មេ​ឃុំ​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​ថា​បក្ស​កាន់​អំណាច​ព្យាយាម​បំបែក​សំឡេង​គាំទ្រ​បក្ស​ខ្លួន

ដោយ ជិន ជេដ្ឋា
2017-07-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​ខេត្ត​កំពង់ឆ្នាំង។ Photo: RFA
ផែនទី​ខេត្ត​កំពង់ឆ្នាំង។ Photo: RFA


មេ​ឃុំ​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ថា​បក្ស​កាន់​អំណាច​កំពុង​ព្យាយាម​បំបែក​សំឡេង​គាំទ្រ​របស់​បក្ស​ប្រឆាំង​នៅ​ឃុំ​នេះ ដោយ​ប្រើ​រូបភាព​បង្កើត​ឲ្យ​មាន​បញ្ហា​ដីធ្លី ហើយ​ជួយ​ដោះស្រាយ​វិញ ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​ថ្នាក់​មូលដ្ឋាន ថា​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ​ពិត​ប្រាកដ។

នៅ​គ្រា​ដែល​ជំទប់​ទី​២ ឃុំ​ត្រពាំងចាន់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​បច្ចុប្បន្នភាព​ដីធ្លី​របស់​ពលរដ្ឋ​ជាង ៣០០​គ្រួសារ ដែល​មាន​ដី​ស្រែ​ចម្ការ​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល ដើម្បី​រាយការណ៍​ជូន​អភិបាល​ស្រុក​ក្រគរ និង​អភិបាល​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​មេ​ឃុំ​បក្ស​ប្រឆាំង​សង្ស័យ​ថា សកម្មភាព​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ​ច្រើន​ជាង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។

មេ​ឃុំ​ត្រពាំងចាន់ អ្នកស្រី ស្ងួន សាមាន ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា អ្នក​ភូមិ​ក្នុង​ឃុំ​របស់​អ្នកស្រី​ភាគច្រើន​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​ដែល​ធ្លាប់​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ ឬ​ឆ្នាំ​១៩៨០ មក ក្រោយ​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​ដីធ្លី។ អ្នកស្រី​យល់​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អាច​ប្រើ​រូបភាព​ជួយ​ដោះស្រាយ​កង្វល់ ឬ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ ដើម្បី​ស្រូប​យក​សំឡេង​គាំទ្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «នៅ​ត្រពាំងចាន់ ឈ្នះ​ឆ្នោត​អ៊ីចឹង គាត់​ចង់​បំបែក​ឲ្យ​ប្រជាពលរដ្ឋ​វិល​មក​គាត់​វិញ ដើម្បី​គាត់​ថា​គាត់​គិតគូរ​ពី​បញ្ហា​ដី​ស្រែ​បង​ប្អូន​ដែល​ធ្វើ​នៅ​ខាង​ពោធិ៍សាត់ អ៊ីចឹង​ឲ្យ​វិល​មក​គាំទ្រ​គណបក្ស​គាត់​វិញ»

ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​បរិបូរណ៍ លោក ស៊ូ សារ៉េត បដិសេធ​មិន​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​របស់​មេ​ឃុំ​បក្ស​ប្រឆាំង​នេះ​ទេ ដោយ​លោក​ថា​កំពុង​ជាប់​ប្រជុំ។

ចំណែក​អតីត​មេ​ឃុំ​ត្រពាំងចាន់ និង​បច្ចុប្បន្ន​ជា​ជំទប់​ទី​២ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក សាំង ខាត់ បញ្ជាក់​ថា ពលរដ្ឋ​នៅ​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​ត្រពាំងចាន់ តែងតែ​ជួប​ការ​លំបាក​បើក​គោយន្ត ឬ​ត្រាក់ទ័រ​ភ្ជួរ​ពង្រីក​ដី​ស្រែ​ចម្ការ​ដែល​ពួក​គេ​មិន​ទាន់​មាន​ប្លង់​កាន់កាប់​ត្រឹមត្រូវ​នោះ។ លោក​អះអាង​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​ដីធ្លី​ពលរដ្ឋ​នេះ គឺ​ជា​បំណង​ល្អ​របស់​អាជ្ញាធរ ដើម្បី​ឲ្យ​ពួក​គេ​ងាយស្រួល​ចូល​ធ្វើ​ស្រែ​ចម្ការ​ប៉ុណ្ណោះ ពុំ​មាន​បំណង​អ្វី​ផ្សេង​ឡើយ៖ «អត់​ទេ! អត់​មាន​ជា​ចេតនា​នយោបាយ​អី​ទេ គ្រាន់​តែ​ដើម្បី​រាយការណ៍​ជូន​អភិបាល​ខេត្ត​ពោធិ៍សាត់ ឲ្យ​បាន​ជ្រាប​ថា ប្រជាជន​ខ្ញុំ​មាន​ដី​ប៉ុណ្ណឹង នៅ​តំបន់​ហ្នឹង ហើយ​សូម​ឲ្យ​លោក​អភិបាល​ខេត្ត​ពោធិ៍សាត់ អនុញ្ញាត។ ភាគច្រើន​ពាក្យ​ខ្មែរ​យើង​ធម្មតា​ថា ឆ្មាំ​ការពារ​នៅ​ហ្នឹង​ចេះ​តែ​ឃាត់ឃាំងៗ​កុំ​ឲ្យ​គាត់​ឈូស​ឆាយ​ក្បាល​ស្រែ ដូច​ថា​បើ​ធ្វើ​អី​កុំ​វាទ​កុំ​ឲ្យ​អ៊ីចឹង​ទៅ​ណា»

លោក សាំង ខាត់ ឲ្យ​ដឹង​ថា បច្ចុប្បន្ន លោក​ទទួល​បាន​ទិន្នន័យ​ក្បាល​ដី​ពី​ពលរដ្ឋ​ចំនួន ២៨០​គ្រួសារ​ហើយ តែ​មាន​ពលរដ្ឋ​ខ្លះ​មិន​ចង់​មក​ផ្ដល់​ព័ត៌មាន​អំពី​ទំហំ និង​ក្បាល​ដី​របស់​ខ្លួន​ទេ ដោយ​បារម្ភ​ខ្លាច​បាត់​ដី។ លោក​ធ្លាប់​ពន្យល់​ពលរដ្ឋ​ថា នៅ​ពេល​ប្រមូល​ព័ត៌មាន​គ្រប់គ្រាន់ លោក​នឹង​ធ្វើ​របាយការណ៍​មួយ​ភ្ជាប់​ព័ត៌មាន​ផ្ទៃដី និង​ឈ្មោះ​ពលរដ្ឋ​នេះ​ជូន​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិគ្រោះ​គ្នា។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នៅ​ឃុំ​ត្រពាំងចាន់ មាន ៥​អាសនៈ ក្នុង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​តំណែង​មេ​ឃុំ ជំទប់​ទី​១ និង​សមាជិក​ក្រុម​ប្រឹក្សា​ម្នាក់។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​តំណែង​ជំទប់​ទី​២ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់។ បើ​និយាយ​ពី​សំឡេង​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ជាង ៥០​សំឡេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment