ពលរដ្ឋ​បារម្ភ​ខ្លាច​ឈ្មួញ​ឈូស​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក​ប្រមាណ​២​ពាន់​ហិកតារ​នៅ​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2017-06-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​ខេត្ត​កំពង់ឆ្នាំង។ Photo: RFA
ផែនទី​ខេត្ត​កំពង់ឆ្នាំង។ Photo: RFA


អ្នក​ភូមិ​នៃ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បារម្ភ​ខ្លាច​ដី​ព្រៃ​លិច​ទឹក​ប្រមាណ ២​ពាន់​ហិកតារ ត្រូវ​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ ហ៊ុមព័ទ្ធ​យក​ធ្វើ​កម្មសិទ្ធិ​ដោយ​ប្រើ​រូបភាព​ទិញ​ដី​ពី​ពលរដ្ឋ។ ការ​បារម្ភ​នេះ ដោយសារ​តែ​ពលរដ្ឋ​ឃើញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ​មួយ កំពុង​ឈូស​ឆាយ​លើ​ដី​ដែល​ទិញ​ពី​ប្រជាពលរដ្ឋ ឋិត​នៅ​ជាប់​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​នោះ។

រយៈពេល​បី​ឆ្នាំ​ហើយ​ដែល​ដី​ព្រៃ​លិច​ទឹក​ឋិត​នៅ​ជាប់​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​ស្វាយជ្រុំ រង​ការ​បំផ្លិចបំផ្លាញ។ បច្ចុប្បន្ន មាន​គ្រឿងចក្រ​បី​គ្រឿង​កំពុង​ដាក់​ប្រចាំ​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​ភូមិ​ស្វាយចេក ដែល​ពលរដ្ឋ​ខ្លះ​អះអាង​ថា​ជា​គ្រឿងចក្រ​របស់​លោក​ឧកញ៉ា សុខ ប៊ុន គ្រោង​អភិវឌ្ឍ​តំបន់​ផលិត​ស្រូវ​ប្រាំង​លើ​ដី​នោះ ហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មិន​សូវ​អើពើ​ក្នុង​រឿង​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក​នេះ​ទេ។

ពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ដោយ​បារម្ភ​ពី​សុវត្ថិភាព​ថា រូប​លោក និង​អ្នក​ភូមិ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ស្រូវ​ពង្រោះ ព្រោះ​មាន​ឈ្មួញ​ម្នាក់​ដែល​អះអាង​ថា​ជា​អ្នក​ទិញ​ដី​ឲ្យ​ក្រុមហ៊ុន​របស់​លោក សុខ ប៊ុន បាន​ប្រើ​ពាក្យ​ថា បើ​លក់​ក៏​គេ​យក មិន​លក់​ក៏​គេ​យក។ លោក​ថា ក្រុមហ៊ុន​ក៏​មាន​គម្រោង​ឈូស​ដល់​ដី​នៅ​ចំណុច​បឹង​បួន​មុំ ដែល​ជា​ជម្រក​ត្រី​ពង​កូន​យ៉ាង​សំខាន់​ដែរ។

អាស៊ីសេរី មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​លោក​ឧកញ៉ា សុខ ប៊ុន ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​បាន​ទេ។

ចំណែក​អភិបាល​ស្រុក​រលាប្អៀរ លោក សោម វឺន បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក សុខ ប៊ុន បាន​ចូល​ទិញ​ដី​នៅ​តំបន់​នេះ​តាំង​ពី​បី​ឆ្នាំ​មុន ហើយ​លោក​ទើប​ចូល​កាន់​តំណែង​ជា​អភិបាល​ស្រុក​រយៈពេល​ពីរ​ឆ្នាំ មិន​ដឹង​រឿងរ៉ាវ​នេះ​ច្បាស់​ទេ ប៉ុន្តែ​លោក​ថា​ដី​ដែល​គ្រោង​អភិវឌ្ឍ​នោះ មិន​ដល់ ២​ពាន់​ហិកតារ​ឡើយ៖ «អត់​មាន​បញ្ហា​អី​ទេ ព្រោះ​បឹង​បួន​មុំ​នៅ​តែ​បឹង​ដដែល ខាង​សហគមន៍​គេ​គ្រប់គ្រង​ទេ​បង។ ទិញ​ដី​ហ្នឹង​មិន​ដល់​រាប់​ពាន់​អី​ទេ ហើយ​គេ​ផ្សាយ​សុទ្ធតែ​ពីរ​ពាន់​ហិកតារ​អី​ណា គេ​បម្រុង​ធ្វើ​ស្រែ​ប្រាំង តែ​គេ​អត់​ទាន់​ធ្វើ​អី​នៅ​ឡើយ​ទេ»

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ថា​លោក​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​កំពុង​មាន​បញ្ហា​នោះ ឃើញ​ថា​មិន​ប៉ះពាល់​ដល់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​បួន​មុំ​នោះ​ទេ។ លោក​ថា ក្រុមហ៊ុន​ទិញ​តែ​ដី​ស្រែ​ដែល​កសិករ​ធ្លាប់​ធ្វើ​ស្រូវ​បណ្ដេញ​ទឹក​បាន​ប្រហែល ៨០០ ទៅ ៩០០​ហិកតារ ហើយ​ក្រុមហ៊ុន​មិន​បាន​ព័ទ្ធ​របង ឬ​ឈូស​ដល់​ព្រៃ​លិច​ទឹក​ឡើយ។

ទោះ​ជា​យ៉ាង​ណា លោក ងិន ហ៊ុន ស្នើ​ឲ្យ​ក្រុមហ៊ុន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​រហូត​ដល់​ខេត្ត និង​មន្ត្រី​ជំនាញ​ជលផល ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ ឬ​ឈូស​ឆាយ​ទៅ​មិន​ប៉ះពាល់​ដី​ព្រៃ​លិច​ទឹក៖ «ពេល​អនុវត្ត​អី​ហ្នឹង ត្រូវ​មាន​ច្បាប់​អនុញ្ញាត​ចេញ​ពី​អាជ្ញាធរ​ឃុំ រហូត​ដល់​អាជ្ញាធរ​ខេត្ត​មក ហើយ​អាជ្ញាធរ​នឹង​ចាត់​ជំនាញ​ទៅ​ពិនិត្យ​មើល ហើយ​ថា​តើ​ស្ថានភាព​ហ្នឹង​ជា​ដី​អភិវឌ្ឍន៍ ឬ​ដី​ព្រៃ​លិច​ទឹក? បើ​ទៅ​ពិនិត្យ​ឃើញ​ដី​ហ្នឹង​ជា​ដី​អភិវឌ្ឍន៍ មិន​ប៉ះពាល់​ព្រៃ​លិច​ទឹក យើង​អនុញ្ញាត​ឲ្យ តែ​បើ​ប៉ះពាល់​ព្រៃ​លិច​ទឹក គឺ​អត់​ទេ»

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ជលផល ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​ដែល​ការពារ​ដោយ​អនុក្រឹត្យ​ក្នុង​ខេត្ត​ចំនួន​៦ ជាប់​បឹង​ទន្លេសាប នៅ​តែ​រង​ការ​ឈូស​ឆាយ និង​កាប់​បំផ្លាញ ប៉ុន្តែ​សកម្មភាព​កាប់​បំផ្លាញ​នៅ​ដើម​ឆ្នាំ​២០១៧ នេះ មិន​អាក្រក់​ដូច​កាល​ពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ឡើយ។ ពលរដ្ឋ អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច ឆ្លៀត​កាប់​រាន​ដី​នោះ​ដើម្បី​ធ្វើ​ស្រែ​ប្រាំង ឬ​ដាំ​ដំណាំ។

មន្ត្រី​សម្របសម្រួល​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ព្រៃ​លិច​ទឹក គឺ​ជា​ជម្រក​ត្រី​ពង​កូន កន្លែង​ត្រី​រក​ចំណី រនាំង​ការពារ​ខ្យល់​ព្យុះ និង​ការពារ​ទឹក​ហូរ​ច្រោះ ហើយ​វា​ក៏​ជា​ប្រភព​ឧស​ដុត និង​ឱសថ​បុរាណ​ដែរ។ ដូច្នេះ ពលរដ្ឋ និង​អាជ្ញាធរ​ត្រូវ​បង្កើន​កិច្ច​ការពារ​សម្បត្តិ​ធម្មជាតិ​ដែល​នៅ​សេសសល់​នេះ៖ «វា​អត់​មាន​ស្រួចស្រាល់​ដូច​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ទេ ហើយ​ដូច​ខ្ញុំ​បាន​ជម្រាប ខ្លាច​យើង​អត់​អាច​ក្ដាប់​ព័ត៌មាន​បាន ប៉ុន្តែ​បើ​មាន​ករណី​កាប់​បំផ្លាញ ឬ​ភ្លើង​ឆេះ​ព្រៃ យើង​ឃើញ​ថា​មាន​ព័ត៌មាន​មក ព្រោះ​យើង​មាន​គណៈកម្មការ​នៅ​តាម​តំបន់​របស់​យើង​តាម​ឃុំ​តាម​ស្រុក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ទាំង ៦​ខេត្ត»

អ្នក​ភូមិ និង​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​នៅ​ទូទាំង​ឃុំ​មាន​ជាង ២​ពាន់​ហិកតារ ប៉ុន្តែ​ផ្ទៃ​ដី​នេះ​ត្រូវ​ភ្លើង​ឆេះ ហើយ​អ្នក​មាន​លុយ និង​ពលរដ្ឋ​ខ្លះ ឆ្លៀត​ហ៊ុមព័ទ្ធ​ធ្វើ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ជាង ៦​សែន​ហិកតារ (៦៤៧.៤០៦​ហិកតារ) ឋិត​ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ប៉ុន្តែ​ផ្ទៃ​ដី​ដែល​ការពារ​ដោយ​អនុក្រឹត្យ​នេះ ត្រូវ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា មាន​ការ​បាត់បង់​ច្រើន បើ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles