មន្ត្រី​បក្ស​កាន់​អំណាច​ថា​អស់​ពី​លោក សម រង្ស៊ី មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​ដោយ​អត់​បាយ​ឡើយ

ដោយ រាជ វិញ្ញូ
2017-07-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA



មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា បើ​ទោះ​ជា​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី ម្នាក់ ក៏​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ពេញ​មួយ​ប្រទេស​ត្រូវ​អត់​បាយ​ស្លាប់​ដែរ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ហៅ​លោក ហ៊ុន សែន ថា​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក តាម​រយៈ​ការ​កែប្រែ​ច្បាប់​ជា​បន្តបន្ទាប់។

គ្រាន់​តែ​មិន​ដល់​ជិត​កន្លះ​ឆ្នាំ​ផង ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នាំ​គ្នា​កែប្រែ និង​អនុម័ត​យ៉ាង​តក់ក្រហល់​ចំនួន​ពីរ​លើក​រួច​មក​ហើយ បន្ទាប់​ពី​មាន​សំណើ​ជា​បន្តបន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ទៀត​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ដែល​បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ច្បាប់​នេះ​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ក្នុង​រយៈពេល​ជិត ៣​ទសវត្សរ៍​ហើយ​ដែល​លោក ហ៊ុន សែន តែង​ព្យាយាម​សម្លាប់​រូប​លោក និង​ជីវិត​នយោបាយ​របស់​លោក​ជា​បន្តបន្ទាប់។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ចំនួន ៦៦​រូប បាន​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ថ្មី​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា រីឯ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​វិញ​ធ្វើ​ពហិការ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឆ្លើយតប​នៅ​ថ្ងៃ​ទី​១១ កក្កដា ថា គ្មាន​នរណា​ម្នាក់​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ឡើយ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​បាន​ស៊ីញេ​ដាក់​ពាក្យ​សុំ​លាឈប់​ពី​សមាជិក និង​ប្រធាន​គណបក្ស​ប្រឆាំង ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​ដោយ​ខ្លួន​ឯង។ លោក​បន្ត​ថា ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ជាច្រើន បាន​អបអរ​សាទរ​ចំពោះ​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ដែល​អាច​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​យុត្តិធម៌​កាល​ពី​ខែ​មិថុនា កន្លង​ទៅ​នេះ ហើយ​បើ​ទោះ​ជា​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី នា​ពេល​ខាង​មុខ ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ឡើយ៖ «មិន​មែន​អត់​ពី សម រង្ស៊ី មួយ មនុស្ស​ប្រហែល ១៥​លាន គេ​ស្លាប់​ដោយសារ​អត់​បាយ​ទេ»

មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​កែប្រែ​ជា​បន្តបន្ទាប់​នេះ គឺ​អនុវត្ត​ចំពោះ​ជន​ទូទាំង​ប្រទេស និង​មិន​សំដៅ​បុគ្គល​ណា​ម្នាក់​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក សុខ ឥសាន បែរ​ជា​ចោទ​ប្រកាន់​លោក សម រង្ស៊ី វិញ​ថា គឺ​ជា​អ្នក​ព្យាយាម​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ប្រើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​សមាជិក​រដ្ឋសភា លោក អ៊ុំ សំអាន ដើម្បី​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អ្នក​ចុះ​ហត្ថលេខា​លុប​ខ្សែ​បន្ទាត់​ព្រំដែន និង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ដើម្បី​បោះ​បង្គោល​ព្រំដែន​កម្ពុជាវៀតណាម ដែល​លោក​បញ្ជាក់​ថា ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​កំហឹង​មក​លើ​បក្ស​កាន់​អំណាច​របស់​លោក។

សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ២០១៧ ១៤៤០
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ឃ្លីប​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy facebook


ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នេះ បន្ទាប់​ពី​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១០ កក្កដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​បាន​ហៅ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ដើម្បី​កុំ​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​នោះ គឺ​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ពេលវេលា​ខ្ជះខ្ជាយ ដើម្បី​គ្រាន់​តែ​ចង់​សម្លាប់​ជីវិត​នយោបាយ​របស់​លោក ដោយ​មិន​ខ្វល់​អំពី​ការ​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ។ លោក សម រង្ស៊ី ក៏​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ទៀត​ថា បាន​ព្យាយាម​សម្លាប់​រូប​លោក​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ​តាម​រយៈ​គ្រប់​មធ្យោបាយ​ទាំងអស់ ដូចជា​ករណី​បោក​គ្រាប់បែក​មុខ​អតីត​មន្ទីរ​រដ្ឋសភា ការ​ផ្ដន្ទាទោស​លោក​ជាច្រើន​ករណី​ដោយ​តុលាការ​អាយ៉ង និង​ដោយ​ការ​បង្កើត​ច្បាប់​កំប្លុកកំប្លែង​សំដៅ​ទៅ​លើ​មនុស្ស​តែ​ម្នាក់។

ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី ចង់​ឃើញ​លោក ហ៊ុន សែន ត្រូវ​ហ៊ាន​ប្រកួត​ប្រជែង​ខាង​នយោបាយ​ជាមួយ​លោក​ដោយ​លក្ខណៈ​មិត្តភាព ការ​ទទួល​ខុស​ត្រូវ និង​បង្ហាញ​ទស្សនវិស័យ​ទំនើប​ក្នុង​ការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា ជាជាង​ការ​បន្ត​ចរិត​កោងកាច​ដូច​មេ​បញ្ជាការ​ខ្មែរ​ក្រហម ដែល​លោក ហ៊ុន សែន ធ្លាប់​ដឹកនាំ​នោះ។

ចំណែក​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក ចាន់ វិបុល មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​ដើម្បី​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​ទាំង​ពីរ ដោយសារ​ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង​នេះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​លោក ចាន់ វិបុល សង្កេត​ឃើញ គឺ​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​មាន​ចេតនា​នយោបាយ​ប៉ុណ្ណោះ ហើយ​ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋសភា​ដែល​តំណាង​ប្រជាជាតិ​ទាំងមូល បាត់បង់​តម្លៃ​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «កាលណា​យើង​និយាយ​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​យើង​សំដៅ​ទៅ​លើការ​លើក​កម្ពស់ ការ​ប្រកួត​ប្រជែងនៅ​ក្នុង​ឆាក​នយោបាយ​ដោយ​សេរីភាព។ អ៊ីចឹង​នៅ​ពេល​រដ្ឋសភា​ស្វែងរក​វិធី​ដើម្បី​បំបែក​សំឡេង កម្ទេច​សំឡេង​របស់​អ្នក​មាន​ប្រជាប្រិយភាព​ក្នុង​ឆាក​នយោបាយ អ៊ីចឹង​សភា​មិន​បាន​ផ្ដល់​តម្លៃ​ដល់​ការ​ប្រកួត​ប្រជែង​តាម​ប្រជាធិបតេយ្យ និង​សេរី​ទេ»

បើ​ទោះ​ជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ នឹង​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដូច​ការ​បោះឆ្នោត​ឃុំសង្កាត់​ក្នុង​ឆ្នាំ​២០១៧ នេះ ថ្វីត្បិត​នៅ​តែ​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី នោះ ប៉ុន្តែ​អ្នក​ជំនាញ​នយោបាយ លោក ចាន់ វិបុល បញ្ជាក់​ថា ការ​បោះឆ្នោត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ ព្រោះ​មួយ​គឺ​ជា​ការ​បោះឆ្នោត​ឃុំសង្កាត់​ដើម្បី​ជ្រើសរើស​បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ រីឯ​ការ​បោះឆ្នោត​ជាតិ​មួយ​ទៀត ដើម្បី​សំដៅ​ជ្រើសរើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី។

លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​នយោបាយ​ធំៗ​មិន​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា ហើយ​គណបក្ស​មួយ​ទៀត​នៅ​តែ​រិះរក​វិធីសាស្ត្រ​ដើម្បី​រារាំង ឬ​កម្ទេច​ភាគី​ម្ខាង​ទៀត មិន​ឲ្យ​មក​ចូលរួម​ប្រកួត​ប្រជែង​ដោយ​សមត្ថភាព នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ ដែល​ជា​ការ​បោះឆ្នោត​សំដៅ​ជ្រើសរើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី។

លោក ចាន់ វិបុល បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​តាម​បែប​ប្រជាធិបតេយ្យ និង​ល្អ​ត្រឹមត្រូវ​ពិតប្រាកដ​បាន គឺ​ទាល់​តែ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​អ្នក​ខ្លាំង​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "មន្ត្រី​បក្ស​កាន់​អំណាច​ថា​អស់​ពី​លោក សម រង្ស៊ី មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​ដោយ​អត់​បាយ​ឡើយ"

  1. The People's idea says:

    some arguments have pointed out that Mr. Sok ersan, please help Cambodian people out of poverty. today no human right, no justice, no good development, no good democracy, and Cambodia today have big gap between people and hun sen’s government officials. Mr. Sok known that all hun sen’s government officials has power and higher corruption and no ability to build the country good. Mr. Sok please help Cambodian people by changing the hun sen’s government by national election. Mr. Sok known that CPP leaders and members of CPP led by the former Khmer Rough soldiers (military) leader as reference to Khmer Rough history and history has pointed out that in 1977. When Mr. Sok ersan study more about that Mr. Sok ersan will understood it very well. When Mr. Sok earsan try to take it to apply the new party law what will happen to the CPP.

    All Cambodian people love Sam Rainsy Sam Rainsy is our good Cambodian Leaders and good professor, good model for Cambodia all generation. since 1993 Sam Rainsy brings good peaceful, good solidarity, good democracy, good development, good love for the people, the nation, and territory, good prosperity and Cambodian people happy and Sam Rainsy bring good luck for the people and the nation and sharing prosperous to the world including ASEAN, ASEAN+3, Europe, and USA, Australia, Canada and the rest of the world.

    Thank you so much for kindly attention.

  2. people says:

    Cambodia is the country of fake democracy’ Everything are fake’ .All cambodian people must study from the past and present and the future ‘ and learn from the past ‘ we must find the way to protect our country ‘to protect our race from communist dictator’.Since 1993 U-N spend $2 billion for helping cambodia get to democracy ‘but communist veitcong dictator can softly to work with khmer democracy’ but when veitcong mafia dictator hun-sen got the chance he did the coup and killing a lot khmer people and bury PARISH ACCORD and gave back all Tral island and illegal treaties to youn -hanoi (his boss) so he try to kill anybody against him’ .GOD will punish veitcong mafia dictator soon ‘because he committed a lot of crime’ his hands full of innocent cambodian people’ so he will go to hell soon and stay in the fire of hell’including his mafia groups. GOD bless all cambodian people’

  3. 😈omen😈 says:

    ពិតណាស់ សុខ ឥសាន អត់ពី សម រង្សុី ទៅរាស្រ្តខ្មែរ១៤លាននាក់មិនអត់បាយទេ! តែកុំយល់ច្រឡំថាមហាជនខ្មែរឈប់ធ្វើការផ្លាស់ផ្ដូរអោយសោះទោះមាន សម រង្សុី ឬអត់ពួកគាត់ត្រូវតែផ្តូរ ហ៊ុន សែន ចេញនៅឆ្នាំក្រោយ២០១៨ ហើិយរឹតតែធ្វើអោយពួកគាត់ចង់ផ្លាស់ផ្ដូរដើម្បីនាំជនស្នេហា៌ជាតិចូលស្រុកវិញផងដែរ។រាស្ត្រខ្មែរលេងចង់មើលអាយ៉ងទៀតហើយវាហួសសម័យហើយ។

Leave a Reply

Submit Comment