នយោបាយ​វិទូ៖ ការ​​ឌឺដង​ជេរ​គ្នា​​របស់​បុរស​ខ្លាំង​ទាំង​ពីរ ​គ្មាន​​ប្រយោជន៍ទេ​​​ចំពោះ​ជាតិ

ដោយ ហេង ឧត្តម
18/06/2017
RFI

media
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី


ថ្មីៗនេះ លោក ហ៊ុន សែន និងលោក សម រង្ស៊ី ឆ្លើយឆ្លង ឌឺដង ​រហូត​ដល់​ជេរ​គ្នា​ផង។ ករណីទី១ ជុំវិញ​រឿង​ភាព​​ក្លាហាន ឬកំសាករបស់លោក សម រង្ស៊ី ក្នុងការ​ត្រឡប់​​ចូលស្រុកវិញ​ និងទី​២​រឿង​ទម្លាយ​​សារ​សម្ងាត់​​របស់​ប្រមុខ​រដ្ឋាភិបាល​​ ដែល​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក​សម រង្សី នៅ​ដែល​លោក​មក​ជាន់​ដី​ស្រុក​ខ្មែរ​​។  ពីយប់​មិញ​នេះទៀត លោក ហ៊ុន សែន បាន​បដិសេធ​ការ​ទម្លាយ​សារ​សម្ងាត់​នោះ និង​បាន​ជេរ​លោក សម រង្ស៊ី ថាជា​មនុស្ស​ល្ងង់​ទៀតផង។ ចំណែក​លោក សម រង្ស៊ី ក៏​តែង​តែ​ចាត់​ទុក​ លោក ហ៊ុន សែន ថា​ជា​មនុស្ស​ខូច និងជាជន​ផ្តាច់​ការ​ ក្រាញអំណាច។​ នយោបាយ​វិទូខ្មែរ យល់ឃើញថា ការ​ឌឺដងជេរគ្នា​របស់បុរសខ្លាំងទាំងពីរនេះ គ្មាន​ប្រយោជន៍អ្វី​​ទេចំពោះ​ ជាតិ។ 

 

​ការ​ឌឺដង ការ​បង្ហាញ​សាច់ដុំ​ និងជេរ​ប្រមាថ​គ្នារវាង​បុគ្គល​នយោបាយ​ធំៗទាំងពីរ​​នេះ គ្មាន​ចំណេញ​អ្វី​ដល់​ជាតិទេ។​ ផ្ទុយ​ទៅវិញ គឺមានតែ​នាំឲ្យ​បែកបាក់ ប្រេះ​ឆា​ជាតិ​។ នេះគឺជាការ​យល់ឃើញ​របស់​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា។ លោក សូ ចន្ថា គិតទៀត​ឃើញ​ថា ការ​ឌឺដង​គ្នា​ដូច្នេះ​ គឺ​ជា​ល្បែង​នយោបាយ​ដែល​ហាក់​ដូចជា​ហួស​សម័យ​ទៅហើយ​។
 
ជាមួយ​គ្នា​នេះ ​នយោបាយ​វិទូ បណ្ឌិត យង់ ពៅ ក៏​បន្ថែមថា ឥស្សរជន​នយោបាយ​ទាំងពីរដែល​មាន​វ័យច្រើនគួរ​សម​​ហើយ​ ដូច្នេះក៏គួរ​តែ​មាន​ឥរិយាបថ​នយោបាយ​ចាស់ទុំ​ដែរ​។ អ្នក​នយោបាយធំៗនេះ​​ គា​ប្បី​ចេះ​ថ្នម​សម្តី និងចេះ​​ជ្រើសរើសពាក្យ​ពេចន៍​ឃ្លាឃ្លោងសមរម្យ​សម្រាប់​រិះគន់​គ្នា​ ទៅលើគោល​នយោបាយ​ កម្មវិធី​នយោបាយ​ ប្រសើរ​ជាង​ការ​ជេរ ឬបង្អាប់​គ្នា ជាលក្ខណៈបុគ្គល​​។​
 
ចំណែកសាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​មួយ​រូប​ទៀត គឺ​លោក ចាន់ វិបុល គិតបែប​ផ្សេង​ថា ការ​ឆ្លើយ​ឆ្លង​គ្នា​នេះ គ្មាន​ឥទ្ធិពល​អ្វី​ដល់​អារម្មណ៍​ពលរដ្ឋ​នោះទេ ព្រោះ​មនុស្ស​ខ្មែរ​បាន​យល់​ច្បាស់​ពី​សភាព​ការណ៍​ក្រោយ​​ការ​បោះឆ្នោត​ ហើយ​នេះ​ ក៏​ពុំ​មែន​ជារឿងថ្មីដែរ។ ការ​ណ៍​ដែល​សំខាន់​ចំពោះអ្នក​ជំនាញ​នយោបាយ​រូបនេះ គឺ​ម្ចាស់​ឆ្នោត​​ គួរ​រក្សា​ភាព​ស្ងប់ស្ងាត់ ខិត​ខំប្រឹងធ្វើការរកស៊ី​តាម​ជីវភាព​ និងកុំ​ឆោឡោ​តាម​អ្នក​នយោបាយឡើយ​។ ចំណែក​​មន្ត្រី​រាជការ​សាធារណៈ នគរបាល ទាហាន និង​តុលាការ ក៏​គួរ​ធ្វើការ​ដោយ​អព្យាក្រឹត្យ ហើយ​កុំ​ទោរទន់​តាម​ឥទ្ធិពល​នយោបាយ។ នេះបើ​ជាការ​យោបល់​របស់​លោក ចាន់ វិបុល។
 
ថែមពីនេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ បណ្ឌិត យង់ ពៅ ជូន​គតិ​ថា អ្នក​នយោបាយ​ខ្មែរ គួរ​សរសេរ​សារណា​កម្មវិធី​នយោបាយ​របស់​ខ្លួន ទៅតាម​ជំនាញ​របស់ខ្លួន។ ជាក់ស្តែង លោក សម រង្ស៊ី ដែល​ជាអ្នក​ជំនាញ​សេដ្ឋកិច្ច គួរ​អង្គុយ​សញ្ជឹង​គិត​ពិចារណា​សរសេរ​ទ្រឹស្តី​សេដ្ឋកិច្ច ហើយ​ដាក់​ឲ្យ​មាន​ការ​ដេញ​ដោរ រិះគន់ ប្រសើរ​ជាងអង្គុយ​​និយាយ សរសេរឡូឡា​។​ ចំពោះ​បណ្ឌិត យង់ ពៅ ដដែ​ល​, អ្នក​នយោបាយ​ដែលល្អ គឺចង់​ឲ្យ​ទ្រឹស្តីរបស់​​ខ្លួន ​ត្រូវ​បានគេ​យកទៅ​​អនុវត្ត​ បើ​ទោះបី​ជា​ មិន​បាន​​កាន់​អំណាច និង​ពុំ​បាន​អនុវត្តទ្រឹស្តី​​ដោយ​ដៃ​ផ្ទាល់​ខ្លួន​ក៏ដោយ​។​
 
ក្នុង​ន័យ​នេះដែរ លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ផ្តល់​យោបល់​ថា ជំងឺ​តួឯក​ គួរ​ត្រូវ​បញ្ចប់​។ ការ​ដែល​ប្រកាន់​គំនិតអាញ​និយម​នេះហើយ ដែល​នាំឲ្យ​មានការ​ជេរ​ប្រមាថ​គ្នា​ នាពេល​កន្លង​។ ដូច្នេះ ដល់​ពេល​ហើយ ដែល​អ្នក​នយោបាយ​ចាស់ៗ គួរ​ផ្តល់​ឱកាស​ដល់​យុវជន​អ្នក​នយោបាយ​​ជំនាន់ក្រោយ​ ហើយ​ខ្លួនគួរនៅ​​ធ្វើ​ជាអ្នក​ប្រឹក្សា ​យោបល់​ដល់​អ្នក​នយោបាយ​វ័យ​ក្មេង វិញ ទើប​ជា​ការ​ប្រសើរ​សម្រាប់​សង្គម​ជាតិ។ នេះបើតាម​នយោបាយ​វិទូ លោក សូ ចន្ថា​៕

What Next?

Recent Articles