លោក សម រង្ស៊ី ថា​បក្ស​កាន់​អំណាច​ជួល​ក្រុមហ៊ុន​អន្តរជាតិ​ឲ្យ​ស្ទង់​មតិ​សំឡេង​គាំទ្រ

លោក រាជ វិញ្ញូ
2017-06-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នូវ​ទិន្នន័យ​ស្រាវជ្រាវ​បែក​ធ្លាយ​មួយ ដែល​ជា​ការ​ធ្វើ​ស្ទង់​មតិ​ពី​ពលរដ្ឋ ដើម្បី​ចង់​ដឹង​អំពី​កម្លាំង​គាំទ្រ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ។ លោក សម រង្ស៊ី អះអាង​ថា ការ​ស្ទង់មតិ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួល​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​ពិភពលោក​មួយ ធ្វើ​ឡើង​យ៉ាង​សម្ងាត់​កាលពី​ឆ្នាំ​២០១៦។

ក្រុមហ៊ុន​អន្តរជាតិ​ដែល​ត្រូវ​អតីត​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី ចោទប្រកាន់​មក​លើ​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៨ មិថុនា ថា​បាន​ជួល​ឱ្យ​ធ្វើ​ការងារ​សម្ងាត់​នោះ គឺ​មាន​ឈ្មោះថា ក្រុមហ៊ុន​ហ្សាវីវ ស្ត្រេថឹជី អែន ខេមផេញស៍ (Shaviv Strategy and Campaigns) ដែល​ជា​ក្រុមហ៊ុន​ដឹកនាំ​ធ្វើ​ប្រឹក្សា​យោបល់​នយោបាយ​លំដាប់​ពិភពលោក​មួយ និង​មាន​ឯកទេស​ខាង​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ឱ្យ​ទទួល​បាន​ជ័យជំនះ។ ជារឿយៗ ក្រុមហ៊ុន​នេះ តែងតែ​រៀបចំ​ស្រាវជ្រាវ​មតិ​សាធារណៈ រៀបចំ​យុទ្ធសាស្ត្រ ច្នៃប្រឌិត ផ្សព្វផ្សាយ ទំនាក់ទំនង និង​ផ្ដល់​សេវា​គ្រប់គ្រង​ធ្វើ​យុទ្ធនាការ​សម្រាប់​គណបក្ស​នយោបាយ និង​បេក្ខជន​នយោបាយ។

នៅ​ក្នុង​ការ​បែក​ធ្លាយ លើ​ទំព័រ​ហ្វេកប៊ុក​របស់​លោក សម រង្ស៊ី នេះ​បាន​ឱ្យ​ដឹង​ថា គឺ​កាលពី​ខែ តុលា ឆ្នាំ​២០១៦​កន្លងទៅ​នេះ ក្រុមហ៊ុន ហ្សាវីវ ស្ត្រេថឹជី អែន ខេមផេញស៍ បាន​ចុះ​ស្រាវជ្រាវ​មតិ​សាធារណជន នៅ​ប្រទេស​កម្ពុជា ដោយ​ចុះ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រជាជន​ចំនួន ៥.៣៧៩​នាក់ ស្ថិត​ក្នុង​ខេត្ត​ចំនួន​៦ ធ្វើឡើង​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា។ ក្រុមហ៊ុន​នេះ បាន​ស្ទង់​មតិ​របស់​ពលរដ្ឋ ដែល​បាន​សម្រេចចិត្ត​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច និង​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ព្រមទាំង​រក​ឃើញ​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នេះ​ជា​លើក​ទ​ពីរ​ហើយ ដែល​អតីត​ប្រធាន​គណបក្សប្រឆាំង​ទម្លាយ​ឯកសារ​សម្ងាត់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី ៤ មិថុនា។ កាលពី​ថ្ងៃ​ទី​១៧ មិថុនា លោក ហ៊ុន សែន បាន​ច្រាល​ចោលការ​បង្ហោះ​សារ​បែក​ធ្លាយ​សម្ងាត់​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ម្ដង​រួច​ហើយ បន្ទាប់ពី​អតីត​ប្រធាន​បក្ស​ប្រឆាំង​នេះ បាន​អះអាង​ថា លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​សម្ងាត់​ទៅ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ និង​ទ័ពស្រួច ត្រៀម​ចាប់ខ្លួន​លោក នៅ​ពេល​លោក​ចូល​ស្រុក​វិញ និង​កម្ទេច​កម្លាំង​ណា​ដែល​ហ៊ាន​រារាំង​ការ​ចាប់​ខ្លួន​លោក សម រង្សី។

ដោយឡែក​ក្នុង​ការ​រក​ឃើញ​ពី​ក្រុមហ៊ុន​អន្តរជាតិ​ថ្មី​នេះ បង្ហាញ​ថា កត្តា​នាំ​ឱ្យ លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក មាន​ចំណុចខ្សោយ ដូចជា​មិន​អាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន អំពើពុករលួយ បញ្ហា​បរិស្ថាន សិទ្ធិ​ដីធ្លី និង​ការ​គ្រប់​គ្រង់​ធនធានធម្មជាតិ ហើយ​អ្វី​ជា​ភាព​ខ្លាំង​សម្រាប់​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក គឺ​ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អប់រំ។

ចំណែក​ប្រជាប្រិយភាព​ពី​មហាជន​វិញ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៦៣​ភាគរយ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៨២​ភាគរយ និង​គណបក្ស​ហ្វ៊ិនស៊ិនប៉ិច​ទទួល​បាន ២៦​ភាគរយ។ ក្រុមហ៊ុន​នេះ ក៏បាន​រក​ឃើញ​ទៀត​ថា ពលរដ្ឋ​បាន​ផ្ដល់​សេចក្ដីទុកចិត្ត​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឱ្យ​ដោះស្រាយ​ទំនាក់ទំនង​កម្ពុជាវៀតណាម ជំរុញ​វិស័យ​សេដ្ឋកិច្ច ការទប់ស្កាត់​និង​ប្រឆាំង​អំពើពុករលួយ ការ​បង្កើត​ការងារ​បន្ថែម ការ​បង្កើន​តម្លៃ​កសិកម្ម និង​ការ​លើកស្ទួយ​ប្រព័ន្ធ​យុត្តិធម៌។ រីឯ​ពលរដ្ឋ​ដែល​ផ្ដល់​សេចក្ដីទុកចិត្ត​មក​លើ​បក្ស​កាន់អំណាច​ជាង​បក្ស​ប្រឆាំង​វិញ គឺ​ការ​ដោះស្រាយ ប្រព័ន្ធ​ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​ផ្លូវ និង​ស្ពាន។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​ដែល​ថា គណបក្ស​របស់​លោក ជួល​ក្រុមហ៊ុន​ស្ទង់​មតិ​នោះ ថា​ជា​រឿង​ក្លែងក្លាយ ដែល​លោក សម រង្ស៊ី ប្រឌិត​ឡើង​ប៉ុណ្ណោះ៖ «ត្រា​ក៏​គេ​ក្លែង​បាន អា​តារាង​ហ្នឹង កុំព្យូទ័រ​គេ​ធ្វើ​បាន​តើ។ គាត់​គ្មាន​តួនាទី ភារកិច្ច មនុស្ស​អត់​សារសំខាន់​ក្នុង​សង្គម​ផង»

លោក​សម រង្សី ក៏បាន​បង្ហោះ​សារ​លេច​ធ្លាយ​មួយទៀត​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដែល​បង្ហាញ​ថា កាលពី​ថ្ងៃ​ច័ន្ទ ទី​២៤ តុលា ឆ្នាំ​២០១៦ អ៊ីម៉េល (Email) មួយ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​បាន​ផ្ញើ​ទៅកាន់​អ៊ីម៉េល​មួយ ដែល​មាន​ឈ្មោះថា aron@strategyandcampaigns.com ដើម្បី​ចង់​ដឹង​អំពី​លទ្ធផល​ស្រាវជ្រាវ​ស្ទង់​មតិ​នេះ។ សារ​មួយ​ផ្នែក​ក្នុង​អ៊ីម៉េល​របស់​ឈ្មោះ អូន ព័ន្ធមុនីរ័ត្ន បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា៖ «តាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី នៅ​ពេល​ណា​ខ្ញុំ​ទទួល​បាន​លទ្ធផល​ស្រាវជ្រាវ​ពី​លោក ខ្ញុំ​នឹង​ដាក់​ជូន​ទៅ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ពិនិត្យ អម​ទៅជា​មួយ​សំណើ​របស់​លោក ហើយ​ខ្ញុំ​នឹង​ផ្ដល់​ដំណឹង​ទៅ​លោក​វិញ​អោយ​បាន​មុន​ការ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១៩២០ ខែ​វិច្ឆិកា»

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ដែល​មាន​ឈ្មោះ​ដូចគ្នា​ទៅ​នឹង​សារ​បែក​ធ្លាយ​ក្នុង​ម្ចាស់​អ៊ីម៉េល​នេះ មិនទាន់​ឆ្លើយតប​ទៅ​នឹង​អ៊ីម៉េល​របស់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ មិថុនា នៅឡើយ​ទេ។

នៅ​ក្នុង​ការ​បែក​ធ្លាយ​ការសិក្សា​សម្ងាត់​នេះ ក៏​មាន​ការ​ធ្វើ​តេស្ត​មតិ​ពលរដ្ឋ​ជុំវិញ​ករណី​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​ល្បីល្បាញ លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦​ដែរ។ លទ្ធផល​ស្រាវជ្រាវ​បង្ហាញ​ថា ពលរដ្ឋ​ចំនួន​៦៦​ភាគរយ​មិន​មាន​ជំនឿ​លើ អាជ្ញាធរ​ថា នឹង​អាច​រក​ឃើញ​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ឡើយ ស្រប​ពេល​ពលរដ្ឋ​ចំនួន​១៤​ភាគរយ​មាន​ជំនឿ​លើ​ប្រពន្ធ​យុត្តិធម៌។ ក្រៅ​ពី​នេះ ករណី​បណ្ដឹង​មក​លើ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​ការ​ស្ទង់មតិ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រជាជន​ចំនួន ៥.៣៧៩​នាក់ ក្នុង​ខេត្ត​ចំនួន​៦ ដដែល​នោះ រក​ឃើញ​ថា​ពលរដ្ឋ​ភាគច្រើន​យល់ថា ជា​រឿង​អយុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles