ក្រសួង​រ៉ែ​និង​ថាមពល​ថា​ជា​រឿង​ខាតបង់​បើ​ទុក​ខ្សាច់​ស​មិន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស

ដោយ យ៉ង ចាន់តារា
2017-06-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​កាយ​ខ្សាច់​ប្រភេទ​ស៊ីលីកា​ដាក់​កប៉ាល់ នៅ​កំពង់ផែ ម៉ុង ឫទ្ធី ឋិត​នៅ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature
សកម្មភាព​កាយ​ខ្សាច់​ប្រភេទ​ស៊ីលីកា​ដាក់​កប៉ាល់ នៅ​កំពង់ផែ ម៉ុង ឫទ្ធី ឋិត​នៅ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of Mother Nature



ក្រសួង​រ៉ែ និង​ថាមពល ពន្យល់​ថា ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ប្រភេទ​ស៊ីលីកា ឬ​ខ្សាច់​ស គឺ​ដើម្បី​កុំ​ឲ្យ​ខ្សាច់​នោះ​ត្រូវ​កប់​ចោល​ដោយ​ឥត​ប្រយោជន៍​នៅ​ក្រោម​តំបន់​សេដ្ឋកិច្ច​ពិសេស។ សកម្មជន​បរិស្ថាន ចាត់​ទុក​ការ​បកស្រាយ​នេះ​ថា​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​មួយ​ប្រភេទ​នេះ​ទៅ​ក្រៅ​ប្រទេស។

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ប្រភេទ​ស៊ីលីកា ដោយសារ​ទីតាំង​ខ្សាច់​ទាំងនោះ​គឺ​ជា​កន្លែង​ដែល​ត្រូវ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស។ លោក​ថា បើ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​មិន​ប្រមូល​យក​ខ្សាច់​ទាំងនោះ​ចេញ វា​គឺ​ជា​ការ​ខាតបង់​ទៅ​វិញ​ទេ។

លោក​សង្កត់​ធ្ងន់​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា​នេះ ធ្វើ​តែ​នៅ​ចំ​កន្លែង​ដែល​ត្រូវ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​តែ​ប៉ុណ្ណោះ មិន​មែន​ធ្វើ​ជា​រៀង​រហូត ឬ​ក៏​មាន​ចំនួន​រាប់​មិន​អស់​នោះ​ឡើយ៖ «»

លោក​បញ្ជាក់​ថា ខ្សាច់​ស៊ីលីកា​ដែល​ត្រូវ​បាន​ប្រមូល​ធ្វើ​អាជីវកម្ម​នោះ​មាន​តែ​ពីរ​ទីតាំង​ប៉ុណ្ណោះ គឺ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ទី​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​ការ​ទាញ​យក​នោះ​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ​២០១៤ មក​ដល់​សព្វថ្ងៃ។

សម្រាប់​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​នាំ​ចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា​នោះ លោក ឌិត ទីណា ថ្លែង​ថា ក្រសួង​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ ស្រប​ពេល​នឹង​ការ​ឆ្លើយ​បំភ្លឺ​ចំពោះ​សំណើ​របស់​លោក សុន ឆ័យ នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) មិន​ជឿ​លើ​ការ​បកស្រាយ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល នេះ​ឡើយ។ លោក​បាន​ប្រៀប​ប្រដូច​ការ​បកស្រាយ​នេះ​ទៅ​នឹង​ការ​បកស្រាយ​របស់​ក្រសួង​ជុំវិញ​ករណី​នាំ​ខ្សាច់​ចាក់​បំពេញ ទៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​មុន ដែល​ថា​ការ​បូម​ខ្សាច់​ចាក់​បំពេញ គឺ​ដើម្បី​សម្រួល​ផ្លូវ​ទឹក​ឲ្យ​ពលរដ្ឋ ហើយ​ការ​នាំ​ចេញ​គឺ​ដោយសារ​កម្ពុជា គ្មាន​ទីផ្សារ​លក់​ខ្សាច់​នេះ។

លោក​ថា តាម​ការពិត ខ្សាច់​ចាក់​បំពេញ​ទាំងនោះ​ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ដោយ​គេច​ពន្ធ​យក​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​មួយ​ចំនួន​ទៀត​ដោយ​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ។

សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​កម្ពុជា រូប​នេះ​អះអាង​ថា លោក​មាន​ភស្តុតាង​រឹងមាំ​ជាច្រើន​ដែល​បង្ហាញ​ថា ខ្សាច់​ស៊ីលីកា​រាប់​សែន​តោន​គិត​ជា​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា មុន​ឆ្នាំ​២០១៤ ហើយ​ការ​នាំ​ចេញ​ទាំងនោះ​ធ្វើ​ឡើង​ដោយ​គេច​ពន្ធ។ លោក​ថា ក្រុម​របស់​លោក​នឹង​លាតត្រដាង​ការពិត​ជុំវិញ​រឿង​នេះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៖ «»

អង្គការ​មាតា​ធម្មជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​នាំ​ខ្សាច់​ប្រភេទ​ស៊ីលីកា​នេះ​ចេញ​ទៅ​ក្រៅ​ប្រទេស ដូច​ករណី​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​ប្រភេទ​ចាក់​បំពេញ​ដែរ។

ការ​នាំ​ចេញ​ខ្សាច់​ប្រភេទ​ស៊ីលីកា​ដែល​ជា​ខ្សាច់​បម្រើ​ឲ្យ​ឧស្សាហកម្ម​ផលិត​កែវ ដប និង​កញ្ចក់ ទៅ​ក្រៅ​ប្រទេស​នេះ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​ថ្មី​មួយ​ទៀត​រវាង​ក្រសួង​រ៉ែ និង​ថាមពល នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង បន្ថែម​ពី​លើ​ករណី​នាំ​ខ្សាច់​ចេញ​ទៅ​សិង្ហបុរី និង​ឥណ្ឌា ដែល​កម្ពុជា ខាតបង់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ស្នើ​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស។

ឯកសារ​លម្អិត​ដែល​លោក សុន ឆ័យ ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​នោះ​មាន​ដូចជា លិខិត​ចម្លង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ បញ្ជី​ឈ្មោះ​ទីតាំង​ការដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​យក​ខ្សាច់​ស៊ីលីកា ឯកសារ​ថត​ចម្លង​ពី​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម និង​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។ លោក សុន ឆ័យ ក៏​ស្នើ​ឲ្យ​បង្ហាញ​ពី​តួលេខ​សរុប​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា គិត​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​បច្ចុប្បន្ន វិក្កយបត្រ​នាំ​ចេញ បញ្ជី​ឈ្មោះ​ប្រទេស​ដែល​នាំ​ចូល​ខ្សាច់​ស៊ីលីកា​ពី​កម្ពុជា តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ និង​ចំនួន​ថវិកា​សរុប​បាន​ពី​ការ​ប្រមូល​ពន្ធ​សួយសារអាករ។

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា បញ្ជាក់​ថា ក្រសួង​បាន​រៀបចំ និង​ប្រមូល​ឯកសារ​ទាំងនោះ​រួច​រាល់​ហើយ ហើយ​បន្ទាប់​ពី​ឆ្លង​កាត់​បែបបទ​រដ្ឋបាល​រួច ក្រសួង​នឹង​ផ្ញើ​ជូន​រដ្ឋសភា ព្រម​ទាំង​ផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ឮ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles