ស្រ្តី​ម្នាក់​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន​ព្រោះ​តែ​ចោទ​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្រ្តី​ថា​សម្លាប់​លោក ​កែម ឡី

ដោយ វណ្ណ សុគន្ធា
12/07/2017
RFI

media
ស្រ្តីឈ្មោះ ហេង លក្ខិណា ដែលចោទថា ការស្លាប់របស់លោក កែម ឡី គឺដោយសារលោក ហ៊ុន សែន។


នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​នេះ​បាន​ឃាត់​ខ្លួន​ស្រ្តី​ម្នាក់​នាំ​មក​សួរ​ចម្លើយ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី។ ស្រ្តី​ម្នាក់​នេះ ដាក់​ឈ្មោះ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា ហេង លក្ខិណា (Heng Leakhena)។ បន្ទាប់​ពី​បញ្ចប់​ការ​សាក​សួរ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បញ្ជាក់​ថា ស្រ្តី​ម្នាក់​នេះ​អាច​នឹង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ល្ងាច​នេះ។

ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​នេះ គឺ​បន្ទាប់​ពី​ស្រ្តី​ឈ្មោះ​ហេង លក្ខិណា បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​(live)​តាម​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ កក្កដា នៅ​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​កែម ឡី ដោយ​ចោទ​ថា ការ​ស្លាប់​របស់​លោក​កែម ឡី គឺ​ដោយ​សារ​លោក​ហ៊ុន សែន​ហើយ​ថែម​ទាំង​និយាយ​ទៀត​ថា ពូជ​និង​កូន​ចៅ​របស់​លោក​នាយក​រដ្ឋមន្រ្តី​សុទ្ធ​តែ​ដៃ​ប្រឡាក់​ឈាម​របស់​លោក​បណ្ឌិត។

ជា​ការ​កត់​សម្គាល់ ស្រ្តី​ម្នាក់​នេះ គឺ​ជា​មនុស្ស​ទី​៤​ហើយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​លោក​បណ្ឌិត​កែម ឡី​នេះ។ មនុស្ស​ដំបូង​គេ​ក្នុង​រឿង​នេះ គឺ​លោក​សម រង្ស៊ី ។ លោក​សម រង្ស៊ី ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ប្តឹង​ដោយ​ផ្ទាល់​តែ​ម្តង​ទៅ​កាន់​តុលាការ ក្រោយ​អតីត​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ បាន​ចោទ​ប្រកាន់​លោក​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​លោក​កែម ឡី​ត្រូវ​បាន​គេ​បាញ់​សម្លាប់។

ក្រោយ​មក​ទៀត គឺ​លោក​ស្រី​ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ ក៏​ត្រូវ​បាន​លោក​ហ៊ុន សែន​ប្តឹង​ដែរ​ដោយ​សារ​តែ​ចោទ​លោក​ថា ទៅ​បាញ់​សម្លាប់​លោក​កែម ឡី។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​មួយ​ក្នុង​ខេត្ត​រតនគីរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៦។ ទាំង​លោក​សម រង្ស៊ី និង​លោក​ស្រី​ថាក់ ឡានី សុទ្ធ​តែ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​តែ​១​រយ​រៀល​ប៉ុណ្ណោះ។

ដោយ​ឡែក​ខុស​ពី​អ្នក​ទាំង​ពីរ​ខាង​លើ លោក​គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ​និង​សង្គម​ដែល​ទើប​ចេញ​មុខ​សោះ ត្រូវ​បាន​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ដល់​ទៅ​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ព្រោះ​តែ​រឿង​ចោទ​ប្រកាន់​ដូច​គ្នា​នេះ ហើយ​នៅ​ពេល​នេះ លោក​គឹម សុខ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​ជំនុំ​ជម្រះ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

លោក​បណ្ឌិត​កែម ឡី អ្នក​វិភាគ​បញ្ហា​នយោបាយ និង​សង្គម​ដ៏​ល្បី​ឈ្មោះ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ក្រោយ​ការ​បាញ់​សម្លាប់​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ មាន​តែ​ជន​ឈ្មោះ​ជួប សម្លាប់​ម្នាក់​គត់​ដែល​ត្រូវ​បាន តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​លោក​កែម ឡី។ សម្រាប់​ក្រុម​អង្គការ​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា នេះ​មិន​ទាន់​ជា​យុត្តិធម៌​នៅ​ឡើយ​ទេ។ ដូច្នេះ ពួក​គេ​បាន​ទទូច​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ជុំវិញ​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី​នេះ​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ផង​ដែរ៕

What Next?

Recent Articles

One Response to "ស្រ្តី​ម្នាក់​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន​ព្រោះ​តែ​ចោទ​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្រ្តី​ថា​សម្លាប់​លោក ​កែម ឡី"

  1. people says:

    This veitcong regime leaded by former khmer-rough killer is not fair’ because they only catch the ordinary people’ but the criminal who shoot the police at thailand check point border never catch him ‘ What a bloody veitcong government ‘ .this regime propmote only criminals and jail the ordinary and the khmer nationalists ‘ so this puppet government will be punished by GOD .GOD bless all cambodian people’