ពលរដ្ឋ​ខែត្រ​ក្រចេះ​បារម្ភ​គ្មាន​ទីផ្សារ​លក់​ជ្រូក​ក្នុង​ស្រុក​ខណៈ​មាន​ការ​នាំ​ចូល​ពី​វៀតណាម​ច្រើន

ដោយ ម៉ែន សុធីរ
2017-06-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជ្រូក​របស់​ពលរដ្ឋ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
ជ្រូក​របស់​ពលរដ្ឋ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided


ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ បារម្ភ​ពី​តម្លៃ​ជ្រូក​ដែល​អ្នក​ភូមិ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ គ្មាន​ទីផ្សារ។ បញ្ហា​នេះ ពួក​គាត់​បាន​ទម្លាក់​កំហុស​លើ​រាជ​រដ្ឋាភិបាល ដែល​គាត់​ចោទ​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក ថែម​ទាំង​បណ្តោយ​ឲ្យ​មាន​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ផង។

ពលរដ្ឋ និង​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោបាយ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​មាន​ប្រសិទ្ធភាព​ច្បាស់លាស់ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ពលរដ្ឋ​ដែល​ចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ មិថុនា ក្រោយ​ពី​អ្នក​ភូមិ​ភាគច្រើន​បាន​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​បែប​ផ្សងព្រេង កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច។

ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ លោក ណាន់ ណាក់ បារម្ភ​ថា ជ្រូក​ដែល​អ្នក​ភូមិ​ចិញ្ចឹម​ពុំ​មាន​ទីផ្សារ​បែប​នេះ បង្ក​ប៉ះពាល់​ជីវភាព​ធ្ងន់ធ្ងរ ហើយ​អ្នក​ភូមិ​ខ្លះ​បាន​កាប់​ជ្រូក​លក់​តាម​ផ្ទះ​ដោយ​ខ្លួន​ឯង។ លោក​ថា គ្រួសារ​លោក​ចិញ្ចឹម​ជ្រូក ៩​ក្បាល ក្នុង​មួយ​ក្បាល​ទម្ងន់​ចាប់​ពី ៧០​គីឡូក្រាម​ឡើង​ទៅ កំពុង​ប្រឈម​គ្មាន​ទីផ្សារ​លក់​ចេញ។ បញ្ហា​នេះ បណ្ដាល​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត និង​បង្ខំ​ចិត្ត​បោះបង់​មុខ​របរ​នេះ។ លោក​កត់​សម្គាល់​ថា បច្ចុប្បន្ន​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ដោយ​រថយន្ត​ធំៗ មក​លក់​ក្នុង​ទីផ្សារ​ខែត្រ​ក្រចេះ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ជ្រូក​ក្នុង​ស្រុក​ដែរ៖ «ការ​ប៉ះពាល់ គឺ​ប៉ះពាល់​មែន​ទែន គឺ​ទី​១ យើង​ចិញ្ចឹម​ជ្រូក​ឲ្យ​ឆាប់​ធំ យើង​ទិញ​ថ្នាំ​មក​ចាក់ និង​ប្រើ​ចំណី​ច្រើន។ ប្រាក់​ចំណូល​យើង​អត់​អី​ចូល​ទេ ដោយសារ​តែ​យើង​ចិញ្ចឹម​ជ្រូក​មួយ​មុខ​ចឹង។ តែ​សព្វថ្ងៃ​អត់​មាន​លុយ​ចាយ សព្វថ្ងៃ​សូម្បី​តែ​ចាក់​សាំង​ម៉ូតូ»

បុរស​ដដែល​បន្ត​ថា ច្រើន​អាណត្តិ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ចេញ​គោល​នយោបាយ​ធានា​រក​ទីផ្សារ​សម្រាប់​លក់​កសិផល​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ ក៏ប៉ុន្តែ​គោល​នយោបាយ​នេះ​មាន​តែ​ក្នុង​ក្រដាស តែ​ការ​អនុវត្ត​ជាក់ស្តែង​វិញ គណបក្ស​កាន់​អំណាច​មួយ​នេះ​បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ទិញ​កសិផល​ជូន​កសិករ បើ​ទោះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​កំពង់ចាម ជាប់​ឆ្នោត​ច្រើន​អាណត្តិ​មក​ហើយ​ក្តី។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​កំពង់ចាម លោក ឈិត លាង បដិសេធ​ថា​ពុំ​មាន​បាតុភាព​នេះ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ ដោយ​អះអាង​ថា ក្រុម​ឈ្មួញ​តែង​ជិះ​ម៉ូតូ​ទិញ​ជ្រូក​ពី​ពលរដ្ឋ​តាម​ភូមិ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។ លោក​ថា តម្លៃ​ជ្រូក​ដែល​ឈ្មួញ​ទិញ​ពី​ពលរដ្ឋ​តាម​ភូមិ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ចាប់​ពី ៧​ពាន់​រៀល​ឡើង​ទៅ៖ «អាជីវកម្ម​គេ​កាប់​ជ្រូក​ពីរ​បី​កន្លែង ឃើញ​នៅ​ហ្នឹង​រហូត​ចេះ​តែ​ថា​ម៉ង! បើ​គាត់​លក់​ថ្លៃ គេ​ម៉េច​ហ៊ាន​តិច! បើ​តម្លៃ​ដូច​គេ​ឯង គេ​ទិញ​បាត់​ហើយ»

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខែត្រ​ក្រចេះ លោក កុយ ហួត មាន​ប្រសាសន៍​ថា តម្លៃ​ទីផ្សារ​សាច់​ជ្រូក​ពុំ​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ដែល​បង្ក​ប៉ះពាល់​ជីវភាព​គ្រួសារ​របស់​ពលរដ្ឋ​នោះ​ទេ ខណៈ​ដែល​ពលរដ្ឋ​រស់នៅ​ជនបទ​ច្រើន​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​បែប​ប្រពៃណី​តិចតួច។ លោក​ថា ជ្រូក​នៅ​ខែត្រ​ក្រចេះ នាំ​ចូល​តាម​ក្រុមហ៊ុន ស៊ី.ភី (CP) ហើយ​មួយ​ចំនួន​នាំ​ចូល​ពី​ប្រទេស​ក្រៅ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ៖ «បង​ប្អូន​យើង​ទីនោះ គឺ​គាត់​ចិញ្ចឹម​លក្ខណៈ​គ្រួសារ។ ការ​វិនិយោគ​គាត់​ជា​លក្ខណៈ​ប្រពៃណី។ ចឹង​អត់​មាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទេ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ថា​មិន​ប៉ះពាល់ គឺ​ក្រៅ​ពី​ការងារ​ចិញ្ចឹម​សត្វ គាត់​មាន​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ»

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មាន​មន្ទិល​ថា តើ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម មាន​ការ​គ្រប់គ្រង និង​តាមដាន​ច្បាស់លាស់​ឬ​ទេ ពាក់ព័ន្ធ​នឹង​ការ​ត្រួត​ពិនិត្យ​គុណភាព និង​សារធាតុ​គីមី​នោះ ឬ​អាច​នាំ​ចូល​ដោយ​គេច​ពន្ធ​ខុស​ច្បាប់?

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ កត់​សម្គាល់​ថា បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​ពុំ​មាន​គោល​នយោបាយ​ក្នុង​ការ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ច្បាស់លាស់​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​នឹង​បោះបង់​មុខ​របរ​នេះ ដែល​ជា​ដើមចម​នាំ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​កាន់​តែ​ច្រើន។ លោក​យល់​ថា រាជ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ជួយ​រក​ទីផ្សារ​ជូន​កសិករ និង​អនុវត្ត​គោល​នយោបាយ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​បាន​ច្បាស់លាស់៖ «យើង​ត្រូវ​មើល​ថា តើ​ការ​នាំ​ចូល​មាន​ការ​គ្រប់គ្រង​តាមដាន ហើយ​ច្បាស់លាស់​អត់ ឬ​ក៏​នាំ​ចូល​បែប​អនាធិបតេយ្យ ឬ​ក៏​លក្ខណៈ​គេច​ពន្ធ។ បញ្ហា​ហ្នឹង រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​ពិចារណា​ពាក់ព័ន្ធ​គោល​នយោបាយ​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​បាន​មាន​ប្រសិទ្ធភាព​ច្បាស់លាស់ ហើយ​ត្រូវ​ជួយ​រក​ទីផ្សារ​តម្រូវការ»

លោក ង៉ែត ជូ បន្ថែម​ថា ក្រសួង​កសិកម្ម បាន​បញ្ជូន​មន្ត្រី​ជំនាញ​ត្រឹម​ការិយាល័យ​ថ្នាក់​ស្រុក​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​ពុំ​មាន​មន្ត្រី​ចុះ​ធ្វើ​ការ​តាម​មូលដ្ឋាន​ជាមួយ​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ ហើយ​មន្ត្រី​ភាគច្រើន​ធ្វើ​ការ​ផ្តុំ​គ្នា​តែ​ក្នុង​ក្រសួង​សាមី ដែល​ជា​ឫសគល់​នាំ​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​សត្វ​ធ្វើ​កសិកម្ម និង​រក​ទីផ្សារ​បែប​ផ្សងព្រេង​ប្រឈម​ហានិភ័យ​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​ខែត្រ​ក្រចេះ​បារម្ភ​គ្មាន​ទីផ្សារ​លក់​ជ្រូក​ក្នុង​ស្រុក​ខណៈ​មាន​ការ​នាំ​ចូល​ពី​វៀតណាម​ច្រើន"

  1. ?? says:

    I’m sorry to hear this news it is not only live stock every thing was stall Cambodian can not make their living any more. too bad our people living under this Vietcong slave. this time is more then ever Vietcong murder our people white no evident . every thing that bring from Vietnam will kill our people one by one every day . in the near future they will take every thing . in CROR CHES province there is no market for people produce like JAK FRUIT. MENGO are falling to the ground no any bodies can sell it. HUN SEN is just bring all those comical fruit and vegetable from his million years friend . what a dump guy every they he just finding way to kill his opposition . be leaving me this guy never thinking this poor people at all. peace to Cambodian unless you save yourself by fitting this evil. GOD bless you all