អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​ស្ត្រី​បឹងកក់​៦​នាក់

ដោយ រាជ វិញ្ញូ
2017-07-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​ដីធ្លី​ពី​បឹងកក់ និង​បុរីកីឡា លើក​បដា​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី  នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Cheu Sideth
សកម្មជន​ដីធ្លី​ពី​បឹងកក់ និង​បុរីកីឡា លើក​បដា​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Cheu Sideth



អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា គួរ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​កាត់​ទោស​ដោយសារ​ហេតុផល​នយោបាយ​មក​លើ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ទាំង ៦​នាក់ ដែល​មាន​ទាំង​អ្នកស្រី ទេព វន្នី ផង​ដែរ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​លើក​ពេល​សវនាការ​ឆ្លើយ​ដោះសា​ពី​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ស្ត្រី​បឹងកក់ ទាំង ៦​នាក់។

​សវនាការ​ឆ្លើយ​ដោះសា​ពី​ការ​ចោទ​ប្រកាន់​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ដែល​ចាប់​ផ្ដើម​មិន​ដល់​កន្លះ​ម៉ោង ត្រូវ​បាន​ចៅក្រម លោក ប៊ុន ធី សម្រេច​លើក​សវនាការ​ទៅ​ពេល​ក្រោយ​វិញ តាម​ការ​ស្នើ​សុំ​ពី​មេធាវី​ការពារ​ក្ដី​ឱ្យ​ក្រុម​ជនជាប់ចោទ​ដែល​ជា​ស្ត្រី​សកម្មជន​ដីធ្លី​នៅ​បឹងកក់ បន្ទាប់​ពី​សវនាការ​នោះ​ធ្វើ​ឡើង​គ្មាន​វត្តមាន​សាក្សី រី​ឯ​ដើម​បណ្ដឹង​ដែល​ជា​អតីត​ស្ត្រី​បឹងកក់ លោកស្រី លី មុំ ក៏​បាន​សម្រេច​ដក​ពាក្យ​បណ្ដឹង​វិញ​តាំង​ពី​ឆ្នាំ​២០១៦។

ក្រុម​ស្ត្រី​បឹងកក់​ទាំង ៦​នាក់ ដែល​ជា​ជន​ជាប់​ចោទ រួម​មាន​លោកស្រី ហេង មុំ លោកស្រី ង៉ែត ឃុន លោកស្រី ឆេង លាភ លោកស្រី គង់ ចាន់ថា លោកស្រី តុល ស្រីពៅ និង​អ្នកស្រី ទេព វន្នី ត្រូវ​បាន​លោកស្រី លី មុំ ដាក់​ពាក្យ​ប្ដឹង​ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ និង​គំរាម​ថា នឹង​សម្លាប់​កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ។

​អ្នកស្រី សាម សុគន្ធា មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ទេព វន្នី បញ្ជាក់​ថា តុលាការ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់លាក់​ដើម្បី​បើក​សវនាការ​ម្ដង​ទៀត​នៅ​ឡើយ​ទេ ប៉ុន្តែ​លោកស្រី​បាន​ស្នើ​ឱ្យ​តុលាការ​ត្រូវ​តែ​កោះ​ហៅ​សាក្សី​ដែល​ធ្លាប់​ឆ្លើយ​ដាក់​បន្ទុក​លើ​ក្រុម​កូន​ក្ដី​របស់​លោកស្រី នៅ​ពេល​បើក​សវនាការ​ខាង​មុខ​នេះ។

ស្រប​ពេល​តុលាការ​សម្រេច​លើក​ពេល​សវនាការ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា គួរ​បញ្ឈប់​ជា​ប្រញាប់​ចំពោះ​ការ​កាត់​ទោស​ដោយសារ​ហេតុផល​នយោបាយ​មក​លើ​សកម្មជន​ដីធ្លី​ស្ត្រី​បឹងកក់​ទាំង ៦​រូប។

នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បាន​ហៅ​ការ​កាត់​ទោស​អ្នកស្រី ទេព វន្នី និង​សកម្មជន​ដីធ្លី​បឹងកក់ ដទៃ​ទៀត​ថា គឺ​ជា​សកម្មភាព​សងសឹក​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​យុទ្ធនាការ​ដើម្បី​បំភិតបំភ័យ​សំឡេង​រិះគន់។ លោក ហ្វីល រ៉ូប៊ឺតសុន ស្នើ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ក្លែងក្លាយ​មក​លើ​ស្ត្រី​សកម្មជន​ដីធ្លី​ទាំង​នេះ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​ការ​លើក​ឡើង​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​កំពុង​មាន​និន្នាការ​ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​ចលាចល​នៅ​កម្ពុជា និង​ដើម្បី​វាយប្រហារ​មក​លើ​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា តុលាការ​តែង​ធ្វើការ​វិនិច្ឆ័យ​ផ្អែក​ទៅ​លើ​អង្គហេតុ និង​ច្បាប់៖ «ដូច្នោះ គាត់​មិន​ដែល​លើក​ឡើង​អំពី​អង្គហេតុ ដែល​បុគ្គល​ត្រូវ​ជាប់​កាតព្វកិច្ច​របស់​តុលាការ​ទេ»

ទេព វន្នី ១៤៤០ ២០១៧
តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ដឹក​ចេញ​ពី​​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Cheu Sideth

​ការ​បើក​សវនាការ​របស់​តុលាការ​លើ​សំណុំរឿង​ចោទ​ប្រកាន់​មក​លើ​អ្នកស្រី ទេព វន្នី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ក៏​មាន​សកម្មជន​ដីធ្លី​ជាង ៣០​នាក់ បាន​លើក​គ្នា​ទៅ​គាំទ្រ​លោកស្រី ទេព វន្នី នៅ​ខាង​មុខ​តុលាការ។ អ្នក​គាំទ្រ​ទាំង​នេះ បាន​ស្រែក​ជេរ​តុលាការ​នៅ​ខាង​ក្រៅ​របង​តុលាការ​ថា គ្មាន​ឧត្ដម​គតិ​ប្រើប្រាស់​ចំណេះវិជ្ជា​ដែល​មាន​ដើម្បី​ការពារ​យុត្តិធម៌​ជូន​ពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ ធ្វើការ​កាត់​ក្ដី​កន្លង​មក អាស្រ័យ​ដោយ​ទឹក​ប្រាក់ និង​បញ្ជា​ពី​អ្នក​មាន​អំណាច៖ «គឺ​ខ្ញុំ​មិន​ដែល​ឱ្យ​តម្លៃ​ទេ ស្ថាប័ន​មួយ​នេះ គឺ​ហ្សេរ៉ូ (សូន្យ) សម្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ។ កន្លែង​នេះ គឺ​កន្លែង​ចរចា​លុយ​តើ អ្នក​ណា​មាន​លុយ គេ​ចរចា ថា​ត្រូវ​ដាក់​ប៉ុន្មាន​ឆ្នាំ?»

​ក្រៅពី​សំណុំរឿង​ប្ដឹង​ដោយ​ស្ត្រី​បឹងកក់​ដូច​គ្នា​នេះ លោកស្រី ទេព វន្នី ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ គឺ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ មួយ​ករណី​ម្ដង​ហើយ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស លើ​កង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៣។

​ការ​សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី លើក​នេះ ក៏​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា ពុំ​មាន​ភស្តុតាង​គួរ​ឱ្យ​ជឿជាក់​ត្រូវ​បាន​បង្ហាញ​នៅ​ពេល​ជំនុំជម្រះ​ឡើយ ហើយ​តុលាការ​ថែម​ទាំង​បដិសេធ​មិន​ស្ដាប់​សក្ខីកម្ម​ពី​សាក្សី​ដែល​បាន​អះអាង​ថា អ្នកស្រី ទេព វន្នី រួម​ទាំង​អ្នក​តវ៉ា​ដទៃ​ទៀត មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​មួយ​មក​លើ​កង​សន្តិសុខ​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន ឡើយ។

​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូច​ឱ្យ​រដ្ឋាភិបាល​ឈប់​ប្រើប្រាស់​តុលាការ​ដាក់​ទោស​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​សម្ដែង​មតិ និង​ត្រូវ​គោរព​សិទ្ធិ​មូលដ្ឋាន​នៃ​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment