ក្រុមហ៊ុនយីហោល្បីៗ​នៅអាមេរិក​ជំទាស់សេចក្តីព្រាងច្បាប់ស្តីពី​ប្រាក់​ខែ ​និងការដោះស្រាយជម្លោះការងារ

ខេមបូឌា ដេលី

ក្រុមដែលតំណាងក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗមួយចំនួនក្នុងចំណោមក្រុមហ៊ុនសម្លៀកបំពាក់ធំៗបំផុតនៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនសម្លៀកបំពាក់យីហោ Gap និងក្រុមហ៊ុនសម្លៀកបំពាក់ Levi Strauss ផងនោះ កំពុងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាលើបទប្បញ្ញត្តិដ៏ចម្រូងចម្រាសនៅក្នុងសេចក្តីព្រាងច្បាប់ចំនួនពីរស្តីពីប្រាក់ខែ និងជម្លោះការងារ។

សហជីពក្នុងស្រុកបានព្រមានរួចហើយពាក់ព័ន្ធសេចក្តីព្រាងច្បាប់មួយដែលនឹងបង្កើតប្រព័ន្ធមួយសម្រាប់ដោះស្រាយប្រាក់ខែគោល ដោយមានសំណើហាមលើការសិក្សាស្រាវជ្រាវពាក់ព័ន្ធប្រាក់ខែដោយគ្មានការឯកភាពជាមុន និងបម្រាមលើការខិតខំណាមួយដើម្បីជួយផ្សព្វផ្សាយឲ្យគណបក្សប្រឆាំងពាក់ព័ន្ធនឹងប្រាក់ខែនេះ។

ក្រុមស្ត្រីធ្វើការនៅរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ កាលពីខែ សីហា ឆ្នាំមុន។ រូបថតៈ Charles Fox
ក្រុមស្ត្រីធ្វើការនៅរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ កាលពីខែ សីហា ឆ្នាំមុន។ រូបថតៈ Charles Fox

អង្គការពលកម្មអន្តរជាតិ (ILO) ក៏បានព្រមានអំពី ”ផលលំបាកធ្ងន់ធ្ងរ” ពាក់ព័ន្ធសេចក្តីព្រាងច្បាប់មួយស្តីពីនីតិវិធីដោះស្រាយជម្លោះការងារផងដែរ។

នៅក្នុងលិខិតចុះកាលបរិច្ឆេទថ្ងៃទី ៧ ខែ មិថុនា ដែលផ្ញើជូនលោក ហ៊ុន សែន លោក Rick Helfendein ប្រធាននិងនាយកប្រតិបត្តិសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក(American Apparel & Footwear Association) បានលើកឡើងថា លោកដឹងអំពីតម្រូវការច្បាប់ស្តីពីប្រាក់ខែគោលនេះ។

លោកបានបន្ថែមថា “ទោះជាយ៉ាងណាយើងព្រួយបារម្ភខ្លាចសេចក្តីព្រាងច្បាប់េនះស្វះ ស្វែងរឹតត្បិតលើការសិក្សាស្រាវជ្រាវ និងការពិភាក្សាជុំវិញប្រាក់ខែគោលដែលជាការងាររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ការងារ(Labor Advisor Council)នេះ”។

លោកបានព្រមានថា ការរឹតបន្តឹងទាំងនេះ ”អាចបន្ថែមផលលំបាកធ្ងន់ធ្ងរលើការពិភាក្សាដែលកំពុងតែលំបាកស្រាប់និងរឹតត្បិតព័ត៌មានដែលប្រើប្រាស់ក្នុងសេចក្តីសម្រេចដ៏សំខាន់នេះ”។

អង្គការការងារ និងសហជីពក្នុងស្រុកលើកឡើងថា ការទាមទារឲ្យមានការយល់ព្រមទើបអាចធ្វើការសិក្សាស្រាវជ្រាវបាននិងការហាមគណបក្សប្រឆាំងមិនឲ្យជាប់ពាក់ព័ន្ធនឹងប្រាក់ខែគោល ក៏នឹងរំលោភលើសិទ្ធិសេរីភាពក្នុងការនិយាយស្តីរបស់ពួកគេដែលមានចែងនក្នុងរដ្ឋធម្មនុញ្ញផងដែរ។

នៅក្នុងលិខិតរបស់ខ្លួន លោក Helfenbein បានលើកឡើងថា សេចក្តីព្រាងច្បាប់ដោះស្រាយជម្លោះការងារនេះក៏អាចប៉ះពាល់ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបច្ចុប្បន្នផងដែរតាមរយៈការបើកឱកាសឲ្យមានបណ្តឹងបុគ្គលដោយគ្មានការផ្តល់ប្រភពបន្ថែមដែលត្រូវការដើម្បីដោះស្រាយបណ្តឹងទាំងនេះផងដែរ។

លោកក៏បានរិះគន់សេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យសហជីពដាក់ប្តឹងករណីរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទាល់តែសហជីពនោះមាន “ឋានៈតំណាងសមាជិកភាគច្រើន” ដែលទទួលបានដោយសារមានកម្មករភាគច្រើនជាសមាជិកនៅរោងចក្រផងដែរ។ លោកបានលើកឡើងថា ការអនុញ្ញាតឲ្យតែសហជីពទាំងនោះលើកយកករណីរបស់ខ្លួនទៅប្តឹងក្រុមប្រឹក្សានេះ “នឹងធ្វើឲ្យកម្មករភាគច្រើនគ្មានវិធីដោះស្រាយជម្លោះរបស់ខ្លួន”នោះទេ។

បន្ទាប់ពីមានការពិនិត្យផ្ទាល់ខ្លួនលើសេចក្តីព្រាងច្បាប់នេះ អង្គការ ILO បានលើកឡើងថា ការផ្តល់សិទ្ធិឲ្យតែសហជីពតំណាងកម្មការភាគច្រើននឹងធ្វើឲ្យសហជីពតូចៗបាត់បង់សិទ្ធិនៅក្នុងការធ្វើជាតំណាង សមាជិក របស់ខ្លួន ហើយធ្វើឲ្យពួកគេគ្មានលទ្ធភាពសូម្បីតែតតាំងនឹងឋានៈតំណាងសមាជិកភាគ ច្រើនរបស់សហជីពមួយផ្សេងទៀត។ ដោយសារសហជីពត្រូវព្យាយាមដោះស្រាយជម្លោះរបស់ខ្លួនតាមរយៈក្រុមប្រឹក្សានេះមុនពេលអាចអំពាវនាវឲ្យមានការធ្វើកូដកម្មនោះសហជីពតូចៗក៏មិនអាចធ្វើដូច្នេះបានដែរ។

ទាំងលោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក សេង កក្កដា អគ្គនាយកនៃអគ្គនាយដ្ឋានការងារសុទ្ធតែមិនអាចទាក់ទងសុំធ្វើការអត្ថាធិប្បាយបាន។

លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងនេះបានថ្លែងថា លោកមិនទាន់បានឃើញលិខិតនេះទេ ប៉ុន្តែបានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ខែគោលគឺជាសេចក្តីព្រាងដែលកើតចេញពីសិក្ខាសាលាដែលមានភាគីបីចូលរួម។ សហជីពមួយចំនួនលើកឡើងថា ខ្លួនបានសំដែងការជំទាស់នឹងសេចក្តីព្រាងច្បាប់េនះអំឡុងព្រឹត្តិការណ៍ទាំងនោះ។

អ្នកនាំពាក្យរូបនេះក៏បានរិះគន់ការពិភាក្សារបស់ពួកគេលើសេចក្តីព្រាងច្បាប់នេះផងដែរដោយលើកឡើងថា “សមាជិកបីភាគីដែលជាផ្នែកនៃកិច្ចពិភាក្សាគឺមានសិទ្ធិដោយសេរីក្នុងការធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធប្រាក់ខែគោល”។

សេចក្តីព្រាងច្បាប់នេះបានលើកឡើងថា គ្មាននរណាម្នាក់អាចធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធប្រាក់ខែគោលបានទេ បើគ្មានការយល់ព្រមពីក្រសួងការងារ ឬក្រុមប្រឹក្សាប្រាក់ខែគោលដែលត្រូវបានស្នើឲ្យបង្កើតឡើង។

សមាសភាពក្រុមប្រឹក្សាប្រាក់ខែគោលនេះ នឹងត្រូវសម្រេចដោយអនុក្រឹត្យដាច់ដោយឡែកមួួយ ហើយសមាជិករបស់ខ្លួនកំណត់ដោយរដ្ឋមន្ត្រីក្រសួងការងារ។

និយាយពាក់ព័ន្ធនឹងការដោះស្រាយជម្លោះ លោក ហេង សួគ៌ បានលើកឡើងថា គោលដៅរបស់ច្បាប់នេះ “គឺដើម្បីពង្រឹង និងផ្តល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល”។

លោកបានលើកឡើងទៀតថា អនុសញ្ញាឆ្នាំ៩៨របស់អង្គការ ILO ផ្ទាល់ចែងថា សហជីពតំណាងកម្មករភាគច្រើនមានសិទ្ធិទាំងស្រុងពាក់ព័ន្ធការចរចាទាក់ទិននឹងកិច្ចព្រមព្រាងសមូហភាព ឬការដោះស្រាយជម្លោះសមូហភាព៕ ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles