ប៉េតង់​កម្ពុជា ទទួល​បាន​លើសពី​ពានរង្វាន់​លេខ ១ ពិភពលោក

លោក ព្រហ្ម ឌិន និង​លោក ប៊ូ ជុំសេរី ពេល​មក​ដល់​ព្រលានយន្ដ​ហោះ។ ស្រេង ម៉េងស្រ៊ុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ពានរង្វាន់​ចំណាត់​ថ្នាក់​លេខ ១ ដែល​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អន្តរជាតិ ប្រគល់​ឲ្យ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ត្រូវបាន​លោក ព្រហ្ម ឌិន និង​លោក ប៊ូ ជុំសេរី នាំយក​ពី​ប្រទេស​បារាំង មក​ដល់​មាតុ​ប្រទេស​វិញ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ ជាមួយ​ការបង្ហាញ​មោទនភាព​យ៉ាង​ខ្លាំង ព្រោះ​ក្រៅពី​ពាន​មួយ​នេះ កម្ពុជា​ក៏ទទួល​បាន​ប្រយោជន៍​ជាច្រើន​ទៀត ដើម្បី​ត្រៀម​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក ឆ្នាំ ២០១៩ ផងដែរ។

លោក ព្រហ្ម ឌិន អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ថ្លែង​នៅ​ពេល​នាំ​ពានរង្វាន់​លេខ ១ ពិភពលោក មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ម្សិលមិញ​ថា៖ «យើង​ឃើញថា ពាន​នេះតូច ប៉ុន្តែ​តម្លៃ​របស់​វាគឺ​ថ្នាក់​ពិភពលោក ហើយ​មាន​ប្រទេស​ត្រឹម ៦ ប៉ុណ្ណោះ បាន​ទទួល​ពានរង្វាន់​នេះ​មុន​យើង»។

គួររំឭកថា លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អន្តរជាតិ បាន​សម្រេច​ផ្តល់​ពានរង្វាន់​ចំណាត់​ថ្នាក់​លេខ ១ ដល់​កម្ពុជា​នេះ ក៏​ព្រោះតែ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា មាន​ស្នាដៃ និង​មានការ​ដឹកនាំ​បានល្អ​ជាងគេ​នៅលើ​ពិភពលោក ដែល​ធ្វើឲ្យ​ក្រុម​ប៉េតង់​កម្ពុជា អាច​ឈ្នះ​មេដាយ​មាស​លើ​ឆាក​អន្តរជាតិ​បន្តបន្ទាប់ ពិសេស​ការឈ្នះ​មេដាយមាស​ចំនួន ៤ លើក​ជាប់ៗគ្នា​ពីការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក កន្លង​មក។

លោក ព្រហ្ម ឌិន បន្តថា៖ «ក្រៅពី​ការ​ទៅ​ទទួល​ពាន​នេះ យើង​បាន​ទៅ​ជួប​ពិភាក្សា​គ្នាច្រើន​ជាមួយ​អនុប្រធាន​ទី ១ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អន្តរជាតិ ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស ហើយ​នាជំនួប​នោះ គាត់​ប្រាប់ថា ខាង​ភាគី​បារាំង ត្រៀម​ជួយ​យើង​គ្រប់​បែបយ៉ាង នៅ​ពេល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក នៅ​ឆ្នាំ ២០១៩»។

លោក​បាន​បន្ថែម​ថា៖ «គេក៏​ឲ្យយើង​ទៅធ្វើ​ទស្សនកិច្ច នៅ​ចិន ដែល​ត្រូវធ្វើ​ជាម្ចាស់ការ​ប្រកួត​ប៉េតង់​ជើងឯក​ពិភពលោក ក្នុង​ឆ្នាំ ២០១៧ នេះ​ផងដែរ ដើម្បី​យើង​បាន​សិក្សា​ពីប្លង់ ពី​តារាង និងការ​រៀបចំ​ផ្សេងៗ​ទៀត។ លើស​ពីនេះ​បារាំង ដែល​ជាស្តេច​ប៊ូល និង​ប៉េតង់ នឹង​មកជួយ​បំពាក់​បំប៉ន​គ្រូៗ​កម្ពុជា​ចំនួន ៣ កម្រិត ដែល​ពួកគេ នឹង​ចុះមក​នៅក្នុង​ខែកញ្ញា ខាងមុខ​ដើម្បី​ឲ្យ​គ្រូបង្វឹក​របស់​យើង​មាន​សមត្ថភាព​កាន់​តែខ្លាំង ក្នុងការ​បណ្តុះ​បណ្តាល​ដល់​កីឡាករ កីឡាការិនី​កម្ពុជា បន្ថែម​ទៀត»។

ចំណែក​លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​បន្ថែម​ថា៖ «ចំពោះការ​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅ​ឆ្នាំ ២០១៩ នេះ ខ្ញុំនិង​ឯកឧត្តម ព្រហ្ម ឌិន បាន​ពិភាក្សា​គ្នាច្រើន​ជាមួយ​អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​ពិភពលោក ហើយ​បញ្ហា​សំខាន់ គឺការ​ធ្វើ​សៀវភៅ​បន្ទុក»។

លោក​បាន​បញ្ជាក់​ថា៖ «ប្រទេស​មួយៗ ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​អន្តរជាតិ ត្រូវធ្វើ​សៀវភៅ​បន្ទុក ដោយ​មានការ​ចុះ​ហត្ថលេខា​ត្រឹមត្រូវ អម​ជាមួយ​លិខិតផ្លូវការ​ចំនួន ២ ទៀត​គឺ​ពីក្រសួង​អប់រំ​មួយ និង​សហព័ន្ធ​មួយ រួចផ្ញើ​ជូនទៅ​សហព័ន្ធ​អន្តរជាតិ ដើម្បី​ឲ្យគេ​ទទួល​យើង​ជា​ផ្លូវការ។ បើ​បាន​សម្រេច​ហើយ គេ​នឹង​ប្រកាស​នៅ​ក្នុង​មហាសន្និបាត​សហព័ន្ធ​អន្តរជាតិ នៅ​ប្រទេស​ចិន ខែ ១១ ឆ្នាំ ២០១៧ នេះ ដូច្នេះ​យើង​ត្រូវតែ​ទៅ​ចូលរួម ដើម្បី​ការពារ និង​បង្ហាញ​ខ្លួន​នៅក្នុង​មហាសន្និបាត​នោះ ក្នុងនាម​សហព័ន្ធ ជា​សមាជិក»៕

What Next?

Recent Articles