លោក ប្រ៊ែដ អាដាម ថា​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2017-07-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ Photo: RFA
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ Photo: RFA


នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ការ​អនុម័ត​វិសោធនកម្ម​លើក​ទី​ពីរ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​សប្ដាហ៍​នេះ ថា​កំពុង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​លោក​រំពឹង​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ឈរ​ឱប​ដៃ​មើល​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​បាន​នោះ​ទេ។

លោក មួង ណារ៉េត៖ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា បើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ចូល​ជា​ធរមាន នោះ​ប្រជាធិបតេយ្យ​នឹង​ឈាន​ដល់​ទី​អវសាន។ តើ​លោក​យល់​យ៉ាង​ដូចម្តេច​ទៅ​វិញ ចំពោះ​ការ​អនុម័ត​ច្បាប់​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ជីវភាព​នយោបាយ​របស់​មនុស្ស​ដូច្នេះ?

លោក ប៊្រែដ អាដាម៖ គ្មាន​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​នោះ​ទេ! សារជាតិ​ភាព​ដឹកនាំ​របៀប​ផ្ដាច់ការ គឺ​គេ​ធ្វើ​តែ​អ៊ីចឹង​ឯង! គេ​នាំ​គ្នា​ប្រជុំ​តែ​គ្នា​គេ រួច​លើក​ដៃ​អនុម័ត​ច្បាប់​តាម​តែ​អំពើ​ចិត្ត​របស់​ពួក​ខ្លួន។ បំណង​របស់​គេ គឺ​ចង់​កម្ចាត់​គូប្រកួត​ចេញ​ពី​សង្វៀន។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប៉ុនប៉ង​ធ្វើ​ឃាត​លោក សម រង្ស៊ី ធ្លាប់​ប៉ុនប៉ង​ចាប់​គាត់​ដាក់​គុក។ មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក កឹម សុខ អ្នកស្រី មូរ សុខហួរ និង​សកម្មជន​ផ្សេង​ទៀត សុទ្ធតែ​រងគ្រោះ​ដោយ​ការ​ប៉ុនប៉ង​ចង់​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ នេះ។


ផលវិបាក​ធំ​ជាង​គេ គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច។ ពេល​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច អ្នក​មាន​ធំៗ​ដូចជា​ឧកញ៉ា​ដែល​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បាត់បង់​មុខ​របរ​ជំនួញ​របស់​ខ្លួន។ នេះ​ជា​ប្រសាសន៍​របស់​លោក ប៊្រែដ អាដាម


លោក មួង ណារ៉េត៖ តើ​មាន​ប្រទេស​ណា​ខ្លះ​នៅ​លើ​លោក​យើង​នេះ ដែល​អនុម័ត​ច្បាប់​បែប​នេះ​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ក្រៅ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង មួយ ខ្ញុំ​ជឿ​ថា​គ្មាន​ប្រទេស​ណា​នៅ​លើ​លោក​យើង​នេះ ធ្វើ​ច្បាប់​ខុស​គេ​ខុស​ឯង​បែប​នេះ​ទេ។ គ្មាន​ប្រទេស​ណា​ធ្វើ​ច្បាប់​ផ្តាច់​ជីវិត​នយោបាយ​របស់​មនុស្ស​បែប​នេះ​នោះ​ទេ។ ច្បាប់​នេះ​មាន​លក្ខណៈ​ប្រមាថ​ដល់​សិទ្ធិ​សេរីភាព​របស់​មនុស្ស។ តាម​រយៈ​ការ​ធ្វើ​ច្បាប់​នេះ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​អំពី​ភាព​អស់​សង្ឃឹម និង​ភ័យ​លស់ព្រលឹង ព្រោះ​ដឹង​ថា​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ លោក ហ៊ុន សែន ចង់​កម្ចាត់​លោក សម រង្ស៊ី ឲ្យខាងតែ​បាន។ ប៉ុន្តែ​ធ្វើ​ដូច្នេះ ច្បាស់​ជា​ទៅ​មិន​រួច​ទេ។

លោក មួង ណារ៉េត៖ ម៉េច​បាន​ជា​លោក​ថា​ធ្វើ​ទៅ​មិន​រួច?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​ថា​ធ្វើ​ទៅ​មិន​រួច គឺ​ដោយសារ​គ្មាន​នរណា​អាច​ឃាត់ឃាំង​លោក សម រង្ស៊ី មិន​ឲ្យ​គាត់​បញ្ចេញ​មតិ​លើ​ហ្វេសប៊ុក​បាន​នោះ​ទេ។ គាត់​នៅ​តែ​អាច​កៀរគរ​រក​អ្នក​គាំទ្រ​គាត់។ ទោះ​បី​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​រើស​លោក សម រង្ស៊ី ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​មិន​បាន​នៅ​ពេល​នេះ​ក្តី ប៉ុន្តែ​បើ​ពួក​គាត់​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ឆ្នោត​ឆ្នាំ​២០១៨ ពេល​នោះ​គណបក្ស​សង្គ្រោះ​ជាតិ អាច​លុប​ចោល​ច្បាប់​នេះ​វិញ និង​អាច​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា វិញ​បាន​ជាក់​ជា​មិន​ខាន។

ប៉ូលិស ទីលាន​ប្រជាធិបតេយ្យ ៦១០
ប៉ូលិស​ឈរ​ត្រៀម​ការពារ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៤។ RFA/Mom Sophon


លោក មួង ណារ៉េត៖ តើ​នេះ​ជា​ជម្រើស​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​ឬ​ទេ ដែល​មិន​ដល់​កន្លះ​ឆ្នាំ​ផង នាំ​គ្នា​កែ​ច្បាប់​រឹតត្បិត​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ទៅ​ពីរ​ដង​យ៉ាង​ដូច្នេះ?

លោក ប៊្រែដ អាដាម៖ ជម្រើស​នេះ​មិន​មែន​បង្ហាញ​ពី​ភាព​ឆ្លាតវៃ​ទេ តែ​បង្ហាញ​ពី​ភាព​ល្ងីល្ងើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ច្បាប់​នេះ គឺ​ធ្វើ​ដើម្បី​សម្លាប់​លទ្ធិប្រជាធិបតេយ្យ។ ពិភពលោក​ទាំងមូល​នឹង​សើច​ចំអក​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក មួង ណារ៉េត៖ សហគមន៍​អន្តរជាតិ​ក្រៅ​ពី​សើច​ចំអក​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា តើ​ពួក​គេ​អាច​ធ្វើ​បាន​អ្វី​ខ្លះ​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​រឿង​ដូច្នេះ​ចេះ​តែ​បន្ត​កើត​មាន?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​យល់​ថា អ្វី​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ធ្វើ​នេះ គឺ​មិន​មែន​បង្ហាញ​ពី​ភាព​ខ្លាំង​ទេ ប៉ុន្តែ​បង្ហាញ​ពី​ភាព​កម្សោយ​នៃ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន។ ការ​ធ្វើ​ដូច្នេះ គឺ​បង្ហាញ​ថា លោក ហ៊ុន សែន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​រអា​ខ្លាំង ព្រោះ​ខ្លាច​ចាញ់​ឆ្នោត។ ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ងាយ​នឹង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ខ្ញុំ​ជឿ​ថា សហគមន៍​អន្តរជាតិ​នឹង​បង្ហាញ​ជំហរ​របស់​ខ្លួន ហើយ​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា​បើ​លោក​នៅ​តែ​បន្ត​ធ្វើ​ដូច្នេះ នោះ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ នឹង​ក្លាយ​ទៅ​ជា​រឿង​បាយឡុកបាយឡ។ ពួក​យើង​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ ហើយ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​នេះ។

លោក មួង ណារ៉េត៖ តើ​កម្ពុជា នឹង​រង​ផលវិបាក​អ្វី​ខ្លះ បើ​សហគមន៍​អន្តរជាតិ​ធ្វើ​ដូច្នេះ​មែន?

លោក ប៊្រែដ អាដាម៖ ផលវិបាក​មាន​ច្រើន។ ផលវិបាក​ធំ​ជាង​គេ គឺ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច។ ពេល​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច អ្នក​មាន​ធំៗ​ដូចជា​ឧកញ៉ា​ដែល​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បាត់បង់​មុខ​របរ​ជំនួញ​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ សហគមន៍​អន្តរជាតិ​នឹង​បិទ​ទិដ្ឋាការ ឬ​វីសា (Visa) ដោយ​ហាម​មិន​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ពួក​គេ​ថែម​ទៀត​ផង។ សហរដ្ឋ​អាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ជា​មនុស្ស​មិន​សូវ​ចូល​ចិត្ត​ផ្នែក​ការទូត​ស្រាប់​ផង គាត់​ច្បាស់​ជា​ប្រើ​ធម៌​ក្តៅ​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាក់​ជា​មិន​ខាន។ ចំណែក​សហគមន៍​អឺរ៉ុប វិញ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទាំងនោះ​រួច​ហើយ។ ឥឡូវ​នេះ ពួក​គេ​ចាត់​ទុក​លោក ហ៊ុន សែន ថា​ជា​មេ​ដឹកនាំ​ផ្ដាច់ការ ដោយ​គ្មាន​មន្ទិល​អ្វី​ទៀត​ទេ។ សហគមន៍​អន្តរជាតិ​កំពុង​រិះរក​វិធានការ​ចាត់ការ​លោក ហ៊ុន សែន ក្នុង​រឿង​នេះ។ សរុប​សេចក្តី​មក អ្វី​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​នេះ គឺ​ជា​ការ​យក​សាំង​ចាក់​ដុត​ខ្លួន​ឯង ព្រោះ​ធ្វើ​ហ្នឹង គឺ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។


តើ​គាត់ (លោក ហ៊ុន សែន) ចង់​បន្សល់​ទុក​នូវ​កេរ​ដំណែល​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដៀល​ជេរ​គាត់​ថា​ជា​ជន​ផ្ដាច់ការ ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ ឬ​យ៉ាង​ម៉េច? នេះ​ជា​ប្រសាសន៍​របស់​លោក ប៊្រែដ អាដាម


លោក មួង ណារ៉េត៖ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​បន្ថែម​នេះ រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​នេះ​ចោល​បាន​ទៀត​ផង ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ។ តើ​ស្ថានភាព​បែប​នេះ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ? តើ​លោក​គិត​ថា​ការ​បោះឆ្នោត អាច​នឹង​ត្រូវ​អាក់ខាន​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ទោះ​អត់​មាន​គណបក្ស​ប្រឆាំង​ចូលរួម ក៏​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែរ គឺ​ធ្វើ​ដូច​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ចិន និង​វៀតណាម អ៊ីចឹង។ ប៉ុន្តែ​ការ​បោះឆ្នោត​បែប​នេះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ជា​ការ​បោះឆ្នោត​ធ្វើ​ឲ្យ​តែ​គ្រប់​កិច្ច។ ប៉ុន្តែ​ខ្ញុំ​យល់​ថា ពលរដ្ឋ​ខ្មែរ​មិន​ល្ងង់​ទេ។ ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​លោក សម រង្ស៊ី ក៏​ម្ចាស់​ឆ្នោត​យល់​ដឹង​រឿង​នេះ​អស់​ហើយ។ ពួក​គាត់​នឹង​មិន​ផ្លាស់ប្ដូរ​ការ​គាំទ្រ​ចំពោះ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ប្រសិន​បើ​អត់​មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត ប្រជាពលរដ្ឋ​នឹង​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត។ អាច​មាន​អ្នក​ទៅ​បោះឆ្នោត​ខ្លះ​ដែរ ប៉ុន្តែ​ទៅ​មិន​ច្រើន​ទេ ព្រោះ​ពួក​គេ​មិន​ពេញ​ចិត្ត។

លោក មួង ណារ៉េត៖ តើ​លោក​គិត​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​យក​វិធី​ព្យាបាទ​បែប​នេះ?

លោក ប៊្រែដ អាដាម៖ រដ្ឋាភិបាល​ផ្ដាច់ការ​នៅ​លើ​ពិភពលោក តែងតែ​ជ្រើសរើស​វិធី​បែប​នេះ ប៉ុន្តែ​ជាទូទៅ គឺ​មិន​ដែល​ជោគជ័យ​ទេ។ ពេល​ដែល​រដ្ឋាភិបាល​ប្រព្រឹត្ត​បែប​នេះ គឺ​ជា​សញ្ញាណ​បញ្ជាក់​ថា​របប​ផ្ដាច់ការ​ជិត​ដាច់​ខ្យល់​ហើយ។ រឿង​នេះ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា ខ្លួន​ឯង​យ៉ាង​ដំណំ។ តាម​របាយការណ៍​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុង​មាន​ជំងឺ។ បើ​ដឹង​ថា​ខ្លួន​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​នៅ​តែ​ប្រព្រឹត្ត​បែប​នេះ តើ​នេះ​ឬ​ជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់​ឃើញ​ជា​កេរ​ដំណែល​របស់​គាត់? តើ​គាត់​ចង់​បន្សល់​ទុក​នូវ​កេរ​ដំណែល​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដៀល​ជេរ​គាត់​ថា​ជា​ជន​ផ្ដាច់ការ ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ ឬ​យ៉ាង​ម៉េច? ខ្ញុំ​បន់​កុំ​ឲ្យ​គាត់​បន្សល់​កេរ​ដំណែល​អាក្រក់​ដូច្នេះ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​គិត​ឡើង​វិញ។

ប៉ូលិស​​បង្ក្រាប​ ទីលាន​ប្រជាធិបតេយ្យ ៦១០
ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ពលរដ្ឋ​នៅ​ម្ដុំ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៤។ CLEC Photo


លោក មួង ណារ៉េត៖ កាលណា​លទ្ធិប្រជាធិបតេយ្យ​រង​ការ​បំផ្លាញ អំណាច​ផ្ដាច់ការ​នឹង​នៅ​តែ​ញាំញី​ប្រព័ន្ធ​នីតិរដ្ឋ ប្រជាពលរដ្ឋ​នឹង​នៅ​តែ​ជា​ជន​រងគ្រោះ។ គណបក្ស​ប្រឆាំង​ដែល​ជា​តួអង្គ​មួយ​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់​តែ​ខ្លាំង។ តើ​លោក​យល់​ថា​សហគមន៍​អន្តរជាតិ មាន​ឥទ្ធិពល​អ្វី​ក្នុង​រឿង​នេះ​ដែរ​ឬ​ទេ?

លោក ប៊្រែដ អាដាម៖ ខ្ញុំ​តាមដាន​ស្រុក​ខ្មែរ​យូរ​ក្រែល​ល្មម​ដែល​អាច​ដឹង​ច្បាស់​ថា លោក ហ៊ុន សែន ចុះ​ចាញ់​សម្ពាធ​អន្តរជាតិ ដូចជា​ការ​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ជាដើម។ យើង​ដឹង​ហើយ​ថា លោក ហ៊ុន សែន មាន​លុយ និង​អាវុធ។ លុយ និង​អាវុធ​នេះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង និង​គំរាម​មាន​សង្គ្រាម​ជា​ហូរហែ​ត​រៀង​មក។ ប៉ុន្តែ​ម្តង​នេះ ពលរដ្ឋ​ខ្មែរ​លែង​ល្ងង់​ចាញ់​សម្លុត​គាត់​ទៀត​ហើយ។ សារ​គំរាម​បែប​នេះ​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ។ ម្យ៉ាង​ទៀត មនុស្ស​ច្រើន​ណាស់​នៅ​ស្រុក​ខ្មែរ សូម្បី​តែ​ឧកញ៉ា​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ផង ក៏​ពួក​គេ​ចាប់​ផ្ដើម​គិត​ពី​អនាគត​របស់​ពួក​គេ មិន​មែន​អនាគត​របស់​លោក ហ៊ុន សែន នោះ​ទេ។ ដូច្នេះ​បើ​ពួក​គេ​នៅ​តែ​គាំទ្រ​លោក ហ៊ុន សែន ពួក​គេ​ប្រឈម​នឹង​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង។

ពួក​គេ​ត្រូវ​ចាំ​ថា បើ​មាន​រដ្ឋាភិបាល​ថ្មី​ដែល​ស្អាតស្អំ ពេល​នោះ អ្នក​ពុក​រលួយ​នឹង​មិន​រួច​ខ្លួន​ទេ រួម​ទាំង​អ្នក​ដែល​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ផង។ ម្យ៉ាង​ទៀត លោក ហ៊ុន សែន ជា​ជន​ផ្ដាច់ការ ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស និង​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម ដូច្នេះ​គាត់​ត្រូវ​ដឹង​ថា គាត់​មិន​អាច​លេង​ល្បែង​ដដែលៗ​នេះ​បាន​ទៀត​ទេ។ លោក ហ៊ុន សែន ត្រូវ​ដឹង​ដែរ​ថា គាត់​មិន​អាច​នៅ​បន្ត​កាន់​អំណាច​រហូត​អស់​មួយ​ជីវិត​បាន​នោះ​ទេ ហើយ​អ្នក​មាន​ធំៗ ក៏​មិន​តាម​គាំទ្រ​គាត់​រហូត​នោះ​ដែរ។ ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ដុត​បំផ្លាញ​ស្រុក​ខ្មែរ​ឲ្យ​រលាយ​ដោយសារ​គាត់​ចង់​បន្ត​ក្រាញ​អំណាច​យូរ​តទៅទៀត ខ្ញុំ​ជឿ​ថា នឹង​មាន​មនុស្ស​ច្រើន​ណាស់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ជួយ​លុយ​ដល់​គណបក្ស​នេះ ក៏​នឹង​មិន​ព្រម​តាម​គាត់​នោះ​ដែរ។

លោក មួង ណារ៉េត៖ ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​នេះ​ចង​កំហឹង ដែល​អាច​ឈាន​ទៅ​រក​ការ​តវ៉ា។ ពេល​នោះ​រដ្ឋាភិបាល​នឹង​បង្ក្រាប​ពួក​គាត់ ដោយ​យក​លេស​ថា​រក្សា​សន្តិភាព។ ការ​បង្ក្រាប គឺ​ដើម្បី​រក្សា​អំណាច​របស់​លោក ហ៊ុន សែន។ តើ​មាន​វិធី​អ្វី​ដែល​ប្រសើរ និង​អហិង្សា​ដើម្បី​អាច​ចៀស​រួច​ពី​បញ្ហា​ទាំងអស់​នេះ​បាន?

លោក ប៊្រែដ អាដាម៖ ពេល​លោក ហ៊ុន សែន គំរាម​ថា​មាន​សង្គ្រាម គេ​ឯង​នាំ​គ្នា​អស់​សំណើច​គ្រប់​គ្នា ព្រោះ​សង្គ្រាម​អាច​កើត​ឡើង​បាន ទាល់​តែ​មាន​ទ័ព​ពីរ​បក្ស។ ប៉ុន្តែ​ស្រុក​ខ្មែរ បក្ស​ម្ខាង​ទៀត​មាន​ទ័ព​មក​ពីណា? ទ័ព​មាន​តែ​ខាង​បក្ស​លោក ហ៊ុន សែន ប៉ុណ្ណោះ​ឯង។ ដូច្នេះ គាត់​កំពុង​តែ​ស្រមើស្រមៃ​ស្មាន​ថា​យុគសម័យ​នេះ ដូច​សម័យ​រដ្ឋ​កម្ពុជា ហើយ​មើល​ទៅ។

លោក មួង ណារ៉េត៖ ប៉ុន្តែ​លោក ហ៊ុន សែន ព្រមាន​ថា សង្គ្រាម​មិន​ចាំបាច់​តែ​មាន​អាវុធ ឬ​ទ័ព​ឯណា គ្រាន់​តែ​វាចា​ក៏​អាច​ផ្ទុះ​សង្គ្រាម​បាន​ដែរ! តើ​លោក​យល់​យ៉ាង​ម៉េច​ទៅ​វិញ​ក្នុង​រឿង​នេះ?

លោក ប៊្រែដ អាដាម៖ ការ​លើក​ឡើង​បែប​នេះ គឺ​អត់​ទំនង​ទាល់​តែ​សោះ។ ប្រជាធិបតេយ្យ​មិន​អាច​ខ្ទប់​មាត់​គេ​មិន​ឲ្យ​និយាយ​ស្តី​បាន​នោះ​ទេ។ ពាក្យ​សម្ដី​ឯណា​ដែល​កើត​សង្គ្រាម​បាន​នោះ! សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ជា​ផ្នែក​មួយ​នៃ​ជីវភាព​នយោបាយ។ សម្ដី និង​សង្គ្រាម គឺ​ដូច​ទឹក និង​ប្រេង។ វា​មិន​ត្រូវ​ធាតុ​គ្នា​ទេ។ ប្រសិន​បើ​លោក ហ៊ុន សែន ហ៊ាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​សម្លាប់​អ្នក​តវ៉ា គាត់​នឹង​ក្លាយ​ជា​មេ​ឃាតក។ ពេល​នោះ​គេ​នឹង​អូស​ក​គាត់​ទៅ​កាត់​ទោស។ គណបក្ស​ប្រឆាំង​ដូចជា​មិន​ដែល​ធ្លាប់​មាន​ប្រវត្តិ​បង្ក​សង្គ្រាម​នោះ​ទេ។ ពួក​គេ​ប្រកាន់​តែ​ជំហរ​អហិង្សា ហើយ​តវ៉ា​ដោយ​សន្តិវិធី​រាល់​តែ​ដង​ហ្នឹង។ ដូច្នេះ ពេល​លោក ហ៊ុន សែន គំរាម​ថា​មាន​សង្គ្រាម​ដើម្បី​ដោះស្រាយ​បញ្ហា ខ្ញុំ​ជឿ​ថា​សូម្បី​តែ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​មិន​ជឿ និង​មិន​យល់​ស្រប​តាម​គាត់​នោះ​ដែរ។ លោក ហ៊ុន សែន កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ​ខ្លាំង​ហើយ​នៅ​ពេល​នេះ។

លោក មួង ណារ៉េត៖ សូម​អរគុណ​លោក ប៊្រែដ អាដាម ដែល​បាន​ចំណាយ​ពេលវេលា​ឲ្យ​ខ្ញុំ​សម្ភាស!

លោក ប៊្រែដ អាដាម៖ អរគុណ​ច្រើន មិន​អី​ទេ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ប្រ៊ែដ អាដាម ថា​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា"

  1. people says:

    the fact is the veitcong -youn who hiding behind ah kuk Hun-sen’ .Youn-veitcong knew that hun-sen love power and love money so they used hun-sen as their tool to grab all profit from cambodia’.Youn-veitcong took a lot of profit’ they killed all khmer and they took tral island ,land lease 99 years,angkor watt, borgor,and more deforestation and mining resource all gonr to youn&jen ‘some for hun-sen &mafia groups. International only knew Hun-sen corruption but big profit gone to communist youn-veitcong and china cambodian people lost everything and keep suffer and some in jail and killed.This cpp veitcong serve only youn- not khmer people’. GOD bless all cambodian people’