ការ​​​ផ្លាស់ប្តូរតួនាទី​​​អភិបាល​​រាជធានី ខេត្ត​​​ធ្វើ​ឱ្យ​មានទាំង​​​ការ​​​សរសើរ​​​ និង​​​ការ​​​ខក​ចិត្ត​

ខេមបូឌា ដេលី


យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាកាលពីចុងសប្ដាហ៍មានខ្លឹមសារថា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តបីរូបទៀតគ្រោងនឹងធ្វើការផ្លាស់ប្ដូរ ហើយមន្ត្រីទាំងនេះនឹងក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយបើកផ្លូវសម្រាប់អភិបាលខេត្តជាស្ត្រីលើកដំបូងរបស់ប្រទេសដែលត្រូវបានតែងតាំងក្នុងខេត្តកោះកុង។

ប៉ុន្តែទន្ទឹមនឹងអ្នកសង្កេតការណ៍បានកោតសរសើរអំពីការតែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងនេះ ក៏គេនៅមានមន្ទិលសង្ស័យអំពីការធ្វើកំណែទម្រង់ជាលក្ខណៈវិជ្ជមានណាមួយនៅក្នុងរាជធានីភ្នំពេញស្ថិតក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ដែលនឹងត្រូវដំឡើងតួនាទីពីអភិបាលរងផងដែរ។

ព្រះរាជក្រឹត្យដែលត្រូវបានចេញដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃ សុក្រ នោះក៏បានតែងតាំងលោក គួច ចំរើន មន្ត្រីក្រសួងមហាផ្ទៃជាអភិបាលខេត្ត កំពង់ចាម និងលោក លី ឡេង អភិបាលរងខេត្ត ត្បូងឃ្មុំ ជាអភិបាលថ្មីនៃខេត្តនេះផងដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍កាលពីម្សិលមិញថា ទន្ទឹមនឹងលោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត ត្បូងឃ្មុំ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម លោក ប៊ុន លើត អភិបាលខេត្ត កោះកុង និងលោក ប៉ា សុជាតិវង្ស នឹងត្រូវលាលែងពីតួនាទីរបស់ខ្លួនដោយសារតែដល់អាយុចូលនិវត្តក្តី ក៏ពួកគាត់នៅមានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលដែរ។ លោក សុខ ឥសាន បានថ្លែងថា លោកមិនដឹងថាតើការផ្ទេរភារកិច្ចនឹងធ្វើឡើងនៅពេលណានោះឡើយ ប៉ុន្តែថា ក្រសួងមហាផ្ទៃនឹងធ្វើការប្រកាសនៅពេលឆាប់ៗនេះ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយមួយរូប ដែលក៏ជាអ្នកខេត្តកោះកុងដែរនោះ មានប្រសាសន៍ថា ការដំឡើងតួនាទីលោកស្រី មិថុនា ភូថង “អាចនាំមកនូវក្ដីសង្ឃឹមច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង”។ លោកបានបន្ថែមថា “ប្រជាពលរដ្ឋវ័យក្មេងជាច្រើនមានសុទិដ្ឋិនិយមជាខ្លាំងអំពីការដឹកនាំរបស់ស្ត្រីវ័យក្មេងរូបនេះ” ហើយលោកស្រីបើកទូលាយក្នុងការទទួលយកគំនិតថ្មី។

លោកស្រី មិថុនា ភូថង អាយុ ៣៨ ឆ្នាំ ជាចៅស្រីរបស់លោក សាយ ភូថង អតីតអភិបាលខេត្តនេះបានមានប្រសាសន៍ថា លោកស្រីត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តមុនពេលត្រូវបានតែងតាំងជាអភិបាលរងនៅពាក់កណ្ដាលឆ្នាំ២០១៦ ហើយលោកស្រីមានក្ដីរំភើបណាស់ដោយមានឱកាសដឹកនាំឱ្យមានការផ្លាស់ប្តូរនៅក្នុងខេត្តនេះ។

លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពណាស់ដែលរដ្ឋាភិបាលបានតែងតាំងខ្ញុំជាអភិបាលខេត្ត កោះកុង។ ខ្ញុំសច្ចាថា នឹងធ្វើកិច្ចការឱ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋទូទាំងខេត្ត”។ លោកស្រីបានបន្ថែមថា ការពង្រឹងនីតិវិធីច្បាប់នឹងជាការផ្តោតដ៏សំខាន់ក្នុងការដឹកនាំរបស់លោកស្រី។

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា ក្នុងនាមអភិបាលខេត្តជាស្ត្រីលើកដំបូងរបស់ប្រទេស ទំនាក់ទំនងដែលលោកស្រី មិថុនា ភូថង កសាងជាមួយក្រុមមន្ត្រីនឹងជាការសំខាន់។

លោកស្រី រស់ សុភាព បានថ្លែងថា “នេះពិតជាឱកាសដ៏ល្អ ប៉ុន្តែនេះជាលើកទី ១ ហើយដែលរដ្ឋាភិបាលបានតែងតាំងស្ត្រីវ័យក្មេង…។ វាពិតជាសំខាន់ណាស់ដែលលោកស្រីធ្វើយ៉ាងណាឱ្យមានការគាំទ្រចំពោះលោកស្រី”។

លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយដល់ប្រជាពលរដ្ឋដែលរងការបណ្តេញចេញបានមានប្រសាសន៍ថា ក្រឡេកមកមើលក្នុងរាជធានីភ្នំពេញវិញ ការដោះស្រាយបញ្ហានៅក្នុងសហគមន៍ក្រីក្រតំបន់ក្រុងនឹងជាការផ្តោតដ៏សំខាន់របស់លោក ឃួង ស្រេង ដើម្បីកសាងទំនាក់ទំនងឡើងវិញរវាងអ្នកភូមិ និងអាជ្ញាធរមូលដ្ឋាន។

លោកថ្លែងថា “ដល់ពេលដែលពួកគេត្រូវកសាងទំនុកចិត្ត និងភាពជឿជាក់ក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសអ្នកក្រីក្រ”។ លោកបានបន្ថែមថា ការធ្វើតាមការសន្យាកាលពីពេលថ្មីៗឱ្យមានការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីនោះនឹងបង្ហាញថា រដ្ឋាភិបាលប្ដេជ្ញាធ្វើឱ្យសង្គមមានភាពប្រសើរឡើង។

លោក ឃួង ស្រង បានមានប្រសាសន៍ថា លោកបានឃើញព្រះរាជក្រឹត្យនេះហើយ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

លោក ឆាំ ប៊ុនថេត បានមានប្រសាសន៍ថា ការតែងតាំងថ្មីក្នុងរាជធានីភ្នំពេញគឺ ជាការខកឱកាសរបស់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោតសាកលនៅឆ្នាំក្រោយ។

ដោយលើកឡើងពីទំនាក់ទំនងដ៏ច្របូកច្របល់ក្នុងពេលកន្លងមករវាងលោក ឃួង ស្រេង និងព្រះសង្ឃ ជនរងគ្រោះដោយសារវិវាទដីធ្លី និងអ្នកតវ៉ានោះ លោកបានថ្លែងថា”ពេលខ្ញុំឃើញការតែងតាំងក្នុងរាជធានីភ្នំពេញ…ខ្ញុំចង់និយាយថា ពួកគេមិនបានព្យាយាមផ្លាស់ប្ដូរដើម្បីភាពប្រសើរឡើងសម្រាប់រាជធានីឡើយ។ ពួកគេមិនបានព្យាយាមផ្លាស់ប្ដូរស្ថានភាពដែលមានពីមុននេះឡើយ”។

លោកបានបន្ថែមថា “វាមិនល្អសម្រាប់គណបក្សប្រជាជនកម្ពុជាឡើយ។ ប្រសិនបើពួកគេចង់ឈ្នះឆ្នោតនៅឆ្នាំ២០១៨ ពួកគេគួរតែតែងតាំងអ្នកដែលវ័យក្មេងមានកម្លាំងខ្លាំង គំនិតថ្មីមានកេរ្តិ៍ឈ្មោះល្អនៅក្នុងរាជធានី ដើម្បីឱ្យពួកគេដឹកនាំ និងសាងទំនុកចិត្ត”។

លោកបានមានប្រសាសន៍ថា គណបក្សកាន់អំណាចត្រូវការនរណាដែលអាច “ផ្លាស់ប្តូរចិត្តគំនិតអ្នកបោះឆ្នោត” បាន៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment