សហគមន៍​ជនជាតិ​ដើម​ភាគតិច​អំពាវនាវ​ឲ្យ​បញ្ឈប់​បណ្ដេញ​អ្នក​ភូមិ​ក្បាលរមាស​ចេញ​ដោយ​បង្ខំ

ដោយ យ៉ង ចាន់តារា
2017-07-16
RFA

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មិន​ព្រម​ទទួល​សំណង កំពុង​ត្រៀម​ទីទួល​សុវត្ថិភាព​នៅ​គ្រា​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Men Sothyr
ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មិន​ព្រម​ទទួល​សំណង កំពុង​ត្រៀម​ទីទួល​សុវត្ថិភាព​នៅ​គ្រា​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Men Sothyr


ជនជាតិ​ដើម​ភាគតិច​ទាំង ២៤​អម្បូរ​មក​ពី ១៥​ខេត្ត​ក្រុង ព្រម​ទាំង​បណ្ដាញ​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​រួម​គ្នា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បណ្ដេញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចេញ​ពី​ភូមិ​ក្បាលរមាស​ចាស់ ដោយ​បង្ខំ និង​ហិង្សា។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។

ពួក​គេ​អំពាវនាវ​ដល់​រដ្ឋសភា​ឲ្យ​ចុះ​សិក្សា និង​ធ្វើ​ការ​អន្តរាគមន៍​ជា​បន្ទាន់​ចៀសវាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​មាន​អំពើ​ហិង្សា​កើត​ឡើង។

ចំណែក​រដ្ឋាភិបាល​វិញ ពួក​គេ​អំពាវនាវ​ឲ្យ​គោរព​ការ​សម្រេច​ចិត្ត​របស់​សហគមន៍​ភូមិ​ក្បាលរមាស​ចាស់ ដែល​ពួក​គាត់​សម្រេច​រស់នៅ​ទីទួល​សុវត្ថិភាព​ថ្មី​ដែល​មាន​ចម្ងាយ ៤​គីឡូម៉ែត្រ​ពី​អណ្ដាត​ទឹក​នៃ​ទំនប់។ ពួក​គេ​ក៏​សំណូមពរ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​បង្ខំ និង​គំរាម​កំហែង ឬ​ប្រើ​ហិង្សា​ឲ្យ​សហគមន៍​ចាកចេញ​ពី​ទីតាំង​ភូមិ​ចាស់ ទៅ​យក​សំណង​ដែល​ត្រូវ​ទៅ​រស់នៅ​ទីតាំង​ថ្មី។ ហើយ​ពួក​គេ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ត្រៀម​ឧបករណ៍​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ សត្វ​ពាហនៈ និង​ការពារ​ផ្ទះ​សម្បែង​របស់​សហគមន៍។

ចំណែក​ឯ​ខាង​ក្រុមហ៊ុន​វិញ ពួក​គេ​អំពាវនាវ​ឲ្យ​ផ្តល់​សំណង​ចំពោះ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ជាក់ស្តែង​របស់​ពលរដ្ឋ។

ជនជាតិ​ដើម​ភាគតិច​ទាំង ២៤​អម្បូរ​មក​ពី ១៥​ខេត្ត​ក្រុង ព្រម​ទាំង​បណ្ដាញ​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​អាណិត​អាសូរ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ ដែល​បាន​សម្រេច​ចិត្ត​មិន​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដោយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ឲ្យ​ពួក​គាត់​ចាកចេញ​ពី​ភូមិ​កំណើត​ដោយ​បង្ខំ និង​ហិង្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment