សមាជិកសភា​អាមេរិក​នឹង​​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា

ដោយ តាំង សារ៉ាដា
2017-07-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និង​លោក អ៊ុំ សំអាន។ Photo: RFA
(ពី​ឆ្វេង) មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និង​លោក អ៊ុំ សំអាន។ Photo: RFA


សមាជិក​សភា​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក សន្យា​ថា នឹង​ជំរុញ​រដ្ឋសភា​អាមេរិក ស្វែង​រក​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា ឲ្យ​មាន​សេរីភាព​ឡើង​វិញ ខណៈ​ចំនួន​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥។

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) កាល​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) បាន​សន្យា​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នៅ​ក្នុង​វេទិកា​ស្ដីពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​លោក​នឹង​ស្នើ​ទៅ​គណៈកម្មការ ថម ឡាន់ធុស (Tom Lantos) ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​ដើម្បី​ឲ្យ​គណៈកម្មការ​នេះ ជំរុញ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​នៅ​ទី​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក អាឡាន់ ឡូវ៉ិនថល៖ «ខ្ញុំ​នឹង​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ជាមួយ​នឹង​គណៈកម្មការ ថម ឡាន់ធុស ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ដែល​ជាប់​ទោស​ដោយ​អយុត្តិធម៌ ឬ​អ្នកទោស​មនសិការ​តាម​រយៈ​ការ​ស្នើ​ឲ្យ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ព្យាយាម​រក​វិធី​ដោះលែង​ពួកគេ​មក​វិញ។ វិធី​ដ៏​ល្អ​បំផុត​នោះ គឺ​តាម​រយៈ​គណៈកម្មការ ថម ឡាន់ធុស»

​លោក​បន្ត​ថា លោក​នឹង​ប្រាប់​ដល់​សហការី​របស់​លោក​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ប្រាកដ​ថា កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ខណៈ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ទី​នោះ​កំពុង​ស្ថិត​ក្នុង​ចំណុច​ដ៏​គួរ​ឲ្យ​បារម្ភ។

យ៉ាង​ហោច​ណាស់​មាន​អ្នក​ទោស​មនសិការ ឬ​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា ចំនួន​ជាង ២០​រូប ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង។ ក្នុង​ចំណោម​អ្នក​ទាំង​ជាង ២០​រូប​នោះ មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ពីរ​រូប​ គឺ​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង និង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។ ក្រៅ​ពី​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ជាង ១០​រូប សកម្មជន​ដីធ្លី និង​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រឆាំង​ផង​ដែរ។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ទេ ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា កម្ពុជា​កំពុង​ឃុំឃាំង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​នេះ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បដិសេធ​ជា​ញយ​ដង​ហើយ​ថា កម្ពុជា​គ្មាន​អ្នក​ទោស​នយោបាយ​នោះ​ទេ ប៉ុន្តែ​មាន​តែ​អ្នក​ទោស​នយោបាយ​ដែល​ជាប់​ទោស៖ «ហើយ​ខ្ញុំ ខ្ញុំ​ប្រាប់​ហើយ​ថា កម្ពុជា​អត់​មាន​អ្នក​ទោស​នយោបាយ​ទេ មាន​តែ​អ្នក​នយោបាយ​ជាប់​ទោស​ព្រហ្មទណ្ឌ»

​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​សន្យា​ជាមួយ​សហគមន៍​អន្តរជាតិ​ជា​ច្រើន​ថា ខ្លួន​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដូច្នេះ​កម្ពុជា ត្រូវ​គោរព​ការ​សន្យា​របស់​ខ្លួន៖ «កម្ពុជា​យើង​បាន​ផ្ដល់​សច្ចាប័ន​ច្រើន​ជាង​គេ​ទៅ​លើ​បទដ្ឋាន​អន្តរជាតិ ដូចជា​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​បទដ្ឋាន​ជា​ច្រើន​ទៀត»

​អង្គការ​ការពារ​សិទ្ធិមនុស្ស រក​ឃើញ​ថា ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ មក​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​វាយ​ប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ក្រុម​អ្នក​ហ៊ាន​រិះគន់​របស់​ខ្លួន។ ​ ចាប់​តាំង​ពី​ពេល​នោះ​មក​ចំនួន​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​ខ្លាំង ខណៈ​អាជ្ញាធរ​បាន​បង្កើត​ការ​ចោទ​ប្រកាន់​ផ្នែក​ព្រហ្មទណ្ឌ​ទៅ​លើ​ពួកគេ។ អ្នក​ទាំង​នោះ​រួម​មាន​ព្រះសង្ឃ​សកម្មជន​បរិស្ថាន​មន្ត្រី​បក្ស​ប្រឆាំង​សកម្មជន​ដីធ្លី សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា​ជាដើម។

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក បាន​ឲ្យ​ចំណាត់ថ្នាក់​កម្ពុជា ថា​ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​ចំនួន ៤០​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​នេះ។

អង្គការ​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ថា ពិន្ទុ​សេរីភាព​របស់​កម្ពុជា បាន​ធ្លាក់​ចុះ​ដូច្នេះ ដោយសារ​កម្ពុជា បន្ត​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​គំរាមកំហែង​មិន​ឈប់ឈរ​ទៅ​លើ​យក​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

​ក្រៅពី​មានការ​រក​ឃើញ​ថា កម្ពុជា មាន​ការ​រំលោភ​សិទ្ធិមនុស្ស​តាមរយៈ​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នេះ កម្ពុជា​ក៏​ទទួល​នូវ​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ដែរ​ថា កំពុង​រំលោភ​យ៉ាង​ខ្លាំង​ទៅ​លើ​គោលការណ៍​ប្រជាធិបតេយ្យ តាមរយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​សេរីភាព​ផ្នែក​នយោបាយ។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​កក្កដា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៦​រូប បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រតិកម្ម​ភ្លាមៗ​ក្រោយ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។ លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន កុំ​ខ្ជះខ្ជាយ​ពេល​វេលា​ព្យាយាម​សម្លាប់​ជីវិត​នយោបាយ​របស់​លោក​តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដូច្នេះ។

​លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន គួរ​ប្រើ​ប្រាស់​ថាមពល​របស់​លោក​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់ មាន​ប្រយោជន៍​ផ្សេងៗ​ដើម្បី​តម្រង់​ដឹកនាំ​របស់​ប្រទេស​កុំ​ឲ្យ​មាន​ការ​ក្រឡាប់ចាក់​ទៅ​វិញ​ប្រសើរ​ជាង។ លោក​បន្ត​ថា លោក ហ៊ុន សែន គួរ​បង្ហាញ​ទស្សនវិស័យ​ទំនើប​ក្នុង​ការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា ជា​ជាង​ការ​បន្ត​ចរិត​កោងកាច​ដូច​មេ​បញ្ជាការ​ខ្មែរ​ក្រហម​ដែល​លោក​ធ្លាប់​ដឹក​នាំ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles