លទ្ធផល​បោះឆ្នោត៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឡេង ម៉ាលី
2017-06-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បន្ទាប់​ពី​បោះឆ្នោត​រួច​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បន្ទាប់​ពី​បោះឆ្នោត​រួច​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នៅ​ថ្ងៃ​ទី​២៥ មិថុនា នេះ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ លទ្ធផល​ផ្លូវការ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ។

លទ្ធផល​ផ្លូវការ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤ ដែល គ..ប ប្រកាស​នៅ​ថ្ងៃ​ទី​២៥ មិថុនា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​នាំ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​តំណែង​មេ​ឃុំចៅ​សង្កាត់​ចំនួន ១.១៥៦ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤៨៩។

ក្រៅ​ពី​មេ​ឃុំ គណបក្ស​ប្រជាជន​កម្ពុជា មាន​ជំទប់​ទី​១ ចំនួន ១.១៣៩ និង​ជំទប់​ទី​២ ចំនួន ៥១០។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​តំណែង​ជំទប់​ទី​១ ចំនួន ៥០៣ និង​ជំទប់​ទី​២ ចំនួន ១.០៨៧។ តួលេខ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា លើស​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦៦៧​អាសនៈ​មេ​ឃុំចៅ​សង្កាត់។

បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួល​បាន​តំណែង​មេ​ឃុំ​ចំនួន​១ នៅ​ខេត្ត​បន្ទាយមានជ័យ។

ស្រប​ពេល​ដែល គ..ប ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ មិថុនា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រកាស​ទទួល​យក​លទ្ធផល​នេះ ហើយ​ចាត់​ទុក​ថា​បាន​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិត​ប្រាកដ។

ដោយឡែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ទោះ​ជា​លទ្ធផល​ចេញ​មក​បែប​នេះ​ក្ដី ក៏​បរិយាកាស​មុន​មិន​ល្អ និង​យ៉ាប់​ជាង​ការ​បោះឆ្នោត​អាណត្តិ​មុន ដោយសារ​តែ​តំណាងរាស្ត្រ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី គ..ប និង​អង្គការ​សង្គម​ស៊ីវិល​ជាប់​ពន្ធនាគារ ហើយ​លោក សម រង្ស៊ី មិន​ធ្វើ​សកម្មភាព​ដឹកនាំ​បក្ស និង​បោះឆ្នោត៖ «»

លោក​ថា ចំណុច​សំខាន់​ត្រូវ​កែលំអ គឺ​ឲ្យ​កម្មករ​ជាង ១​លាន​នាក់​នៅ​ក្រៅ​ប្រទេស​បាន​បោះឆ្នោត។

លើ​ហ្វេសប៊ុក​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​ស្រង់​ខ្លឹមសារ​ប្រសាសន៍​របស់​លោក ដែល​ថ្លែង​ក្នុង​វេទិកា​ជួប​ជាមួយ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាប់​ឆ្នោត​នៅ​ខេត្ត​ព្រៃវែង ថ្ងៃ​ទី​២៥ មិថុនា ថា លទ្ធផល​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧ បង្ហាញ​ពី​កំណើន​ចំនួន​មេ​ឃុំចៅ​សង្កាត់ ក្រុម​ប្រឹក្សា​ឃុំសង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​សន្ធឹកសន្ធាប់។

ទាក់ទង​នឹង​ការ​បោះឆ្នោត​នេះ បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤ មិថុនា វាយ​តម្លៃ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ខ្វះ​យុត្តិធម៌ និង​រឹតត្បិត​សេរីភាព ប៉ុន្តែ​ការ​ចាត់ចែង​នៃ​ការ​បោះឆ្នោត​ប្រសើរ​ជាង​មុន។

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត វាយ​តម្លៃ​ទាំង​មូល និង​ចុង​ក្រោយ​លើ​ការ​ចាត់ចែង និង​ការ​អនុវត្ត​ភារកិច្ច​របស់ គ..ប លើ​បញ្ជី​បោះឆ្នោត ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ចុះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ ការ​បោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត ការ​ប្រកាស​បិទ និង​ការ​ផ្សាយ​លទ្ធផល​លើ​គេហទំព័រ ថា​មាន​ភាព​វិជ្ជមាន និង​ប្រសើរ​ជាង​មុន។ ទាក់ទិន​នឹង​ការ​ឃោសនា​បោះឆ្នោត និង​ការ​ដោះស្រាយ​បណ្ដឹង​បោះឆ្នោត មិន​ទាន់​ប្រសើរ និង​ត្រូវ​កែលំអ។ គ្មាន​អំពើ​ហិង្សា​ទាក់ទិន​ការ​បោះឆ្នោត​ធ្ងន់ធ្ងរ​កើត​ឡើង​ក្នុង​ពេល​បោះឆ្នោត​ទេ ប៉ុន្តែ​មុន​ការ​បោះឆ្នោត មាន​បញ្ហា​មួយ​ចំនួន​ដូចជា បរិយាកាស​គាប​សង្កត់​នយោបាយ ហិរញ្ញវត្ថុ​ឃោសនា​បោះឆ្នោត និង​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ ដែល​ខ្វះ​សមធម៌ និង​តម្លាភាព ទីលាន​ប្រកួត​ប្រជែង​នយោបាយ​ខ្វះ​សមភាព ខ្វះ​ឯករាជភាព​របស់​មន្ត្រី​តុលាការ និង​ភាព​លម្អៀង​នៃ​មន្ត្រី​ជាន់​ខ្ពស់​កម្លាំង​ប្រដាប់​អាវុធ ដែល​ដាក់​សម្ពាធ​លើ​សេរីភាព​បញ្ចេញ​មតិ និង​គំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួត​ប្រជែង សមាគម សហជីព និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ កត្តា​ទាំងនេះ នាំ​ឲ្យ​បរិយាកាស​សម្រាប់​ដំណើរការ​បោះឆ្នោត ស្ថិត​ក្នុង​កម្រិត​រឹតត្បិត​សេរីភាព និង​ខ្វះ​ភាព​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ។

ការ​វាយ​តម្លៃ​នេះ គឺ​ផ្ទុយ​នឹង​សេចក្ដី​ថ្លែងការណ៍​ស្វាគមន៍​លទ្ធផល​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​យោង​អង្គការ​អន្តរជាតិ​៣ គឺ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ហៅ​កាត់​ថា CDI សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា ICAPP និង​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ (CAPDI) ដោយ​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខណៈ​សេរី យុត្តិធម៌ និង​សម្ងាត់ ដោយ​ពុំ​មាន​សញ្ញា​ណា​មួយ​នៃ​ការ​គំរាម​កំហែង បង្ខិតបង្ខំ ឬ​អំពើ​ហិង្សា ហើយ​យោង​ការ​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​បន្ត​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្នុង​ចំណោម​អាសនៈ​មេ​ឃុំចៅ​សង្កាត់ និង​ជំទប់​ចំនួន ១១.៥៧២ ទូទាំង​ប្រទេស ក្នុង​អាណត្តិ​ទី​៤ មាន​ស្ត្រី​ចំនួន ១.៩៣៩ នឹង​ចូល​កាន់​តំណែង​ទាំងនេះ។

គណបក្ស​ប្រកួត​ប្រជែង​ធំ​ទាំង​ពីរ អះអាង​ចំពោះ​អ្នក​គាំទ្រ​រៀងៗ​ខ្លួន​ថា លទ្ធផល​នេះ​ជា​មូលដ្ឋាន​រឹងមាំ​ឈាន​ទៅ​រក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles