“ពលរដ្ឋ​នៅ​តែ​ពិបាក​ទទួល​បាន​យុត្តិធម៌​ខណៈ​ក្រសួង​យុត្តិធម៌​សរសើរ​តុលាការ”

ដោយ រាជ វិញ្ញូ
2017-07-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev


សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​តែ​ពិបាក​ស្វែងរក​យុត្តិធម៌​ពី​ស្ថាប័ន​តុលាការ​សព្វថ្ងៃ​នេះ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​សរសើរ​ដល់​ប្រធាន​សាលា​ដំបូង​ទាំងអស់ ថា​បាន​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ដំណើរការ​របស់​តុលាការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ផ្ដល់​នូវ​សេវា​លើ​វិស័យ​យុត្តិធម៌។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​លើក​ឡើង​ថា គេ​មិន​ពិបាក​ក្នុង​ការ​វាយតម្លៃ​លើ​ប្រព័ន្ធ​យុត្តិធម៌​សព្វថ្ងៃ​នេះ​ឡើយ ព្រោះ​នៅ​តែ​ឮ​សំឡេង ឬ​មតិ​របស់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​នៅ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ដែល​ពួក​គាត់​នៅ​តែ​ចេញ​តវ៉ា​នៅ​ពេល​មិន​អាច​ទទួល​បាន​យុត្តិធម៌​ដោយ​ងាយស្រួល​នោះ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ប្រសិន​បើ​ពលរដ្ឋ​អាច​ទទួល​បាន​យុត្តិធម៌​ដោយ​ស្រួល​ពី​ស្ថាប័ន​តុលាការ ប្រហែល​មិន​មាន​ការ​ទទូច​ពី​អង្គការ​ជាតិ អន្តរជាតិ និង​សហគមន៍​អន្តរជាតិ ដែល​ចង់​ឲ្យ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ​ជា​ស្ថាប័ន​ឯករាជ្យ និង​ធ្វើ​ការ​វិនិច្ឆ័យ​ដោយ​ឆន្ទានុសិទ្ធិ និង​មិន​ស្ថិត​ក្រោម​និន្នាការ​នយោបាយ។ លោក​បន្ត​ថា រយៈពេល​កន្លង​ទៅ ពលរដ្ឋ​នៅ​តែ​រអ៊ូរទាំ​ជាច្រើន​អំពី​ប្រព័ន្ធ​យុត្តិធម៌ និង​ចង់​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ពិតប្រាកដ៖ «កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​វា​ត្រូវ​កំណែ​ទម្រង់​ទាំងអស់ គឺ​ទាក់ទង​មន្ត្រី​នគរបាល​យុត្តិធម៌ ធនធាន​បុគ្គលិក​ក្នុង​តុលាការ ព្រម​ទាំង​ធនធាន​ព្រះរាជអាជ្ញា និង​ចៅក្រម ជាដើម»

កាល​ពី​ថ្ងៃ​ទី​៧ កក្កដា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​និយាយ​អំពី​តួនាទី និង​ភារកិច្ច​របស់​ប្រធាន​សាលា​ដំបូង ដោយ​បាន​សរសើរ​ថា ប្រធាន​សាលា​ដំបូង​ទាំងអស់​បាន​ពុះពារ​រាល់​ការ​លំបាក​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​មាន​ស្ថិរភាព និង​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ផ្ដល់​សេវា​លើ​វិស័យ​យុត្តិធម៌​ដល់​សាធារណជន បើ​ទោះ​ជា​ស្ថាប័ន​តុលាការ​នៅ​ខ្វះខាត​ថវិកា មធ្យោបាយ សម្ភារៈ រួម​ទាំង​ធនធាន​មនុស្ស​ក្ដី។

លោក អំ សំអាត បញ្ជាក់​ថា ប្រធាន​តុលាការ គឺ​គ្រាន់​តែ​ជា​អ្នក​ចាត់ចែង​រដ្ឋបាល​ទូទាំង​នៅ​តុលាការ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ គឺ​ចៅក្រម ឬ​ព្រះរាជអាជ្ញា ត្រូវ​ហ៊ាន​សម្រេច​ក្ដី​ដោយ​ផ្អែក​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់​ច្បាស់លាស់ និង​លុប​បំបាត់​ឲ្យ​អស់​នូវ​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ។

កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ក្រសួង​យុត្តិធម៌ បាន​ដាក់​ចេញ​ការ​អនុវត្ត​យុទ្ធនាការ ១០០​ថ្ងៃ ដើម្បី​វាយតម្លៃ​គុណភាព និង​ប្រសិទ្ធភាព​តុលាការ​នៅ​កម្ពុជា។ ក្រសួង​យុត្តិធម៌ ពន្យល់​ថា យុទ្ធនាការ​នេះ​មាន​គោលដៅ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់ ជាពិសេស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ដោយ​តម្រូវ​ឲ្យ​មាន​ការ​ឲ្យ​តម្លៃ​ពី​ប្រសិទ្ធភាព​ការងារ​របស់​តុលាការ​គ្រប់​រាជធានីខេត្ត ព្រម​ទាំង​បញ្ហា​ប្រឈម​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​របាយការណ៍​សង្ខេប​មួយ​ស្ដីពី​ហានិភ័យ​នៃ​សំឡេង​រិះគន់ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​លីកាដូ (LICADHO) នៅ​ខែ​កក្កដា ឆ្នាំ​២០១៧ នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ យ៉ាង​ហោច​ណាស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ១២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​មិន​ត្រឹមត្រូវ ដោយ​ប្រើប្រាស់​តុលាការ​ដែល​មិន​ឯករាជ្យ ដើម្បី​គាប​សង្កត់ និង​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​ជា​សាធារណៈ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ហើយ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧ ពលរដ្ឋ​យ៉ាង​តិច​ចំនួន ៧​នាក់ ស្ថិត​ក្នុង​ពន្ធនាគារ។

មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​មាន​មន្ត្រី​របស់​លោក​ចំនួន ៥​នាក់​ទើប​ត្រូវ​បាន​ដោះលែង​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១​ឆ្នាំ ដោយសារ​កាតព្វកិច្ច​ការពារ​សិទ្ធិ​មនុស្ស​នោះ គឺ​លោក សំ ច័ន្ទគា ថ្លែង​ថា តុលាការ​នេះ​ហើយ​គឺ​ជា​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​ពិតប្រាកដ ហើយ​សង្គម​ស៊ីវិល​ដែល​ឈ្មោះ​ជា​អ្នក​សិទ្ធិ​មនុស្ស​នោះ គឺ​គ្រាន់​តែ​ជា​អ្នក​តាម​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ៖ «កិច្ចការ​ទាំងអស់​នេះ​វា​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​កែទម្រង់ និង​ជំរុញ​ឲ្យ​ខ្លាំង​ថែម​ទៀត​មិន​អាច​ធ្វើ​សើៗ​បាន​ទេ»

ក្រុម​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ទាំងនេះ បញ្ជាក់​ថា នៅ​ក្រោយ​មាន​ការ​រិះគន់ និង​ការ​ផ្ដល់​អនុសាសន៍​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ពី​មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ជាដើម ស្ថាប័ន​តុលាការ​ហាក់​មាន​ការ​កែទម្រង់​តិចតួច​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles