“ជនអន្តោប្រវេសន៍​វៀតណាម​ជាង​២​ម៉ឺន​នាក់​កំពុង​រស់​នៅ​​ជុំវិញ​បឹង​ទន្លេសាប”

ដោយ ម៉ម មុនីរតន៍
2017-07-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម នៅ​ចំណុច​ពាមញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chin Chetha
ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម នៅ​ចំណុច​ពាមញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chin Chetha


យុវជន​មួយ​ក្រុម​ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​រក​ឃើញ​ថា នៅ​ក្នុង​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ជន​អន្តោប្រវេសន៍​វៀតណាម កំពុង​រស់​នៅ​ដោយ​ខុស​ច្បាប់​តាម​របៀប​ផ្ទះ​បណ្ដែត​ទឹក​ជាង ២​ម៉ឺន​នាក់។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ថា បញ្ហា​នេះ​ពិត​ជា​កើត​មាន​មែន​នៅ​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​តែ​ដោះស្រាយ​បណ្ដើរៗ​ដែរ​ហើយ។

ក្រុម​ការងារ “១០០​រាត្រី” ចាត់​ទុក​ថា ផ្ទះ​បណ្ដែត​ទឹក​រាប់​ពាន់​ខ្នង​នៅ​តាម​បឹង​ទន្លេសាប តាម​រយៈ​ការ​រស់​នៅ​អនាធិបតេយ្យ​នៃ​ជនអន្តោប្រវេសន៍​វៀតណាម គឺ​ជា​ប្រភព​ដ៏​ចម្បង​ដែល​នាំ​ឲ្យ​បរិស្ថាន​មិន​ល្អ ហើយ​ជាពិសេស​បាន​ជំរុញ​ឲ្យ​ទិន្នផល​នៃ​ប្រភព​ចំណូល​ត្រី​ត្រូវ​ថយ​ចុះ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ។

របាយការណ៍​ជា​ច្រើន​ទំព័រ​ដែល​ក្រុម​ការងារ “១០០រាត្រី” ទើប​តែ​បញ្ចប់​កាល​ពី​ខែ​មិថុនា បង្ហាញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​ក្នុង​ឃុំ​សង្កាត់​ចំនួន ១០ ចំណុះ​ឲ្យ​ទាំង ២៣​ភូមិ​ជុំវិញ​បឹង​ទន្លេសាប មាន​ជាង ២​ម៉ឺន​នាក់។ របាយការណ៍​ស្រាវជ្រាវ​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា តួលេខ​នេះ​គឺ​ហាក់​ផ្ទុយ​ពី​អ្វី​ដែល​អាជ្ញាធរ​ឃុំ-​សង្កាត់ កំពុង​មាន​នៅ​ក្នុង​ដៃ ដែល​ថា​មាន​តែ​ជាង ១​ម៉ឺន​នាក់។

លោក មួង សូនី សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ “១០០រាត្រី” យល់​ឃើញ​ថា របាយការណ៍​ស្រាវជ្រាវ​នេះ​ពុំ​មែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​រើសអើង​ជាតិ​សាសន៍​ទេ ប៉ុន្តែ​របាយការណ៍​នេះ​នឹង​ក្លាយ​ជា​ជំនួយ​ស្មារតី​ដ៏​សំខាន់​មួយ​ដល់​រដ្ឋាភិបាល។ លោក​រំពឹង​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​តម្លាភាព និង​អាច​ជឿ​ទុកចិត្ត​បាន។ បន្ថែម​ពី​លើ​នេះ​ទៀត លោក មួង សូនី រក​ឃើញ​ថា ជនអន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទាំង​នោះ គឺ​ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​ទេ៖ «ខ្ញុំ​យល់​ឃើញ​ថា តាម​ការ​សារភាព​របស់​ពួកគាត់​ហើយ​និង​ការ​ប្រាប់​ដោយ​អាជ្ញាធរ ក៏​ដូច​ជា​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​គឺ​ថា ពួក​គាត់​ធ្លាប់​មាន​អត្តសញ្ញាណប័ណ្ណ​ដែល​ធ្វើ​ដោយ​ខុស​ច្បាប់»

ច្បាប់​ស្ដីពី​សញ្ជាតិ​ដែល​អនុម័ត​កាល​ពី​ខែ​តុលា ឆ្នាំ​១៩៩៦ មាត្រា​៨ ចែង​ថា ជនបរទេស​ដែល​អាច​ស្នើ​សុំ​សញ្ជាតូបនីយកម្ម​បាន​ត្រូវ​បំពេញ​លក្ខខណ្ឌ ៦​យ៉ាង ក្នុង​នោះ​រួម​ត្រូវ​មាន​លិខិត​ថ្កោលទោស​ដែល​បញ្ជាក់​ថា ពុំ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ជាដើម។ ក្រៅ​ពី​នេះ ជនបរទេស​ណា​ដែល​ធ្វើ​អំណោយ​ជា​ប្រាក់​ដល់​ថវិកា​ជាតិ​ចាប់​ពី ១​ពាន់​លាន​រៀល​ទៅ អាច​ស្នើ​សុំ​សញ្ជាតូបនីយកម្ម​បាន។

ជុំវិញ​រឿង​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា រដ្ឋាភិបាល​កំពុង​តែ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​ការ​ពេលវេលា​ក្នុង​ការ​ធ្វើ​ការ​បន្តិច។ លោក​បន្ត​ថា រឿង​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ដោយ​គ្មាន​ច្បាប់​ទម្លាប់​នេះ ពុំ​មែន​ទើប​តែ​ក្នុង​សម័យ​ទំនើប​នេះ​ទេ៖ «អ្វី​ដែល​យើង​ធ្វើ​គឺ​ធ្វើ​ពី​ជំហាន​មួយ​មិន​មែន​តក់ក្រហល់​តាម​តែ​ចិត្ត​ចង់​ទេ។ យូរៗ​វា​គង់​តែ​នឹង​អស់ ព្រោះ​នេះ​និយាយ​ដោយ​ត្រង់​ទៅ​ជនអន្តោប្រវេសន៍​នេះ​មិន​មែន​តែ​នៅ​ជំនាន់​យើង​ហ្នឹង​ទេ គិត​ទៅ​តាំង​ពី​ជំនាន់​អង្គ​មី​ម៉េ្លះ»

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ការងារ “១០០រាត្រី” បង្ហាញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​រស់​លើ​ផ្ទះ​បណ្ដែត​ទឹក​គឺ​មាន​ចំនួន ៤៥​ភាគរយ។ តួលេខ​នេះ​គឺ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ពលរដ្ឋ​ខ្មែរ​សរុប​ដែល​មាន​ប្រមាណ ៥៥​ភាគរយ ដែល​កំពុង​រស់​នៅ​ជុំវិញ​បឹង​ទន្លេសាប​ដែរ។ ទាក់ទិន​រឿង​នេះ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ចេញ​ផ្សាយ​របាយការណ៍​ជំរឿន​របស់​ខ្លួន​បង្ហាញ​ថា ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន ២៥​សញ្ជាតិ ក្នុង​នោះ​ជាង ៩៩​ភាគរយ ដែល​ស្មើ​ប្រមាណ ១៦​ម៉ឺន​នាក់ គឺ​ជា​ជនជាតិ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "“ជនអន្តោប្រវេសន៍​វៀតណាម​ជាង​២​ម៉ឺន​នាក់​កំពុង​រស់​នៅ​​ជុំវិញ​បឹង​ទន្លេសាប”"

  1. people says:

    Only this government working like snail ‘of case youn illegal ‘but very fast for giving Tral island to youn’ What a king dom of veitcong slave’

  2. PHKA says:

    ពួកយួន ជុះ ហើយ នូម ក្នុងទឹកទន្លេសាប។ខ្មែរៗត្រូវសួរខ្នួនឯង តើលាមក នឹង ទឹកនូម យួនវាទៅទីណា?កំភ្លេចថាយើងផឹកទឹកទន្លេ ហើយបរិភោគ ត្រីគ្រប់ៗគ្នា។

  3. PHKA says:

    ពួកយួន ជុះ ហើយ នូម ក្នុងទឹកទន្លេសាប។ខ្មែរៗត្រូវសួរខ្នួនឯង តើលាមក នឹង ទឹកនូម យួនវាទៅទីណា?កំភ្លេចថាយើងផឹកទឹកទន្លេ ហើយបរិភោគ ត្រីគ្រប់ៗគ្នា

  4. Anonymous says:

    ជនអន្តោប្រវេសន៍កាន់តែហូរចូលច្រើនមកយ៉ាងនេះពេលណាដែលអាចទប់ស្តាត់បានទៅ ?