សារ​ដែល​ទាក់ទិន​ទៅ​នឹង​បរិមាណ និង​គុណភាព​គ្រាប់​ម្រេច ដើម្បី​ស្វែងរក​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​កូរ៉េ ទើប​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​អាច​កើន​ឡើង​វិញ​បាន។ លោក​អំពាវនាវ​ឲ្យ​កសិករ​ដាំ​ម្រេច នាំ​គ្នា​ប្រែ​ក្លាយ​ការ​ដាំ​ម្រេច​សរីរាង្គ​ងាយ​រក​ទីផ្សារ​នៅ​ប្រទេស​ធំៗ​លើ​ពិភពលោក ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​វៀតណាម ឬ​ថៃ៖ «ម្រេច​កំពត គេ​បាន​ចុះ​បញ្ជី​ពិនិត្យ​ទៅ​លើ​ស្តង់ដារ​គុណភាព​របស់​វា គេ​មាន​កុងត្រា​ជាមួយ​អ្នក​ទិញ​ច្បាស់លាស់។ ម្រេច​កំពត គេ​មាន​សហគមន៍​របស់​គេ។ អាច​ឆ្នាំ​ក្រោយ ឬ​ចុង​ឆ្នាំ​នេះ យើង​នឹង​ប្រមូល​អ្នក​ដាំ​ម្រេច​ដើម្បី​ចងក្រង​គាត់»

នៅ​ខេត្ត​រតនគិរី តំបន់​ដាំ​ម្រេច​ច្រើន​មាន​នៅ​ស្រុក​អូរយ៉ាដាវ បរកែវ អូរជុំ ក្រុង​បានលុង។ ចម្ការ​ម្រេច​មួយ​ហិកតារ កសិករ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៣ ទៅ ៤​ម៉ឺន​ដុល្លារ​ទៅ​លើ​ពូជ ឈើ​ជន្លង់ ឈ្នួល​កម្មករ ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ឧបករណ៍​បន្ទាប់បន្សំ​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles