បក្ស​កាន់​អំណាច​អនុម័ត​សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ

ដោយ ថា កិត្យា
2017-07-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សំណើ​​កែប្រែ​ច្បាប់​គណបក្ស​​នយោបាយ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៨ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​សំណើ​​កែប្រែ​ច្បាប់​គណបក្ស​​នយោបាយ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៨ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang



រដ្ឋសភា​ដែល​មាន​តែ​បក្ស​កាន់​អំណាច នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា បាន​ពិនិត្យ និង​អនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​មាន​បំណង​ហាម​ទណ្ឌិត​កុំ​ឲ្យ​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​តទៅទៀត ប្រកប​ដោយ​ជោគជ័យ ទោះ​បី​ជា​មាន​ការ​រិះគន់ និង​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក្ដី។ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ យល់​ថា ច្បាប់​នេះ​មិន​បាន​លើក​កម្ពស់​ប្រជាធិបតេយ្យ​នោះ​ទេ។ រីឯ​បក្ស​ប្រឆាំង ទាមទារ​ឲ្យ​បញ្ឈប់​ការ​អនុម័ត​ច្បាប់​នេះ​ជា​បន្ទាន់ ដើម្បី​ធានា​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ការ​បង្រួបបង្រួម​ជាតិ។

សមាជិក​រដ្ឋសភា​ពី​គណបក្ស​កាន់​អំណាច​ចំនួន ៦៦​រូប ឯកភាព​អនុម័ត​ទាំងស្រុង​លើ​សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​២ តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក្ដី។

ការ​ប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៥។ សមាជិក​សភា​បក្ស​កាន់​អំណាច​ធ្វើ​ដូច​ទម្លាប់ ឲ្យ​តែ​គណបក្ស​នេះ​ចង់​អនុម័ត​ច្បាប់​អ្វី គឺ​សម្រេច​ដោយ​ឯក​បក្ស ដោយ​ពុំ​ខ្វល់​ចំពោះ​ការ​ជំទាស់​ពី​ដៃគូ​បក្ស​ប្រឆាំង​ឡើយ ទោះ​បី​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​សម្ដែង​ក្ដី​កង្វល់​ពី​ផល​ប៉ះពាល់​នៅ​ពេល​ច្បាប់​នោះ​ចូល​ជា​ធរមាន​ក្ដី។

ក្នុង​កិច្ចប្រជុំ​នោះ ពុំ​មាន​វត្តមាន​របស់​លោក ហ៊ុន សែន និង​អ្នកស្រី ម៉ែន សំអន ទេ ប៉ុន្តែ​យ៉ាង​ណា​ក្តី តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ដែល​មាន​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ម្នាក់​ផង​នោះ បាន​ឡើង​ការពារ​ថា ច្បាប់​នេះ​បាន​ជួយ​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា ទន្ទឹម​នឹង​ការ​ពង្រឹង​នីតិរដ្ឋ​ឲ្យ​កាន់​តែ​រឹងមាំ។

ហ៊ុន សែន ២០១៧ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly


លោក ហ៊ុន ម៉ានី លើក​ឡើង​ថា សេចក្តី​ស្នើ​ច្បាប់​ជា​លើក​ទី​ពីរ​នេះ នឹង​ជួយ​តម្រង់​ទិស​អ្នក​នយោបាយ​ខ្មែរ​ឲ្យ​ប្រកួត​ប្រជែង​គ្នា​ដោយ​គិត​ពី​ផល​ប្រយោជន៍​ជាតិ និង​ការពារ​សន្តិភាព ដោយ​មិន​បាន​សំដៅ​លើ​បុគ្គល ឬ​ឥស្សរជន​នយោបាយ ឬ​ក៏​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ លោក​ស្នើ​ឲ្យ​អនុវត្ត​ច្បាប់​ដែល​ឪពុក​របស់​លោក​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​លើក​ទី​ពីរ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព៖ «ផ្អែក​ទៅ​លើ​មូលដ្ឋាន​នេះ បើ​សិន​ជា​មាន​ការ​ធ្វើ​ខុស​ទៅ​លើ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ហើយ គឺ​ខ្ញុំ​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ទៅ​តាមអ្វី​ដែលមាន​ចែងនៅ​ក្នុង​ច្បាប់​នេះ ដែល​មាន​ជា​ធរមាន ដើម្បី​ការពារសុខ​សន្តិភាព ការពារ​ជាតិស្ថិរភាព ការពារ​ផល​ប្រយោជន៍​ជាតិ ដើម្បី​ផ្ដោត​អារម្មណ៍​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ស្ថិរភាព និង​សុខ​សន្តិភាព»

ខ្លឹមសារ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​សមាជិក​រដ្ឋសភា​បក្ស​កាន់​អំណាច​អនុម័ត​នោះ មាន​បន្ថែម​មាត្រា​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន ៣​ចំណុច​ទៀត ត្រង់​មាត្រា​៦ រួម​មាន ទី​១ គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ទី​២ មិន​ត្រូវ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន និង​ទី​៣ មិន​ត្រូវ​គាំទ្រ ឬ​រៀបចំ​ផែនការ ឬ​ឃុបឃិត​ជាមួយ​រាល់​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោល​បំណង​ប្រឆាំង និង​ផល​ប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូច​មាន​ចែង​ពី​ចំណុច​ទី​១ ដល់​ចំណុច​ទី​៥ ខាង​លើ​ឡើយ។

ចំពោះ​ទោស​ទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែ​ម្តង ដោយ​យោង​តាម​មាត្រា​៧ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ទោះ​បី​ជា​មាន​ការ​កែប្រែ និង​បន្ថែម​មាត្រា​មួយ​ចំនួន​នេះ​រួច​ហើយ​ក្តី ប៉ុន្តែ​លោក ហ៊ុន ម៉ានី ក៏​ថ្លែង​ដោយ​ទំនង​ជា​លោក​ចង់​ឲ្យ​សភា​បន្ត​កែប្រែ ឬ​បន្ថែម​មាត្រា​មួយ​ចំនួន​ទៀត ដើម្បី​ហាម​កុំ​ឲ្យ​អ្នក​នយោបាយ ឬ​គណបក្ស​នយោបាយ​យក​មុខ​មាត់​ប្រទេស​ជាតិ​ទៅ​បង្អាប់​បង្អោន​ដើម្បី​ទាញ​យក​សន្លឹកឆ្នោត។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​ថ្លែង​រិះគន់​បញ្ឆិតបញ្ឆៀង​លើ​លោក សម រង្ស៊ី ទាក់ទង​នឹង​ការ​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប បញ្ឈប់​ការ​នាំ​ចូល​ផលិតផល​ពី​កម្ពុជា និង​ថ្លែង​រិះគន់​លើ​លោក កឹម សុខា ដែល​ថា​ប្រទេស​កម្ពុជា ខ្វះ​បង្គន់​អនាម័យ​ប្រើប្រាស់ ជាដើម៖ «ជា​ការសំណូមពរ​ក្នុង​នាម​ជា​យុវជន​ជំនាន់​ក្រោយ​មួយ​រូប កុំ​យក​មុខ​មាត់​ប្រទេស​ជាតិ​ដើម្បី​ការ​ចំណេញ​សន្លឹកឆ្នោត​នោះ វា​មាន​អី​ផ្សេង​ច្រើន​ណាស់ ដើម្បី​ប្រកួត​ប្រជែង​ដណ្ដើម​សន្លឹកឆ្នោត តែ​ការ​បង្អាប់​បង្អោន​នូវ​មុខ​មាត់​ប្រទេស​ជាតិ​ដែល​យើង​ខំ​ប្រឹងប្រែង មិន​មែន​សាមញ្ញ​ទេឧទាហរណ៍​មោទនភាព​ប្រាសាទ​ព្រះវិហារ»

ស្រប​ពេល​ដែល​សមាជិក​សភា​គណបក្ស​កាន់​អំណាច​ប្រជុំ​សភា និង​អនុម័ត​លើ​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នោះ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ដោយ​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការ​អនុម័ត​នេះ​ទេ ហើយ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​ធានា​ការពារ​ផល​ប្រយោជន៍​ជាតិ ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ។

ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​បញ្ជាក់​ពី​មូលហេតុ​ដែល​ពហិការ​មិន​ចូលរួម​អនុម័ត​ច្បាប់​នេះ មាន​ពីរ​ចំណុច​សំខាន់ៗ គឺ​ទី​១ សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ មាន​ចរិត​នយោបាយ គាប​សង្កត់​ទៅ​លើ​សិទ្ធិ​បុគ្គល និង​គាប​សង្កត់​មក​លើ​គណបក្ស​នយោបាយ​ក្នុង​ន័យ​កម្ចាត់​ខ្មែរ​គ្នា​ឯង និង​គាប​សង្កត់​គូ​ប្រជែង​នយោបាយ​តែ​ប៉ុណ្ណោះ។ ទី​២ សេចក្ដី​ស្នើ​ច្បាប់​នេះ មិន​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ហើយ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា លោក ហ៊ុន សែន បាន​ស្នើ​ដល់​ក្រុម​តំណាងរាស្ត្រ​របស់​លោក​ទាំងអស់​នាំ​គ្នា​ពិនិត្យ​មើល​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយ​កំណត់​កុំ​ឲ្យ​ទណ្ឌិត​អាច​លូកលាន់​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​តទៅទៀត។ ថ្វីត្បិតតែ​លោក ហ៊ុន សែន ប្រកាស​មិន​ចំ​ឈ្មោះ​ជា​ទណ្ឌិត​រូប​ណា ក៏ប៉ុន្តែ​គេ​គ្រប់​គ្នា​ដឹង​ថា សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ គឺ​សំដៅ​តែ​មួយ​គត់​ទៅ​រក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​នៅ​ក្នុង​តុលាការ។

ឆ្លើយតប​នឹង​ការ​អនុម័ត​ច្បាប់​នេះ​ដែរ លោក សម រង្ស៊ី ក៏​បាន​បង្ហោះ​សារ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ចំអក​ឲ្យ​លោក ហ៊ុន សែន ថា គួរ​ឲ្យ​អស់​សំណើច​ដែល​លោក ហ៊ុន សែន បញ្ជា​អាម៉ីអាថោង​ក្នុង​រដ្ឋសភា​ទីងមោង ឲ្យ​បង្កើត “ច្បាប់” មួយ​ដែល​សំដៅ​មក​លើ​បុគ្គល​ម្នាក់​តែ​ប៉ុណ្ណោះ គឺ​រូប​លោក​តែ​ម្តង។ លោក សម រង្ស៊ី បន្ត​ថា សាធារណមតិ​ឃើញ​ច្បាស់​ហើយ​ឥឡូវ​នេះ ថា ហ៊ុន សែន ខ្លាច​លោក​ណាស់ ដោយសារ​តែ​លោក​ជា​សត្រូវ​ដ៏​ជិតស្និទ្ធ​ជាង​គេ​របស់​គាត់ ហើយ​គ្រាន់​តែ​ឈ្មោះ រូបថត សំឡេង ស្រមោល ឬ​អ្វី​ដែល​រម្លឹក​ពី​វត្តមាន​របស់​លោក​នោះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន ដេក​មិន​លក់​ដែរ។

ចាន់ វិបុល ៨៥៥ ២០១៧
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


ក្រៅ​ពី​បក្ស​ប្រឆាំង​នោះ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ក៏​ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ជា​បន្តបន្ទាប់​ដែរ ព្រោះ​ថា​ការ​អនុម័ត​ច្បាប់​ដែល​ចែង​បែប​នេះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ល។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល លើក​ឡើង​ថា អ្នក​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​កំពុង​តែ​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​តាម​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​លោក​ថា វា​នឹង​ផ្តល់​ព័ត៌មាន​កាន់​តែ​ច្បាស់​ដល់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ជ្រើសរើស​មេ​ដឹកនាំ​ដែល​ល្អ ជួយ​ពង្រីក​ប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ និង​ការ​គោរព​សិទ្ធិ​មនុស្ស៖ «ខ្ញុំ​មើល​ឃើញ ៣​ចំណុច ទី​១ តម្លៃ​របស់​រដ្ឋសភា កំពុង​ត្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ ហើយ​ទី​២ អ្នក​តាក់តែង​ច្បាប់ កំពុង​តែ​បង្ហាញ​អំពី​ការ​ភ័យ​ខ្លាច​អំពី​ការ​ប្រកួត​ប្រជែង​ប្រជាធិបតេយ្យ។ ចំណុច​ទី​៣ គឺ​បាន​ធ្វើ​ឲ្យ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ឲ្យ​ច្បាប់​ជាតិ អន្តរជាតិ​មួយ​ចំនួន​ដែល​ទាក់ទង​ដល់​ការ​ផ្តល់​នូវ​សេរីភាព បញ្ចេញ​មតិ ការ​រួម​ចំណែកនូវ​ក្នុងបញ្ហា​នយោបាយ ត្រូវ​បានប៉ះ​ទង្គិចប្រសិន​បើ​យើង​និយាយ​អំពី​ទណ្ឌិត វា​មាន​ស្ថានភាព​ផ្សេងៗ​គ្នា សូម្បី​ជា​ទណ្ឌិត​ក៏ដោយ ក៏​គេ​មាន​ឱកាសក្នុង​ការ​លើក​ឡើង​នូវ​គំនិត​យោបល់​របស់​គេ​ដែរ»

កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​ទៅ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​នាំ​គ្នា​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ប្រញាប់ប្រញាល់​នេះ​ម្ដង​រួច​ទៅ​ហើយ ដើម្បី​រារាំង​លោក សម រង្ស៊ី មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន ដោយសារ​តែ​លោក​ជា​ទណ្ឌិត ទោះ​ជា​ច្បាប់​នេះ​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​យ៉ាង​ណា​ក្ដី។

លោក​បណ្ឌិត ចាន់ វិបុល ពន្យល់​ថា តាម​គោលការណ៍​ប្រជាធិបតេយ្យ គឺ​បង្កើត​ច្បាប់​ទាំងឡាយ​ណា​ដែល​ផ្តល់​សេរីភាព​ពេញលេញ​ដល់​រូបវន្ត​បុគ្គល និង​នីតិបុគ្គល ដើម្បី​រួម​ចំណែក​ក្នុង​ការ​ផ្តល់​គំនិត​យោបល់ និង​រួម​ចំណែក​យ៉ាង​ពេញលេញ​ក្នុង​វិស័យ​នយោបាយ សង្គម និង​សេដ្ឋកិច្ច ប៉ុន្តែ​បើ​ស្មារតី​នៃ​ច្បាប់​ទាំងឡាយ​ណា​ដែល​បញ្ច្រាស​អំពី​គោល​ទស្សនៈ គឺ​មិន​បាន​ជួយ​លើក​ស្ទួយ​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​អះអាង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "បក្ស​កាន់​អំណាច​អនុម័ត​សំណើ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ"

  1. Khmer says:

    These are really kangaroo senates

  2. people says:

    The law of veitcong mafia dictator’ law is draw only one party ‘ so this cpp M_P are criminal’ these M-P sign&gave Tral island to Youn and echo the veitcong mafia dictator who committed criminals in 1997 coup’ killing a lot of khmer people ‘ so they are all criminals in this parliament’.GOD will punish these criminals soon .GOD bless all cambodian people’