អ្នក​ភូមិ​២២​គ្រួសារ​នៅ​ឧត្ដរមានជ័យ​ដែល​រង​ការ​បណ្ដេញ​ចេញ​រស់​នៅ​ក្នុង​ជីវភាព​ខ្វះ​អាហារ

ដោយ ហង្ស សាវយុត
2017-07-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កុមារ​​កូន​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ឲ្យ​មក​រស់​នៅ​ក្នុង​ភូមិ​ទួលពង្រ ក្នុង​ខេត្ត​ឧត្ដរមានជ័យ មិន​បាន​ទៅ​សាលា​រៀន​ដោយសារ​តែ​មិន​មាន​សាលា​នៅ​ក្បែរ​ភូមិ។ រូបថត​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth
កុមារ​​កូន​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ឲ្យ​មក​រស់​នៅ​ក្នុង​ភូមិ​ទួលពង្រ ក្នុង​ខេត្ត​ឧត្ដរមានជ័យ មិន​បាន​ទៅ​សាលា​រៀន​ដោយសារ​តែ​មិន​មាន​សាលា​នៅ​ក្បែរ​ភូមិ។ រូបថត​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth


អតីត​អ្នក​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ដែល​ទទួល​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ជួយ​ពន្លឿន​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​មក​ឱ្យ​ពួកគេ​ ​២១៤​គ្រួសារ ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​បាន​ធ្វើ​ស្រែចម្ការ​ចិញ្ចឹម​ជីវិត​វិញ។

​ការ​អំពាវនាវ​នេះ នៅ​ស្រប​ពេល​ពលរដ្ឋ​ជា​ច្រើន​ដែល​ជា​អ្នក​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ​នោះ កំពុង​រស់​នៅ​លើ​ដី​ដែល​អាជ្ញាធរ​ដោះដូរ​ឱ្យ ប៉ុន្តែ​គ្មាន​ដី​ធ្វើ​ស្រែ និង​ចម្ការ​សម្រាប់​ចិញ្ចឹម​ជីវិត​រយៈពេល ៨​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​ចំនួន ២២​គ្រួសារ​ដែល​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​ដោះដូរ​ដី​ថ្មី​ឱ្យ​រស់​នៅ​ក្នុង​ភូមិ​ទួលពង្រ កំពុង​រស់​នៅ​ក្នុង​ជីវភាព​លំបាក​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ព្រម​ទាំង​ខ្វះ​ស្បៀងអាហារ​ប្រចាំ​ថ្ងៃ​ផង។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ គឺ​ជា​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ក្នុង​ចំណោម​អ្នក​ភូមិ​សរុប ២១៤​គ្រួសារ ដែល​អាជ្ញាធរ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដើម្បី​យក​ដី​ភូមិ ដីស្រែ​ចម្ការ​របស់​ពួកគេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ កាល​ពី ៨​ឆ្នាំ​មុន។

ស្ត្រី​ចំណាស់​ម្នាក់​អាយុ ៧៥​ឆ្នាំ ដែល​ពិការ​ជើង​ម្ខាង​ក្នុង​ចំណោម​អ្នក​ភូមិ ២២​គ្រួសារ​នោះ គឺ​អ្នកស្រី យឹម រី។ អ្នកស្រី​មាន​ប្រសាសន៍​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា រយៈពេល ៨​ឆ្នាំ​ហើយ ដែល​រូប​គាត់ និង​អ្នក​ភូមិ ២១​គ្រួសារ​ទៀត ទ្រាំ​រស់​នៅ​ក្នុង​ព្រៃ​ដោយ​មិន​មាន​មនុស្ស​ចេញ​ចូល ព្រម​ទាំង​គ្មាន​ដី​ធ្វើ​ស្រែ​ចំការ និង​ខ្វះ​ស្បៀងអាហារ។ ស្ត្រី​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បណ្ដេញ​ពួកគាត់​ចំនួន ២១៤​គ្រួសារ ឱ្យ​ចាក​ចេញពី​ភូមិ​អូរបាត់មាន់ កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​យក​ដី​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ​មក គឺ​រូប​គាត់ និង​ពលរដ្ឋ​ចំនួន ២១​គ្រួសារ​ទៀត​ស្ម័គ្រចិត្ត​ទទួល​យក​ដី​ថ្មី​នៅ​ភូមិ​ទួលពង្រ​នេះ ហើយ​ចាប់​ពី​ពេល​នោះ​មក បើ​ទោះ​បី​ជា​គ្មាន​ដី​ធ្វើស្រែ​ចម្ការ ព្រម​ទាំង​គ្មាន​ស្បៀង​អាហារ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​ដែល​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ណា​មក​ជួយ​ដោះស្រាយ​ទេ៖ «លោក​អើយ​ខ្ញុំ​ពិបាក​ណាស់! គេ​ដោះដូរ​ឱ្យ​ខ្ញុំ​មក​រស់​នៅ​ទី​នេះ​និយាយ​ពី​វេទនា អត់បាយ គ្មាន​អ្វី​ហូប​ទេ។ ខ្ញុំ​ពិការ​ជើង​អ៊ីចឹង​ខ្ញុំ​ដើរ​ចេញ​ទៅ​​ក្រៅ​ភូមិ​សុំ​គេ​ហូប»

ភូមិ​ដែល​អាជ្ញាធរ​ដោះដូរ​ដី​ថ្មី​ឱ្យ​ពលរដ្ឋ ២២​គ្រួសារ​ទៅ​រស់​នៅ​នោះ គឺ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្ករអំពៅ និង​កន្លែង​ខ្លះ​ទៀត គឺ​ជា​តំបន់​ព្រៃ​សហគមន៍។ សព្វ​ថ្ងៃ​នេះ ដោយសារ​តែ​គ្មាន​ដី​ធ្វើស្រែ​ចំការ អ្នក​ភូមិ​ជា​ច្រើន​បាន​នាំ​គ្នា​ចេញ​ចោល​ផ្ទះ​ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ឆ្ងាយៗ ចំណែក​អ្នក​ខ្លះ​ទៀត ទ្រាំ​រស់​នៅ​ដោយ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​សហគមន៍​ដើម្បី​បេះ​បន្លែ​ព្រៃ រក​ជ័រ​ឈើ និង​ដក​ផ្សិត​ព្រៃ​មក​លក់ ដើម្បី​ទិញ​អង្ករ​ដាំ​បាយ​ហូប​ទាំង​លំបាក។

អតីត​អ្នក​ភូមិ អូរបាត់ពងមាន់ ឧត្ដរមានជ័យ ៨៥៥
អតីត​អ្នក​ភូមិ​អូរបាត់មាន់ ដែល​រង​ការ​បណ្ដេញ​ចេញ​ឲ្យ​មក​រស់​នៅ​ភូមិ​ទួលពង្រ ខេត្ត​ឧត្ដរមានជ័យ ដើរ​ស្វែង​រក​បេះ​បន្លែ​ព្រៃ​មក​ចម្អិន​ទទួល​ទាន កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth

អ្នកស្រី ម៉ម សៀងហៃ ជា​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ម្នាក់​ទៀត មាន​ប្រសាសន៍​ទាំង​មាន​ផ្សិត​ព្រៃ​ខ្លះ​នៅ​ក្នុង​ដៃ​ថា រូប​គាត់ ក៏​ដូចជា​អ្នក​ភូមិ​ ២១​គ្រួសារ​ទៀត គឺ​ទ្រាំ​រស់​នៅ​កន្លែង​ដី​ដែល​អាជ្ញាធរ​ដោះដូរ​ឱ្យ​រយៈពេល ៨​ឆ្នាំ​មក​នេះ គ្មាន​អាហារ​គ្រប់គ្រាន់​ទេ។ ជា​រៀងរាល់​ថ្ងៃ​គាត់​តែង​ចូល​ព្រៃ​ដើម្បី​រក​បេះ​បន្លែ​ដើរ​ដក​ផ្សិត​ព្រៃ​យក​ទៅ​លក់​ដើម្បី​បាន​ប្រាក់​ខ្លះ​ទិញ​អង្ករ​ហូប៖ «ពិបាក​ណាស់​លោក​អើយ​រក​អ្វី​ស៊ី​គ្មាន​ទេ បាន​តែ​ពី​ការ​ដើរ​រក​ដក​ផ្សិត​យក​ទៅ​លក់ ហើយ​ទិញ​អង្ករ​ដាំ​បាយ​ហូប ចំណែក​ដី​ស្រែចំការ​គ្មាន​ទេ»

ភូមិ​ទួល​ពង្រ​មាន​ចម្ងាយ ៥៦​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ ប៉ុន្តែ​វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​អូរបាត់មាន់ ដែល​អាជ្ញាធរ​បណ្ដេញ​ពួកគេ​ឱ្យ​ចាក​ចេញ​ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ករអំពៅ​នោះ​ទេ។ នៅ​រដូវវស្សា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​នោះ​មិន​ងាយ​ស្រួល​ឡើយ ដោយ​បើក​រថយន្ត​មិន​បាន​មាន​តែ​ធ្វើ​ដំណើរ​ដោយ​ជើង ហើយ​ត្រូវ​ឆ្លង​អូរ និង​ពេល​ខ្លះ​ហែល​ឆ្លង​ទឹក​ផង៖ «សំឡេង​ទឹក​ហូរ…»

អតីត​អ្នក​ភូមិ​អូរបាត់មាន់ នៅ​ទួលពង្រ​នោះ មិន​ត្រឹម​តែ​គ្មាន​ដី​ធ្វើស្រែ​ចម្ការ ហើយ​និង​ខ្វះ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ គឺ​លំនៅឋាន​របស់​ពួកគេ​សង់​ពី​ឈើ​ប្រក់​ស្បូវ ដែល​មាន​ដំបូល​ធ្លុះធ្លាយ​ដោយ​គ្មាន​សាលារៀន​សម្រាប់​កុមារ​តូចៗ គ្មាន​មណ្ឌល​សុខភាព ព្រមទាំង​វត្ត​អារាម​នៅ​ក្បែរ​ផង។ ជា​រៀង​រាល់​ថ្ងៃ នៅ​ពេល​ដែល​មាន​អ្នក​ជំងឺ គឺ​អ្នក​ភូមិ​ទួលពង្រ តែង​នាំ​គ្នា​ដឹក​ជញ្ជូន​តាម​ម៉ូតូ ឬ​ក៏​គោយន្ត​ឆ្លង​កាត់​កំណាត់​ផ្លូវ​លិច​ទឹក និង​ភក់​លំ​ដ៏​ពិបាក សំដៅ​ទៅ​មណ្ឌល​សុខភាព ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៥​គីឡូម៉ែត្រ៖ «សំឡេង​ម៉ូតូ»

អ្នកស្រី ហួយ ម៉ៃ តំណាង​អតីត​អ្នកភូមិ​អូរបាត់មាន់ មាន​ប្រសាសន៍​ថា មិន​មែន​តែ​ពលរដ្ឋ​ចំនួន ២២​គ្រួសារ​ដែល​អាជ្ញាធរ​ដោះដូរ​ដី​ថ្មី​ឱ្យ​រស់​នៅ​នេះ​ទេ ដែល​កំពុង​ជួប​ការ​លំបាក​ខាង​ជីវភាព គឺ​អ្នកស្រី និង​ពលរដ្ឋ​ចំនួន​ជាង ១៩០​គ្រួសារ​ផ្សេង​ទៀត​ដែល​ទទួល​រង​ការ​បណ្ដេញ​ចេញ​ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​នោះ ក៏​រស់​នៅ​វេទនា គ្មាន​ដី​សង់​ផ្ទះ និង​ដី​ស្រែ​ចម្ការ​រយៈពេល ៨​ឆ្នាំ​មក​ហើយ។ អ្នកស្រី ហួយ ម៉ៃ អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ជួយ​ពន្លឿន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដែល​ដក​ហូត​ពី​ក្រុមហ៊ុន​មក​វិញ​នោះ មក​ឱ្យ​រូប​គាត់ និង​ពលរដ្ឋ​ចំនួន ២១៤​គ្រួសារ​វិញ​ឱ្យ​បាន​ឆាប់​រហ័ស៖ «ខ្ញុំ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ជួយ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​នេះ​ឱ្យ​បាន​ឆាប់ ពីព្រោះ​ដល់​ពេល​វេលា​ធ្វើ​ស្រែ​ចម្ការ​ហើយ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន រក​ឃើញ​ថា កាល​ពី ៨​ឆ្នាំ​មុន បន្ទាប់​ពី​ការ​បណ្ដេញ​ចេញ គឺ​មាន​ពលរដ្ឋ​ចំនួន ២២​គ្រួសារ​ក្នុង​ចំណោម ២១៤​គ្រួសារ បាន​ស្ម័គ្រចិត្ត​ដោះដូរ​ដី​ថ្មី​ទៅ​រស់​នៅ​ភូមិ​ទួលពង្រ ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​តែ​គ្មាន​ស្បៀងអាហារ និង​ដី​ធ្វើ​ស្រែចម្ការ ពលរដ្ឋ​ទាំង​នោះ​បាន​នាំ​គ្នា​ចាកចេញ​ចោល​ផ្ទះ​សម្បែង​ជា​បន្តបន្ទាប់ នៅ​សល់​តែ ៨​គ្រួសារ​ប៉ុណ្ណោះ៖ «រហូត​មក​ដល់​ខែ​កក្កដា​នេះ ឥឡូវ​យើង​មក​មើល​ជាក់ស្ដែង ឃើញ​តែ ៨​គ្រួសារ ដែល​ខំទ្រាំ​រស់​នៅ​ក្នុង​ព្រៃ​ដ៏​លំបាក»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​ស្ថានភាព​អតីត​អ្នក​ភូមិ​អូរបាត់មាន់ យ៉ាង​ណា​ឡើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា លោក ស ថាវី ធ្លាប់​អះអាង​ថា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ កំពុង​អនុវត្ត​តាម​លិខិត​របស់​ក្រសួង​កសិកម្ម យក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្ករអំពៅ ទាំង​៣ ទំហំ​ជាង ១៨.០០០​ហិកតារ​នោះ ទៅ​ចែក​ជូន​ពលរដ្ឋ​នៅ​ក្រុង​សំរោង និង​នៅ​ស្រុក​ចុងកាល់ ចំនួន​ប្រមាណ ១.២០០​គ្រួសារ ដែល​ប៉ះពាល់​កាល​ពី​ជាង ៨​ឆ្នាំ​មុន​នោះ ឱ្យ​បាន​ធ្វើ​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នក​ភូមិ​២២​គ្រួសារ​នៅ​ឧត្ដរមានជ័យ​ដែល​រង​ការ​បណ្ដេញ​ចេញ​រស់​នៅ​ក្នុង​ជីវភាព​ខ្វះ​អាហារ"

  1. ?? says:

    OH GOD look at this>>>>>>>>>>>>>>>>>>>>>>>>>

Leave a Reply

Submit Comment