អតីត​សង្ឃ​មាន​កាំភ្លើង​ជ័រ​ ១ ​ដើម​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ពី​បទ​លាក់ទុក​អាវុធ​ខុស​ច្បាប់

ជន​ជាប់ចោទ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​ថ្ងៃ​ពុធ និង​ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ កាន់​កាំភ្លើង​ជ័រ​របស់​ជន​ជាប់ចោទ​។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

បាត់ដំបងៈ ​នៅ​ទីបំផុត​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បាន​សម្រេច​ឃុំ​ខ្លួន​អតីត​សង្ឃ​ម្នាក់​ឈ្មោះ ហន សុផាន្នី បន្ទាប់ពី​បាន​ចាប់​ផ្សឹក​ពាក់ព័ន្ធ​នឹង​រឿង​មាន​កាំភ្លើង​ជ័រ​មួយ​ដើម បើ​ទោះបី​ជា​កាលពី​ម្សិលមិញ​ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ប្រមាណ​ជិត ៤០ អង្គ​ដឹកនាំ​ដោយ​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​ប្រមូល​ផ្ដុំ​ធ្វើការ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​នេះ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ក៏ដោយ​។

អតីត​សង្ឃ ហន សុផាន្នី ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ហើយ​ផ្សឹក​ភ្លាមៗ​កាលពី​ម្សិលមិញ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាថ៌ និង​កាន់កាប់​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​»​។

ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ មាន​ព្រះថេរ​ដីកា​ថា​បទ​ចោទប្រកាន់​របស់​អាជ្ញាធរ​ និង​តុលាការ​ខេត្ត​បាត់ដំបង​មក​លើ​ព្រះតេជគុណ​ហន សុផាន្នី​ខាង​លើ​នេះ​គឺជា​បទចោទ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​។ ព្រះអង្គ​បាន​បន្ត​ថា​ការពិត​អាវុធ​ដែល​ព្រះតេជគុណ ហន សុផាន្នី បាន​រក្សា​ទុក​នោះ​គឺជា​ «​កាំភ្លើង​ជ័រ​» ​ទេ​។

ព្រះតេជគុណ បន្ត​ថា​៖ «​កំហុស​លេង​កាំភ្លើងជ័រ​មិន​សម​កាត់​ទោស​ដល់​ថ្នាក់​ចាប់​ផ្សឹក​ហើយ​ឃុំឃាំង​យ៉ាង​ដូច្នេះ​ទេ​…​ព្រះអង្គ​ [​ហន សុផាន្នី​] នៅ​ក្មេង ខ្វះ​សេចក្ដី​យល់​ដឹង​គួរ​ផ្ដល់​ឱកាស​ដល់​ព្រះអង្គ​បាន​កែប្រែ​ឥរិយាបថ​តាម​ធម្មវិន័យ​ព្រះពុទ្ធសាសនា​»​។

យ៉ាង​ណា​ក៏ដោយ​ការ​តវ៉ា​ទាមទារ​របស់​ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ មិន​បាន​សម្រេច​នោះ​ទេ​។ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​តុលាការ​ខេត្ត​បាត់ដំបង​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​នគរបាល​នាំ​ខ្លួន​អតីត​សង្ឃ ហន សុផានី្ន ​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង បន្ទាប់ពី​បាន​ធ្វើការ​ស៊ើបសួរ​អស់​រយៈពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​រួច​មក​។

លោក សេង ផានិត អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ការ​ឃុំ​ខ្លួន​អតីត​សង្ឃ ហន សុផាន្នី គឺ​ដើម្បី​សម្រួល​ដល់​ដំណើរការ​ស៊ើបអង្កេត​នៅ​ក្នុង​រឿងក្ដី​នេះ​ដោយ​ហេតុ​ថា​សមត្ថកិច្ច​បាន​រកឃើញ​ភ័ស្ដុតាង​ដាក់​បន្ទុក​មួយ​ចំនួន​ដែល​អតីត​សង្ឃ​នេះ​បាន​បង្ហាញ​សកម្មភាព និង​សារ​ដែល​មាន​លក្ខណៈ​ «​ញុះញង់​បង្ក​បទឧក្រិដ្ឋ​នៅក្នុង Facebook page របស់​ខ្លួន​កាលពី​ពេល​កន្លង​មក​»​។

លោក ផានិត ​បញ្ជាក់​ថា​៖ «​អតីត​សង្ឃ​អង្គ​នេះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ក្នុង​ករណី​ពីរ​ផ្សេង​គ្នា​រួម​មាន​បទ​កាន់កាប់​រក្សា​ទុក​នូវ​អាវុធ​ខុស​ច្បាប់​តាម​មាត្រា​ ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ និង បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​អំណាច​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​»​។

យោង​តាម​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​អតីត​សង្ឃ ហន សុផាន្នី នឹង​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ពី​ ៦ ​ខែ​ដល់​ ៣ ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​រៀល​ដល់​ ៦ ​លាន​រៀល ខណៈ​មាត្រា​ ៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​កំណត់​ឲ្យ​ផ្តន្ទាទោស​ជនល្មើស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ​ដល់​ ២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​រៀល​ដល់​ ៤ ​លាន​រៀល ប្រសិន​បើ​ការ​ញុះញង់​នោះ​គ្មាន​ប្រសិទ្ធភាព​។

ប៉ុន្តែ​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​ចាត់​ទុក​ការ​ចាប់​ផ្សឹក និង​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់​អតីត​សង្ឃ ហន សុផាន្នី ខាងលើ​នេះ​ថា​ជា​ការ​ «​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ព្រះសង្ឃ​…​ និង​បាន​ភ្ជាប់​ករណី​កំហុស​ឆ្គង​តូចតាច​របស់​ព្រះសង្ឃ​ទៅ​នឹង​រឿង​នយោបាយ​ដើម្បី​បំបាក់​ស្មារតី​ដល់​ព្រះសង្ឃ​ដទៃ​ទៀត​ពិសេស​ក្នុង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​របស់​អាត្មា​»​។

ជាមួយ​គ្នា​នេះ​លោក ហេង សាយហុង អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា​ករណី​របស់​អតីត​សង្ឃ ហន សុផាន្នី មិន​គួរ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នោះ​ទេ​តុលាការ​គួរតែ​បើក​ឱកាស​ដល់​អតីត​សង្ឃ​អង្គ​នេះ​បាន​នៅ​ក្រៅ​ឃុំ និង​ទទួល​បាន​ការ​​អប់រំ​កែប្រែ​ខ្លួន​ទើប​ជា​ការ​ល្អ​។ លោក​បញ្ជាក់​ថា​៖ «​ការ​ចាប់​ផ្សឹក និង​ឃុំ​ខ្លួន​ក្នុង​កំហុស​ឆ្គង​បន្តិចបន្តួច មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ តែ​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សតិអារម្មណ៍ និង​ស្មារតី​របស់​មនុស្ស ពិសេស​មនុស្ស​វ័យក្មេង​»​។

កាលពី​ជិត​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ ២០១៧ នៅ​លើ​គណនី Facebook អតីត​សង្ឃ ហន សុផាន្នី បាន​បង្ហោះ​រូប​របស់​ខ្លួន​ក្រាប​បាញ់​កាំភ្លើង និង​មាន​សរសេរ​ជា​សារ​ថា​៖ «​ជាវ​កាំភ្លើង​បាន​មួយ​ដើម​ទុក​ការពារ​ក្រែង​មាន​ចោរ​មក​ប្លន់​ដូច​នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ អាត្មា​អត់​មាន​ទំនុក​ចិត្ត​លើ​ពួក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទេ ជាពិសេស​ពួក​ប្រជាការពារ​ដែល​បាន​ចេញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ទិញ​កាំភ្លើង​មួយ​ដើម​ទុក​ការពារ​ក្រែង​ ស៊ុនអ៊ូសែន ​ប្រកាស​សង្គ្រាម​ពេល​បោះឆ្នោត​ហើយ​ឆ្នាំ​ ២០១៨ ណា​មួយ​ប្រទេស​មហាអំណាច កំពុង​អួត​អាវុធ​ដាក់​គ្នា​ផង ហាស​ហាស​។ មាន​អី​ចង់​តវ៉ា​អត់​?»​។

ក្រៅពី​នោះ​ព្រះសង្ឃ​អង្គ​នេះ​ក៏​មាន​បង្ហោះ​នូវ​រូបភាព​កាន់​កាំបិត​ផ្គាក់ និង​ដាវ​សាមូរ៉ៃ ផង​ដែរ​៕

What Next?

Recent Articles

One Response to "អតីត​សង្ឃ​មាន​កាំភ្លើង​ជ័រ​ ១ ​ដើម​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ពី​បទ​លាក់ទុក​អាវុធ​ខុស​ច្បាប់"

  1. ?? says:

    I knew everything came from ANGKA LEI order what to do. this is a childish leader’s action again his people. HO>>>>>GOD Cambodian become a bottom class of educated people in the whole world . we Cambodian are so embarrassing to the world from this metal disability leader in this century. all of that came from the political interfering from Vietcong that bring this evil leader come to powers. Vietcong need this kind of guy to fulfill their intent policy of invading two nations beside them. at this moment this snack is swallow this poor nation about 80%but so sad this poor people did not know themselves. some knew they are trying to escape from the danger. too bad Cambodia having those bottom class people can not understanding what consequence if they lost their identity. all I can think of is just praying to GOD to save this related nation to me out of danger. peace to Cambodian and GOD bless them all