ជនរងគ្រោះ​សម្រេច​ឈប់​ប្តឹង​ជួប​សន្លប់

លោក ឈាន ពិសិដ្ឋ កាល​ពេល​ដួល​សន្លប់​មុខ​ឡាន​នៅ​ក្រុង​ប៉ោយប៉ែត​កន្លង​មក​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

បន្ទាយមានជ័យៈ ជនរងគ្រោះ​ដែល​រង​ការ​បាញ់ប្រហារ​ដោយ​លោក ឈាន ពិសិដ្ឋ ដែល​គេ​ដាក់​រហស្សនាម​ថា​ «​ជួប​សន្លប់​» បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​នៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដោយ​លោក​អះអាង​ថា​មិន​ចង់​ឲ្យ​រឿង​វែង​ឆ្ងាយ​។

ការ​ដក​ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​ ខណៈ​ពេល​ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ ឈាន ពិសិដ្ឋ តាម​ដីកា​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​។

ជនរងគ្រោះ​លោក សេម មករា នាយរង​ប៉ុស្តិ៍​ទទួល​ផ្នែក​រដ្ឋបាល​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ​លោក​មិន​ដឹង​ពី​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ និង​សមត្ថកិច្ច​ទេ ប៉ុន្តែ​លោក​នឹង​ដក​ពាក្យ​ឆាប់ៗ​នេះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អត់​ដឹង​ទេ ទុក​ឲ្យ​គេ​ដោះស្រាយ​ចុះ​។ ឥឡូវ​ខ្ញុំ​ប្រាប់​ត្រង់​ឲ្យ​ខ្លី​ហ្មង​ទៅ ស្អែក​ខាន​ស្អែក ខ្ញុំ​ទៅ​ដក​ពាក្យ​ដក​ចេញ​វិញ​ហើយ​។ វា​អត់​អី​ទេ ឥឡូវ​ធម្មតា រឿង​វា​កន្លង​ហួស​ហើយ ខ្ញុំ​មិន​ចង់​វែង​ឆ្ងាយ​»​។

លោក សេម មករា បាន​រងរបួស​ស្មា​ក្នុង​ករណី​បាញ់បោះ​ដោយ​ឈ្មោះ ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដក​កាំភ្លើង​បាញ់​កាលពី​ថ្ងៃ​ទី​ ៩ ខែ​មករា​។

កាលពី​ចុង​ខែ​ឧសភា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ​ ឈាន ពិសិដ្ឋ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ទៅ​លើ​លោក សេម មករា​។

ការ​ចេញ​ដីកា​ធ្វើ​ឡើង​ក្រោយ​ពេល​ឈ្មោះ ឈាន ពិសិដ្ឋ ​បាន​ខកខាន​មិន​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​លោក មុយ សុភ័ក្រ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​នេះ​តាំង​ពី​ថ្ងៃ​ទី​ ២៩ ខែ​ឧសភា​។ ដីកា​នោះ​បាន​សរសេរ​ថា​៖ «​ចៀសវាង​ការ​រត់​គេច​ខ្លួន​របស់​ជន​ត្រូវ​ចោទ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ គប្បី​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ​»​។

ដីកា​បាន​សរសេរ​បន្ត​ថា​៖ «​បង្គាប់​មក​ដល់​មន្ត្រី​នគរបាល​យុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈ​ឲ្យ​ចាប់​ជន​ត្រូវ​ចោទ​ដែល​មាន​អត្តសញ្ញាណ​ដូច​ខាង​លើ​ទៅ​ក្នុង​ពន្ធនាគារ ឬ​មណ្ឌល​ឃុំ​ខ្លួន ហើយ​នាំ​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ស៊ើបសួរ​របស់​យើង​នៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ពេល​ដ៏​ឆាប់​បំផុត​»​។

លោក សិទ្ធ ឡោះ ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ទទួល​ដីកា​នោះ​យូរ​ដែរ​ហើយ តែ​មិន​មាន​តម្រុយ​ណា​មួយ​លើ​ឈ្មោះ ឈាន ពិសិដ្ឋ ទេ​។ លោក​ថ្លែង​ថា​៖ «​តែ​កិច្ចការងារ​ហ្នឹង​ស្រាវជ្រាវ​អត់​មាន​តម្រុយ​ទេ យើង​មិន​ដឹង​តម្រុយ​ថា​គាត់​ស្នាក់​នៅ​កន្លែង​ណា​ទេ​។ យើង​រង់ចាំ​ថា​តុលាការ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​»​។

មជ្ឈដ្ឋាន​អ្នកលេង​ហ្វេសប៊ុក​បាន​លើក​ឡើង​ថា​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​មាន​ខ្នង​ធំ សមត្ថកិច្ច និង​តុលាការ​រក​មិន​ងាយ​ឃើញ​ទេ តែ​បើ​ប៉ះ​អ្នក​តូចតាច​វិញ​ច្បាស់​ជា​ត្រូវ​ជាប់​ខ្នោះ​មិន​ដល់ ២៤ ម៉ោង​ឡើយ​។

អ្នកលេង​ហ្វេសប៊ុក​ម្នាក់​បាន​សរសេរ​កាលពី​ពេល​កន្លង​ទៅ​ថា​៖ «​ខ្សែ​ក្រាស់​កុំ​ថា​ឡើយ​តុលាការ​! នេះ​បាន​ហៅ​ថា​សង្គម​នីតិរដ្ឋ​របស់​គេ​មែន​! បណ្តោយ​ឲ្យ​មនុស្ស​ខូច​ប្រព្រឹត្ត​ខុស​ច្បាប់ រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​។ បើ​មិនមែន​ជា​បក្ខពួក​របស់​អស់​លោក ម្ល៉េះ ២៤ ម៉ោង​មិន​ទាន់​ទេ អស់​លោក​ទាញ​ក្បាល​គេ​ញាត់​គុក​មិន​ខាន​»៕


Contact author: នៀម ឆេង

What Next?

Recent Articles

Leave a Reply

Submit Comment