កូនស្រី លោក មាជ សុវណ្ណរ៉ា បង្ហាញការនឹករលឹកឪពុកដែលកំពុងជាប់ឃុំនៅកម្ពុជា

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧​
http://vodhotnews.com

សិទ្ធិមនុស្ស

កូនស្រីទាំង៣ របស់លោក មាជ សុវណ្ណារ៉ា


កូនស្រីទាំង៣ របស់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ បង្ហាញការនឹករលឹកឪពុកពួកគេកំពុងជាប់ពន្ធនាគារព្រៃសរនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងវីដេអូផ្សាយតាមហ្វេសប៊ុកនៅថ្ងៃទិវារំលឹកគុណឳពុក កាលមិ្សលមិញ កូនស្រីរបស់លោក មាជ ​សុវណ្ណារ៉ា លើកឡើងថា ជារៀងរាល់ឆ្នាំនាងតែងតែឃើញក្រុមគ្រួសារអ្នកជិតខាងជួបជុំគ្នា ដើម្បីចូលរួមអបអរទិវារំលឹកគុណឪពុក ប៉ុន្តែសម្រាប់ក្រុមគ្រួសាររបស់នាងវិញ បានបែកពីឪពុកជិត៣ឆ្នាំហើយ គឺចាប់តាំងពីឪពុកជាប់ពន្ធនាគារនៅប្រទេសកម្ពុជា។ នាងបង្ហាញការសោកស្តាយ ខណៈដែលមិនបានជួបឪពុកនៅថ្ងៃទិវារំលឹកគុណឳពុក ដូចក្រុមគ្រួសារអ្នកដទៃ។

នាងថា «អរគុណប៉ាដែលបង្កើតកូនមក ហើយនាំកូនមករៀននៅស្រុកអាមេរិក ឲ្យចំណេះកូន ចិញ្ចឹមកូនឲ្យធំដ៏ស្អាត យើងមិនភ្លេចប៉ាទេ ប៉ានៅក្នុងបេះដូងយើង ហើយសូមឲ្យប៉ាឆាប់ចេញមក ដើម្បីឃើញកូនស្រីចប់។ កូនខំរៀនធ្វើពេទ្យ ដើម្បីប៉ាក្នុងថ្ងៃហ្នឹងសូមឲ្យសុខភាពល្អកុំឲ្យឈឺហើយឆាប់ចេញមក ដើម្បីមករកពួកកូនហើយម៉ាក់នៅស្រុកអាមេរិក កូនស្រឡាញ់ប៉ាណាស់នឹងជួបគ្នាឆាប់ៗ»។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស លោក មាជ សុវណ្ណរ៉ា ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំកុបកម្មនិងចូលរួមចលនាកុបកម្ម បន្ទាប់ពីការ​តវ៉ា​ឲ្យ​បើក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ក្រៅពីលោក មាជ សុវណ្ណរ៉ា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចផ្តន្ទាទោសសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្នុងសំណុំរឿងដូចគ្នានេះដែរ៕​

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles