គណបក្ស​ប្រឆាំង​មិន​ទាន់​គិតគូរ​ជុំវិញ​សំណើ​សុំ​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​អស់​អាណត្តិ

ដោយ រាជ វិញ្ញូ
2017-07-16
RFA

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក  យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​របស់​ខ្លួន​មិន​ទាន់​គិតគូរ​សំណើ​របស់​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​ចង់​ឲ្យ​គណបក្ស​មាន​អាសនៈ​ទាំង​ពីរ​ក្នុង​រដ្ឋសភា រួម​គ្នា​បង្កើត​ច្បាប់​ថ្មី​មួយ​ដើម្បី​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា សំណើ​នេះ​ត្រូវ​បាន​ភាគី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ចោល​រួច​ទៅ​ហើយ។

បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច ប្រហែល​មិន​ទាន់​ចង់​បង្កើត​ច្បាប់​ដើម្បី​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ដូច​សព្វថ្ងៃ ដែល​គណបក្ស​មួយ​ពិបាក​ក្នុង​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​គណបក្ស​មួយ​ផ្សេង​ទៀត​នោះ ដូច្នោះ​គួរ​តែ​ដល់​ពេលវេលា​ដើម្បី​ឲ្យ​រដ្ឋសភា​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ដែល​ផុត​អាណត្តិ​ហើយ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៦ កក្កដា ថា គំនិត​ចង់​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​នេះ គឺ​ជា​រឿង​ល្អ​មួយ ព្រោះ​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​បញ្ចប់​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី៖ «ការ​លើក​កម្ពស់​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ដែល​អស់​ពី​តួនាទី​ទៅ​នេះ គឺ​ជា​រឿង​ល្អ​នៅ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា កំពុង​មាន​ភាព​តឹងតែង​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ផ្ទេរ​អំណាច»

កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បាន​ផ្ញើ​លិខិត​ចំហ​ចំនួន ២​ច្បាប់​ទៅ​កាន់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មួយ​ច្បាប់​ទៀត​ទៅ​កាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ​ស្នើ​ទៅ​រដ្ឋសភា​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​អភ័យ​ឯកសិទ្ធិ និង​ដំឡើង​គោរមងារ​ជា​វីរបុរស​ជាតិ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​គុណ​បំណាច់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ។ លោក លឺ ឡាយស្រេង បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ចង់​ឲ្យ​បង្កើត​ច្បាប់​ថ្មី​នេះ ដោយសារ​កន្លង​ទៅ កម្ពុជា គឺ​ជា​អាណាចក្រ​ធ្លាប់​ថ្កុំថ្កើង​រុងរឿង ប៉ុន្តែ​ក្រោយ​មក​បែរ​ជា​កើត​មាន​សង្គ្រាម​ឥត​ស្រាកស្រាន្ត និង​ធ្វើ​ឲ្យ​ប្រជាជន​ធ្លាក់​ខ្លួន​ក្រីក្រ​តោកយ៉ាក ព្រម​ទាំង​ធ្វើ​ឲ្យ​ចំណាក​ស្រុក​ដូច​សព្វថ្ងៃ​នេះ ដោយសារ​តែ​ខ្មែរ​មិន​ចេះ​អនុគ្រោះ​ឲ្យ​ខ្មែរ​ដូច​គ្នា និង​ចេះ​តែ​ដណ្ដើម​អំណាច​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ទោះ​ជា​យ៉ាង​ណា សំណើ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា គឺ​ជា​ឧបាយកល​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រលំ​ថា នាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ​កំពុង​ធ្វើ​អ្វី​មួយ​ខុស​ធ្ងន់ធ្ងរ។ លោក ហ៊ុន សែន បាន​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​ទៀត​ថា សំណើ​របស់​លោក លឺ ឡាយស្រេង បែប​នេះ គឺ​ជា​សំណើ​ស្មោកគ្រោក និង​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ដែល​បង្ហាញ​អំពី​ការ​ត្រៀម​ខ្លួន​ចាញ់ ហើយ​គណបក្ស​ប្រឆាំង​វិញ​កំពុង​ត្រៀម​ខ្លួន​ឈ្នះ។

ចំណែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់​លោក លឺ ឡាយស្រេង នេះ​យ៉ាង​ខ្លី​ថា គណបក្ស​របស់​លោក​មិន​ទាន់​យក​មក​គិតគូរ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ចង់​ធ្វើ​ការ​បកស្រាយ​ច្រើន​ជុំវិញ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែរ៖ «គណបក្ស​មិន​ទាន់​យក​រឿង​នោះ​មក​គិត​នៅ​ឡើយ​ទេ»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មិន​យល់​ឃើញ​ថា សំណើ​ដែល​សុំ​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​នោះ គឺ​ជា​ការ​ប្រមាថ​ទៅ​ដល់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ព្រោះ​លោក​ថា ច្បាប់​នេះ​គឺ​មាន​សារសំខាន់​ដើម្បី​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ហ៊ាន​ឈ្នះ​ហ៊ាន​ចាញ់ និង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​នយោបាយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៖ «ជា​រួម មេ​ដឹកនាំ​នៅ​ក្នុង​ពិភពលោក​ទាំងអស់​នៅ​ពេល​ដែល​ដឹកនាំ​ហើយ មិន​មាន​អ្នក​ណា​មួយ​ដែល​គ្មាន​កំហុស​នោះ​ទេ ហើយ​ចង់​មិន​ចង់ លោក​តែ​បារម្ភ​ចំពោះ​កំហុស​ទាំងអស់​នោះ។ ហើយ​គិត​ថា​នៅ​ក្នុង​ប្រទេស​នានា​ដែល​មាន​ស្ថានភាព​ស្រដៀង​គ្នា​ដូច​កម្ពុជា គេ​តែង​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​បង្កើត​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នេះ»

លោក សូ ចន្ថា បន្ត​ថា ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី គឺ​មាន​សារសំខាន់​ជាង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នាំ​គ្នា​ធ្វើ​វិសោធនកម្ម​ម្ដង​ជា​ពីរ​ដង​ទៅ​ទៀត ព្រោះ​លោក​ថា ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មាន​ការ​បង្រួបបង្រួម​គ្នា និង​មិន​ចង​គំនុំ​គុំកួន​នឹង​គ្នា។

លោក សូ ចន្ថា ក៏​បញ្ជាក់​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង​ចង់​បង្កើត​ឲ្យ​មាន​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​នេះ​ក្ដី ក៏​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​គណបក្ស​កាន់​អំណាច​ដែល​មាន​សំឡេង ៥០+១ បាន​បដិសេធ​ទៅ​ហើយ​នោះ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​បក្ស​ទាំង​ពីរ​ចរចា​គ្នា និង​គិត​ថា​ច្បាប់​នោះ​បម្រើ​ផល​ប្រយោជន៍​ជាតិ ទើប​អាច​ឲ្យ​ច្បាប់​នោះ​ចេញ​ជា​រូបរាង​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles