ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​តាម​ដង​ទន្លេ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​កើន​ឡើង​នៃ​កម្ពស់​ទឹក

ដោយ យ៉ង ចាន់តារា
2017-07-16
RFA

ប្រជា​កសិករ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​ស្ទឹងត្រែង ដង​ទឹក​យក​ទៅ​ស្រោច​ដំណាំ​នៅ​តាម​ច្រាំង​ទន្លេ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Men Sothyr
ប្រជា​កសិករ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​ស្ទឹងត្រែង ដង​ទឹក​យក​ទៅ​ស្រោច​ដំណាំ​នៅ​តាម​ច្រាំង​ទន្លេ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Men Sothyr


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្នើ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹក​ទន្លេ​ដែល​បន្ត​កើន​ឡើង​ជា​លំដាប់។

ការ​អំពាវនាវ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក​ទន្លេ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ កក្កដា។

ក្រសួង​បញ្ជាក់​ថា កូន​ព្យុះ​ឈ្មោះ តាឡាស (TS TALAS) ដែល​ជា​ព្យុះ​ទី​៤ ប្រចាំ​ឆ្នាំ​២០១៧ នេះ បាន​កើត​ឡើង និង​កំពុង​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ កូន​ព្យុះ​នេះ នឹង​រំកិល​ខ្លួន​ចូល​ទៅ​ឈូង​សមុទ្រ​តុងកឹង​នៃ​ប្រទេស​វៀតណាម រួច​បន្ត​ដំណើរ​ទៅ​ដល់​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ នៅ​ថ្ងៃ​ទី​១៧ កក្កដា។

ឥទ្ធិពល​នៃ​កូន​ព្យុះ តាឡាស (TS TALAS) និង​ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ​នៃ​ប្រទេស​ទាំង​ពីរ ដោយឡែក​នៅ​កម្ពុជា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ។

ស្ថានភាព​នេះ នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ ទន្លេ​បាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប បន្ត​កើន​ឡើង​ជា​លំដាប់។ តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម អាច​នឹង​ត្រូវ​ជន់​លិច។

ហេតុ​ដូចនេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ប្រជា​កសិករ​រួសរាន់​ប្រមូល​កសិផល​ឲ្យ​បាន​ទាន់​ពេលវេលា។ ក្រសួង​ក៏​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជា​យថាហេតុ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles